លោក ហ៊ុន សែន
ការឆ្លើយឆ្លងពាក្យសម្ដីរវាងមន្ត្រីរដ្ឋាភិបាល តបទៅនឹងរបាយការណ៍របស់សង្គមស៊ីវិលនានា រួមទាំងអង្គការសហប្រជាជាតិ ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅមិនទាន់រលត់នៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ តុលា បានប្រកាសថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ តែងតែលើកឡើងពីស្ថានភាពមិនល្អនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា បើរបាយការណ៍បង្ហាញថាកម្ពុជាល្អខាងផ្នែកគោរពសិទ្ធិមនុស្សនោះ អង្គការការពារសិទ្ធិមនុស្ស នឹងអស់ការងារធ្វើ ហើយនឹងត្រូវបរទេសផ្តាច់ជំនួយ ផ្តាច់ប្រាក់ខែមិនខាន។ លោកបន្តថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ ត្រូវតែរាយការណ៍អាក្រក់ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបានលុយមកបន្តជីវិតការងាររបស់ខ្លួនជាបន្តទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា លោកក៏ធ្លាប់និយាយប្រាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៖ «នៅឆ្នាំ២០០៥ នៅពេលជួបប្រជុំរវាងអាស៊ាន និងអង្គការសហប្រជាជាតិនៅញីវយ៉ក (New York) ខ្ញុំបានប្រាប់ កូហ្វីអាណាន់ (Cofi annan) ខ្ញុំប្រាប់គាត់ថា ឯកឧត្តមខ្ញុំគ្មានសង្ឃឹមថាកម្ពុជានឹងមានរបាយការណ៍ល្អស្ដីពីសិទ្ធិមនុស្សនោះទេ បើគេរាយការណ៍ល្អពីយើង គេនឹងអស់ការងារធ្វើ។ សូម្បីតែយើងមកចែកដីឲ្យពលរដ្ឋហ្នឹង ក៏ប្រហែលជាគេចោទថា យើងជាអ្នកបំពានសិទ្ធិមនុស្សទៀតនោះ»។
ស្រដៀងគ្នានេះដែរ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាលពីសប្ដាហ៍មុន បានថ្លែងថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាល សុទ្ធសឹងតែបម្រើឲ្យគោលនយោបាយរបស់គណបក្សប្រឆាំង។ លោក កែវ រ៉េមី បានបូកសរុបទាំងតំណាងពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និងនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រែដ អាដាម (Brad Adams) ថាជាអ្នកដែលមានភារកិច្ច តួនាទីប្រឆាំង និងរិះគន់រដ្ឋាភិបាល។
ប៉ុន្តែ អង្គការជាតិ និងអន្តរជាតិ សុទ្ធតែបានអះអាងថា ខ្លួនធ្វើការងារប្រកបដោយតម្លាភាព ហើយចំពោះរបាយការណ៍របស់ពួកគេវិញ ពួកគេសុទ្ធតែបានបញ្ជាក់ច្បាស់ពីទឡ្ហីករណ៍របស់ខ្លួនយ៉ាងច្បាស់លាស់។
ក្រុមសង្គមស៊ីវិលលើកឡើងថា ការថ្លែងរបស់មន្ត្រីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដែលថា សង្គមស៊ីវិលសរសេររបាយការណ៍អាក្រក់ជាថ្នូរនឹងប្រាក់ជំនួយបន្តនិរន្តរភាពការងារនោះ ជាប្រការខុសឆ្គង។ ដោយសារអង្គការការពារសិទ្ធិមនុស្ស មិនចេះអស់ការធ្វើឡើយ ព្រោះបញ្ហារំលោភសិទ្ធិមនុស្សនៅលើសកលលោក តែងកើតមានឡើងមិនចេះចប់នោះទេ កាលណាពិភពលោកនៅមានជីវិតមនុស្សនៅលើផែនដី ការរំលោភសិទ្ធិនៅតែមាន ហើយការងាររបស់ពួកគេ ក៏មានទៅតាមនោះដែរ។ សង្គមស៊ីវិលបន្តថា មន្ត្រីកម្ពុជា ព្យាយាមច្រានចោលការរិះគន់របស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប៉ុន្តែ ប្រទេសដែលជឿនលឿនខាងលទ្ធិប្រជាធិបតេយ្យ ពួកគេស្វាគមន៍រាល់ការរិះគន់ទាំងឡាយពីគ្រប់មជ្ឈដ្ឋាន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ធន សារ៉ាយ នៅថ្ងៃទី៨ តុលា មានប្រសាសន៍ថា អាដហុក ចេញរបាយការណ៍មិនល្អស្ដីពីការរំលោភសិទ្ធិមនុស្សលើផ្នែកមួយចំនួន ដូចជាសិទ្ធិលំនៅឋាន និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា ការធ្វើរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្ស ផ្អែកលើភស្តុតាង និងបញ្ហាជាក់ស្ដែងរបស់ពលរដ្ឋ។
លោក ធន សារ៉ាយ បញ្ជាក់ថា រដ្ឋាភិបាលគួរតែទទួលយកនូវការតិះតៀនទាំងឡាយ ដើម្បីកែលំអសង្គម៖ «ចំណុចណាខ្វះខាត យើងសុំផ្តល់មតិតទៅទៀត ដើម្បីកែលំអកាន់តែល្អ ឲ្យកាន់តែប្រសើរ សូមកុំគិតថា ការតិះតៀនជាគំនិតទុទ្ទិដ្ឋិនិយម ឬបង្អាប់ឲ្យសោះ។ ការផ្តល់មតិរបស់សង្គមស៊ីវិល ជាការស្ថាបនា ហើយរដ្ឋាភិបាលក្រោយៗទៀត ក៏នឹងត្រូវរងនូវការរិះគន់ដូចគ្នា ព្រោះថា រឿងការលើកស្ទួយសិទ្ធិមនុស្សហ្នឹង មិនមែនចប់ត្រឹមហ្នឹងទេ»។
របាយការណ៍របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ មិនបានបង្ហាញពីចំណុចអវិជ្ជមានរដ្ឋាភិបាលកម្ពុជា ក្នុងសេរីភាពជំនឿសាសនានោះទេ បានន័យថា សាសនិកនៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខសាន្ត។ នេះជាភស្តុតាងដែលបង្ហាញថា របាយការណ៍របស់ពួកគេ មិនមែនចាំតែសរសេរពីរឿងរ៉ាវអាក្រក់របស់រដ្ឋាភិបាលឡើយ។
មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចេញរបាយការណ៍ពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល ជាកញ្ចក់ឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។ លោកបន្តថា កម្ពុជាបច្ចុប្បន្នមានតុលាការមិនឯករាជ្យ អំពើពុករលួយជាប្រព័ន្ធ ទំនាស់ដីធ្លីស្អេកស្កះគ្រប់ទីកន្លែងមិនទាន់ដោះស្រាយ ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានមានជាច្រើនករណី ដូចនេះ មិនអាចមានរបាយការណ៍ល្អពីការគោរពសិទ្ធិមនុស្សឡើយ។
លោក យឹម សុវណ្ណ បញ្ជាក់ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើ ហើយទទួលយករាល់ការរិះគន់ទាំងឡាយមកកែប្រែ ទើបមានការអភិវឌ្ឍពិតប្រាកដ៖ «មកទល់ពេលនេះហើយ យើងគួរធ្វើម៉េចឲ្យប្រទេសជាតិរបស់យើងមានការទទួលស្គាល់ជាអន្តរជាតិ មានការគោរពសិទ្ធិមនុស្ស ជាពិសេស អង្គការសហប្រជាជាតិ ដើម្បីដឹកនាំប្រទេសយើងទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជៀសវាងការរំលោភសិទ្ធិមនុស្ស»។
ទន្ទឹមនឹងនេះ របាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិមនុស្សឆ្នាំ២០១១ បានលើកឡើងថា កម្ពុជា មានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយ ពេលខ្លះតុលាការកាត់ក្តីមិនត្រឹមត្រូវ និងស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងពុករលួយ។ របាយការណ៍បន្តថា កម្លាំងសមត្ថកិច្ចក៏អនុវត្តតួនាទីរបស់ខ្លួនមិនត្រឹមត្រូវនោះដែរ ដោយពេលខ្លះ ពួកគេបានប្រើប្រាស់អំពើហិង្សាតាមទំនើងចិត្តដោយសារអាងអំណាច។
ទោះជាយ៉ាងណាក្តី មន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ពួកគេធ្វើការងារមួយចំនួនរួចទៅហើយ ដូចជាការចាប់ខ្លួនមន្ត្រីដែលពុករលួយ រាប់ទាំងតុលាការ មន្ត្រីមានឋានៈខ្ពស់ក្នុងជួរប៉ូលិស មន្ត្រីនៅខុទ្ទកាល័យរបស់លោក ជា ស៊ីម ជាដើម។
ក្រុមសង្គមស៊ីវិល និងអ្នកវិភាគ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនធ្លាប់ប្រកាសជាផ្លូវការ ដើម្បីទទួលយកការរិះគន់របស់ស្ថាប័នណាមួយទេ ហើយមិនមែនតែសង្គមស៊ីវិលទេ សូម្បីតែស្ថាប័នសារព័ត៌មាន ដូចជាវិទ្យុអាស៊ីសេរី (RFA) និង វីអូអេ (VOA) ក៏លោក ហ៊ុន សែន ធ្លាប់ខឹងសម្បារថាវិទ្យុទាំងពីរនេះ មិនផ្សាយព័ត៌មានល្អពីរដ្ឋាភិបាលដែរ។
អ្នកវិភាគយល់ឃើញថា រដ្ឋាភិបាលត្រូវតែមានអាកប្បកិរិយាចាស់ទុំផ្នែកនយោបាយ ដូចជាការទទួលយកនូវរាល់ការរិះគន់របស់សង្គមស៊ីវិលនានា ជាពិសេស ទទួលស្គាល់នូវកំហុសឆ្គងផ្នែកនយោបាយ និងការអភិវឌ្ឍ ហើយរដ្ឋាភិបាល មិនគួរណាប្រតិកម្មទៅកាន់តំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិ នោះឡើយ រួមទាំងស្ថាប័នអង្គការសហប្រជាជាតិនោះឡើយ ព្រោះថា វាមិនមានផលប្រយោជន៍អ្វីទាល់តែសោះចំពោះពលរដ្ឋ។
អ្នកវិភាគបន្តថា ដើម្បីបានពិន្ទុល្អលើរបាយការណ៍សិទ្ធិមនុស្ស រដ្ឋាភិបាលត្រូវធ្វើការងារមួយចំនួនទៀត ដូចជា ការពង្រឹងគោរពសិទ្ធិមនុស្ស ដែលនៅតែទន់ខ្សោយ ការពង្រឹងការអនុវត្តច្បាប់ដែលកំពុងតែធូររលុង និងបក្ខពួកនិយម ការពង្រឹងលទ្ធិប្រជាធិបតេយ្យដែលបច្ចុប្បន្នស្ថិតនៅកម្រិតទាប៕
No comments:
Post a Comment
yes