សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 25, 2012

លោក សមរង្ស៊ី​បន្ត​រក​ផ្លូវ​វិល​ចូល​ស្រុក

121005_6
លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​កំពុង​រស់​នៅ​និរទេស​ដើម្បី​គេច​​
ពី​សាល​ក្រម​កំបាំង​មុខ​ជាប់ពន្ធ​នា​គារ ១២ ឆ្នាំ​

ភ្នំពេញៈ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ដាក់​លិខិត​ជា​ថ្មី​ទៀត មក​មេ​ដឹក​នាំ​ស្ថាប័ន​ជាតិ​កំពូល​ទាំង​ ៣ និង​ដែល​ក៏​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដើម្បី​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ឲ្យ​រូប​លោក​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ នរោត្តម​ សីហនុ នៅ​ព្រះបរមរាជវាំង និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ ដោយ​ខ្មែរ​គ្នា​ឯង​ផង​ដែរ​។
នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង រស់​នៅ​និរទេស​រូប​នេះ បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ចាប់​តាំង​ពី​សម្តេច​ឪ បាន​យាង​ចូល​ទិវង្គត កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​តុលា​។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក សម រង្ស៊ី បាន​ដាក់​លិខិត ក្នុង​គោល​បំណង​ដូច​គ្នា​នេះ ថ្វាយ​ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី និង​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ផង​ដែរ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​
នៅ​ក្នុង​លិខិត​លើក​ទី ពីរ របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ​២០១២ បាន​ផ្ញើរួម ជូន​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក ហ៊ុន សែន ដែល​ពេល​នេះ ជា​ប្រធាន និង​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជពិធី​បុណ្យ​ព្រះបរមសព​សម្តេច​ឪ។

នៅ ក្នុង​លិខិត បាន​សរសេរ​ថា​៖​«ខ្ញុំ​សូម​សម្តេច​ទាំង​បី មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ទឹក​ចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​រូប​ខ្ញុំ បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរម​សព និង​បាន​ឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​»។ លោក​សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​លិខិត​ទៀត​ថា​៖«ក្នុង​នាម​ខ្ញុំ ជា​ខ្មែរ​មួយ​រូប​ ខ្ញុំ​ចាំបាច់​ត្រូវ​តែ​ខិត​ខំ​ជួយ​ពង្រឹង​ការ​ផ្សះ​ផ្សាជាតិ​ រួបរួម​ជាតិ​ ឯកភាព​ជាតិ​ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង ស្រប​តាម​ព្រះរាជ​តម្រិះ​ និង​ព្រះ​រាជ​ជំហរ​ដ៏ខ្ពង់​ខ្ពស់​របស់​ព្រះ​អង្គ​(សម្តេច​ឪ)​កាល​ពី​ព្រះ អង្គ​នៅ​មាន​ព្រះ​ជន្ម»។​
លោក​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​សម្តែង​ការ​សោក​ស្តាយ ចំពោះ​ការ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ណា​មួយ ទៅ​នឹង​លិខិត របស់​លោក​សម រង្ស៊ី ចាប់​តាំង​ពី​ការ​ដាក់​លិខិត លើក​ទីមួយ​មក​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​សោក​ស្តាយ ​អ្វី​ដែល​លោក​ប្រធាន​បាន​ធ្វើគឺ​គោរព​ទៅ​តាម​ព្រះរាជ​ដំបូន្មាន​របស់​ព្រះ​មហាវីរក្សត្រ​ ដែល​លោក​តែង​តែ​ឲ្យ​ខ្មែរ​ឯកភាព​គ្នា​ដើម្បី​បង្រួប​បង្រួម​ជាតិ»។​
បើ​តាម​លោក​យឹម សុវណ្ណ​ មូលហេតុ​ដែល​លោក សម​ រង្ស៊ី​ ព្យាយាម​ស្វះ​ស្វែង​រក​ព្រះ​រាជ​អន្តរា គមន៍ និង​ការ​អន្តរាគមន៍ ពី​ព្រះ​មហាក្សត្រ និងពី​មេ​ដឹក​នាំ​កំពូល​ស្ថាប័ន​ជាតិ​ទាំង​ ៣ ដើម្បី​បាន​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ ដោយ​សារ​ព្រះ​អង្គមាន​គុណ​ធំធេង​ចំពោះ​រូប​គាត់​ដែល​ព្រះ​អង្គ​បាន​បណ្តុះ ​គំនិត​គាត់​ឲ្យ​ក្លាយ​ជា​អ្នក​នយោបាយ​ និង​មាន​គំនិត​ស្នេហា​ជាតិ​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖«​ដោយ​សារ​តែ​គុណ​បំណាច់​របស់​សម្តេច​ឪ​នេះ​ហើយ​ ទើប​លោក​​ប្រធាន​ ចង់​ឃើញ​ព្រះ​ភក្ភ្រ​របស់​ព្រះ​អង្គ​ជា​លើក​ចុង​ក្រោយ​មុន​នឹង​ធ្វើ​ពិធី​ បូជា»។​
ប៉ុន្តែ​ លោក​ ផៃ ស៊ី​ផាន​ អ្នកនាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បាន​ថ្លែង​បែប​ចំអក​ថា​ លោក​ពុំ​ទាន់​បាន​ឃើញ​លិខិត​នេះ​នៅ​ឡើយ​ទេ​ គឺ​ឃើញ​តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម តាម​ទំព័រ​កាសែត​តែ​ប៉ុណ្ណោះ​។
ប៉ុន្តែ​ លោក​ផៃ ស៊ីផាន បាន​ចោទ​សួរ​ថា​៖​ «​តើ​លោក​សម រង្ស៊ី​ចង់​សម្រប​សម្រួល​នយោបាយ ក្នុង​នាម​បក្ស​ឬ​ក៏​ក្នុង​នាម​ឯកជន?»។​
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​ របស់​ព្រះ​មហា​វីរក្សត្រ មិន​អាច​ទាក់​ទង​បាន​ឡើយ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​កាល​ពី​សប្តាហ៍​មុន​ថា រហូត​មក​ដល់​ពេល​នេះ​ ខាង​ព្រះបរម​រាជវាំង​ ពុំ​ទាន់​បាន​ប្រតិកម្ម​យ៉ាង​ណា​ទេ​ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី។​
កាល​ពី​ម្សិល​មិញ លោក​សម រង្ស៊ី​ក៏​បាន​ផ្ញើ​លិខិត​គាំទ្រ​មួយ​ ទៅ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង​ដែរ ដោយ​បាន​សម្តែង​ការ​អបអរ​សាទរ​ ចំពោះ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​កំណត់​យក​ថ្ងៃ​ទី ២៣ ខែ​តុលា ជា​ថ្ងៃ​ដែល​ខ្មែរ​គ្រប់​ភាគី​ជម្លោះ បាន​ព្រមព្រៀង​គ្នា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់ សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​​ប្រទេស​កម្ពុជា កាល​ពី​ ២១ ឆ្នាំ​មុន​ ជា​ថ្ងៃ​បុណ្យ​ជាតិ​ឡើង​វិញ។
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន​១២ ឆ្នាំ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​ទៅ​លើ​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​ កម្ពុជា​ វៀតណាម ដែល​មាន​ភាព​ចម្រូង​ចម្រាស។ ការ​ផ្តន្ទាទោស​លោក​សម រង្ស៊ី​ ត្រូវ​បាន​គណបក្ស​ប្រឆាំង​និង​មជ្ឈ​ដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ចាត់​ទុក​ថា ជា​រឿង​នយោបាយ​យ៉ាង​ពិតប្រាដក៕

No comments:

Post a Comment

yes