សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

វប្បធម៌​ប្រជាធិបតេយ្យ​ក្នុង​ចំណោម​អ្នក​នយោបាយ​នៅ​មាន​កម្រិត​ទាប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី

ការជួប​ជជែក​គ្នា​រវាង​តំណាង​បក្សប្រឆាំង​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ ​កាលពី​សប្តាហ៍​កន្លង​ទៅ​ គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​នៅក្នុង​ឆាកនយោបាយ​កម្ពុជា។ បើទោះបីជា​កិច្ចពិភាក្សា​នោះ​ពុំបាន​ផ្តល់​ផ្លែផ្កា​ណាមួយ​ទាក់ទង​នឹង​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏ដោយ ក៏​នេះ​ជា​សញ្ញា​ល្អ​មួយ​នៅក្នុង​ការកសាង​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុងចំណោម​អ្នកនយោបាយ​​ខ្មែរ។ ប៉ុន្តែ វប្បធម៌​នេះ​នៅមានកម្រិត​ទាប​នៅឡើយ​ខណៈដែល​វប្បធម៌​ពឹងពាក់​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​នៅតែ​ជា​ទម្លាប់​ពេញនិយម​សម្រាប់​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។
នៅ​កម្ពុជា ពេលដែល​អ្នកនយោបាយ​បដិបក្ខ​មាន​ជម្លោះ​ដណ្តើម​អំណាច​គ្នា ភាគី​ដែល​ចាញ់​ប្រៀប​តែងតែ​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ឲ្យ​ជួយ។ ទម្លាប់​ដែលមាន​តាំងពី​យូរលង់​មកហើយ​នេះ នៅតែ​បន្ត​មាន​អត្ថិភាព​នៅឡើយ។ ដោយ​គ្រាន់តែ​ក្រឡេកមើល​ចាប់ពី​ដើម​ទសវត្សរ៍ ៧០ មកដល់​បច្ចុប្បន្ន គេ​អាច​យល់បាន​អំពី​អត្ថិភាព​នៃ​វប្បធម៌​ពឹងពាក់​បរទេស​នៅ​កម្ពុជា។


ដោយសារ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ខ្នង ក្រុម​សាធារណរដ្ឋ​របស់​សេនាប្រមុខ​លន់ នល់ បាន​ឈានដល់​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ចេញពី​អំណាច​កាលពី​ថ្ងៃទី១៨មីនា ឆ្នាំ ១៩៧០ ។ ស្ថានភាព​ប្រទេសជាតិ​បាន​ចុះ​ដុនដាប​ជា​បន្តបន្ទាប់​រហូតដល់​ពួក​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​កាលពី​ថ្ងៃទី១៧មេសា ឆ្នាំ ១៩៧៥ ។ គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ក៏បាន​ទៅ​ពឹងពាក់​វៀតណាម​ដើម្បី​ឲ្យ​ជួយ​រំដោះប្រទេស និង​ប្រជាពលរដ្ឋ​ចេញពី​ការកាប់សម្លាប់​ផ្តាច់​ផ្តឹ​ល​ជីវិត​របស់​ពួក​ខ្មែរក្រហម នៅ​ថ្ងៃទី៧មករា ឆ្នាំ ១៩៧៩ ។

ក្រោយមក ក្រុម​ចលនា​តស៊ូ​ជាយដែន​ដែលមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ច​ន្ទល់​ក៏បាន​នាំគ្នា​ទៅ​ពឹងពាក់​សហគមន៍​អន្តរជាតិ​ជាថ្មីទៀត​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា។ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ​ទៀតសោត ដំណោះស្រាយ​នយោបាយធំៗជាច្រើន​ក៏ត្រូវ​បាន​រក​ឃើញ​​បន្ទាប់ពី​មាន​ការ​លូកដៃ​ជួយ​អន្តរាគមន៍​ពី​បរទេស​ដែរ។ បច្ចុប្បន្ន នៅពេល​មាន​ជម្លោះ​នយោបាយ​តានតឹង គណបក្សប្រឆាំង​ក៏​នៅតែ​បន្ត​ពឹងពាក់​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​ដដែល​ជំនួស​ឲ្យ​ការជជែក​រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង។

ទម្លាប់​នៃ​ការពឹង​ពាក់​បរទេស​បាន​រាលដាល​ពី​អ្នកនយោបាយ​ដល់​ប្រជាពលរដ្ឋ។ ជាក់ស្តែង ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ធ្ងន់ធ្ងរ​មិនអាច​ដោះស្រាយបាន​ដូចជា​ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បូរី​កីឡា​ជាដើម តែងតែ​ស្វែងរក​ជំនួយ​ពី​អង្គការសហប្រជាជាតិ ឬ​ពី​ស្ថានទូត​បរទេស​នានា​នៅ​ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។

តើ​ហេតុអ្វី​បានជា​ដូច្នេះ?

សម្រាប់​ក្រុមអ្នកវិភាគ និង​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា ឥទ្ធិពល​នៃ​នយោបាយ​គំនុំសងសឹក យកឈ្នះ​ចាញ់​ដោយ​ស្លា​ប់រស់ នៅតែ​ដឹ​ត​ដាម​យ៉ាងជ្រៅ​នៅក្នុង​ផ្នត់គំនិត​អ្នកនយោបាយ​ខ្មែរ​នៅឡើយ។ ពោលគឺ​អ្នកនយោបាយ​ខ្មែរ​នៅតែ​ដើរ​លើ​មាគ៌ា«អ្នកឈ្នះ​ជា​វីរៈជន រីឯ​អ្នកចាញ់​ជា​ជន​ក្បត់ជាតិ» ដោយ​មិនទាន់​កែប្រែ​នៅឡើយ។ នៅក្នុង​បរិបទ​នេះ អ្នក​កាន់ អំណាច​នឹងមិន​ងាយ​ឲ្យ​របេះ​អំណាច​ចេញពី​ដៃ​បានឡើយ​ ពីព្រោះថា នៅពេល​អស់​អំណាច ពួកគេ​នឹងត្រូវ​អ្នក​បន្តវេន​ចាត់ទុកជា«ជន​ក្បត់ជាតិ»។

រីឯ​អ្នកប្រឆាំង​វិញ គឺ​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ទោះជា​ពេលខ្លះ​មធ្យោបាយ​នោះ​អាក្រក់​ក៏ដោយ​ឲ្យ​តែ​បានឈ្នះ។ នេះ​ជា​រនាំង​ដែល​ខណ្ឌ​ចែក​អ្នកនយោបាយ​បដិបក្ខ​មិនអាច​ឲ្យ​និយាយ​ស្តាប់​គ្នា​បាន។ នៅពេលដែល​ភាគី​ជម្លោះ​មិនអាច​និយាយ​ស្តាប់​គ្នា​បាន ពិតណាស់ថា ការស្វែងរក អន្តរាគមន៍​ពី​ភាគី​ទី៣គឺជា​រឿង​មិនអាច​ចៀសវាង​បាន។

ដូច្នេះ ដំណោះស្រាយ​ដើម្បី​បំបាត់​វប្បធម៌​ពឹងពាក់​លើ​អន្តរាគមន៍​របស់​បរ​ទេស គ្មានអ្វី​ក្រៅពី​ការកសាង​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​បាន​រឹងមាំ​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​នោះឡើយ។ ដើម្បី​សម្រេច​គោលដៅ​នេះ ការធ្វើ​នយោបាយ​ដោយ​តម្កល់​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​ជាធំ ហើយ​និង​ការលាង​ជម្រះ​គំនុំសងសឹក គឺជា​ជម្រើស​មិនអាច​ខ្វះ​បាន។ នៅក្នុង​ប្រទេស​ជឿនលឿន អ្នកដឹកនាំ​បើទោះបីជា​ចាញ់ឆ្នោត ក៏​នៅតែ​រស់ក្នុង​ក​តិ​ត្តិ​យស​ដដែល ពីព្រោះ​ទី១៖ ពួកគេ​មិនបាន​ប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​ចំពោះ​ប្រ​ទេសជាតិ និង​ប្រជាជន និង ទី២៖ អ្នក​បន្តវេន​គិតតែ​ពី​រិះរក​វិធី​យ៉ាងណា​ដឹកនាំ​ប្រទេស​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ជាជាង​ការគិតគូរ​តែ​ពី​គំនុំសងសឹក។

ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​អាច​ធ្វើបាន​ដូច្នេះ វប្បធម៌​ប្រជាធិបតេយ្យ​នឹង​រឹងមាំ ហើយ​រាល់​បញ្ហា​ធំ​តូច​ទាំងឡាយ​អាច​នឹង​ដោះស្រាយបាន​នៅក្នុង​រង្វង់​គ្រួសារ​ខ្មែរ ដោយ​មិនចាំបាច់​រត់​ទៅ​​ពឹងពាក់​បរទេស​ឲ្យ​ជួយ​ទៀតឡើយ៕

No comments:

Post a Comment

yes