សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

បើកគោយន្ដត្រឡប់​ មកពីលក់ឈើ​ ជាន់មីនតោន ផ្ទុះស្លាប់៦នាក់ របួសធ្ងន់ពីរ

Photo by DAP-NEWS

បាត់ដំបង ៖ យ៉ាងហោចណាស់ប្រជាពល រដ្ឋដែលត្រូវនឹងសាច់ញាតិនឹងគ្នា ចំនួន៦នាក់ បានស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះមីនតោនមួយ បានកើត ឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅជើង ភ្នំបាណន់ ក្នុងភូមិបាណន់ ឃុំស្ដៅ ស្រុករតនៈ មណ្ឌល ខេត្ដបាត់ដំបង បន្ទាប់ពីជនរងគ្រោះ ទាំងនោះ បាននាំគ្នាជិះគោយន្ដត្រឡប់មកពី លក់ឈើ ហើយក៏ជាន់មីនតោន បណ្ដាលឱ្យ ផ្ទុះតែម្ដងទៅ ។
នេះជាគ្រោះថ្នាក់ដោយសារមីនតោន ជា ថ្មីម្ដងទៀត ដែលសម្លាប់ជីវិតប្រជាពលរដ្ឋ ខ្មែរអស់ជាច្រើននាក់ ដែលមីនតោនទាំងនេះ ត្រូវបានគេដឹងថា បានបន្សល់ទុកតាំងពី សម័យសង្គ្រាមមកម្ល៉េះ ។

មេបញ្ជាការអាវុធហត្ថខេត្ដបាត់ដំបង លោកឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណៈ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២នេះថា ជនរងគ្រោះ ៥នាក់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ រីឯម្នាក់ផ្សេងទៀត បានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ក្នុងនោះប្រុស៣នាក់ ស្រី៣នាក់ ខណៈដែលជនរងគ្រោះដែលរង របួសធ្ងន់មានចំនួន២នាក់។
ទាក់ទិនករណីនេះ ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុបានឱ្យដឹងថា ជុំវិញការ ផ្ទុះមីនតោនខាងលើនេះ បានកើតឡើងបន្ទាប់ ពីជនរងគ្រោះទាំងនោះ បាននាំគ្នាជិះគោយន្ដ ត្រឡប់មកពីលក់ឈើ នៅក្នុងភូមិបាណន់ រួចត្រឡប់ទៅផ្ទះ ហើយក៏បានជាន់តោន ដែលតាមសេចក្ដីរាយការណ៍ជាជំនាញដំបូង បានឱ្យដឹងថា មីនតោនផ្ទុះឡើងអាចចំនួនពី ពីរគ្រាប់ទៅបីគ្រាប់ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ភ្លាមៗ នោះបានបណ្ដាលឱ្យជនរងគ្រោះចំនួន៥នាក់ ស្រីពីរនាក់ប្រុសបី ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ហើយជនរងគ្រោះម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានបានបន្ដទៀតថា ជនរងគ្រោះទី១ ឈ្មោះយៀន សល់ ភេទ ប្រុស អាយុ២៦ឆ្នាំ,ទី២ឈ្មោះយៀន ផល ភេទស្រី អាយុ២០ឆ្នាំ ,ទី៣ ឈ្មោះយៀន សុខ ភេទស្រី អាយុ១៨ឆ្នាំ,ទី៤ ឈ្មោះសុង សឺន អាយុ២៥ឆ្នាំ,ទី៥ឈ្មោះណាក់ ចាន់ ណែត ភេទស្រី អាយុ១៨ឆ្នាំ និងទី៦ ឈ្មោះ ណុង ថាំងហឿម ភេទប្រុស អាយុ២៣ឆ្នាំ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ ហើយកំពុងជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរ ពេទ្យនោះ ទី១ឈ្មោះអ៊ុច ញៀន ភេទប្រុស អាយុ៥៦ឆ្នាំនិងទី២ ឈ្មោះអ៊ុច វែង ភេទ ប្រុស អាយុជាង២០ឆ្នាំ ។
បើតាមប្រភពព័ត៌មានក្រោយគ្រោះថ្នាក់ ដ៏គួរឱ្យរន្ធត់ ដោយសារតែមីនតោនកប់នៅ ក្នុងដីនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ដ បានទៅជួយអន្ដរាគមន៍ តាមរយៈបញ្ជូនជន រងគ្រោះ ដែលនៅមានដង្ហើមទៅកាន់មន្ទីរ ពេទ្យ ខណៈដែលជនរងគ្រោះស្លាប់នៅកន្លែង កើតហេតុនោះ បានកម្កល់ទុកឱ្យក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើត ហេតុដដែលនោះ បានឱ្យដឹងថា ផ្លូវលំដែល មីនតោនបានផ្ទុះក្រោយកង់គោយន្ដកិននោះ គឺជាផ្លូវដែលពួកគេបើកយកឈើទៅលក់ ប៉ុន្ដែមិនមានអ្វីកើតឡើង លុះពេលត្រឡប់ មកវិញ ក៏ជួបគ្រោះថ្នាក់យ៉ាងដូច្នេះទៅ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាច ស្វែងរកការអត្ថាធិប្បាយបន្ថែមរបស់លោកហេង  រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់ មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក បាននោះទេ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ប៉ុន្ដែនៅក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលមួយនៅវិទ្យាល័យមួួយក្នុងស្រុកល្វាឯម ខេត្ដកណ្ដាលកាលពីព្រឹកថ្ងៃ ទី០១ ខែតុលា នោះ លោកក៏បានលើកឡើង ពីករណីផ្ទុះមីនតោននេះដែរ នៅក្នុងរតន មណ្ឌល ខេត្ដបាត់ដំបង ដែលផ្ដាច់ជីវិតប្រជា ពលរដ្ឋ ចំនួន៦នាក់និង របួសធ្ងន់ពីរនាក់ ។
គួរបញ្ជាក់ថា សំណល់គ្រាប់មីននិងគ្រាប់ មិនទាន់ផ្ទុះនៅក្នុងដីនៃប្រទេសកម្ពុជា ត្រូវ បានគេរាយការណ៍ថា មានជាច្រើនទៀត ជា ពិសេសនៅអតីតសមរភូមិប្រយុទ្ធនិងធ្វើ សង្គ្រាមដ៏ក្ដៅគគុកតាមបណ្ដាខេត្ដជាប់ព្រំ ដែន ប្រទេសថៃ ដូចជាខេត្ដបន្ទាយ មានជ័យនិងប៉ៃលិនជាដើម  ដែលបានផ្ដាច់ ជីវិតប្រជាពលរដ្ឋខ្មែរ និងរងរបួសគ្រោះថ្នាក់ មិនតិចនោះទេ ។
យ៉ាងណាក៏ដោយបញ្ហាអទិភាពមួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសមជ្ឈ មណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក បាននឹងកំពុងពង្រីកកម្លាំងរបស់ខ្លួន តាម គោលដៅជាច្រើន ដើម្បីរាវរកគ្រាប់មីននិង សំណល់គ្រាប់ដែលមិនទាន់ផ្ទុះបង្កប់នៅក្នុង ដី ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចធ្វើដំណើរនិងបង្កបង្កើនផលរបស់ពួកគេ បានដោយងាយស្រួល៕

No comments:

Post a Comment

yes