ព្រះអម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់របស់សម្តេចឪ នរោត្តម សីហនុ ចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ នៅភ្លាមក្នុងថ្ងៃដែលអតីតព្រះមហាក្សត្របានចូលទីវង្គត។ (១៥ តុលា ២០១២)
វ៉ាស៊ីនតោន៖ បើទោះបីសម្តេចឪ ដែលបានចងមិត្តភាពរឹងមាំជាមួយចិនជាប្រវត្តិសាស្ត្រនោះ បានចូលទីវង្គតក្តី ព្រះអម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់របស់សម្តេចឪ មានបន្ទូលអះអាងថា បញ្ហាទំនាក់ទំនងចិនជាមួយកម្ពុជាមិនមែនជាក្តីបារម្ភទេ ដោយសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាអ្នកបន្តពីសម្តេចឪ។
«ដូច្នេះក្នុងន័យហ្នឹងហើយ សព្វថ្ងៃហ្នឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន គឺសម្តេចតេជោហ៊ុន សែនបានបន្ត។ ជាភស្តុតាង សម្តេចតេជោ ហ៊ុន សែន ទើបតែទៅប្រទេសចិនបានចរចាជាមួយចិនសុំជំនួយចិនទៅទៀត។ ដូច្នេះទំនាក់ទំនងរវាងចិនប្រជាមានិតនិងព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្នមានស្ថិរភាពដែរ និងមានការជឿនលឿនមានការរឹងខ្លាំងឡើងៗ»។
ព្រះអម្ចាស់ ធម្មិកោ មានបន្ទូលក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទពេលព្រះអង្គ យាងជាវាគ្មិនថា សម្តេចឪបានផ្តាំផ្ញើប្រជារាស្ត្រខ្មែរនឹងប្រជាជនខ្មែរថា លោក ទុកសម្តេចតេជោហ៊ុន សែនជាអ្នកបន្តពីលោកក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា។ សម្តេចឪលោកទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកទទួលកេរ្តិ៍មរតកពីព្រះអង្គក្នុងការដឹកនាំប្រទេសជាតិ។
ថ្លែងក្នុងកម្មវីធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទជាវាគ្មិនផងនោះ លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្របានបង្ហាញឲ្យឃើញថា របបរាជានិយម ជាអត្តសញ្ញាណមួយនៃបងប្អូនប្រជារាស្ត្រ ហើយជារបបមួយដែលផ្តល់ស្ថិរភាព នយោបាយដល់ព្រះរាជាណាចក្រកម្ពុជាតាមរដ្ឋធម្មនុញ្ញដែលបានចែង។
«គណបក្សទាំងប៉ុន្មានឬរដ្ឋាភិបាលអាចផ្លាស់ប្តូរ តែស្ថាប័នព្រះមហាក្សត្រអត់ផ្លាស់ប្តូរទេ វា
មានស្ថិរភាព»។
លោក ស៊ូប៊ែរ្តិ៍បានអះអាងថា៖ «ប្រសិនបងប្អូនខ្មែរយើងយល់របៀបហ្នឹង ប្រទេសជាតិយើងនៅគង់វង្ស»៕
តើអ្នកយល់ថានយោបាយនៅប្រទេសកម្ពុជានឹងមានការវិវត្តយ៉ាងដូចម្តេចដែរនៅក្រោយការចូលទីវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ?
No comments:
Post a Comment
yes