សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត


កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ (M&V) នៅ​ខេត្ត​កំពង់ឆ្នាំង ជាច្រើន​នាក់​ប្រតិកម្ម​តវ៉ា និង​ចោទ​ថា ថៅកែ​រោងចក្រ​នេះ​មិន​ឲ្យ​ពួក​គេ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​កាល​កំណត់​ប្រតិទិន គ.ជ.ប នោះ​ឡើយ។
កម្មការិនី​ផ្នែក​កាត់​ព្រុយ​ខោ​អាវ​នៃ​រោងចក្រ​អ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា ថា ថ្មីៗ​នេះ​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​កោះ​ប្រជុំ​កម្មករ​ទាំង​អស់​មក​ប្រាប់​ថា ដោយ​រោងចក្រ​ត្រូវ​បញ្ចេញ​ទំនិញ​ឲ្យ​ទាន់​តាម​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន ដូច្នេះ​កម្មការិនី​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី១៣ តុលា ទើប​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ។
ស្រីមុំ បន្ត​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​ឈ្មោះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ តុលា ដូច្នេះ កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ ទាំង​អស់​នឹង​មិន​បាន​បោះ​ឆ្នោត​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «កម្មករ​គាត់​សួរ​ថា ចុះ​ក្រែង​ថ្ងៃ​ទី១២ គេ​បិទ​ការ​ចុះ​ឈ្មោះ ហើយ​គាត់​ឆ្លើយ​ថា ថ្ងៃ​ណា​ទៅ​មើល​ក៏​បាន​ដែរ ថ្ងៃ១៣ ឬ ១៤ ក៏​បាន​ដែរ មិន​ទាស់​ខុស​អី​ទេ។ អ៊ីចឹង ថ្ងៃ​ទី១២ កម្មករ​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​ទាំង​អស់​គ្នា ព្រោះ​អី​ផលិត​ផល​គាត់​ប្រញាប់​ខ្លាំង​ណាស់»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ សរុប​ប្រមាណ ៤ពាន់​នាក់ សុទ្ធ​តែ​ចង់​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន តែ​ថៅកែ​រោងចក្រ​នេះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​កម្មករ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ៖ «ជា​ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ចង់​ជ្រើស​រើស​តំណាង​រាស្ត្រ​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង។ តែ​រោងចក្រ​អ៊ឹមវ៉េ បាន​បំបិទ​សិទ្ធិ​ពួក​ខ្ញុំ​ជា​កម្មករ​ជាង​បួន​ពាន់​នាក់​នេះ»
យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​អ៊ឹមវ៉េ គឺ​លោក យិន ណាក់ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ភាគី​រោងចក្រ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាំង​ស្រុង ដោយ​ពុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ៖«តាម​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​នេះ​ទៅ​នោះ គឺ​សម្រាប់​អ្នក​នៅ​ក្រៅ​ក្រុង គឺ​ឲ្យ​ឈប់​ពី​ថ្ងៃ​ទី១១ តុលា ទៅ។ ឯ​អ្នក​នៅ​ក្នុង​ក្រុង គឺ​ឈប់​ពី​ថ្ងៃ​ទី១២ តុលា​ទៅ។ ចំពោះ​ថ្ងៃ​ទី១៣ គឺ​ខ្ញុំ​ឲ្យ​ពិភាក្សា​ជាមួយ​កម្មករ»
ប្រតិទិន​របស់ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១២។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
ទាក់​ទិន​ចំពោះ​បញ្ហា​ប្រតិកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​តុលា ថា ប្រតិកម្ម​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​កម្មករ​កម្មការិនី​ទាំង​នោះ​ស្ដាប់​ច្រឡំ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ទីរ​ការងារ​បាន​ចាត់​តាំង​ឲ្យ​ប្រធាន​ការិយាល័យ​ការងារ​ខេត្ត ចុះ​ទៅ​ពន្យល់​កម្មករ​កម្មការិនី​ទាំង​នោះ ហើយ​ឥឡូវ ពួក​គេ​យល់​ព្រម​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ៕

No comments:

Post a Comment

yes