សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ​សម្លាប់​មនុស្ស​១៥​នាក់


គិត​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ចំនួន ១៥​នាក់​ហើយ ដែល​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។
RFA/Hang Savyouth
ប្រជាពលរដ្ឋ​​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​នាំ​គ្នា​ឡើង​លើ​ដំបូល​ផ្ទះ​នៅ​ពេល​ដែល​​ទឹក​ជំនន់​កាន់​តែ​ហូរ​កួច​ខ្លាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១។
ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ បាន​ហូរ​ជន់​លិច​ខេត្ត​បន្ទាយមានជ័យ អស់​រយៈពេល ៤​ឆ្នាំ​ជាប់​គ្នា ហើយ​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​រាល់​ឆ្នាំ។ ទន្ទឹម​គ្នា​នឹង​ការ​ខូចខាត​នេះ រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​សាង​សង់​ប្រឡាយ​រំដោះ​ទឹក​ជំនន់​ក្នុង​ខេត្ត​នេះ ដ៏​ធំ​មួយ​នៅ​ពេល​ខាង​មុខ​នេះ។
នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ព្រំដែន​ខ្មែរ-ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ចូល​ទៅ​ជន់​លិច​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ផ្ទៃ​ទំនាប​ទាប​ជាង​ប្រទេស​ថៃ។ ទឹក​ជំនន់​ពី​ប្រទេស​ថៃ បាន​ហូរ​កាត់​ចេញ​ពី​ស្រុក​គោកធ្យូង និង​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះកែវ ហូរ​កាត់​តាម​ច្រក​អូរ​ល្ហុង និង​ច្រក​អូរ​បី​ជាន់ ចូល​មក​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក ចាន់ យុត្ថា មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា ពុំ​បាន​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក កន្លែង​ខ្លះ​មាន​ការ​ទប់​ជា​កំណាត់ មាន​ការ​ចាក់​ដី​លប់ មាន​ការ​លើក​ទំនប់​ស្កាត់​ផ្លូវ​ទឹក និង​មាន​ការ​គោក​រាក់។ បញ្ហា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ មាន​ការ​រាំង​ស្ទះ លំបាក​ក្នុង​ការ​ហូរ​ចូល​ទៅ​កាន់​ស្ទឹង​សិរីសោភ័ណ។
លោក ចាន់ យុត្ថា៖ «អ៊ីចឹង បាន​យើង​ឃើញ​ថា កាល​ណា​មក​ចូល​ទៅ​កាន់​អាង​ទឹក​មួយ​ឈ្មោះ​ថា អាង​ទឹក​អូរ​ខៃដន នៅ​ជិត​ក្រុង​ប៉ោយប៉ែត នៅ​ពេល​អាង​នោះ​ពេញ ទឹក​បាន​ហូរ​ចេញ​ពាស​វាល ដោយ​សារ​ខ្វះ​ប្រព័ន្ធ​ដោះ​មក​កាន់​ស្ទឹង​សិរីសោភ័ណ​ហ្នឹង​ឯង។ អ៊ីចឹង​ទេ ក្រសួង ឯកឧត្ដម រដ្ឋមន្ត្រី លោក​បាន​ដឹកនាំ​ការងារ​នេះ ប៉ុន្តែ​ការងារ​នេះ​ជា​គម្រោង​មួយ​ធំ ត្រូវ​ការ​ថវិកា​ច្រើន​គួរ​សម​ដែរ។ អ៊ីចឹង​ទេ យើង​បាន​សិក្សា​ហើយ បើ​និយាយ​ពី​ការ​សិក្សា​នេះ គឺ​ថា យើង ទី​មួយ គឺ​យើង​រៀបចំ​ប្រឡាយ​ដោះ​ទឹក​ដែល​មាត់​លើ​តាម​ការ​សិក្សា​នៅ​ជំហាន​ដំបូង​នេះ គឺ​មាន​មាត់​លើ​ទំហំ ៧០​ម៉ែត្រ ហើយ​ប្រវែង​ប្រហែល ៤០​គីឡូ​ម៉ែត្រ»
គម្រោង​សាងសង់​ប្រឡាយ​នេះ គឺ​ដើម្បី​រំដោះ​ទឹក​ពី​តំបន់​អូរ​បី​ជាន់ តំបន់​ប៉ោយប៉ែត ក្នុង​ករណី​មាន​ទឹក​ជំនន់ ដើម្បី​នាំ​ទឹក​ទៅ​កាន់​ស្ទឹង​សិរីសោភ័ណ។ ប្រឡាយ​នោះ​មាន​តួនាទី​ជា​ប្រឡាយ​រំដោះ​ទឹក។ បន្ថែម​លើ​ប្រឡាយ​រំដោះ​ទឹក​នេះ គឺ​មាន​សំណង់​នៅ​តាម​មាត់​ប្រឡាយ។ នៅ​ពេល​មាន​ទឹក​ជំនន់ ជា​ប្រឡាយ​រំដោះ​ទឹក ប៉ុន្តែ​នៅ​ពេល​ខ្វះ​ខាត​ទឹក ប្រឡាយ​ទាំងនោះ​ដើរ​តួនាទី​ជា​ប្រឡាយ​ស្រោច​ស្រព​ដំណាំ​កសិកម្ម។
លោក ចាន់ យុត្ថា បាន​បញ្ជាក់​ថា ក្នុង​ពេល​មាន​ជំនន់​ធ្ងន់ធ្ងរ​នា​ពេល​កន្លង​មក​នេះ ក្រសួង​ធនធាន​ទឹក បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​កាយ​បើក​មុខ​ទឹក​ចំនួន ៨កន្លែង​ធំៗ ដើម្បី​រំដោះ​ទឹក​ចូល​ទៅ​កាន់​ស្ទឹង​មង្គលបុរី និង​មួយ​ទៀត ចូល​ស្ទឹង​សិរីសោភ័ណ។ ប៉ុន្តែ ការ​ជីក​បើក​មុខ​ទឹក​នេះ មិន​អាច​រំដោះ​ទឹក​ជំនន់​បាន​គ្រប់គ្រាន់​នោះ​ឡើយ ចាំបាច់​ត្រូវ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ថ្មី​ទៀត។
លោក ចាន់ យុត្ថា៖ «យើង​បាន​សិក្សា​ស្ទើរ​តែ​នឹង​រួច​រាល់​ហើយ ចាំ​មើល​យើង​នឹង​ស្វែង​រក​ថវិកា​ដើម្បី​នឹង​ធ្វើ​ការងារ​នេះ។ ហើយ​ពេល​ណា​ដែល​សំខាន់ គឺ​ស្ថានភាព​ថវិកា នៅ​ពេល​ដែល​យើង​ទទួល​បាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​សាងសង់ យើង​នឹង​ចាប់​អនុវត្ត​ភ្លាម។ ខ្ញុំ​ជឿ​ថា មិន​យូរ​ទេ ហើយ​យើង​កំពុង​តែ​ដំណើរ​ការ​លម្អិត​ឲ្យ​បាន​ឆាប់​បំផុត»
អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២ ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ ហូរ​លិច​ខេត្ត​បន្ទាយមានជ័យ បាន​សម្លាប់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៥​នាក់។ ក្រុម​អាជ្ញាធរ​បាន​ធ្វើ​របាយការណ៍​ពី​ករណី​មនុស្ស​ស្លាប់​នេះ ដាក់​ទៅ​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ។
លោក អ៊ុក កែវរតនៈ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ស្ថានភាព​ទឹក​ដី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ផ្ទៃ​ទំនាប​ទាប​ជាង​ប្រទេស​ថៃ។ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​បាន​ជន់​លិច​ពី​ប្រទេស​ថៃ ហូរ​មក​ចាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ បាន​ហូរ​ជន់​លិច​គ្រប់​ស្រុក​ក្រុង​ទាំង​៧ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។
ខេត្ត​បន្ទាយមានជ័យ មាន​ស្ទឹង​ជួយ​រំដោះ​ទឹក​ចំនួន​ពីរ គឺ​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គលបុរី ប៉ុន្តែ​ស្ទឹង​ទាំង​ពីរ​នេះ ពុំ​អាច​រំដោះ​ទឹក​ជំនន់​ពី​ប្រទេស​ថៃ បាន​ទាំង​ស្រុង​នោះ​ទេ៖ «ការ​ប៉ះពាល់​មក​ទល់​ថ្ងៃ​នេះ យើង​សិក្សា​ទៅ វា​ស្រូវ​ជាង ៤ម៉ឺន​ហិកតារ រង​ការ​ប៉ះពាល់ តាម​ការ​ប៉ាន់​ស្មាន វា​ចៀស​មិន​ផុត​ពី​ការ​ខូចខាត ព្រោះ​ឆ្នាំ​ទៅ​ខូច​ទាំង​ស្រុង ១ម៉ឺន​ហិកតារ រលួយ​អស់​តែ​ម្ដង បួន​ឆ្នាំ​ជាប់ ខេត្ត​បន្ទាយមានជ័យ គិត​ទៅ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២»
ក្រៅ​ពី​ការ​ខូចខាត​ផល​ដំណាំ​ស្រូវ ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ បាន​ជន់​លិច​ដំឡូងមី ប្រព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន​ជាច្រើន​ខ្នង​បើក​ទ្វារ​បង្រៀន​មិន​កើត និង​បាន​សម្លាប់​អាយុ​ជីវិត​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ។ ខេត្ត​បន្ទាយមានជ័យ មាន​ផ្ទៃ​ដី​ទំហំ ៦៦៧.៩០០​ហិកតារ ក្នុង​នោះ​មាន​ផ្ទៃ​ដី​កសិកម្ម​ទំហំ ៣២​ម៉ឺន​ហិកតារ។ ខេត្ត​នេះ មាន​ព្រំប្រទល់​ជាប់​ខេត្ត​ស្រះកែវ និង​ខេត្ត​បុរីរ៉ាំ របស់​ថៃ ​ដែល​មាន​ខ្សែ​បណ្ដោយ​ព្រំដែន​ប្រវែង​១៥៣​គីឡូ​ម៉ែត្រ។
អតីត​ស្រុក​ស្វាយស៊ីសូផុន ត្រូវ​បាន​កាត់​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ​១៩៩៧។ លុះ​នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ជា​ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាង ៧០​ម៉ឺន​នាក់។ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៤ឆ្នាំ​ជាប់​គ្នា ពោល​ចាប់​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១២ ខេត្ត​បន្ទាយមានជ័យ បាន​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ យ៉ាង​ធ្ងន់ធ្ងរ។ គ្រោះ​ទឹក​ជំនន់ បាន​ធ្វើ​ឲ្យ​បាត់​បង់​អាយុ​ជីវិត​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ផល​ដំណាំ​កសិកម្ម ប្រព័ន្ធ​ផ្លូវ​ថ្នល់ លំនៅឋាន និង​សាលារៀន​ដែល​គេ​ប៉ាន់ស្មាន​ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​អស់​រាប់​លាន​ដុល្លារ សម្រាប់​ការ​ជួសជុល​ការ​ខូចខាត​ទាំង​នោះ​ឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ៕

No comments:

Post a Comment

yes