សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

អ្នក​បើក​បរ​ដឹក​អ្នក​ដំណើរ​រតនគិរី-ភ្នំពេញ​អះអាង​ថា​មាន​កុងត្រូល​ជជុះ​ជាច្រើន


ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​លប់​បំបាត់​ទីតាំង​ឆែកឆេរ​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​ជាតិ ដែល​គេ​ហៅ​ថា​កុងត្រូល​ជជុះ មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។
កុងត្រូល​នេះ បាន​គាប​សង្កត់​ជំរិត​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ ដែល​បង្ក​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច​ជាច្រើន​ផ្នែក កំពុង​ប្រើប្រាស់​តួនាទី​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ​នេះ និង​រំខាន​ការ​ធ្វើ​ដំណើរ​ប្រជាពលរដ្ឋ។
បើ​ជន​ណា​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ខេត្ត​រតនគិរី ទៅ​កាន់​ទីក្រុង​ភ្នំពេញ អ្នក​ដំណើរ​នឹង​បាន​ឃើញ​ក្រុម​សមត្ថកិច្ច​ច្រើន​ក្រុម បាន​ស្ទាក់​រថយន្ត​ដើម្បី​ឆែកឆេរ​រក​វត្ថុ​តាង​បទល្មើស ក៏ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​អនុវត្ត​តួនាទី​បង្ក្រាប​បទល្មើស​នោះ​គេ​ក្រៅ​ពី​ទារ​ប្រាក់ និង​រំខាន​ការ​ធ្វើ​ដំណើរ​ក្រុម​សមត្ថកិច្ច​មួយ​ចំនួន បាន​គំរាម​កំហែង​ជំរិត​ទារ​ប្រាក់​ច្រើន​ចំពោះ​ម្ចាស់​រថយន្ត ឬ​អ្នក​ដំណើរ​ដែល​បាន​ដឹក​ជញ្ជូន​គ្រឿង​សង្ហារិម​សម្រេច ឬ​ពាក់​កណ្ដាល​សម្រេច​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​រថយន្ត​បន្ត​ដំណើរ​បាន។

សេចក្តី​រាយការណ៍​របស់​ក្រុម​អ្នក​បើក​បរ​រថយន្ត​ដឹក​អ្នក​ដំណើរ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុម​សមត្ថកិច្ច​ប៉ូលិស កង​រាជ​អាវុធហត្ថ សមត្ថកិច្ច​ព្រៃ​ឈើ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ និង​អ្នក​សារព័ត៌មាន​ខ្លះ បាន​ឈរ​នៅ​ចំណុច​មួយ​ចំនួន​តាម​ដង​ផ្លូវ​ពី​ខេត្ត​រតនគិរី ទៅ​ភ្នំពេញ​រាប់​សិប​ទីតាំង ដើម្បី​ស្ទាក់​ឃាត់​រថយន្ត​យក​ប្រាក់ ឬ​ប្រើប្រាស់​រថយន្ត​ទេសចរណ៍​ផ្ទាល់​ខ្លួន ប្រដេញ​ឃាត់​រថយន្ត​ណា​ដែល​មិន​ឈប់​បង់​ប្រាក់​ទៅ​ឲ្យ​ពួក​គេ។
ក្នុង​ចំណោម​ក្រុម​សមត្ថកិច្ច​ជាច្រើន​ក្រុម​នោះ ក្រុម​អ្នក​បើក​បរ​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ បាន​កត់​សម្គាល់​ថា ក្រុម​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​៧២២ បោះ​ទីតាំង​នៅ​តំបន់​ភ្នំ​ក្រហម ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៅ​ចំណុច​ផ្លូវ​បំបែក​ក្រោយ​អតីត​រោងចក្រ​ក្រដាស ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​ជា​ក្រុម​ដែល​ប្រើ​អំណាច​រំខាន​ការ​ធ្វើ​ដំណើរ និង​ជំរិត​ទារ​ប្រាក់​ធ្ងន់ធ្ងរ​ជាង​គេ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ។
អ្នក​បើក​បរ​រថយន្ត​ឈ្នួល​ពី​ខេត្ត​រតនគិរី ទៅ​ភ្នំពេញ លោក សុវណ្ណារ៉ា អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ឲ្យ​ត្រួត​ពិនិត្យ​បទ​បញ្ជា និង​សេចក្តី​ព្រមាន​នេះ​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​គាំទ្រ​ឲ្យ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បទល្មើស​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​សមត្ថកិច្ច​ជំនាញ មាន​ការ​ចាត់​តាំង និង​មាន​បទ​បញ្ជា​ត្រឹមត្រូវ ក៏ប៉ុន្តែ​មិន​មែន​ក្រុម​សមត្ថកិច្ច​ត្រួត​ពិនិត្យ​តាម​អំពើ​ចិត្ត​នោះ​ទេ៖«យើង​ចង់​អំពាវនាវ​ទៅ​រាជ​រដ្ឋាភិបាល សូម​ឲ្យ​ជួយ​ក្រឡេក​មើល​ទៅ​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ គាត់​ធ្វើ​របៀប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ វា​អាច​ធ្វើ​ឲ្យ​បាត់​សន្លឹក​ឆ្នោត ដោយ​សារ​តែ​សមត្ថកិច្ច​ជជុះ​បង្អាក់​ដំណើរ​គេ ជួន​កាល​មាន​អ្នក​ជំងឺ​នៅ​ក្នុង​ឡាន​ឃាត់​ឡាន​គេ យក​ឡាន​ទៅ​ដាក់​លើ​ស្ពាន ដើម្បី​បង្អាក់​កុំ​ឲ្យ​ឡាន​គេ​ទៅ»
អ្នក​បើក​បរ​រថយន្ត​ឈ្នួល​ពី​ខេត្ត​រតនគិរី ទៅ​ភ្នំពេញ លោក ជិន សុខា បាន​ហៅ​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច​នៅ​ពីរ​ទីតាំង​នោះ​ថា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បទ​បញ្ជា និង​គោល​នយោបាយ​ដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ថា បាន​បំពាន​ទៅ​លើ​ភារៈ​ជា​កង​ប្រដាប់​អាវុធ ជា​អ្នក​ការពារ​ប្រជារាស្ត្រ និង​បំពាន​ទៅ​លើ​បទ​បញ្ជា​ហាម​ដាក់​ប៉ុស្តិ៍​ឆែកឆេរ​រំខាន​ទារ​ប្រាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ ជា​អ្នក​ធ្វើ​ដំណើរ។
លោក ជិន សុខា៖ «ឲ្យ​អស់​លោក​ធំៗ​ហ្នឹង គាត់​បើក​ត្រចៀក​ស្តាប់ ឲ្យ​គាត់​ឮ​ផង ហើយ​ឲ្យ​គាត់​ស្រែក​ផង កុំ​ឲ្យ​ធ្វើ​អ៊ីចឹង វា​អាក្រក់​មើល​ណាស់ ព្រោះ​អី អួត​ថា រាល់​ថ្ងៃ​ជួយ​រាស្ត្រ ឲ្យ​មើល​រាស្ត្រ មើល​ប្រជាពលរដ្ឋ នេះ​មើល​ស្អី ច្របាច់​ក​តែ​ប្រជាពលរដ្ឋ​យក​តែ​លុយ​អ៊ីចឹង មិន​ដឹង​ស្អី​ជា​ស្អី មិន​មែន​កុងត្រូល​ជជុះ​ទេ អា​នេះ​ដូច​ចោរ​ប្លន់​តាម​ផ្លូវ​តែ​ម្តង។ ជួន​កាល​មក​ទៅ​មាន​តែ​អាវ​យឺត មាន​តែ​ដំបង ខោ​ប៉ារ៉ា​អ៊ីចឹង​ទៅ ខោ​ទាហាន​អ៊ីចឹង​ទៅ ចេញ​មក​កាក់​ឡាន​ដែរ ដេញ​ឲ្យ​គ្រប់​តែ​ឡាន​មិន​ថា​ឡាន​ណា​មាន​ឥវ៉ាន់​អត់​ឥវ៉ាន់​ទេ»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែ​តុលា មិន​អាច​ទាក់​ទង​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ ខេត្ត​ស្ទឹងត្រែង លោក ឱ បួរិន ដើម្បី​បំភ្លឺ​សេចក្តី​ចោទ​ប្រកាន់​ទៅ​លើ​ប្រតិបត្តិការ​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​៧២២ បាន​ទេ។ យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​អនុញ្ញាត​ឲ្យ​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​៧២២ ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ។
លោក​សុំ​ឲ្យ​បង្ហាញ​ភស្តុតាង​ពី​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​នោះ ដើម្បី​លោក​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ប្រព្រឹត្ត​ខុស៖ «បើ​និយាយ​រួម​ទៅ បទ​បញ្ជា​មាន​តែ​មួយ​ទេ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ដាក់​ទេ បើ​នរណា​ដាក់​បើ​និយាយ​ពី​បទ​បញ្ជា អត់​មាន​កន្លែង​ណា​ដែល​ឲ្យ​ធ្វើ​ខុស​ទេ។ មិន​ថ្វី​ទេ បើ​មាន​ឯកសារ​ជួយ​ថត​ឲ្យ​ខ្ញុំ»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែ​តុលា ឆ្នាំ​២០១២ មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង ដើម្បី​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ដែរ។
យ៉ាង​នេះ​ក្តី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក លោកស្រី ធីម ណារីម ចាប់​អារម្មណ៍​ថា បញ្ហា​កុងត្រូល​ជជុះ​នេះ គឺ​រាជ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​តឹងរ៉ឹង​មិន​ឲ្យ​កើត​មាន និង​ព្រមាន​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​ណា​ដែល​បណ្ដែត​បណ្តោយ​ឲ្យ​មាន​កុងត្រូល​ជជុះ​នោះ​ត​ទៅ​ទៀត។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ខេត្ត​គួរ​ត្រួត​ពិនិត្យ និង​បញ្ឈប់​កុំ​ឲ្យ​កើត​មាន​ក្រុម​កុងត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ ដើម្បី​អនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព៖ «គួរ​តែ​មាន​វិធានការ​ណា​មួយ ដែល​រឹត​បន្តឹង​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ចរាចរ គោរព​ច្បាប់ គួរ​តែ​មាន​វិធី​ផ្សេង​ពី​នេះ ដើម្បី​ចៀសវាង​ការ​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​សម្រាប់​សមត្ថកិច្ច​យើង»
ចំណែក​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បាន​ចាត់​ទុក​ក្រុម​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​ថា ជា​ក្រុម​ពុក​រលួយ និង​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​អ្នក​ដំណើរ។
លោក​បន្ត​ថា កុងត្រូល​ជជុះ​កើត​មាន​ច្រើន​ទីតាំង​តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ក្រុង​ភ្នំពេញ និង​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ព្រំដែន​ប្រទេស​ឡាវ តាម​ផ្លូវ​ជាតិ​លេខ​៧៖ «ធ្លាប់​ដឹង​ដែរ ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហ្នឹង​អ៊ីចឹង​មែន ទោះ​បី​ឡាន​តាក់ស៊ី​ពួក​គាត់​មិន​មាន​ដឹក​ស្អី ក៏​គេ​ហៅ​គាត់​ឈប់​ដើម្បី​ឆែក​មើល​អ៊ីចឹង។ ដល់​ពេល​ធ្វើ​អ៊ីចឹង វា​អាច​ស្ទះ​ការ​ធ្វើ​ដំណើរ​ពួក​គាត់។ តាម​ប្រសាសន៍​សម្ដេច ហ៊ុន សែន គាត់​តែង​និយាយ​រឿងៗ​ដែរ​អា​រឿង​ហ្នឹង បំបាត់​កុងត្រូល​ជជុះ វា​ប៉ះពាល់​ធ្ងន់ធ្ងរ​តែ​ម្តង។ ខ្ញុំ​តែង​តែ​ឮ​ប្រជាពលរដ្ឋ​អ្នក​រត់​តាក់ស៊ី គាត់​និយាយ​អ៊ីចឹង​ដែរ»
ស្ទើរ​គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន តែង​តែ​ផ្សាយ​រំលឹក​ដាស់​តឿន​ដល់​មន្ត្រី​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង ពី​ប្រសាសន៍​ណែនាំ រួម​ទាំង​បទ​បញ្ជា​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ និង​ការ​ព្រមាន​ដក​មុខ​តំណែង​មន្ត្រី​អភិបាល​ខេត្ត​ក្រុង​ណា ដែល​ភ្លេច​ពាក្យ​ស្លោក​ឲ្យ​មើល​ផ្លូវ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ៕

No comments:

Post a Comment

yes