សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ពលរដ្ឋ​អះអាង​ថា​កោះត្រល់​ត្រូវ​វៀតណាម​កាន់​កាប់​ទាំង​ស្រុង​ក្រោយ​ឆ្នាំ​១៩៨០


អតីត​អ្នក​តស៊ូ​ក្នុង​របប​ខ្មែរ​ក្រហម និង​មនុស្ស​វ័យ​ចំណាស់​ធ្លាប់​រស់នៅ​លើ​កោះត្រល់ នៅ​តែ​អះអាង​ថា កោះត្រល់​អតីត​កោះ​ខ្មែរ ទើប​ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង​ទាំង​ស្រុង​នៅ​ក្រោយ​ឆ្នាំ​១៩៨០។
AFP Photo
១៦-កញ្ញា-២០០៤: ទេសភាព​នៅ​លើ​​កោះ​ត្រល់ ដែល​វៀតណាម​ហៅ​ថា ភូក្វុក (Phu Quoc)
អ្នក​ដឹង​ឮ​រឿង​កោះត្រល់ បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា កោះត្រល់​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​វៀតណាម តាំង​ពី​ឆ្នាំ​១៩៦៤ គឺ​មិន​ពិត​ទេ ព្រោះ​ថា ក្នុង​របប​ខ្មែរ​ក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ កោះត្រល់​ត្រូវ​ទាហាន​ខ្មែរ​ក្រហម យក​ធ្វើ​មូលដ្ឋាន​ទ័ព។
បន្ទាប់​ពី​បាន​ទស្សនា​ការ​បកស្រាយ​លើ​បញ្ហា​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា បង្ហាញ​ថា កោះត្រល់​លែង​ជា​កម្មសិទ្ធិ​ខ្មែរ ដោយ​សារ​ឯកសារ​ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ រួច​មក។
អតីត​ទាហាន​សម័យ​ខ្មែរ​ក្រហម និង​ប្រជាពលរដ្ឋ​ខ្មែរ ធ្លាប់​រស់នៅ​លើ​កោះត្រល់​មួយ​ចំនួន បាន​ចេញ​មុខ​អះអាង​ថា កោះត្រល់ មិន​មែន​វៀតណាម គ្រប់គ្រង​នៅ​ឆ្នាំ​១៩៦៤ នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា វៀតណាម បាន​មក​កាន់​កាប់​លើ​កោះ​នោះ​នៅ​ក្រោយ​ឆ្នាំ​១៩៨០ ពេល​ទាហាន​ខ្មែរ​ក្រហម​ចាញ់​សង្គ្រាម។

លោក ឡុង សាវុធ ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ទាហាន​ជើង​ទឹក នៃ​កងពល​អន្តរាគមន៍​លេខ​៧១ ប្រចាំ​ការ​នៅ​កោះត្រល់ នៃ​សម័យ​ខ្មែរ​ក្រហម បច្ចុប្បន្ន​រស់នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក​អះអាង​ថា សម័យ​ខ្មែរ​ក្រហម កោះត្រល់​មិន​មែន​វៀតណាម កាន់​កាប់​ទេ។ លោក​ថា សម័យ​នោះ​កោះត្រល់​គ្មាន​វត្តមាន​ពលរដ្ឋ និង​កងទ័ព​វៀតណាម មក​តាំង​ទីលំនៅ​លើ​កោះ​នេះ​ទេ ព្រោះ​ត្រូវ​កងទ័ព​ខ្មែរ​ក្រហម យក​ធ្វើ​ជា​បន្ទាយ។
អតីត​អ្នក​តស៊ូ​រូប​នេះ បាន​ប្រតិកម្ម​តប​ការ​បកស្រាយ​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ថា កោះត្រល់​ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង​នៅ​ឆ្នាំ​១៩៦៤ ជា​រឿង​មិន​ពិត​ទេ។ លោក​បញ្ជាក់​ថា កោះត្រល់​ទើប​ត្រូវ​ពលរដ្ឋ និង​កងទ័ព​វៀតណាម ចូល​ទន្ទ្រាន​កាន់​កាប់​ចន្លោះ​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​១៩៨៥ អំឡុង​ពេល​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។
ដូច​គ្នា​ដែរ លោក សំរិទ្ធ ឯក ជា​អតីត​ទាហាន​មាន​តួនាទី​ខ្ពស់ នៃ​កងពល​អន្តរាគមន៍​លើ​ផ្ទៃ​សមុទ្រ ក្នុង​សម័យ​ខ្មែរ​ក្រហម​ម្នាក់​ទៀត បាន​អះអាង​ថា កោះត្រល់​ទើប​ត្រូវ​បាន​ប្រទេស​វៀតណាម ចូល​កាន់​កាប់ និង​ពង្រាយ​កងទ័ព​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​ដួល​រលំ ក្នុង​ឆ្នាំ​១៩៧៩។ លោក​ថា ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​វៀតណាម ក្នុង​ឆ្នាំ​១៩៧៩ នៅ​លើ​សមរភូមិ​កោះត្រល់ មាន​ទ្រង់ទ្រាយ​ធំ និង​មាន​ស្លាប់​កម្លាំង​ទាំង​សង​ខាង។ ប៉ុន្តែ ដោយ​កងទ័ព​វៀតណាម មាន​ជំនួយ​ទ័ព​អាកាស​ផង​នោះ កងទ័ព​ខ្មែរ​ក្រហម​ក៏​ត្រូវ​បោះ​បង់​ជុំរុំ​លើ​កោះត្រល់​ពី​ពេល​នោះ​មក។
ក្នុង​វ័យ​ប្រមាណ ៧០​ប្លាយ​ឆ្នាំ និង​ធ្លាប់​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​យុទ្ធសាស្ត្រ​សង្គ្រាម​លើ​ផ្ទៃ​សមុទ្រ និង​សេដ្ឋកិច្ច​រយៈពេល ៧ឆ្នាំ។ អតីត​អ្នក​តស៊ូ​រូប​នេះ ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​កោះត្រល់​ត្រូវ​វៀតណាម គ្រប់គ្រង​រាប់​សិប​ឆ្នាំ​មក​នោះ គឺ​មិន​ពិត​ទេ។
កោះត្រល់​មាន​ផ្ទៃ​ដី​សរុប ៥៤០​គីឡូម៉ែត្រ​ក្រឡា ឬ​មាន​ទំហំ​ជិត​ប៉ុន​ផ្ទៃដី​ប្រទេស​សិង្ហបុរី (Singapore) សព្វ​ថ្ងៃ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៥៨១​គីឡូម៉ែត្រ​ក្រឡា។
ទាក់​ទិន​បញ្ហា​នេះ ពលរដ្ឋ​ធ្លាប់​មាន​លំនៅឋាន​លើ​កោះត្រល់ លោក​មាន​អារម្មណ៍​សោកស្ដាយ ដែល​មេ​ដឹកនាំ​ប្រទេស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ពិសេស​រដ្ឋាភិបាល​សព្វ​ថ្ងៃ​មិន​អាច​ថែ​រក្សា ឬ​ទាមទារ​កោះត្រល់​មក​ជា​សម្បត្តិ​ខ្មែរ​វិញ​បាន។
មនុស្ស​វ័យ​ចំណាស់​ស្នើ​លាក់​ប្រវត្តិ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រមាណ ២០គ្រួសារ បាន​បង្ខំ​ចាក​ចេញ​ពី​លំនៅឋាន​ធ្លាប់​រស់នៅ​លើ​កោះត្រល់។ លោក​ថា មូលហេតុ​នាំ​ឲ្យ​ពួក​គាត់​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​លំនៅឋាន​ធ្លាប់​រស់នៅ ក៏​ព្រោះ​តែ​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បដិសេធ​មិន​ចូល​សញ្ជាតិ​វៀតណាម។
លោក​ថា ពលរដ្ឋ​ប្រមាណ ២០គ្រួសារ បាន​ចាក​ចេញ​ពី​កោះត្រល់ និង​ប្រជុំ​កោះ​ក្បែរ​នោះ ក្នុង​អំឡុង​ឆ្នាំ​១៩៨៤ ដោយ​សារ​មាន​គំនាប​ខ្លាំង​ពី​អាជ្ញាធរ​វៀតណាម។ លោក​សោកស្ដាយ ដែល​ប្រមុខ​ដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ មិន​អាច​រក្សា​កោះត្រល់ ឬ​កោះ​ក្រចកសេះ និង​ប្រជុំ​កោះ​ច្រើន​ទៀត​មិន​ឲ្យ​បាត់​បង់​បាន។
លោក​ថ្លែង​ថា ទៅ​ថ្ងៃ​អនាគត ដី​កោះ និង​ផ្ទៃ​សមុទ្រ​ខ្មែរ អាច​ត្រូវ​បាត់​បង់​ថែម​ទៀត បើ​មេ​ដឹកនាំ​ខ្មែរ​គ្មាន​ឆន្ទៈ និង​​គិត​ពី​ប្រយោជន៍​បក្ខពួក​ធំ​ជាង​ប្រយោជន៍​ជាតិ។
លោក សម ហ៊ល ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពត នៃ​បក្ស សម រង្ស៊ី លោក​បាន​ឯកភាព​ថា កោះត្រល់​ទើប​ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង​ជា​ស្ថាពរ​ក្រោយ​ឆ្នាំ​១៩៨០ ដូច​ពលរដ្ឋ និង​អតីត​ទាហាន​ខ្មែរ​ក្រហម អះអាង។ លោក​ថា សព្វ​ថ្ងៃ​នេះ​មាន​ពលរដ្ឋ​ប្រមាណ ២០គ្រួសារ ធ្លាប់​រស់នៅ​លើ​កោះត្រល់ បាន​មក​ពួន​សម្ងំ​រស់នៅ​ក្នុង​ខេត្ត​កំពត ទាំង​ក្រៀមក្រំ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច។
លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​រដ្ឋសភា​ពី​មូលហេតុ​នាំ​ឲ្យ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ដោយ​សារ​តែ​ឯកសារ ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤។
លោក​ថា កោះត្រល់​លែង​កម្មសិទ្ធិ​ខ្មែរ​នៅ​ឆ្នាំ​១៩៣៩ ដែល​កាល​ណោះ​អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយ៉េ បាន​ដាក់​កោះត្រល់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម ឬ​កូសាំងស៊ីន។ ឆ្នាំ​១៩៤៩ កូសាំងស៊ីន​ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។
ក្រោយ​មក នៅ​ឆ្នាំ​១៩៦៤ សម្ដេច ព្រះនរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង វៀតណាម។
លោក ហ៊ុន សែន ព្រមាន​ថា កោះត្រល់​មិន​មែន​បាត់​បង់​ក្នុង​សម័យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ចោទ​ប្រកាន់​ទេ។ ប៉ុន្តែ ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ត្រូវ​បាន​លេខា​ផ្ទាល់ សម្ដេច ព្រះបាទ នរោត្តម សីហនុ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ទីប្រឹក្សា​ព្រះមហាក្សត្រ សម្ដេច ព្រះបាទ បរមនាថ នរោត្តម សីហមុនី គឺ​លោក សឺន ស៊ូបែរ ប្រតិកម្ម​ថា កោះត្រល់ និង​ទឹកដី​ដែល​កម្ពុជា បាត់​បង់​ទៅ​ប្រទេស​វៀតណាម មិន​មែន​ផ្ដើម​ពី​ផែនទី សម្ដេច ព្រះបាទ នរោត្តម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ដូច​លោក ហ៊ុន សែន អះអាង​ទេ។
កោះត្រល់​មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​កោះ​សេះ មាន​ចម្ងាយ ១៥គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា ភាគ​ខាង​ត្បូង និង​មាន​ចម្ងាយ ៤៥គីឡូម៉ែត្រ​ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម៕

No comments:

Post a Comment

yes