ភ្នំពេញ: ប៉ូលិសក្រសួងមហាផ្ទៃ នឹងចាត់វិធានការបង្ក្រាបលើក្រុមយុវជនគណបក្សសមរង្ស៊ី ដែលបានប្រកាសធ្វើបាតុកម្ម តវ៉ាឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប. នៅថ្ងៃទី២៣តុលា បើសិនជាមានការហែក្បួនបាតុកម្មតាមផ្លូវ ដោយខុសច្បាប់។ រដ្ឋសភា នឹងប្រជុំអនុម័តសមាសភាព គ.ជ.ប. នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា "ចង់ធ្វើបាតុកម្មធ្វើបាន ដោយមានទីធ្លាបញ្ចេញមតិ (ទីលានប្រជាធិបតេយ្យ) ធ្វើពីម៉ោង៦ព្រឹកដល់៦ល្ងាច ហើយលើសពីនេះ ក្រោមការគ្រប់គ្រងរបស់ច្បាប់ទាំងអស់ ហើយបើធ្វើខុសច្បាប់ ច្បាប់ជាអ្នកកំណត់"។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានបន្តថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ រដ្ឋសភានឹងធ្វើការប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសរើស សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនអាចប្រឆាំងនិងសេចក្តីសម្រេចរបស់សភាបានទេ ពីព្រោះច្បាប់បានកំណត់ហើយ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះការទាមទារឲ្យផ្លាស់ប្តូរសមាសភាព គ.ជ.ប. គឺមិនអាចធ្វើបានទេ ពីព្រោះអ្វីដែលក្រសួងមហាផ្ទៃបានធ្វើ គឺធ្វើទៅតាមច្បាប់ អត់មានធ្វើអ្វីខុសពីច្បាប់កំណត់ទេ ហើយការទាមទារ ដោយបាតុកម្មអ្វីនោះ គឺវាស្ថិតនៅក្រៅរង្វង់ច្បាប់។ ដូច្នេះច្បាប់ត្រូវតែមានវិធានការ។
សេចក្តីព្រមានផ្ទាល់មាត់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃខាងលើនេះ បានធ្វើឡើង ដើម្បីឆ្លើយតបនឹងការប្រកាសរបស់ចលនាយុវជនគណបក្សប្រឆាំង សម រង្ស៊ី ដែលគ្រោងនឹងធ្វើបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ចំថ្ងៃខួបចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។ យុវជនគណបក្សសមរង្ស៊ី បានបំណងទាមទារឲ្យមានការកែសម្រួលសមាសភាព គ.ជ.ប. ដើម្បីអ្វីដែលគណបក្សប្រឆាំងហៅថា ឲ្យការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងអាចទទួលយកបានទាំងអស់គ្នា។
លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី បានលើកឡើងថា នៅថ្ងៃទី២៣ ខែតុលា លោកគ្រោងធ្វើទិវាយុវជន ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ដោយការធ្វើនេះ មានគោលបំណង ២ធំៗ ទី១-ហែញ្ញត្តិ ចេញពីទីលានប្រជាធិបតេយ្យ យកទៅដាក់នៅមន្ទីររដ្ឋសភា ដើម្បីឲ្យរដ្ឋសភា ដាក់បញ្ចូល ថ្ងៃទី២៣ តុលា ជាថ្ងៃបុណ្យជាតិ និងទី២-ហែចេញពីមន្ទីររដ្ឋសភាឆ្ពោះទៅកាន់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងឲ្យក្រសួងមហាផ្ទៃ ឬក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្តូរប្រព័ន្ធសមាសភាព គ.ជ.ប ពីព្រោះប្រព័ន្ធ គ.ជ.ប សព្វថ្ងៃ មិនឯករាជ្យ។
លោក សួង សោភ័ណ្ឌ បានបញ្ជាក់ថា “យើងចង់បង្ហាញដល់មតិជាតិ និងអន្តរជាតិ ថា យុវជនកម្ពុជាកំពុងតែក្រោកឈរ ហើយយុវជនកម្ពុជា ក្រោកពីគេង ហើយភ្ញាក់ ពីព្រោះយើងអត់អាចទុកស្ថានភាពដូចសព្វថ្ងៃបានទេ”៕
No comments:
Post a Comment
yes