សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ប្រតិកម្ម​ចំពោះ​វិធានការ​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក


ភ្នំពេញ៖ អ្នក​ឃ្លាំ​មើល​ព័ត៌​មាន​ឯក​រាជ្យ​នៅ​ថ្ងៃ​ពុធ​នេះ​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការ​ជួប​ប្រជុំ​លក្ខណៈ​បិទ​ទ្វារ​រវាង​តំណាង​មន្ត្រី​រដ្ឋា​ភិបាល​​ជាមួយ​តំណាង​វិទ្យុអាស៊ី​សេរី និង​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ថា ជា​ការ​បំភិត​បំភ័យ​និង​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​របស់​​វិទ្យុ​ទាំង​ពីរ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក។
 
មន្ត្រី​តំណាង​រដ្ឋា​ភិបាល​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រសួង​ការ​បរទេស ​យុត្តិ​ធម៌​ និង​ក្រសួង​ព័ត៌មាន តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ី​សេរី វីអូអេ​សំឡេង​សហរដ្ឋអាមេរិក និង​តំណាង​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ជា​លក្ខណៈ​បិទ​ទ្វារ​មិន​អនុ​ញ្ញាត​ឲ្យ​អ្នកយក​ព័ត៌​មាន​ចូល​រួម​ឡើយ។
 
ខ្លឺមសារ​នៃ​កិច្ចប្រជុំ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សារធារណៈ​ទេ ប៉ុន្តែ​យោង​តាម​លិខិត​អញ្ជើញ​របស់​ក្រសួង​ព័ត៌មាន​តាម​រយៈទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ​បាន​រៀប​រាប់​ថា ការ​បើក​កិច្ចប្រជុំ​នេះ​ជា​ការ​បង្ហាញ​កិច្ច​សហការ​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ជាមួយ​ប្រព័ន្ឋ​ផ្សាយ​បរទេស និង​បេសកម្ម​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈភាសា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
 
លោក សន​ ម៉ាកឃីនថត អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ប្រាប់​តាម​រយៈ​សារអេឡិក​ត្រូនិក​ថា​ដោយសារ​កិច្ចប្រជុំ​មាន​លក្ខណៈ​បិទ​ទ្វារ លោក​មិន​អាច​បញ្ចេញ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​ទេ ប៉ុន្តែ​ជំហរ​របស់​សហ​រដ្ឋ​អា​មេរិក​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ឋិ​ទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សំឡេង​សហ​រដ្ឋ​អាមេរិក។​
 
លោក ប៉ាង ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឃមណ្ឌល​កម្ពុជា​សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​បាន​និយាយ​ថា ​ការ​ជួប​ប្រជុំ​គ្នា​នេះ​វា​ជា​សញ្ញា​មិន​ល្អ និង​ជា​ការ​គំរាម​កំហែង​​សម្រាប់ដំណើរការ​នៃ​វិទ្យុ​ទាំង​ពីរ។ លោក​បាន​និយាយ​ថា ប្រជាពលរដ្ឋ​មាន​ចំណូល​ចិត្ត​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​និងវីអូអេ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​យល់​ថា​វិទ្យុ​ទាំង​ពីរ​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ទៅ​វិញ។
 
«ខ្ញុំ​មិន​ទាន់​ដឹង​ថា​ជា​ការ​ពិភាក្សា​យ៉ាងម៉េច ប៉ុន្តែ​ខ្ញុំ​ថា វា​ជា​ការ​សញ្ញា​មិន​ល្អ​មួយ​សម្លាប់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សាព័ត៌​មាន​ក្នុង​ប្រទេស​ទាំង​ពីរ»។
 
លោកបណ្ឌិត​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ថ្លែង​ថា នេះ​ជា​យុទ្ឋសាស្ត្រ​មួយ​របស់​រដ្ឋា​ភិបាល​ដើម្បី​រាំង​ខ្ទប់​វិទ្យុ​ទាំង​ពីរ​មិន​ឲ្យ​បន្ត​រិះគន់​រដ្ឋាភិបាល។ លោក​បាន​សួរ​​ថា​តើ​ជំហរ​របស់​វិទ្យុ​ទាំង​ពីរ​បែប​ណា​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​នោះ​រួច​មក។​
 
«តើ​យើង​ត្រូវ​ប្រកាន់​ឬ​ក៏​ចេះ​តែ​មាន​ការ​ទោ​ទន់​ទៅ​តាម​ការ​គាប​សង្កត់​ហ្នឹង​ឬក៏​យ៉ាង​ម៉េច?»។
 
លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាងថា ទាំង​វិទ្យុ​អាស៊ី​សេរី​និង​វីអូអេ​មាន​ក្រម​វិជ្ជា​ជីវ​ល្អ​ប្រសើរ​ហើយ​យើង​មិន​គួរ​មាន​ការ​កោះ​ប្រជុំ​ឬ​ក៏​ធ្វើ​ការ​គាប​សង្កត់​វិទ្យុទាំង​ពីរ​នេះ​ទេ។
 
«នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​គឺ​ជា​អំណាច​ទី៤។ ដូច្នេះ បាន​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ហ្នឹង​ហើយ​ដែល​ជួយ​តំរែតំរង់​ទិស ផ្តល់​កញ្ចក់​ឆ្លុះ​ចំណុច​ខ្វះ​ខាត​របស់​អ្នក​ដឹក​នាំ​នយោបាយ​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ»។
 
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ​កិច្ចប្រជុំ​នេះ​គ្រាន់​តែ​ស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋា​ភិបាល​និង​ការ​ពង្រឹង​វិជ្ជា​ជីវៈ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។​
 
«យើង​ក៏មាន​ការ​ផ្តល់​គំនិត​មួយ​ទៀត​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ល្អ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រជាជាតិ​យើង​ទាំង​ពីរ​ហើយ​សុំឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​វប្បធម៌ និង​ច្បាប់​របស់​កម្ពុជា»។
លោក​គ្រីស ឌិឃើត ប្រធាន​វីអូអេ​ផ្នែក​ខេមរភាសា​មាន​ប្រសាសន៍​ថា វីអូអេ​នៅ​តែ​បន្ត​ផ្តល់​ព័ត៌មាន​ពិត​មិន​លម្អៀង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ 
 
«វីអូអេ​ផ្នែក​ខេមរភាសា​នឹង​នៅ​តែ​បន្ត​ផ្សាយ និង​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ​និង​មិន​លម្អៀង​ដដែល​ គឺ​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​ជាង​ប្រាំ​ទសវត្សរ៍​មក​នេះ ដោយ​ផ្តល់​ព័ត៌មាន​ជាភាសា​ខ្មែរ​ទាន់​ហេតុការណ៍​ ត្រឹមត្រូវ និង​មាន​ទស្សនៈ​យោបល់​ជាច្រើន​អំពី​ពិភពលោក សហរដ្ឋ​អាមេរិក អាស៊ី និង​កម្ពុជា​ជារៀង​រាល់​ថ្ងៃ​ទៅដល់​ប្រជា​ពលរដ្ឋ​១៥​លាន​នាក់​នៅ​កម្ពុជា។ គឺ​ពលរដ្ឋ​ទាំងនោះ​ហើយ​ជា​អ្នក​ស្តាប់​របស់​យើង​​ហើយ​ពួកគេ​សម​នឹង​ទទួល​បាន​ព័ត៌មាន​ប្រកបដោយ​គុណភាព​ដែល​ពួកគេ​អាច​ជឿ​ទុក​ចិត្តបាន»។

No comments:

Post a Comment

yes