បាត់ដំបង ៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញ រថយន្ដដឹកឈើប្រណីតប្រភេទយីឌុប ឬរថយន្ដកាមរីរបស់ក្រុមឈ្មួញធំៗបានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដោយយកឈើមកទម្លាក់ឈើនៅចំណតប៉ុស្ដិ៍គីឡូ៩ថ្មី ស្ថិតក្នុងភូមិសន្ដិភាព ឃុំសេរីមានជ័យ ស្រុកសំពៅលូនខេត្ដបាត់ដំបង ដើម្បីរង់ចាំដឹកជញ្ជូនបន្ដចូលទៅលក់ឲ្យឈ្មួញថៃ ដែលគេបានទាក់ទងគ្នា ឲ្យចាំទទួលនៅម្ខាងអូរព្រំដែនក្នុងទឹកដីថៃ ហើយសកម្មភាពដឹកជញ្ជូនឈើជាធម្មតាចាប់ផ្តើមធ្វើពីម៉ោង១០ ដល់ម៉ោង១២ កណ្ដាលអធ្រាតដែលជាឱកាសល្អ សម្រាប់ក្រុមឈ្មូញដោយមានលោក អ៊ួន ខុន ជាមន្ដ្រីប៉ូលិសព្រំដែនគោកវរៈ៨១៧ ឈរជើងនៅប៉ុស្ដិ៍គីឡូ៩ជាអ្នកជួយសម្របសម្រួល ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកនាំកម្មករជញ្ជូនឈើខុសច្បាប់ចូលដីថៃ បានឲ្យដឹងថា សកម្មភាពដែលពួកគេដឹកជញ្ជូនឈើប្រណីតទំហំ ៤គុណនឹង៨ ប្រវែង២ម៉ែត្រ គឺធ្វើនៅពេលយប់ ចាប់ពីម៉ោង១០ដល់១២យប់ ព្រោះវាជាឱកាសល្អស្ងប់ស្ងាត់ពុំមានការរំខានពីជំនាញឬសមត្ថកិច្ចណាមួយឡើយ ។ ប្រភពបានបន្ដទៀតថា ប្រភេទឈើ ប្រណីតទាំងនោះ ត្រូវបានឈ្មួញខ្មែរដឹកជញ្ជូនមកពីខេត្ដពោធិសាត់ ឆ្លងកាត់ខេត្ដបាត់ដំបង យកមកស្ដុកទុកសម្រាប់បញ្ចេញលក់ទៅឲ្យឈ្មួញថៃ ដោយឆ្លងកាត់តាមច្រកគីឡូ៩នេះ ហើយឈើប្រភេទនេះជួនកាលយកពីខេត្ដឧត្ដរមានជ័យ កាត់តាមខេត្ដបន្ទាយមានជ័យ ឆ្លងមកតាមកូនដំរីស្រុកម៉ាឡៃ យកមករក្សាទុកនៅច្រករបៀងគីឡូ៩ ។
ប្រជាពលរដ្ឋបានបញ្ជាក់ដែរថា ស្ថាប័នពាក់ព័ន្ធក្នុងការជួញដូរឈើខុសច្បាប់នេះមាន ទាហានសឹករងស្រុកសំពៅលូន និងប៉េអឹមស្រុក និងប៉ូលិសព្រំដែនគោក៨១៧ ដែលមានឈ្មោះ អ៊ួន ខុន ជាអ្នកត្រួតពិនិត្យការដោះស្រាយហើយស្ថាប័ននីមួយៗត្រូវបង់លុយដូចជាប៉ូលិស ៨១៧ ចំនួន៤០ម៉ឺនរៀល ទាហានសឹករងស្រុក៣០ម៉ឺនរៀល ប៉េអឹមស្រុក៤០ម៉ឹនរៀល ក្នុងមួយឡាន ហើយផ្នែកខាងជំនាញរដ្ឋបាលព្រៃឈើប្រចាំទិសទៀត ដែលសរុបទាំងអស់ ការចំណាយសម្រាប់រថយន្តដឹកឈើមួយជើងប្រមាណ ២លានរៀល ។ យោងតាមសម្ដីពីប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ក្រៅពីជួញដូរឈើខុសច្បាប់ គឺនៅមានការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ទៀតផង ដោយពួកគេទាក់ទងគ្នាជាមួយពួកមេខ្យល់ជូនមនុស្សឆ្លងដែន ទៅធ្វើការងារនៅប្រទេសថៃ ។
មានការបញ្ជាក់ផងដែរថា មេខ្យល់ដើរប្រមូលមនុស្សពីគ្រប់ខេត្ដក្រុងដឹកតាមរថយន្ដតាក់ស៊ី យកមកចាំជូនចេញនៅពេលយប់ជ្រៅ ឬទៀបភ្លឺ ហើយអ្នកខ្លះមិនសូវដឹងរឿង ក៏ចាញ់បោកមេខ្យល់ មិនបាន វិលត្រឡប់ទៅស្រុកកំណើតវិញផង ដោយពួកមេខ្យល់យកទៅឲ្យធ្វើការនៅបាងកក ឬចុះទូកនៅសមុទ្រ មិនដឹងស្លាប់ ឬរស់ ។ ប្រភពពីមន្ដ្រីក្នុងស្រុកសំពៅលូនបានឲ្យដឹងដែរថា សកម្មភាពជួញដូរឈើខុសច្បាប់ នៅតែបន្ដយ៉ាងរលូននៅក្នុងស្រុកសំពៅលូន ដោយគ្មានសមត្ថកិច្ចជំនាញផ្នែកណាមួយចុះមកត្រួតពិនិត្យ ឬទប់ស្កាត់នោះឡើយ។ មិនតែប៉ុណ្ណោះនៅមានការជួញដូរ មនុស្សឆ្លងដែនឲ្យទៅធ្វើការងារនៅប្រទេសថៃ ខុសច្បាប់ទៀតផង ។
កន្លងមកទោះបីជាសម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដាច់ខាតត្រូវតែបញ្ឈប់ ឬចាប់ខ្លួនឲ្យបាននូវជនដែលជាមេខ្លោងជួញដូរមនុស្សខុសច្បាប់ទាំងនោះ មកផ្ដន្ទាទោសក៏ដោយ តែនៅក្នុងស្រុកសំពៅលូន ច្រករបៀងគីឡូ៩ថ្មី ដែលមានលោក អ៊ួន ខុន ជាប៉ូលិសប៉ុស្ដិ៍ទទួលបន្ទុកស្ដីទីកំពុងតែពើងទ្រូងដើរមើលមេឃជាន់ឈ្លីច្បាប់ ដោយសារមានថ្នាក់លើនៅពីក្រោយខ្នង ។ អគ្គស្នងកានគរបាលជាតិ ធ្លាប់បានរម្លឹកជារឿយៗថា តួនាទីរបស់មន្ដ្រីប៉ូលិស ត្រូវតែបម្រើផលប្រយោជន៍ ប្រជាជន ទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលតែងតែកើតមាន នៅតាមព្រំដែនកម្ពុជា ថៃ មិនត្រូវឃុបឃិត ឬបិទបាំងបទល្មើសដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះទេ ហើយមន្ដ្រីប៉ូលិស នៅប្រចាំការកន្លែងណា ដែលខ្លួនឈរជើង បានប្រព្រឹត្ដខុសផ្ទុយពីបទបញ្ជាត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕
No comments:
Post a Comment
yes