សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 18, 2012

បុគ្គលិក​ហាង​ធ្វើ​សរសៃ​ត្រូវ​ថៅកែ​បញ្ឈប់​ការងារ​បន្ទាប់​ពី​​សុំ​ទៅ​ដង្ហែ​ព្រះបរមសព


បុគ្គលិក ៥នាក់​នៃ​ហាង​ធ្វើ​សរសៃ​ឈ្មោះ អាស៊ីអាដេ (AZIADEE) ស្ថិត​នៅ​សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវ​ថៅកែ​បណ្ដេញ​ចេញ ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​តាម​ថៅកែ ដែល​ហាម​ពួក​គេ​មិន​ឲ្យ​ទៅ​ទទួល​ព្រះបរមសព​នៃ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
តែ​ថៅកែ​ហាង​នោះ អះអាង​ថា ខ្លួន​មិន​បាន​បណ្ដេញ​បុគ្គលិក​ទាំង​នោះ​ចេញ​ទេ ផ្ទុយ​ទៅ​វិញ បុគ្គលិក​ទាំង ៥នាក់​នោះ​ទេ ដែល​សម្រេច​ចិត្ត​ឈប់​ដោយ​ខ្លួន​ឯង។
អ្នកស្រី ដែន សំបូរ ដែល​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ហាង​អាស៊ីអាដេ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ តុលា ថា អ្នកស្រី​សុខ​ចិត្ត​ឲ្យ​ថៅកែ​ហាង​កាត់​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន ១ថ្ងៃ ជា​ថ្នូរ​នឹង​ការ​សុំ​ច្បាប់​ឈប់​សម្រាក ដើម្បី​ទៅ​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ព្រះបរមសព​នៃ​អតីត​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី១៧ តុលា។ ប៉ុន្តែ ថៅកែ​មិន​មែន​កាត់​ប្រាក់​ខែ ១ថ្ងៃ បែរ​ជា​ដេញ​ពួក​គាត់​ឲ្យ​ឈប់​ធ្វើ​ការ ព្រម​ទាំង​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ថែម​ទៀត។

អ្នកស្រី ដែន សំបូរ៖ «គាត់​អត់​នៅ​កន្លែង​ទេ​បង។ ខ្ញុំ​សុំ​គាត់​តាម​ខែស៊ា (Cashier=អ្នក​គិត​លុយ) ហើយ​ក៏​ខ្ញុំ​រៀបរាប់​ប្រាប់​ខែស៊ា ថា ឲ្យ​ខែស៊ា​ប្រាប់​គាត់​ទៅ ព្រោះ​គាត់​ហ្នឹង​ជន​ជាតិ​បារាំង ហើយ​ខែស៊ា​ហ្នឹង​ខ្មែរ ខ្ញុំ​ប្រាប់​ថា ឲ្យ​ប្រាប់​គាត់ ក្នុង​មួយ​ថ្ងៃ​ហ្នឹង​ក្រុមហ៊ុន​ចូល​ចំណូល​ប៉ុន្មាន អ៊ីចឹង​ពួក​ខ្ញុំ​ទាំង ៥នាក់​ហ្នឹង​អាច​ចេញ​លុយ​ឲ្យ​គាត់ កុំ​ឲ្យ​គាត់​ខាត​អ៊ីចឹង»
បន្ថែម​លើ​នេះ អ្នកស្រី​លើក​ឡើង​ថា មុន​នឹង​ពួក​គាត់​សម្រេច​ចិត្ត​ចេញ​ទៅ​ចូល​រួម​ដើម្បី​ដង្ហែ​ព្រះបរមសព​នោះ ពួក​គាត់​បាន​សុំ​ឲ្យ​អ្នក​គិត​លុយ​ដែល​ចេះ​ភាសា​អង់គ្លេស ប្រាប់​ថៅកែ​ស្រី​ជន​ជាតិ​បារាំង ថា ពួក​គាត់​នឹង​ទៅ​ចូល​រួម​ពិធី​ដង្ហែ​ព្រះបរមសព។ បន្ទាប់​មក​អ្នក​គិត​លុយ​ជួយ​ទូរស័ព្ទ​ផ្ដល់​ដំណឹង​ដល់​ថៅកែ​ហាង ថៅកែ​នោះ​និយាយ​ថា គាត់​អនុញ្ញាត​ឲ្យ​ពួក​អ្នកស្រី​ទៅ ប៉ុន្តែ​ពួក​គាត់​មិន​បាច់​ត្រឡប់​មក​ធ្វើ​ការ​វិញ​នោះ​ទេ។
អ្នកស្រី ដែន សំបូរ បន្ត​ថា កន្លង​មក​ពេល​ពួក​អ្នកស្រី​សុំ​ច្បាប់​ឈប់​ម្ដងៗ ថៅកែ​ហាង​ប្រាប់​ថា បើ​ពួក​គាត់​ចង់​ឈប់​មិន​បាច់​ឈប់​កន្លះ​ថ្ងៃ ហើយ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ ពួក​គាត់​អាច​ឈប់​មួយ​ថ្ងៃ​ពេញ​តែ​ម្ដង​ទៅ ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុង​ការ​កត់ត្រា​ឈ្មោះ​ចូល​ក្នុង​បញ្ជី​នៃ​ម៉ោង​ការងារ​ប្រចាំ​ថ្ងៃ ដូច្នេះ​ពួក​គាត់​នឹក​ស្មាន​ថា​លើក​នេះ មិន​មាន​រឿង​អ្វី​កើត​ឡើង​ដូច​លើក​មុនៗ។
ជាមួយ​គ្នា​នេះ បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ វង្ស សុភានី មាន​ប្រសាសន៍​ថា ការ​ឈប់​មួយ​ថ្ងៃ​មិន​គួរ​ថៅកែ​ចាត់​ទុក​ជា​រឿង​ធំ​ដំ ហើយ​បញ្ឈប់​ពួក​គាត់​ពី​ការងារ​នោះ​ឡើយ ព្រោះ​ពួក​គាត់​ក៏​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន​ដែរ។ ម្យ៉ាង​ទៀត ថ្ងៃ​ដង្ហែ​ព្រះបរមសព ជា​ថ្ងៃ​មួយ​ដ៏​វិសេសវិសាល​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ដើម្បី​ចូល​រួម​ថ្វាយ​ព្រះរាជ​ដំណើរ​ចុង​ក្រោយ​នៃ​អតីត​ព្រះមហាក្សត្រ។
អ្នកស្រី វង្ស សុភានី៖ «បើ​សិន​ជា​គាត់​នៅ​រស់ យើង​អាច​ជួប​គាត់​បាន​ច្រើន​ថ្ងៃ​ណាស់​បង បាន​ជួប​គាត់​រហូត ប៉ុន្តែ​គាត់​ទៅ​វិញ មិន​អាច​វិល​ត្រឡប់​បាន​ទេ ហើយ​ក៏​គាត់​មិន​ដូច​ថត​កុន​ដែរ ដែល​ថត​កុន​ថ្ងៃ​ហ្នឹង​ហើយ ស្អែក​ឡើង គាត់​រស់​ឡើង​វិញ មក​ជួប​ពួក​ខ្ញុំ​ទៀត អត់​មាន​ទេ អ៊ីចឹង វា​មាន​តែ​មួយ​ថ្ងៃ​ហ្នឹង​ឯង។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​គេ​ឃើញ​ថា កូន​ខ្មែរ​ទាំង​អស់​បាន​ស្រឡាញ់​សម្ដេច​តា និង​ជួយ ដែល​គាត់​បាន​ចែក​ឋាន​ទៅ​ហ្នឹង ឲ្យ​គាត់​ឃើញ​ថា ចៅ​របស់​គាត់​ហ្នឹង​ស្រឡាញ់​គាត់​ប៉ុណ្ណា»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​បុគ្គលិក​នេះ អ្នកស្រី ស៊ែលីន ជែខូប៊ែល្លី (Celine Jacobelli) ដែល​ជា​ថៅកែ​ហាង​មាន​សញ្ជាតិ​បារាំង ប្រតិកម្ម​តប​ថា អ្នកស្រី​បាន​ហាម​ឃាត់​បុគ្គលិក​ទាំង​នោះ​កុំ​ឲ្យ​ទៅ​ចូល​រួម​ពិធី​នោះ ព្រោះ​បើ​ពួក​គេ​ទៅ ហាង​នឹង​គ្មាន​អ្នក​ធ្វើ​ការ។ ម្យ៉ាង​ទៀត អ្នកស្រី​បញ្ជាក់​ថា បុគ្គលិក​ទាំង​នោះ​ទើប​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដូច្នេះ​បើ​ពួក​គេ​ឈប់​ក្នុង​ឱកាស​នៃ​ពិធី​ដង្ហែ​ព្រះបរមសព​ម្ដង​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​អតិថិជន។ អ្នកស្រី​បន្ថែម​ថា កំហុស​របស់​បុគ្គលិក​ទាំង​នេះ​លំបាក​នឹង​ទទួល​យក​ណាស់ ហេតុ​នេះ​អ្នកស្រី​សម្រេច​ចិត្ត​បញ្ឈប់​ពួក​គេ​ពី​ការងារ៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ហាម​ពួក​គេ កុំ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​ព្រម​ស្ដាប់​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​ប្រាប់​ពួក​គេ​ថា បើ​សិន​អ្នក​ឯង​ទាំង​អស់​គ្នា​នៅ​តែ​ចង់​ទៅ អ្នក​ឯង​អាច​ទៅ​បាន ប៉ុន្តែ អ្នក​ឯង​នឹង​បាត់​បង់​ការងារ»
ទោះ​យ៉ាង​ណា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​ការងារ កំហុស​របស់​បុគ្គលិក​ដែល​បាន​ប្រព្រឹត្ត​នេះ អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ ក្នុង​ករណី​ហាង​នោះ​មាន​ច្បាប់​ផ្ទៃ​ក្នុង​ដែល​ចែង​ពី​ទោស​កំហុស​នេះ ប៉ុន្តែ​ច្បាប់​ផ្ទៃ​ក្នុង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ។ បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា បើ​ទោះ​បី​បុគ្គលិក​នោះ​បាន​ប្រព្រឹត្ត​កំហុស​យ៉ាង​ដូច្នេះ​ក៏ដោយ ម្ចាស់​ហាង​ត្រូវ​ផ្ដល់​ប្រាក់​ខែ​ជូន​ពួក​គាត់។ ម្យ៉ាង​ទៀត លោក​អះអាង​ទៀត​ថា ផ្អែក​លើ​គោលការណ៍​សមធម៌ បុគ្គលិក​ទាំង​នោះ​អាច​ចូល​រួម​ក្នុង​សកម្មភាព​នោះ​បាន ដោយ​ហេតុផល​ថា រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ចូល​រួម​រំលែក​ព្រះរាជ​មរណទុក្ខ​នេះ៕

No comments:

Post a Comment

yes