បន្ទាប់ពីរដ្ឋាភិបាលសម្រេចយកថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃខួបការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាថ្ងៃឈប់សម្រាកជាផ្លូវការ ក្រុមយុវជនគណបក្ស សម រង្ស៊ី ដែលមានគម្រោងតវ៉ាពីបញ្ហានេះ បានសម្រេចផ្លាស់ប្ដូរគោលដៅនៃការធ្វើបាតុកម្មរបស់ខ្លួន។
ពួកគេសម្រេចយកការតវ៉ានៅដើមខែវិច្ឆិកា ខាងមុខថាជាការទាមទារអោយព្រះមហាក្សត្រ ព្រះអង្គមានសិទ្ធិក្នុងការលើកលែង ឬបន្ធូរបន្ថយទោសដូចអ្វីដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមយុវជនគាំទ្រគណបក្សប្រឆាំង គ្រោងនឹងធ្វើបាតុកម្មធំមួយក្នុងរាជធានីភ្នំពេញ នៅមុនថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីទាមទារអោយព្រះមហាក្សត្រមានព្រះរាជតម្រិះលើការលើកលែងទោសដល់អ្នកទោសនយោបាយ។
ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ មានប្រសាសន៍ថា លោកនឹងដឹកនាំធ្វើបាតុកម្មធំមួយនៅថ្ងៃទី៨ ខែវិច្ឆិកា នៅទីលានប្រជាធិបតេយ្យ និងដង្ហែញត្តិថ្វាយព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះ នរោត្តម សីហមុនី។ លោកបន្តថា ការថ្វាយញត្តិនោះ គឺសំដៅអោយព្រះអង្គព្រះតម្រិះលើកលែងទោសដល់អ្នកទោសនយោបាយ ជាពិសេសការលើកលែងទោសដល់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ និងប្រធានអង្គការមូលនិធិទ្រទ្រង់អារ្យធម៌ខ្មែរ លោក មឿង សុន។ បើតាមលោក សួង សុភ័ណ្ឌ លើកលែងទោសអ្នកនយោបាយ គឺមានន័យថា គឺជាការដើរតាមលំអានបង្រួបបង្រួមផ្សះផ្សាជាតិនៃព្រះករុណា ព្រះមហាវីរក្សត្រ។
អតីតទីប្រឹក្សាអមខុទ្ទកាល័យព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ កាលពីសប្ដាហ៍កន្លងមក បានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយនៅកម្ពុជា។ ប៉ុន្តែទាំងមន្ត្រីរដ្ឋាភិបាល និងផ្នែកពន្ធនាគារ បានបញ្ជាក់ជាច្រើនដងថា កម្ពុជាពុំមានអ្នកទោសនយោបាយឡើយ។ ចំពោះអ្នកដែលជាប់ទោស ដោយរួមទាំង លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និងលោក មឿង សុន គឺជាកំហុសបុគ្គលដែលមិនជាប់ទាក់ទិននឹងនិន្នាការនយោបាយឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ក្នុងបរិបទកម្ពុជា ការផ្ដល់និយមន័យអ្នកទោសនយោបាយ គឺប្រែប្រួលតាមនិន្នាការផ្សេងៗពីគ្នា។ លោកថា តាមបែបវិទ្យាសាស្ត្រនយោបាយ ទោសនយោបាយ គឺសំដៅអ្នកដែលមានទោសដោយសារតែនិន្នាការរបស់ពួកគាត់មិនស្របនឹងនិន្នាការនៃក្រុមអ្នកកាន់អំណាច។ លោកបន្តថា ចំពោះការលើកលែង ឬបន្ធូរបន្ថយទោសអ្នកទោសនយោបាយ គឺជាឱកាសដែលសម្រាប់បូជនីយកិច្ចនៃព្រះមហាក្សត្របច្ចុប្បន្ន ដែលគ្រប់ភាគីនយោបាយត្រូវផ្ដល់តម្លៃ។
មាត្រា២៧ នៃរដ្ឋធម្មនុញ្ញបានចែងថា ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។ បើទោះជាបែបនេះ កន្លងមកតាមបញ្ញត្តិផ្សេងទៀត រាល់ការលើកលែងទោស ត្រូវស្នើទៅព្រះមហាក្សត្រដោយនាយករដ្ឋមន្ត្រី ហើយការលើកលែងទោស ឬបន្ធូរបន្ថយ គឺអាចផ្ដល់អោយអ្នកទោសដែលទទួលទោសក្នុងពន្ធនាគារបាន ២ភាគ៣ នៃទោសដែលបានកាត់ដោយតុលាការ៕
No comments:
Post a Comment
yes