សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

រុន​ រ៉ន៖ស៊ូ​លក់​​អំបោស​ ប្រសើ​ជាង​ដើរ​សុំ​ទាន​គេ​


“​ស៊ូរក​ស៊ី​លក់​អំបោស​ ប្រសើ​រ​ជាង​ដើរសុំទាន​គេ​ដែរ​”​​​។ ​ទាំង​នេះ​គឺជា​​ពាក្យ​សម្ដី របស់​យុវ​ជន​មួយ​រូប ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ភូមិ​ស្រុក​ផ្លាស់​មក​រស់​នៅ ​រាជ​ធានី​ភ្នំពេញ ​ដោយ​​ប្រកប​របរ​ជា​អ្នក​លក់​អំបោស​​ កញ្ច្រែង​ជ័រ​ និង​របស់​របរ​មួយ​ចំនួនទៀត​​ ​​ដោយ​ជិះ​​កង់​​កញ្ចស់​​លក់​​ក្នុង​ទីក្រុង។​ មាន​ស្រុក​កំណើត​នៅ​ ភូមិ​​សំរោង​វាល​ ឃុំ​ជីផុច​ ស្រុក​មេសាង​ ខេត្ត​ព្រៃវែង​​ លោក​ រុន ​រ៉ន ​គឺជាកូន​ច្បង​នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​មាន​បង​ប្អូន ៦ នាក់ (ប្រុស​ ២ ​ស្រី​ ៤​​ នាក់​) ។ ឪពុក​ម្តាយ​​របស់​លោក​ ជាកសិករក្រីក្រ​ ​ដូច្នេះ​លោក​​​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៥​ ប៉ុណ្ណោះ​ នៅ​សាលា​បឋម​សិក្សា​​​មួយ​ឯ​ស្រុក​កំណើត​។

មាន​វ័យ​​ ៣០ ឆ្នាំ​ រុន​ រ៉ន​ បាន​រៀបរាប់​ថា​ រូប​គេ​បាន​មក​លក់ស​ម្ភារៈ​ទាំង​នេះ​ នៅ​រាជ​ធានីភ្នំពេញ​ ចាប់​តាំង​ពីឆ្នាំ​២០០៦​ មក​ម្ល៉េះ​​។ លោក​ស្នាក់​នៅម្តុំ​ពេទ្យរុស្ស៊ី​ ​សម្រាក​នៅលើ​គ្រែតូច​ល្មម​មួយ​​ជា​មួយ​មិត្តភ័ក្តិ​ប្រមាណ​​២​​​នាក់​​​ផ្សេង​ទៀត​ ដោយ​ត្រូវ​​ចំណាយ​២០០០​ រៀល​ក្នុង​មួយយប់ សម្រាប់​ម្នាក់​​ៗ។​ ​លោក​ ជិះ​កង់​ផង​ និង​​​បរ​កង់​​ផង​​​​​លក់​កញ្ជែ្រង​ជ័រ​ អំបោស​ស្លាប​មាន់​ អំបោស​ផ្កាស្មៅ​ និង​ របស់​របរ​ជាច្រើន​ទៀត​ ដែល​​ទំនិញ​ទាំង​អស់នេះមិន​មែនជា​ស្នាដៃ​ខ្លួន​ឯង​ទេ​ គឺត្រូវ​ទទួល​ទិញ​ពីអ្នកលក់​ដុំ​​នៅ​ម្តុំ​ មន្ទីរ​ពេទ្យរុស្ស៊ី និង​ ម្តុំវត្ត​ព្រះពុទ្ធ​ ដោយ​ចំណាយ​ដើមទុន​ចន្លោះ​ពី ១០​ ម៉ឺនរៀល​ទៅ​ ៦០​ ម៉ឺនរៀល។ រុន​ រ៉ន​ បន្ថែមថា​ ៖”លក់យូរ​ៗ​ទៅ ម៉ូយ​​​គាត់​​​ទុក​ចិត្ត​ខ្ញុំ​ តាម​ពិត​របស់​ម៉ាកង់​​ហ្នឹង​ ចំណាយ​​ដើម​ទុន​ជាង​​ ៦០​ ម៉ឺន​រៀល​​ឯណោះ​ ស្គាល់គ្នា​ចឹង​ឲ្យម៉ូយ​មុន​តែ​ ១០ ម៉ឺន​រៀល​សិន​ទេ”​។​
លោក​ រុន​ រ៉ន​ បាន​បន្ថែម​ថា​ រូប​គេបាន​ប្រកប​មុខរបរ​នេះ​តាម​ឪពុក​​ខ្លួន​ ​ដែល​ឪពុក​លោក​បាន​រក​ស៊ី​​​បែប​នេះ​ ចាប់​តាំង​ពីឆ្នាំ​១៩៩៣​ មក​ម្ល៉េះ​​ ​​​តែ​គាត់​​ដើរ​លក់ថ្មើ​រ​ជើង​​ ហើយ​​ជួន​កាល​​លោក​​ក៏​​បាន​​ដើរលក់​ ជាមួយ​ឪពុក​​​​ម្តង​​ម្កាល​ផងដែរ​​ កាល​​ពី​នៅកុមារភាព​។ រុន​ រ៉ន ​និយាយ​ថា​​​ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ​លោក​​​អត់​សូវ​បាន​ចេញ​លក់​ទេ​ ព្រោះ​មេឃ​ភ្លៀង​រហូត​ បើ​មិន​ពេល​ព្រឹក​ទេ​ ក៏ពេល​រសៀលដែរ។
ប៉ុន្តែ ​ទោះ​ជាមាន​ការ​លំបាក​យ៉ាង​ណាក្តី​​​​បុរស​វ័យ​ ៣០​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា​ មុខ​របរនេះ ​ក៏​អាច​ផ្តល់ចំណូល​ដល់​គាត់​​​បាន​​ប្រមាណ​ ១ ម៉ឺន​​ទៅ ២​ ម៉ឺនរៀល​ដែរ​​​ក្នុង​មួយ​ថ្ងៃៗ។​ រុន​ រ៉ុន ថា ៖​”អ្នកឡើង​​មកភ្នំ​ពេញ​ជាមួយ​ខ្ញុំ​ ​មាន​កេ្មង​មាន​ចាស់​ បាន​ដើរសុំទាន​គេ​ តែ​ខ្ញុំ​អត់ទេ​​ ទោះ​ជួប​ការ​លំបាក​យ៉ាងណាក្តី​ ដើរ​លក់​អំបោស​វិញ​ប្រសើរ​ជាង​ដើរ​សុំ​ទាន​គេ​ ព្រោះ​ជា​កម្លាំង​ញើស​ឈាម​របស់​យើង​បង​​ ​​”។
រុន​ រ៉ន​ បាន​និយាយ​ថា​៖ “រាល់​ថ្ងៃ​ខ្ញុំ​បាន​ដើរលក់​  ​ស្ទើ​គ្រប់​ច្រកល្ហក​ទាំង​អស់​ ក្នុងរាជ​ធានី​ភ្នំពេញ​ទំាង​មេឃ​ភ្លៀង​ និង​ ថ្ងៃក្តៅ​ហែង​ ដើម្បី​ជី​វភាព​ ក្រុម​គ្រួសារ​​ ពិសេស​ម្តាយ​ខ្ញុំ​ ដែល​មាន​ជំងឺ​ក្រពះ​ ​រាំរ៉ៃ​ជាច្រើន​ឆ្នាំ​​មក​ហើយ​ ហើយ​ចំពោះ​​តម្លៃ​វិញ​ គឺខ្ពស់​ជាង​ទីផ្សារ​ចន្លោះ​ពី​ ៥០០​ រៀល​ទៅ ២០០០​ រៀល”។
រុន​ រ៉ន បន្ថែម​ថា​ មួយ​ខែ​ ឬ ពីរខែ ទើប​ធ្វើដំណើរ​ទៅស្រុក​កំណើត​ម្តង​ សន្សំលុយ​បានប្រមាណ​ ៣០​ ទៅ ៤០ ម៉ឺន​រៀល​ទើប​ទៅផ្ទះ​។
កំពុង​ផ្ដល់​បទ​​សម្ភាសន៍​ជា​មួយ​ Sabay ​បណ្តើរ ​យក​ដៃ​ម្ខាង​ចាប់​ដៃកង់​ និង​បង្ហាញ​​ទឹក​មុខ​ស្រពោន​​បណ្ដើរ​​ថា​ ៖” ដំបូង ខ្ញុំ​ក៏ចង់​រៀនឲ្យ​បាន​ច្រើន​ដូច​គេ​ដែរ​ តែ​ដោយ​សារ​គ្រួសារ​ក្រី​ក្រលំបាក​ ម្តាយ​ឈឺ​ជាប្រចាំ​ ហើយ​បង​ប្អូន​ច្រើន​ទៀត​នោះ​ទើប​ខ្ញុំ សម្រេច​ចិត្ត​ឈប់​រៀន​នៅថ្នាក់ទី ៥​ ​តែ​ម្ដង​ ហើយ​មក​​​ស៊ីឈ្នួល​គេ​ ដូច​ជា ស្ទួង ដកសំណាប​ ច្រួតស្រូវ​ និង​ រែកដី​  ធ្វើ​គ្រប់​បែប​យ៉ាង​ ដើម្បី​​ឲ្យ​បាន​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​​គ្រប់​គ្រាន់​ ចំណែក​​​ឪពុក​ក៏​កាន់​តែ​​មាន​វ័យ​ចាស់​ជរា​ទៀត​”។
រុន​ រ៉ន​ បាន​រំលឹក​​ទៀត​ថា​ ​ការ​មក​ដល់​ក្រុង​ភ្នំពេញ​ដំបូង ​ក៏មាន​មិត្ត​ភ័ក្កិខ្លះ​បាន​ហៅ​គេឲ្យ​ធ្វើ​ការ​ងារ​សំណង់​ដែរ​ តែដោយ​មិន​អាច​ធ្វើការងារ​នៅលើ​ទីខ្ពស់​បាន​ទើប​ ​​​សម្រេច​ចិត្ត​ ទៅ​ធ្វើ​ជា​អ្នកលក់​អំបោស​ម្តង​ទៅ បើ​ទោះ​​​បី​ជា​ការងារ​នេះ​ បាន​ប្រាក់ចំណូល​តិច​ជាង​ការងារ​សំណង់​ ហើយ​ត្រូវ​ចំណាយ​ដើម​ទុនខ្លះ​ក៏ដោយ​។​ រ៉ន បាន​និយាយ​ថា​ ៖”ធ្វើ​​ការ​ជាអ្នក​លក់​អំបោស​នេះ​ បាន​ប្រាក់​ចំណូល​តិច​ជាង​​ការ​ងារ​​សំណង់​​មែន​ តែបើ​យើង​ចង់​លក់​ក៏បាន​ មិន​ចង់​លក់​ក៏បាន​ដែរ​ ​ជាពិសេស​ ប្រសិន​បើ​​​ចង់​ទៅ​ស្រុក​កំណើត​​​ ​គឺ​មិន​ចាំ​បាច់​សុំច្បាប់​ទេ​​”។
រុន​ ​រ៉ុន បាន​និយាយ​ទៀត​ថា ​អ្វី​ដែល​គេ​មិន​អាច​បំភ្លេច​ បាន​នៅ​ក្នុង​ជីវិត​នោះ​គឺ ​ថ្ងៃ​​មួយ​ មេឃ​មាន​អាកាស​ធាតុ​ក្តៅ​​ខ្លាំង ពេល​នោះ​ខ្លួន​បាន​បណ្តើកង់​ចូល​លក់​នៅម្តុំបូរីមួយ​។ ចូល​ដល់​ម្ដុំ​បុរី​នោះ​ភ្លាម​ ខ្លួន​មាន​កម្លាំង​ព្រឹស​តែ​ម្ដង​​ ដោយ​សារ​តែតំបន់​នោះ​មាន​អាកាស​ធាតុ​ត្រជាក់​ តែ​មិន​យូរ​ប៉ុន្មាន មានបុរស​ម្នាក់​បាន​ដើរ​មក​ហើយ​ស្តី​ឲ្យ​រូប​គេជា​ខ្លាំងជាមួយ​ពាក្យ​អសុររស​​ជាច្រើន​​ ដោយ​សារតំបន់​នោះ​ គេ​​ហាម​ឃាត់​មិន​ឲ្យ​ចូល​លក់​។
លោក​បាន​ ​ផ្ដាំ​​ផ្ញើ​ទៅយុវវ័យ​ទាំងអស់​ថា​ ប្រសិន​បើ​មាន​លទ្ធភាព​ត្រូវ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ ក្រេប​ជញ្ជក់​​ចំណេះដឹង​ ​ឲ្យ​បាន​ច្រើន​​​ទើប​មាន​អនាគត​ល្អ​ប្រសើរ​។ ក្រៅ​ពីនេះ​ មនុស្ស​យើង​ម្នាក់ៗ​​ ទោះ​បី​ជា​​​ឃើញ​​គេ​មាន​ក្តី​ ឬ​ក្រក្តី​ ​​​ត្រូវ​ចេះ​ប្រើ​ពាក្យពេចន៍​​ល្អ​ៗ​ កុំ​មើល​ងាយ​គ្នា​៕

No comments:

Post a Comment

yes