សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​៣​នាក់​និង​អ្នក​​កាសែត​ម្នាក់​ឲ្យ​ចូល​បំភ្លឺ


មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះ​អញ្ជើញ​សកម្មជន​សិទ្ធិ​មនុស្ស ៣​នាក់ និង​អ្នក​សារព័ត៌មាន​មួយ​រូប​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) និង​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) រួម​ទាំង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១២ ខាង​មុខ​នេះ ក្នុង​ដំណើរ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​បាន​សម្រេច។
ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្ត្រ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ចេញ​ដីកា​កោះ​ចំនួន​បួន​ផ្សេង​គ្នា អញ្ជើញ​អ្នក​សម្របសម្រួល និង​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី គឺ​លោក ប៉ែន ប៊ុណ្ណារ៍ និង​លោក ឆាយ ធី។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វីសាល ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​នៅ​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​តុលា ខាង​មុខ​នេះ។

ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ជាង ២០​ថ្ងៃ​បន្ទាប់​ពី​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ ត្រូវ​គេ​សម្លាប់ និង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​អ្នក​យក​ព័ត៌មាន​កាសែត តាព្រហ្ម ត្រូវ​គេ​វាយ​ដោយ​អាវុធ​ធ្វើ​ឲ្យ​របួស​នៅ​ខេត្ត​រតនគិរី។
អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ នៅ​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា ឆ្នាំ​២០១២ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​មាន​លក្ខណៈ​គំរាមកំហែង បំភិតបំភ័យ​ទៅ​លើ​ស្មារតី និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហេតុ​នេះ​លោក​បាន​ស្នើ​សុំ​មេធាវី​ការពារ​ក្តី​ដើម្បី​ឆែក​មើល​សំណុំ​រឿង​ចោទ​ប្រកាន់​នេះ។
លោក​សន្និដ្ឋាន​ថា រឿង​ក្ដី​នេះ​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ាតាង ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​លោក​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​អាជ្ញាធរ​ដែនដី ដោយសារ​តែ​លោក​បាន​ប្រឹក្សា​អប់រំ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​តវ៉ា​ដីធ្លី សិទ្ធិ​ការពារ​ព្រៃឈើ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។
លោក ប៉ែន ប៊ុណ្ណារ៍៖ «វា​កើត​ចេញ​ពី​អាជ្ញាធរ សភាពការណ៍​នៅ​ក្នុង​ខេត្ត​យើង​ហ្នឹង​វា​ធ្ងន់ធ្ងរ​ណាស់​សំរាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​និង​អ្នក​សារព័ត៌មាន។ យើង​បាន​ជូន​ដំណឹង​ទៅ​សហគមន៍​ផ្សេង​ដែល​គាត់​រង​គ្រោះ​ដោយសារ​ដីធ្លី​ទាំង​អស់​ហ្នឹង​ណា! គាត់​ថា គាត់​នឹង​មក​ចូល​រួម​ជាមួយ​យើង​នៅ​ថ្ងៃ​ទី​១១ ប្រហែល​ជា ១.០០០​នាក់ ពាក់ព័ន្ធ​ជាមួយ​នឹង​ដីកា​កោះ​យើង​ដែរ»
ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​ករណី​នេះ ពីព្រោះ​លោក​មិន​បាន​ធ្វើ​កំហុស​អ្វី​ដូច​ការ​ចោទ​នោះ​ទេ។
លោក​កត់សំគាល់​ថា អង្គការ​លោក​បាន​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី​ច្រើន​របស់​អតីត​ចៅក្រម​ស៊ើប​អង្កេត​តុលាការ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ ដូច្នេះ​លោក​សន្និដ្ឋាន​ថា រឿង​ក្តី​នេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ខឹង ឬ​គំនុំ​របស់​មន្ត្រី​ពាក់ព័ន្ធ​ប្រព្រឹត្ត​រឿង​មិន​ត្រឹមត្រូវ​ពុករលួយ៖ «ចំពោះ​ខ្ញុំ​មិន​មាន​ស្អី​ភ្ញាក់ផ្អើល​ទេ ព្រោះ​អ្វី​ការងារ​យើង​ធ្វើ​នេះ គឺ​យើង​តែងតែ​ប្រឈម​ហើយ។ យើង​ដឹង​ថា អ្នក​កាន់​អំណាច អ្នក​មាន​អំណាច គាត់​អត់​អាច​ធ្វើ​អ្វី​ស្រេច​ចិត្ត​គាត់​ខឹង​គាត់​ស្អី​ប៉ះពាល់​ផលប្រយោជន៍»
ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្ត្រ បាន​បដិសេធ​ថា លោក​មិន​មាន​ចេតនា​ចេញ​ដីកា​គំរាមកំហែង​ស្មារតី​សកម្មជន​សិទ្ធិ​មនុស្ស​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយសារ​សំណុំ​រឿង​ក្តី​ដែល​លោក​កំពុង​គ្រប់គ្រង​មាន​ច្រើន​ពេក ហេតុ​នេះ​លោក​ចេញ​ដីកា​កោះ​ហៅ​ចុង​ចោទ​រឿង​នេះ​មក​បញ្ចប់​នីតិវិធី ដោយសារ​តែ​មាន​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន៖ «ខ្ញុំ​ថា ហៅ​មក​ដើម្បី​បំពេញ​នីតិវិធី​ឲ្យ​ខ្ញុំ​ធ្វើ​ដើម្បី​បញ្ចប់​សំណុំ​រឿង​កុំ​ឲ្យ​ទុក​នៅ​ច្រើន​ពេក បើ​គេ​ប្ដឹង​អ៊ីចឹង»
មន្ត្រី​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វីសាល កាល​ពី​ឆ្នាំ​២០០៨ ក៏​មាន​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​សម​គំនិត​ញុះញង់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ប្រព្រឹត្ត​បទល្មើស​ដូច​គ្នា ហើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ច័ន្ទ​នេះ ប្រភព​មន្ត្រី​តុលាការ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ក្រៅ​ផ្លូវការ​ថា មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី បាន​សម្រេច​លើក​លែង​ចោទ​ប្រកាន់​រឿង​ក្តី​នេះ​ហើយ។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ សំដែង​ការ​ព្រួយ​បារម្ភ​ថា ការ​ចេញ​ដីកា​កោះ​ពាក់ព័ន្ធ​បណ្ដឹង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ ទំនង​ត្រូវ​គេ​ប្រើប្រាស់​ជា​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​យាយី និង​ដាក់​កំហិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​ប្រយោជន៍​សាធារណៈ ជា​ពិសេស​បញ្ហា​ដីធ្លី​ដែល​មិន​ទាន់​ដោះស្រាយ​រួច​នៅ​ខេត្ត​រតនគិរី។ ការិយាល័យ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​យាយី​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនគិរី៕

No comments:

Post a Comment

yes