បុរសជាប់ចោទឈ្មោះ ឡុក ចាន់ពិសិទ្ធិ និងប្រពន្ធ
ប៉ោយប៉ែត៖ កាលពីវេលាម៉ោង ០៧ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនកាស៊ីណូហូលីដេផាឡេស បានធ្វើការឃុំខ្លួនបុគ្គលិករបស់ខ្លួនជាច្រើននាក់ ទាក់ទិនទៅនឹងការប្រព្រឹត្តអំពើទុច្ចរិត។ បុគ្គលិកដែលត្រូវបានគេចាប់ខ្លួននោះ មានឈ្មោះ ឡុក ចាន់ពិសិទ្ធិ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មានលំនៅដ្ឋានបច្ចុប្បន្នភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានតួនាទីក្នុងក្រុមហ៊ុនជាអ្នកចាត់ការទូទៅ។
បើតាមការឲ្យដឹងពីស្ត្រីម្នាក់ឈ្មោះ ឡុក ចាន់វិសាល ភេទស្រីត្រូវជាប្អូនស្រីជនជាប់ចោទ បានប្រាប់ភ្នាក់ងារយើងថា បងប្រុសរបស់នាងធ្វើការងារនៅក្រុមហ៊ុនកាស៊ីណូហូលីដេប៉ោយប៉ែត មានឋានៈជាប្រធានផ្នែកល្បែង ទទួលបានប្រាក់ខែ ២៤០០០ បាត ក្នុង១ខែ ហើយគាត់ធ្វើការឲ្យក្រុមហ៊ុនចំនួន ១៣ ឆ្នាំមកហើយ ដោយឡែកខ្លួននាងផ្ទាល់ទទួលបានប្រាក់ខែតែ ១៣៤០០ បាតប៉ុណ្ណោះ ក្នុង១ខែ ព្រោះនាងគ្រាន់តែជាអ្នកមើលលើអ្នកចែកបៀរ។
វិសាល បានបន្តទៀតថា បងប្រុសរបស់នាងត្រូវបានគេឃុំខ្លួន ៤៨ ម៉ោង ក្នុងក្រុមហ៊ុន ក្រោយមកទើបគេនាំគាត់ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។ ស្ត្រីដដែលបានឲ្យដឹងទៀតថា នាងជាបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុនកាស៊ីណូហូលីដេផាលេស ក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់នាងដែរ នេះជាទង្វើអយុត្តិធម៌សម្រាប់នាង។
ចំណែកស្ត្រីដែលត្រូវជាម្តាយរបស់ជនជាប់ចោទខាងលើបាននិយាយថា បុគ្គលិកដែលក្រុមហ៊ុនចាប់ខ្លួននោះ សរុបចំនួន ០៦ នាក់ សុទ្ធតែជនជាតិខ្មែរ ប៉ុន្តែអ្នកខ្លះត្រូវបានដោះលែងវិញហើយ នៅឡើយតែកូនប្រុសរបស់គាត់ទេ ដោយភាគីខាងក្រុមហ៊ុននៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ។ គាត់បានបន្តទៀតថា ពេលនេះ កូនប្រពន្ធរបស់កូនខ្ញុំ ពិតជាពិបាកចិត្តខ្លាំងណាស់។
ចំណែកប្រភពមួយពីបុគ្គលិកកាស៊ីណូនេះ បានឲ្យដឹងថា រឿងរ៉ាវខាងលើ អាចនឹងមានការពាក់ព័ន្ធជាមួយភ្ញៀវក្នុងគោលបំណងប្រើល្បិចឲ្យក្រុមភ្ញៀវដែលចូលលេងកាស៊ីណូនេះ ឈ្នះប្រាក់ពីក្រុមហ៊ុន។ លើសពីនេះទៅទៀតនោះ ប្រហែលជាក្រុមហ៊ុនគេមានវត្ថុតាង ទើបបានជាឈានដល់ការឃុំខ្លួនបែបនេះ។ ប្រភពដដែលបានបន្តទៀតថា បើគ្មានវត្ថុតាងនោះទេ ក្រុមហ៊ុនគ្មានសិទ្ធិចោទប្រកាន់ ឬឃុំខ្លួនយើងនោះឡើយ ហើយករណីនេះ ក្រុមហ៊ុនកាស៊ីណូហាក់ដូចបិទបាំងមិនឲ្យរឿងរ៉ាវនេះបែកចេញមកក្រៅទេ ដោយឡែក លោក ព្រហ្ម ពិសិទ្ធិ មន្ត្រីនគរបាលយុត្តិធម៌បានឲ្យដឹងថា ពាក់ព័ន្ធសំណុំរឿងក្នុងកាស៊ីណូ ភាគច្រើនគេមិនឲ្យប៉ូលិសថ្នាក់មូលដ្ឋានដឹងទេ គឺគេធ្វើរំលងតែម្តង ដូចជាករណីនេះអីចឹង៕
No comments:
Post a Comment
yes