សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 17, 2012

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​បន្ត​រិះគន់​លើ​រោងចក្រ​ស្ករស​ លោក លី យ៉ុងផាត់

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករអំពៅ ហែក្បួនដាក់ញត្តិ
ទៅរដ្ឋសភា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២

ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង ២ម៉ឺន ២ពាន់ហិកតារ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគដំណាំ អំពៅនោះ ឥឡូវនេះបានទទួលលទ្ធផលហើយ បង្កើតបានជារោងចក្រស្ករស ដែលគ្រោងដំណើរ ការ សាកល្បងនៅថ្ងៃទី១៩ ខែវិច្ឆិកា សប្ដាហ៍ក្រោយ ឲ្យដំណើរការស្របច្បាប់។
ប៉ុន្តែសមិទ្ធផលទាំងនេះ មិនបានទទួលស្វាគមន៍ពី ប្រជាពលរដ្ឋនៅតំបន់នោះឡើយ ដោយសារ សមិទ្ធផលទាំងនេះកើតឡើងនៅលើទឹក ដីជម្លោះដែលពុំទាន់មានដំណោះ ស្រាយសំណងសមរម្យ នៅឡើយ។
ពលរដ្ឋនៅខេត្តកំពង់ស្ពឺ នៅតែបន្តរិះគន់លើការវិនិយោគដំណាំអំពៅ នៅក្នុងមូលដ្ឋានរបស់ពួក គាត់ នោះថា បានបំផ្លាញសេចក្តីសុខ និងសេដ្ឋកិច្ចគ្រួសារ ព្រមទាំងបាន ធ្វើឲ្យមនុស្ស កាន់តែច្រើន ធ្លាក់ខ្លួនស៊ីឈ្នួលគេ។
អ្នកស្រី ជា វុធដា នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្លែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា ដីស្រែ និងចម្ការរបស់គាត់ទំហំ ៣ហិកតារ ត្រូវក្រុមហ៊ុនដាំអំពៅព័ទ្ធយកទាំងស្រុងនៅឆ្នាំ២០១០។ អ្នកស្រីថា គាត់បាត់បង់ប្រាក់ចំណូលក្នុង១ឆ្នាំៗ ៥លានរៀល គឺជាង ១ពាន់ដុល្លារ ដោយសារតែការបាត់បង់ដីដែលគេរឹបអូសយកទៅវិនិយោគដំណាំអំពៅដ៏អាក្រក់នោះ។ មិនតែប៉ុណ្ណោះ ការវិនិយោគនោះ បានជំរុញគាត់ និងកូនចៅ ពីអ្នកមានទ្រព្យគួរសម មានហូបគ្រប់គ្រាន់ និងក្លាយមកជាអ្នកលក់នំតាមចិញ្ចើមផ្លូវ ហើយកូនបោះបង់សាលារៀន ក្លាយជាអ្នកចំណាកស្រុកទៅធ្វើកម្មកររោងចក្រកាត់ដេរ៖ «អ្នកដែលពាក់ព័ន្ធក្នុងក្រុមហ៊ុនហ្នឹង គេមកឈូសមករៀបលើដីខ្ញុំ ដីខ្ញុំវានៅក្រៅទេ អីចឹងគេយកដីខ្ញុំហ្នឹងឲ្យគេ»

ពាក់ព័ន្ធបញ្ហានេះ អង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធដីធ្លី អះអាងថា ក្នុងខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនដាំអំពៅចំនួន២ គឺក្រុមហ៊ុនភ្នំពេញស៊ូហ្គា និងកំពង់ស្ពឺស៊ូហ្គា ដែលបានវិនិយោគដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនមួយរូប គឺលោកឧកញ៉ា លី យ៉ុងផាត់។
មេភូមិថ្នល់បំបែក លោក ជីម សារីម ថ្លែងថា ការវិនិយោគដែលនាយករដ្ឋមន្ត្រីឲ្យធ្វើតាមរបៀបឆ្វៀលដីប៉ះពាល់ដីពលរដ្ឋបានកាន់កាប់ ធ្វើជារបៀបវិនិយោគដីស្បែកខ្លា ប៉ុន្តែក្រុមហ៊ុនដាំអំពៅមិនអនុវត្តតាមការណែនាំឡើយ។ លោក ជីម សារីម បន្ថែមថា ក្រុមហ៊ុនបានព័ទ្ធយកដីគាត់ដាំស្រូវ និងដំណាំចម្ការទំហំ ១០ហិកតារ ហើយសងវិញនូវដីភ្នំដែលមិនអាចដាំអ្វីបាន ហើយដីសងនោះមានឈ្មោះជាន់គ្នាច្រើននាក់ទៀតផង។ លោកបន្តថា គាត់ខាតប្រាក់ចំណូលពីការលក់ភោគផល និងខាតប្រាក់ជួលកម្មករគាស់គល់ឈើ ខាតប្រាក់អស់រាប់ពាន់ដុល្លារ។
លោកបន្ថែមថា ការផ្តល់ដីសម្បទាននោះ គឺធ្វើឲ្យអ្នកមាននៅតែបានប្រាក់ចំណូល ចំណែកម្ចាស់ដីក្ររហាម និងឈឺចាប់គ្មានទីបញ្ចប់។ លោកថា ពលរដ្ឋនាំគ្នាតវ៉ា ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ ទោះបីប្រជាពលរដ្ឋដើរដាក់ពាក្យសុំទៅគ្រប់ស្ថាប័នឲ្យជួយ អន្តរាគមន៍ផង ក៏គ្មានស្ថាប័នណាជួយបានឡើយ។ លោកថា ក្នុងភូមិនេះ មានប្រជាពលរដ្ឋជាង ២០០គ្រួសារ មានដីនៅក្នុងកន្លែងសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនដាំអំពៅនោះ ៖ «ឯកសារប្រជាជនផ្ដិតមេដៃ ដីព្រាតព្រោង មិនដឹងនៅងាប់ត្រឹមណា កប់ចោលត្រឹមណា ដុតចោលត្រឹមណាអស់ទៅ។ ឈឺចាប់ខ្លះ មិនឈឺចាប់ខ្លះ តែរឿងហ្នឹង សើចក៏សើចលែងសម បើយំក៏យំមិនចេញ គិតធ្វើម៉េច អង្គុយចាំមើលអីចឹងទៅ»
មេឃុំអមលាំង កញ្ញា តឹក នឹម ថ្លែងថា ក្នុងឃុំនោះមាន ១៧ភូមិ សុទ្ធតែមានដីពាក់ព័ន្ធចម្ការអំពៅ។ កញ្ញាបន្ថែមថា គ្មានជម្រើសទេ ប្រជាពលរដ្ឋធ្លាក់ខ្លួនជាអ្នកជំពាក់ការប្រាក់ធនាគារ។ ដីភូមិមួយចំនួនដាក់បញ្ចាំ ដើម្បីយកប្រាក់រកស៊ី។ អ្នករស់នៅក្នុងមូលដ្ឋានឃុំនេះ បានចូលធ្វើកម្មករចម្ការអំពៅ បានកម្រៃ ៣ដុល្លារក្នុង១ថ្ងៃ ទើបអ្នកភូមិភាគច្រើន មិនបន្តធ្វើការនោះទេ នាំគ្នាធ្វើចំណាកស្រុក៖ «ពួកគាត់ដែលដោះដូរឲ្យនោះ ដីវាអត់ជីជាតិដូចដីស្រែគាត់ធ្វើ ដីឃ្នើសៗហ្នឹង។ ហើយពួកគាត់ខ្លះចេះតែបង្ខំចិត្តយកទៅ ព្រោះអីវាបាត់បង់របស់គាត់ច្រើនទៅហើយ បើគាត់អត់យក មិនដឹងបានអីធ្វើ»
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថា ដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ បានផ្តល់ទំហំ ២២.៣៣៩ហិកតារ ដែលពាក់ព័ន្ធប្រជាពលរដ្ឋរស់នៅ ៩.៤៧១គ្រួសារ។ លោក ហ៊ុន សែន បានទទួលស្គាល់នូវការផ្តល់ដីដែលអនុវត្តខុសឆ្គងនោះថា៖ «ការផ្តល់ដីសម្បទានសេដ្ឋកិច្ច វាអត់អាក្រក់ទេ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ការអនុវត្តរបស់យើង វាអត់ច្បាស់។ តំបន់ណាជាតំបន់ដីរបស់ប្រជាពលរដ្ឋ តំបន់ណាជាតំបន់ដីដែលឲ្យក្រុមហ៊ុន»
រោងចក្រផលិតស្ករសនៅក្នុងខេត្តកំពង់ស្ពឺ នឹងដំណើរការសាកល្បងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ សប្ដាហ៍ក្រោយនេះ៕

No comments:

Post a Comment

yes