ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូល
លើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ
ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ តាំងពីព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលគេទន្ទឹងរង់ចាំមើលអំពីសំណុំរឿងសមុទ្រចិនខាងត្បូង។
សំណុំរឿងសមុទ្រចិនខាងត្បូង ជាសំណុំរឿងដែលគេទន្ទឹងរង់ចាំមើលខ្លាំងជាងគេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលនេះ ពីព្រោះវាធ្លាប់ជាសំណុំរឿងចម្រូងចម្រាសខ្លាំង កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីខែកក្កដាកន្លងទៅ។ ភាពចម្រូងចម្រាសខ្លាំង រហូតធ្វើឲ្យកិច្ចប្រជុំនៅពេលនោះត្រូវបានបញ្ចប់ ដោយគ្មានបានចេញនូវ សេចក្តីថ្លែងការណ៍រួមណាមួយឡើយ ដែលជាករណីមិនធ្លាប់មានទេក្នុងប្រវត្តិអាស៊ាន។
មានសំណួរជាច្រើនបានចោទជាបញ្ហាថា ពាក់ពន្ធ័ទៅនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ក្នុងនាមកម្ពុជាដែលជាម្ចាស់ផ្ទះ នឹងត្រូវចាត់ចែងយ៉ាងណា ចំពោះសំណុំរឿងដ៏ចម្រូងចម្រាសមួយនះ។ តើគេលើកយកវាមកជជែកដេញដោលគ្នាដែរឬទេ ក្នុងកិច្ចប្រជុំកំពូលដែលមានវត្តមាននាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីអាមេរិកនោះ?
មុនពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នាព្រឹកថ្ងៃសៅរ៍ទី១៧ លោកអគ្គលេខាធិការអាស៊ាន ស៊ូរិន ពិតស៊ូវណ្ណ (SurinPitsuwan) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំនៅពេលនេះ នឹងមិនមានភាពចម្រូងចម្រាសជុំវិញសមុទ្រចិនខាងត្បូង ដូចកាលពីខែកក្កដាទៀតទេ។
ដើម្បីបញ្ចៀសភាពចម្រូងចម្រាសនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចមិននិយាយ ពីសំណុំរឿងសមុទ្រចិនខាងត្បូងនោះទេ។ រដ្ឋាភិបាលកម្ពុជា ដែលជាម្ចាស់ផ្ទះបានពន្យល់ថា សំណុំរឿងសមុទ្រចិនខាងត្បូងនេះត្រូវបានរដ្ឋមន្រ្តីការបរទេសអាស៊ានលើកយកមកជជែកគ្នារួចហើយ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា និងនៅក្នុងកិច្ចប្រជុំរវាងមន្រ្តីចិន និងអាស៊ាន នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីចុងខែតុលាថ្មីៗកន្លងទៅនេះ។ តាមរយៈកិច្ចប្រជុំនេះ ចិន និងអាស៊ានបានព្រមព្រៀងគ្នារួចទៅហើយថានឹងបន្តគោរពតាមសេចក្តីថ្លែងការណ៍ DOC ដើម្បីជជែកគ្នាបង្កើតជាក្រមប្រតិបត្តិ COC ដែលមានអនុភាពផ្លូវច្បាប់ជាង DOC។ ដូច្នេះ សំណុំរឿងនេះមិនគួរត្រូវគេយកមកធ្វើជារឿងចម្រូងចម្រាសក្នុងកិច្ចប្រជុំពេលនេះទៀតទេ។
ទោះជាយ៉ាងនេះក្តី បើរដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពគ្នាបញ្ចៀស មិននិយាយដល់សំណុំរឿងសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះក៏ដោយ ក៏មិនប្រាកដថា សំណុំរឿងដ៏ចម្រូងចម្រាសនេះ នឹងមិនត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃបន្តបន្ទាប់ទៀតនោះទេ ជាពិសេស នៅក្នុងជំនួបកំពូលរវាងអាស៊ាន និងប្រទេសដៃគូ ព្រមទាំងជំនួបកំពូលអាស៊ីបូព៌ា ដែលមានវត្តមាន ទាំងនាយករដ្ឋមន្រ្តីចិន វេន ជាប៉ាវ និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។
កាលពីព្រឹកថ្ងៃសៅរ៍នេះ អនុរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ជាថ្មីម្តងទៀត អំពីជំហរចិន ដោយបានលើកឡើងថា នៅក្នុងជំនួបកំពូលនៅកម្ពុជាពេលនេះ គេមិនគួរយកបញ្ហាសមុទ្រចិនខាងត្បូងមកធ្វើជា«សំណុំរឿងសំខាន់នោះទេ» គួរតែទុកឲ្យប្រទេសដែលជាប់ជម្លោះជាអ្នកដោះស្រាយបញ្ហានេះដោយខ្លួនឯង។ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស ហ៊្វូ យីង (Fu Ying) បានសង្កត់ធ្ងន់ថា បញ្ហាសមុទ្រចិនខាងត្បូងត្រូវតែដោះស្រាយដោយប្រទេសដែលជាប់ជម្លោះដោយផ្ទាល់។ ចំណែកឯប្រទេសដែលមិនជាប់ពាក់ព័ន្ធ ជាពិសេសប្រទេសនៅ«ក្រៅ»តំបន់អាស៊ាន មិនគួរ«លូកដៃ»ចូលជ្រៀតជ្រែកក្នុងបញ្ហានេះឡើយ។
ចាប់តាំងពីលោកអូបាម៉ាកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិកកំពុងតែព្យាយាមបង្កើនឥទ្ធិពល នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល ហើយកន្លងមក អាមេរិកតែងតែព្យាយាមចូលពាក់ព័ន្ធ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយលើកហេតុផលថា ជម្លោះនៅក្នុងតំបន់នេះអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិក។ ដូច្នេះហើយ បានជាអ្នកវិភាគមួយចំនួនយល់ថា លោកអូបាម៉ា ដែលនឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកា នេះអាចនឹងបន្តលើកបញ្ហាសមុទ្រចិនខាងត្បូងនេះ នាជំនួបកំពូលអាស៊ានមួយនេះ៕
No comments:
Post a Comment
yes