លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
សេចក្ដីប្រកាសព័ត៌មានចំនួនពីរទំព័រ ក្រោមចំណងជើងថា «អូបាម៉ា គួរថ្កោលទោសការរំលោភសិទ្ធិ។ រដ្ឋាភិបាល ហ៊ុន សែន រំលោភបំពានរឹតតែខ្លាំងឡើង ឆ្ពោះទៅកាន់ប្រទេសមួយ បក្សនយោបាយតែមួយ» របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ចេញនៅថ្ងៃ១៨ វិច្ឆិកា ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាបានប្រព្រឹត្តអំពើរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទរដ្ឋាភិបាលកម្ពុជា ចំនួនបីចំណុចសំខាន់ គឺ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើអំពើហិង្សា គំរាមកំហែងប្រជាពលរដ្ឋឯង អ្នកនយោបាយ និងប្រើប្រព័ន្ធតុលាការវាយប្រហារសមាជិកមន្ត្រីបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បានចេញផ្សាយរិះគន់អ្នកដឹកនាំរដ្ឋាភិបាលរយៈពេលមួយថ្ងៃ មុនពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មកចូលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ប្រេដ អាដាម (Brad Adams) នាយកទទួលបន្ទុកសិទ្ធិមនុស្សអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។ លោកបានជំរុញលោកប្រធានាធិបតីអាមេរិក ដាក់គំនាបលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងរំលោភដីធ្លី។
«អូបាម៉ា គួរប្រាប់ ហ៊ុន សែន ចំៗតែម្ដងថា ប្រទេសផ្ដល់ជំនួយអាចបន្តទៀតបាន លុះត្រាណាការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យស្អប់ខ្ពើមនៅកម្ពុជា បានប្រសើរឡើងជាបន្ទាន់។ អូបាម៉ា គួរនិយាយជាសាធារណៈ និងនិយាយត្រង់ៗទៅកាន់ប្រជាពលរដ្ឋកម្ពុជាថា សហរដ្ឋអាមេរិកឈរនៅខាងពួកគាត់ប្រឆាំងនឹងការរំលោភខាងនយោបាយ ប្រឆាំងនឹងការត្រឡប់មកវិញនូវប្រទេសមួយដែលមានបក្សតែមួយ។ គាត់គួរតែបញ្ជាក់ឲ្យច្បាស់ថា បើគ្មានការកែប្រែប្រព័ន្ធនេះទេ សហរដ្ឋអាមេរិកនឹងចាត់ទុកថា ការបោះឆ្នោតជាតិឆ្នាំក្រោយនេះ នឹងមិនមានតម្លៃអ្វីទេ»។
ក្រៅពីនេះ សេចក្ដីប្រកាសព័ត៌មានដដែលបានសុំឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំការបោះឆ្នោតក្នុងបរិយាកាសសេរី និងត្រឹមត្រូវ ហើយសុំឲ្យដោះលែងអ្នកទោសខ្មែរដែលជាប់បាក់ព័ន្ធរឿងនយោបាយទាំងអស់ រួមទាំងសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ចេញពីពន្ធនាគារ និងឲ្យលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន អាចវិលចូលរួមបោះឆ្នោតជាតិឆ្នាំ២០១៣ បាន។
«អូបាម៉ា មិនគួរស្ទាក់ស្ទើរថ្កោលទោស ហ៊ុន សែន ដែលវាយប្រហារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគាត់ប្រឹងប្រែងធ្វើខ្លួនកាត់បានក្លាយជានាយករដ្ឋមន្ត្រីអស់មួយជីវិតនោះទេ។ ភាពស្ងៀមស្ងាត់ក្នុងវេទិកាសាធារណៈ ឬការជំរុញដោយកាយវិការទន់ភ្លន់ នឹងអាចក្លាយជាសារមួយថា សហរដ្ឋអាមេរិក មិនបានរៀនមេរៀនបះបោរនៅអារ៉ាប (Arab) ទេ ហើយនឹងបន្តធ្វើពាណិជ្ជកម្ម ជាមួយអ្នកកាន់អំណាច និងរដ្ឋាភិបាលផ្ដាច់ការដូចសព្វមួយដងដដែល»។
លោក ប្រេដ អាដាម បានរំលឹកប្រវត្តិរំលោភសិទ្ធិមនុស្សក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា រដ្ឋាភិបាលកម្ពុជា បានប្រើកងកម្លាំងប្រដាប់អាវុធវាយធ្វើបាប ធ្វើឲ្យបួស និងស្លាប់ ឬចាប់ដាក់គុកអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើ រួមទាំងអ្នកកាសែតផង។
ដូចសព្វមួយដងដែរ មន្ត្រីរដ្ឋាភិបាលបានបដិសេធសេចក្ដីប្រកាសព័ត៌មានរបស់លោក ប្រេដ អាដាម ដែលនៅក្នុងអំឡុងពេលមួយខែនេះ បានចេញសេចក្ដីប្រកាសព័ត៌មានប្រហាក់ប្រហែលគ្នានេះពីរដងហើយនោះថា បម្រើប្រយោជន៍ឲ្យបក្សប្រឆាំង និងចង់បំបាក់មុខមាត់មេដឹកនាំខ្មែរ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកឆ្លើយថា របាយការណ៍នេះ មិនបច្ចុប្បន្នភាព ហើយលោកបញ្ជាក់ទៅលោក ប្រេដ អាដាម វិញថា កំពុងឆ្លៀតឱកាសបង្កើនប្រជាប្រិយភាពខ្លួនឯងផ្ទាល់ផង និងកេរ្តិ៍ឈ្មោះអង្គការសិទ្ធិមនុស្សផង ក្នុងពេលមានវត្តមានមេដឹកនាំពិភពលោកល្បីចូលរួមប្រជុំនៅកម្ពុជា។
ទោះយ៉ាងណា សេចក្ដីប្រកាសព័ត៌មាននោះ បានប៉ានប្រមាណថា មានប្រជាពលរដ្ឋខ្មែរប្រហែល ៤សែននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារផលប៉ះពាល់ក្នុងរឿងជម្លោះរិបអូសយកដីធ្លី តាំងពីឆ្នាំ២០០៣ មក៕
No comments:
Post a Comment
yes