លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាការិយាល័យ
ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបញ្ចប់បេសកកម្មស្វែងរកការពិត ស្ដីពីបញ្ហាសិទ្ធិមនុស្សលើកទី៨ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជាហើយនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២។
នៅក្នុងការបញ្ចប់បេសកកម្មនេះ លោកបានវាយតម្លៃថា កម្ពុជា នៅមានបញ្ហាជាច្រើន ដូចជា សេរីភាពបញ្ចេញមតិនៅមានកម្រិត បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហានិទ្ទណ្ឌភាព និងប្រព័ន្ធយុត្តិធម៌ និងវិវាទដីធ្លីនៅមិនទាន់មានការដោះស្រាយជាដើម។
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មិនបានចាត់ទុកការខកខានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការបរាជ័យក្នុងដំណើរស្វែងរកការពិតស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២ នៅការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរាជធានីភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី បានលើកឡើងថា នៅក្នុងពេលបំពេញបេសកកម្មនេះ លោកបានប្រាស្រ័យទាក់ទងជាមួយដៃគូពាក់ព័ន្ធទាំងឡាយនៅក្នុងសង្គមកម្ពុជា រាប់ទាំងសង្គមស៊ីវិល សហគមន៍មូលដ្ឋាន បុគ្គលឯកជន និងដៃគូអភិវឌ្ឍន៍របស់កម្ពុជា។
ប៉ុន្តែអ្វីដែលលោកមានការសោកស្ដាយនោះ គឺលោកមិនអាចជួបប្រាស្រ័យទាក់ទងជាមួយដៃគូពិភាក្សាក្នុងជួររដ្ឋាភិបាលចំពោះបញ្ហាទាំងអស់នេះ។ ទន្ទឹមនឹងគ្នានេះ លោកក៏មិនយល់ចំពោះការខកខាននេះដែរ៖ «តើដំណើរបេសកកម្មរបស់ខ្ញុំបរាជ័យ ឬជោគជ័យ គឺខ្ញុំគិតថាជោគជ័យ គឺខ្ញុំសម្រេចបាននូវអ្វីដែលខ្ញុំចង់បាន ដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សនៅប្រទេសនេះ។ ខ្ញុំបាននិយាយជាមួយជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្ស ខ្ញុំបានជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនដ៏ទូលំទូលាយ សមាជិកសភា មន្ត្រីសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍អន្តរជាតិរបស់កម្ពុជា ផងដែរ។ ខ្ញុំទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមសរសេររបាយការណ៍របស់ខ្ញុំដែលខ្ញុំនឹងធ្វើក្នុងពេលវេលាសមស្រប»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា ការខកខានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្នុងជួររដ្ឋាភិបាល ជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺពុំមែនជាបញ្ហាប្រឈមការងារនោះទេ គឺដោយសារបញ្ហាពេលវេលា៖ «មិនមានអ្វីដែលជាប្រឈមទេ វាសង្កត់ធ្ងន់ទៅលើរឿងបញ្ហាពេលវេលា ដែលសម្ដេចលោកពុំមានឱកាសផ្ដល់ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ខ្ញុំមើលទៅណា ព្រោះយើងដឹងហើយ យើងទើបតែចប់ប្រជុំកំពូលអាស៊ាន មនុស្សម្នាក់ៗហ្នឹងមុនប្រជុំហ្នឹងយើងដាក់ពេលវេលាច្រើននៅក្នុងការងារហ្នឹង ហើយយើងឃើញការប្រជុំគណៈរដ្ឋមន្ត្រីក៏យើងខានធ្វើច្រើនសប្ដាហ៍ដែរ»។
លោក សុរិយា ស៊ូប៊ែឌី បានវាយតម្លៃថា កម្ពុជា បានបន្តអនុវត្តបានល្អលើសូចនាករជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ដែលគាំទ្រដោយស្ថិរភាពនយោបាយ ប៉ុន្តែលោកបានរិះគន់នៅចំណុចមួយចំនួនដូចជា បញ្ហាសេរីភាពបញ្ចេញមតិនៅមានកម្រិត បញ្ហាសិទ្ធិលើដីធ្លីបានក្លាយជាបញ្ហាដ៏ធំមួយនៅកម្ពុជា កង្វល់ជាច្រើនអំពីការអនុវត្តកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលខ្វះតម្លាភាពនាំឲ្យមានផលប៉ះពាល់ទៅលើជនជាតិដើមភាគតិច និងបញ្ហាជ្រើសរើសសហគមន៍ដែលត្រូវផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជាដើម។ ក្រៅពីនេះ លោកក៏នៅមានការព្រួយបារម្ភជាខ្លាំងអំពីវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ដែលក្នុងនោះមិនមានជនល្មើសណាមួយត្រូវបាននាំខ្លួនមកតុលាការដើម្បីផ្ដន្ទាទោស ដែលនាំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
យ៉ាងណាក៏ដោយ លោក សុរិយា ស៊ូប៊ែឌី បានបញ្ជាក់ថា បញ្ហាប្រឈមរបស់កម្ពុជា នេះ លោកនឹងដាក់ក្នុងរបាយការណ៍របស់លោក ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក សុរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកទី៨ រយៈពេល ៥ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី៩ ហើយបានបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២៕
No comments:
Post a Comment
yes