មុនពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា ឈានជើងមកជាន់ លើទឹកដីកម្ពុជានាថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១២ មានប្រជាពលរដ្ឋខ្មែរ ដែលស្នេហាជាតិ ស្នេហារបបប្រជាធិបតេយ្យសេរី មានសេចក្តីរីករាយឥត ឧបមាដោយនឹកសង្ឃឹមថា លោក អូបាម៉ា នឹងមកជួយសង្គ្រោះលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជាឱ្យមានការរីកចម្រើនឬឱ្យរស់ឡើងវិញ ។ ព្រោះកន្លង មកអស់រយៈពេលជិត២០ឆ្នាំមកហើយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវ បានជនកុម្មុយនីស្តផ្តាច់ការតាមបែបយួននិយម ធ្វើទុក្ខបុកម្នេញដល់គណ បក្សប្រឆាំងដែលមានទំនោរទៅរករបបប្រជាធិបតេយ្យ សេរី ជឿនលឿន យ៉ាងខ្លាំង ។ ការធ្វើទុក្ខបុកម្នេញនោះ គឺមិនឱ្យមានការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌តាមស្តង់ដារអន្តរជាតិទេ ។ ផ្ទុយទៅវិញ ការបោះឆ្នោត កន្លងមកហាក់ដូចជាគ្រាន់តែធ្វើបង្គ្រប់កិច្ច ឬឡប់ឡែសម្រាប់បំភ័ន្តភ្នែកអន្តរជាតិដើម្បី ទទួលជំនួយពីប្រទេសអ្នកមានប៉ុណ្ណោះ ។ ប្រសិនជាសហគមន៍អន្តរជាតិផ្តល់ជំនួយមកជួយកសាងប្រទេសខ្លះៗនោះ ប្រហែលជាគ្មានធ្វើការបោះឆ្នោតស្អីនោះទេ ។
ពេលថ្មីៗ បើតាមការសង្កេតទៅលើអ្នកនាំពាក្យនៃរាជរដ្ឋាភិបាល ហាក់បីដូចជាមិនយកចិត្តទុកដាក់ស្តាប់ការរិះគន់ពីសហគមន៍ អន្តរជាតិ (សហគមន៍អឺរ៉ុប)រួមទាំងប្រទេសឥណ្ឌូនេស៊ី, អូស្ត្រាលី, អាមេរិក សុំឱ្យរាជរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ មានលោក សម រង្ស៊ី អតីតប្រធានគណបក្សសមរង្ស៊ី សព្វថ្ងៃជាប្រធានគណបក្សសង្គ្រោះជាតិ លោក ម៉ម សូណង់ដូ ជាប្រធាន វិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមប្រជាធិបតេយ្យនោះទេ ។ ប៉ុន្តែអ្នកនាំពាក្យនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ហាក់ដូចជាច្រានចោលតាមរយៈនៃការប្រើពាក្យសំដីមិនសមរម្យ ឬចំអកឡកឡឺយទៅកាន់លោក បារ៉ាក់ អូបាម៉ា ប្រធានា ធិបតីសហរដ្ឋអាមេរិកថា លោក អូបាម៉ា មិនមែនជាចៅហ្វាយលោក ហ៊ុន សែន ទេ ។ លោក អូបាម៉ា ជាប្រធានាធិបតីសហរដ្ឋ អាមេរិកមិនមែនប្រធានាធិបតីខ្មែរទេ ។ លោក អូបាម៉ា មកធ្វើទស្សនកិច្ចនៅកម្ពុជា នឹងមិននិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជា ធិបតេយ្យទេ ។ ហើយលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ មិនមែនជាអ្នកទោសនយោបាយទេ គឺជាទណ្ឌិតមានទោស ឧក្រិដ្ឋព្រហ្មទណ្ឌ ៘ ចំពោះបញ្ហានេះវាហាក់ដូចជា អាថ៌កំបាំងបន្តិច ប៉ុន្តែបើគេពិនិត្យឱ្យដិតដល់ទៅវាហាក់ដូចជារាក់កំផែល ទៅវិញទេ ។ រាក់កំផែលនៅត្រង់មហាអំណាចចិនកុម្មុយនីស្តនៅពីក្រោយ ចាំតែលើកដៃឱ្យសញ្ញា រួចងក់ក្បាលចប់ ។
ជាការពិតណាស់ ខណៈពេលដែលលោក អូបាម៉ា និងលោក ហ៊ុន សែន បានជួបពិភាក្សា ដោយឡែកជាទ្វេភាគីក្រៅពីកិច្ចប្រជុំ កំពុលអាស៊ាន ពាក្យសំដីរបស់លោក ហ៊ុន សែន និយាយទៅកាន់លោក បារ៉ាក់ អូបាម៉ា អំពីពាក្យអ្នកទោសនយោបាយ និងអ្នក នយោបាយមានទោស បានធ្វើឱ្យលោក អូបាម៉ា យល់អំពីការមិនចុះសម្រុង ឬមិនចង់ដោះលែងលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ បាត់ទៅហើយ ។ ដើម្បីកុំឱ្យវែងឆ្ងាយលោក អូបាម៉ា គ្រាន់តែនិយាយបែបការទូតថា លោកមានកង្វល់អំពីការគោរព សិទ្ធិមនុស្សនៅកម្ពុជា និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
លោក អូបាម៉ា បានបន្ថែមទៀតថា បើចង់ឱ្យមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក កម្ពុជាត្រូវតែធ្វើឱ្យប្រសើរឡើងនៃការគោរព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ហ៊ុន សែន នៅតែប្រកាន់ជំហរបដិសេធមិន ឆ្លើយតបដដែល ។
នេះបញ្ជាក់ឱ្យឃើញថា លោក ហ៊ុន សែន ទំនងជាធ្វើដំណើរឆ្ពោះទៅរករបបកុម្មុយនីស្តចិនវិញហើយ ។ ដូច្នោះកុំសង្ស័យឱ្យ សោះថាប្រាក់ជំនួយឥតសំណង និងប្រាក់កម្ចីប្រហែល ៥០០០លានដុល្លារ ដែលមេដឹកនាំចិន ប្រគល់ឱ្យលោក ហ៊ុន សែន គ្មាន លក្ខខណ្ឌកន្លងមកនេះ គឺលោក ហ៊ុន សែន ទំនងជាវិលទៅរករបបផ្តាច់ការតាមបែបចិនវិញហើយ ៕
No comments:
Post a Comment
yes