តំបន់ព្រៃកោងកាងដែលរងការអន្តរាយតាមតំបន់ឆ្នេរ ដោយសារការប្រែ
ប្រួលអាកាសធាតុ
កោះកុងៈ តំបន់ព្រៃកោងកាងនៅតំបន់ឆ្នេរ ក្នុងខេត្តកោះកុង និងកំពតនៃប្រទេសកម្ពុជាកំពុងទទួលរងការបាត់បង់ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ខណៈដែលកម្រិតកម្ពស់ទឹកសមុទ្រមានការកើនឡើងនិងមានព្យុះ កើតឡើងញឹកញាប់។ តែទោះជាយ៉ាងណា ឥទ្ធិពលនេះ នៅមិនទាន់ធ្ងន់ធ្ងរពេកទេសម្រាប់ប្រទេសកម្ពុជា។
យោង តាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ(IUCN) បានបង្ហាញថា ព្រៃកោងកាងដើរតួយ៉ាងសំខាន់នៅក្នុងការ ការពារប្រព័ន្ធជីវចម្រុះ និងជាជម្រកនៃធនធានសមុទ្រនោះ កំពុងតែរំកិលចេញពីឆ្នេរបន្តិចម្តងៗ ឬអាចថា ជាការទន្ទ្រានរបស់ឆ្នេរ។ បាតុភូតនេះបង្កឡើងដោយកម្រិតទឹកសមុទ្រ ដែលបានពាំនាំខ្សាច់មកគ្របដណ្តប់ទៅលើតំបន់ព្រៃកោងកាង រួមទាំងការបង្អាក់លំហូរនៃដីភក់ល្បាប់ពី ស្ទឹង ទន្លេ ដែលត្រូវចាក់បំពេញផង។
លោក Brian Kastl ទីប្រឹក្សាអន្តរជាតិរបស់អង្គការ IUCN ជាអ្នកសិក្សាស្រាវជ្រាវលើបញ្ហានេះនៅតំបន់ពាមក្រសោប ក្នុងខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងធំជាងគេរបស់ប្រទេសកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញថា ឆ្នេរជារបាំងការពារព្រៃកោងកាង និងជួយទប់ភាពអន្តរាយផ្សេងៗនៅតាមតំបន់ឆ្នេរ។ បច្ចុប្បន្ន របាំងឆ្នេរចេះតែប្រែប្រួលខិតឡើងមករកច្រាំង ដែលមិនធ្លាប់កើតមានពីមុនមក។
លោក Brian Kastl ពន្យល់ថា៖ «ឆ្នេរត្រូវការដីភក់ល្បាប់ ដែលហូរមកពីខាងលើ ប៉ុន្តែ ប្រភពទឹកខាងលើត្រូវគេអភិវឌ្ឍដូចជា បូមខ្សាច់ ការសង់ទំនប់វារីអគ្គិសនី ការបាក់ច្រាំង ដូច្នេះព្រៃកោងកាង ត្រូវខ្វះដីភក់ល្បាប់មកបំពេញជីវជាតិ ដែលនាំឲ្យកើតមានការហូរច្រោះឆ្នេរ និងកន្លែងខ្លះ ឆ្នេរត្រូវលុបបំបាត់»។
លោកបានបន្ថែមថា កម្រិតកម្ពស់ទឹកសមុទ្រកើនឡើង និងជំនោរ លំនាចបាននាំខ្សាច់មកចាក់បំពេញតាមព្រៃកោងកាង ដែលជាហេតុធ្វើឲ្យដើមកោងកាងងាប់។ ម៉្យាងវិញទៀត ខ្យល់ព្យុះនៅតាមសមុទ្រកើនឡើងនិងកម្លាំងទឹករលកកាន់តែខ្លាំង ទៅៗ បានបក់ផ្ទប់ទៅតំបន់ព្រៃកោងកាង ដែលធ្វើឲ្យព្រៃកោងកាងកាន់តែរុលទៅរកច្រាំង។
លោក Brian បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៣ រហូតមក របាំងឆ្នេរបានថយ៣៩០ ម៉ែត្រដែលធ្វើឲ្យបាត់បង់ផ្ទៃតំបន់ព្រៃកោងកាង០,៦០ គីឡូម៉ែត្រការ៉េ។ ការថយទៅរកច្រាំងកំពុងតែកើតមាននៅតាមកន្លែងដែលហូរច្រោះខ្លាំង និងអាចមានដល់ ៩០ម៉ែត្រក្នុងមួយឆ្នាំៗ នៅក្នុងចន្លោះឆ្នាំ២០១០ និង២០១១។
លោក Robert Mather នាយកនៃអង្គការ IUCN ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងដែរថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ មានការគំរាមកំហែងតាមកន្លែង និងកន្លែងខ្លះត្រូវបានបំផ្លិចបំផ្លាញ។
លោកបញ្ជាក់ថា កម្រិតទឹកសមុទ្របានឡើងជាមធ្យម៣ មិល្លីម៉ែត្រ ជាង១ទសវត្សរ៍មកនេះ ខណៈដែលនៅឯសមុទ្រចិនខាងត្បូង បានកើនឡើងដល់ ៥មិល្លីម៉ែត្រ ហើយក្នុងចំណោមប្រទេសកម្ពុជា ថៃនិងវៀតណាម ប្រទេសកម្ពុជាមិនទាន់ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពេកទេ។
លោកបាន ប្រាប់ដែរថា តំបន់ Ben Tre និង Soc Trang ដែលជាតំបន់ដីល្បាប់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ជាតំបន់ដែលពិភពលោកយល់ថារងផលប៉ះពាល់ខ្លាំងជាងគេដោយសារការ កើនឡើងនៃកម្រិតទឹកសមុទ្រ។
លោក Robert ដែលកំពុងធ្វើការលើគម្រោងកសាងភាពធន់ទ្រាំតាមតំបន់ឆ្នេរដោយសារ ការប្រែប្រួលអាកាស បានមានប្រសាសន៍ថា ៖ «ជាមួយនឹងកម្រិតកម្ពស់ទឹកសមុទ្រកើនឡើង ពួកយើងនឹងប្រឈមនឹងបញ្ហានៃការហូរច្រោះដី ព្យុះធំៗ និងភ្លៀងធ្លាក់មិនទៀងទាត់ផងដែរ។ ថ្វីដ្បិតតែកម្ពុជាមិនទាន់ជាបញ្ហានៅឡើយ ប៉ុន្តែតំបន់ព្រៃកោងកាងមួយចំនួន កំពុងសឹករេចរឹល និងខិតទៅជិតច្រាំង ហើយប្រជាជនដែលនៅតាមតំបន់ឆ្នេរនិងនៅតាមកោះ ក៏ត្រូវរំកិលភូមិឋានឡើងទៅលើដែរ»។
លោកបានបន្តថា ប្រសិនបើព្រៃកោងកាងត្រូវបានបំផ្លាញ នោះ ប្រព័ន្ធជីវចម្រុះ ជាពិសេសជីវភាពប្រជានេសាទក៏នឹងត្រូវប៉ះពាល់ខ្លាំងផងដែរ។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តកោះកុង បាននិយាយថា ប្រជាជនភាគច្រើនដែលកំពុងរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃពាមក្រសោប បាននិងកំពុងពឹងផ្អែកស្ទើរតែទាំងស្រុង លើធនធានធម្មជាតិ សម្រាប់ការចិញ្ចឹមជីវិត ជាពិសេសសកម្មភាពនេសាទនៅតាមបណ្តោយឆ្នេរសមុទ្រ និងក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបផ្ទាល់តែម្តង។
លោក ម៉ន ផល្លា បានបញ្ជាក់ថា៖ «ការជះឥទ្ធិពលពីការប្រែប្រួលអាកាសធាតុដូចជា ភ្លៀងខុសពីធម្មតា ខ្យល់ព្យុះកើតមានជាញឹកញាប់ជាងបណ្តាឆ្នាំមុនៗ ការកើនឡើងនៅកម្រិតកម្ពស់ទឹកសមុទ្រជោរ ការធ្វើវារីវប្បកម្មខ្យងចំពុះទា និង ត្រីបានងាប់អស់កាលពីឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ។ មិនតែប៉ុណ្ណោះ តំបន់ឆ្នេរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប មានកំណកជាល្បាប់ភក់ ជាពិសេស មានការហូរច្រោះ និងកំណក ជាល្បាប់ខ្សាច់ដែលធ្វើឲ្យព្រៃកោងកាងងាប់ជាច្រើនហិកតានៅតំបន់ ឆ្នេរពាមក្រសោប និងឆ្នេរបាងកាយ៉ាក ។ល។»។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេ និងជាតំបន់មួយនៃតំបន់ការពារធម្មជាតិទាំង២៣របស់ប្រទេសកម្ពុជា កំពុងទទួលបានការអភិរក្ស និងការរៀបចំធ្វើផែនការគ្រប់គ្រងដើម្បីប្រើប្រាស់ជាចីរភាព នៅក្រោមគម្រោងការកសាងភាពធន់ទ្រាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅតាមតំបន់ឆ្នេរដែលជាគម្រោងពង្រឹងសមត្ថភាពរបស់ រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ លើកផែនការ និងបន្សាំទៅនឹងហានិភ័យ នៃអាកាសធាតុទៅអនាគត។
លោក សៀក សាបុណ្យ ប្រធានស្តីទី សហគមន៍ការពារធនធានធម្មជាតិពាមក្រសោប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ដែរថា ការប្រែប្រួលអាកាសធាតុឆ្នាំនេះ គួរឲ្យកត់សម្គាល់ គឺមានភ្លៀងខ្យល់ព្យុះរន្ទះច្រើន ដែលធ្វើឲ្យប៉ះពាល់ខ្លះដែរលើតំបន់ឆ្នេរពាមក្រសោបនេះ។ លោកបន្តថា៖ « មានព្យុះរលកធំ បោកបក់មករលើងព្រៃកោងកាង រន្ទះបាញ់ឆេះ និងងាប់ដោយការចាល់ទឹកខ្លះមែន តែនៅមិនប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរទេ»៕
No comments:
Post a Comment
yes