សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 5, 2013

លោក សម រង្ស៊ី រម្លឹកពីព្រះរាជវីរភាពរបស់សម្តេចព្រះមហាវីរក្សត្រ

ភ្នំពេញ: ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ ទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីសម្តែងការចូលរួមរម្លែកទុក្ខ ព្រមទាំងរម្លឹកពីព្រះរាជវីរភាព និងអនុស្សាវរីយ៍រវាងលោក និងសម្តេចព្រះមហាវីរក្សត្រ។ 

លិខិតរបស់លោក សម រង្ស៊ី នេះ បានធ្វើឡើង ខណៈដែលព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែ ចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ នៅព្រឹកថ្ងៃទី១កុម្ភៈ ហើយនឹងត្រូវថ្វាយព្រះភ្លើង បូជានាល្ងាចថ្ងៃទី៤កុម្ភៈ។
ក្នុងលិខិតជាភាសាបារាំង ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានលើកឡើងថា "នៅក្នុង ក៏ដូចជានៅក្រៅរដ្ឋាភិបាល ជានិច្ចជាកាល ទូលបង្គំតែងបានគោរព ការពារ និងដង្ហែតាមព្រះរាជតំរិះរបស់ព្រះករុណា ពិសេសក្នុងកិច្ចការប្រឆាំងការកាប់បំផ្លាញព្រៃឈើ ប្រឆាំងអំពើពុករលួយ និងការការពារបូរណភាពទឹកដី"។ 

លោក សម រង្ស៊ី បានបន្តទៀតថា "ទូលព្រះបង្គំ នៅតែដឹងគុណចំពោះព្រះករុណា អស់មួយជីវិតទូលព្រះបង្គំ ពីព្រោះនៅពេលដែលពេលមានទុក្ខលំបាកម្តងៗ ព្រះករុណា តែងតែព្យាយាម ការពារទូលបង្គំ តាមមធ្យោបាយផ្សេងៗ ដែលព្រះអង្គ អាចធ្វើបាន"។
លោក សម រង្ស៊ី បានរម្លឹកគុណូបការៈរបស់សម្តេចព្រះ នរោត្តម សីហនុ ដោយលើកឡើងថា លោកកំពុងសរសេរលិខិតនោះ នៅទីកន្លែងឆ្ងាយ (ប្រទេសបារាំង) ពីមាតុភូមិ និងឆ្ងាយពីទីកន្លែងបូជាព្រះបរមសព។ លិខិតនោះ ក៏បានរម្លឹកច្រើនអំពីអនុស្សាវរីយ៍ ដែលលោកមានជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ។ 

លោក សម រង្ស៊ី បានសរសេរថា "គ្រប់ទីកន្លែង ដែលព្រះករុណា បានអនុញ្ញាតសវនាការអោយទូលបង្គំ មិនថា នៅព្រះបរមរាជវាំងភ្នំពេញ ឬនៅព្រះរាជដំណាក់ នៅប៉េកាំង គឺព្រះអង្គ តែងលើកទឹកចិត្តទូលបង្គំ អោយនៅតស៊ូ ក្នុងសកម្មភាព ដែលជាប្រយោជន៍សាធារណៈ និងនៅស្មោះស្ម័គ្រ ចំពោះមាតុភូមិ។ ទូលបង្គំសោកស្តាយដែលអ្នកខ្លះ មិនបានគោរពព្រះរាជតំរិះរបស់ព្រះករុណា ក្នុងព្រះនាមព្រះអង្គ ជាព្រះរាជបិតាជាតិ ក្នុងការងារផ្សះផ្សារជាតិ និងឯកភាពជាតិ"។ 

សូមរម្លឹកថា ភ្លាមៗ ក្រោយពីសម្តេចព្រះមហាវីរក្សត្រ បានសោយចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី ក៏បានសរសេរលិខិតទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្វាយសម្តេចព្រះមហាក្សត្រ ព្រមទាំងសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ ដើម្បីស្វែងរកផ្លូវ បានចូលមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ជាលើកចុងក្រោយ នៅក្នុងព្រះបរមរាជវាំង នារាជធានីភ្នំពេញ។

ក៏ប៉ុន្តែលោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជា កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារប្រមាណ ១០ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែន នៅខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩ មិនទទួលបានការសម្រុះសម្រួលផ្នែកនយោបាយណាមួយ ដើម្បីអនុញ្ញាតឲ្យលោក បានវិលត្រឡប់ មកកាន់មាតុប្រទេស ដើម្បីចូលក្រាបបង្គំព្រះបរមសព សម្តេចព្រះមហាវីរក្សត្រឡើយ៕

No comments:

Post a Comment

yes