សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

អ្នក​វិភាគ៖ កម្ពុជា​ពុំ​ទាន់​ដើរ​តាម​គន្លង​នីតិរដ្ឋ

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ

ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តែង​តែ​ប្រកាស​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ថា ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នក​វិភាគ​បញ្ហា​សង្គម​បាន​សង្កេត​ឃើញ​ថា ប្រទេស​មួយ​នេះ​ពុំ​ទាន់​បាន​ដើរ​តាម​គន្លង​នីតិរដ្ឋ និង​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​នោះ​ទេ។

តើ​ប្រទេស​មួយ​ដែល​ហៅ​ថា​ជា​ប្រទេស​មាន​នីតិរដ្ឋ មាន​កត្តា​អ្វី​ខ្លះ​សម្រាប់​វាស់វែង​នោះ?
អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ដែល​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​មេ​ដឹកនាំ​នយោបាយ​ខ្មែរ​គ្រប់​បក្ស បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ដឹកនាំ​ប្រទេស​មួយ​នេះ​ឲ្យ​ដើរ​តាម​គន្លង​នីតិរដ្ឋ ប្រជាធិបតេយ្យ ឯករាជ្យ អធិបតីភាព ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ អ្វី​ជា​ខ្នាត​គោល​សំខាន់​នោះ គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​អន្តរជាតិ​ជា​អ្នក​ជួយ​ដឹង​ឮ​ក្នុង​រឿង​នេះ​ផង។

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សង្កេត​ឃើញ​ថា ការ​ដឹកនាំ​សង្គម​បច្ចុប្បន្ន​នេះ កំពុង​តែ​រសាត់​ឆ្ងាយ​កិច្ច​ព្រមព្រៀង​សន្តិភាព និង​ពុំ​ទាន់​ដើរ​ចំ​គន្លង​នីតិរដ្ឋ​នោះ​ទេ។
ចំណុច​ខ្លះៗ​ដែល​ពួក​គាត់​ងាយ​នឹង​មើល​ឃើញ​នោះ មាន​ជា​អាទិ៍ ប្រទេស​មាន​ច្បាប់​ទោះ​បី​ជា​ច្បាប់​នោះ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ណា​ក្តី ប៉ុន្តែ​កត្តា​សំខាន់ ច្បាប់​នោះ​ពុំ​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ឬ​អនុវត្ត​ពុំ​បាន​ស្មើ​មុខ​គ្នា​រវាង​អ្នក​មាន និង​អ្នក​ក្រ​នោះ​ឡើយ។
សំឡេងពលរដ្ឋ៖ «សព្វថ្ងៃ​នេះ បើ​តាម​ខ្ញុំ​យល់​ឃើញ កម្ពុជា ពុំ​ទាន់​មាន​ការ​គោរព​ច្បាប់​ឲ្យ​បាន​ពេញ​លេញ​សម្រាប់​ខ្ញុំ​ជា​ជន​រងគ្រោះ​ទេ តែ​ចំពោះ​អ្នក​មាន​លុយ​មាន​អំណាច ភាគ​ច្រើន​គាត់​គោរព​បាន​ល្អ​ណាស់ (តុលាការ​កាត់​ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​បាន​ឈ្នះ)។ តែ​ចំពោះ​អ្នក​រងគ្រោះ អ្នក​មាន​បញ្ហា​ដីធ្លី ភាគ​ច្រើន​គឺ​អត់​ដែល​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទេ តាម​ពិនិត្យ​ជាក់ស្តែង មន្ត្រី​មួយ​ចំនួន​ថ្នាក់​លើ​ថ្នាក់​ក្រោម ដែល​គាត់​មិន​គោរព​ច្បាប់ វា​កើត​ឡើង​តែ​ពី​អំពើ​ពុក​រលួយ​ពី​អ្នក​មាន​អំណាច អ្នក​មាន​លុយ​មិន​គោរព​ច្បាប់ អាង​តែ​ប្រាក់ អាង​តែ​អំណាច មាន​លេស​យក​ប្រព័ន្ធ​មក​គាប​សង្កត់​លើ​ជន​ក្រីក្រ នេះ​ជាក់ស្តែង យក​ខុស​ជា​ត្រូវ យក​ខ្មៅ​ជា​ស ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ថា​អត់​មាន​ការ​គោរព​ច្បាប់​រដ្ឋាភិបាល និយាយ​តែ​មាត់ អត់​មាន​ការ​ពិត​ជាមួយ​ប្រជាពលរដ្ឋ​ទេ»
នីតិរដ្ឋ​បាន​ន័យ​ថា រដ្ឋ ប្រទេស ឬ​នគរ​មួយ ដែល​ប្រកាន់​យក​គោលការណ៍​ច្បាប់​ជា​ធំ។ ស្នូល​សំខាន់​នៃ​នីតិរដ្ឋ គឺ​ច្បាប់ ឬ​គោលការណ៍​ច្បាប់ ហើយ​ច្បាប់​នោះ​ត្រូវ​តែ​តាក់​តែង​ឡើង​សម្រាប់​ផល​ប្រយោជន៍​រួម​ក្នុង​សង្គម ហើយ​ត្រូវ​អនុវត្ត​ឲ្យ​មាន​តម្លាភាព។ ជន​គ្រប់​រូប​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំង​អស់​គ្នា ហើយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ស្មើ​ភាព​គ្នា ដោយ​មិន​រើសអើង​ចំពោះ​បុគ្គល ឬ​ភាគី​ណា​មួយ​ឡើយ។
ជាមួយ​គ្នា​នោះ​ដែរ តុលាការ​ត្រូវ​តែ​ជា​សសរ​ទ្រូង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ឲ្យ​មាន​នីតិរដ្ឋ ប៉ុន្តែ​ទាល់​តែ​តុលាការ​នោះ ឬ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ត្រូវ​មាន​ជំហរ​ឯករាជ្យ​ប្រកាន់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​សង្កេត​ឃើញ​ថា កម្ពុជា បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​និយាយ​បាន​ថា​ជា​ប្រទេស​នីតិរដ្ឋ​នោះ​ទេ។ បញ្ហា​នេះ ដោយ​សារ​គេ​សង្កេត​ឃើញ​គោលការណ៍​របស់​អ្នក​ដឹកនាំ​ដែល​ជំរុញ​ឲ្យ​គោរព​ច្បាប់ មាន​តែ​រូប​រាង ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដូច​ជា​ការ​តាក់​តែង​ច្បាប់​មួយ​ចំនួន ធ្វើ​ឡើង​ពុំ​ទាន់​មាន​តម្លាភាព ដោយ​មាន​ការ​កេង​ចំណេញ ឬ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ​ទាំង​មូល។
ចំពោះ​ការ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​ពលរដ្ឋ ឬ​សាធារណជន​បាន​ដឹង​នោះ ក៏​នៅ​មាន​កម្រិត​ទាប​ដែរ រី​ឯ​ប្រព័ន្ធ​តុលាការ​វិញ ក៏​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ ដែល​មិន​ទាន់​អាច​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន​នៅ​ឡើយ៖ «សព្វថ្ងៃ​នេះ តុលាការ​យើង​ឃើញ​ហើយ រឿង​ចាប់​ឃុំ​ឃាំង​នេះ បើ​យើង​អ្នក​តូច​តាច​ទេ គឺ​ចាប់​គ្រឹបៗ​ដាក់​ឃុំ​ឃាំង​តែ​ម្តង តែ​បើ​អ្នក​ធំ​ច្រើន​តែ​រួច​ខ្លួន ដូច​ជា​ករណី​លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ ហើយ​ក៏​រួច​ខ្លួន​ទៅ​ទៀត អា​ហ្នឹង​មិន​មែន​ជា​នីតិរដ្ឋ​ទេ»
ប្រទេស​ជាតិ​មួយ​ដែល​អាច​អភិវឌ្ឍន៍​ឆាប់​រហ័ស​ទៅ​បាន អាស្រ័យ​ដោយ​មាន​យុត្តិធម៌​សង្គម និង​មាន​អ្នក​ដឹកនាំ​ប្រកាន់​នូវ​នីតិរដ្ឋ។
អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត គឺ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សព្វថ្ងៃ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា កំពុង​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន ដោយ​ដើរ​លើ​ផ្លូវ​នីតិរដ្ឋ ប៉ុន្តែ​ធាតុ​ពិត ពុំ​ទាន់​អាច​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​បាន​ទេ។ លោក​បាន​លើក​ហេតុ​ផល​ខ្លះៗ​មក​បង្ហាញ​ថា អ្វី​ដែល​មិន​ទាន់​អនុវត្ត​តាម​នីតិរដ្ឋ ដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌​មិន​ទាន់​ឯករាជ្យ​ពេញ​លេញ ការ​អនុវត្ត​ច្បាប់​ពុំ​ទាន់​មាន​តម្លាភាព ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៅ​តែ​មាន​អ្នក​ខ្លាំង អ្នក​មាន​អំណាច​គាប​សង្កត់​អ្នក​ទន់​ខ្សោយ នៅ​តែ​មាន​សែស្រឡាយ​បក្ខពួក​និយម ព្រម​ទាំង​មាន​ធាតុ​ផ្សំ​ជាច្រើន​ទៀត ដែល​មិន​ទាន់​អាច​ឲ្យ​ប្រទេស​នេះ​ជា​ប្រទេស​នីតិរដ្ឋ​បាន។
លោក​បណ្ឌិត សុខ ទូច៖ «យើង​ឃើញ​ហើយ​សព្វថ្ងៃ ប្រព័ន្ធ​យុត្តិធម៌ អ្នក​ខ្លះ​ចាប់​ភ្លាម​កាត់​ទោស​ភ្លាម អ្នក​ខ្លះ​ទៅ ទុក​យូរ​ខុស​អាជ្ញាយុកាល ទម្រាំ​មាន​ការ​ផ្ដន្ទាទោស ឬ​មាន​ការ​កាត់​ក្តី​ហ្នឹង រឿង​គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក​អាច​ចេញ​ជា​ចម្លើយ»
បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី ក៏​មន្ត្រី​រដ្ឋាភិបាល​តែង​តែ​បដិសេធន៍​ថា រដ្ឋាភិបាល​ពុំ​បាន​ដាក់​សម្ពាធ​ណា​មួយ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ឬ​តុលាការ​នោះ​ទេ។ តុលាការ​កំពុង​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់ និង​វិជ្ជាជីវៈ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​ពន្យល់​ថា នីតិរដ្ឋ​មិន​អាច​កើត​មាន​ពី​ការ​សុបិន្ដ ឬ​ជា​ការ​ប្រទាន​ពី​ព្រះ​មក​នោះ​ទេ។ នីតិរដ្ឋ គឺ​កើត​ចេញ​ពី​មហា​ជន​របស់​រដ្ឋ​មួយ រួម​ទាំង​ប្រជាជន​ដែល​ស្ថិត​ក្នុង​រង្វង់​រដ្ឋាភិបាល​ដែល​ជា​អ្នក​អនុវត្ត និង​ជា​អ្នក​បង្កើត​ច្បាប់ រហូត​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រតិបត្តិ​ច្បាប់ ដោយ​ពុំ​មាន​អ្នក​ណា​មួយ​ដែល​ឈរ​ពី​ចម្ងាយ​ជា​អ្នក​ចង្អុល​ប្រាប់​ក្រៅ​ពី​អ្នក​ចូល​រួម​នេះ​ទេ។
លោក​បន្ត​ថា ចំពោះ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ថ្មីៗ​នេះ បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ជាច្រើន ជាពិសេស​លើ​ស្ថាប័ន​នៃ​អង្គ​ចៅក្រម៖ «យើង​ឃើញ​យ៉ាង​ហោច​ណាស់​មាន ១៨​ចៅក្រម ដែល​ទើប​តែ​បាន​ចប់​វគ្គ​ហ្វឹកហ្វឺន​ជា​ចៅក្រម​ពាណិជ្ជកម្ម ហើយ​យើង​ឃើញ​មាន​ច្រើន​ត​ទៅ​ទៀត។ ច្បាប់​ដែល​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពីរ ឬ​បី​អាទិត្យ​ទៀត នឹង​ចេញ​មួយ​ទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។ យើង​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាជាតិ​មិន​មាន​តែ​កម្ពុជា ទេ កំពុង​ជួប​បញ្ហា​ក៏​ដូច​យើង​ដែរ ដូច្នេះ​យើង​មិន​រត់​ចោល​បញ្ហា​ទេ យើង​ដោះ​ស្រាយ​តាម​ប្រព័ន្ធ យើង​មិន​ដោះស្រាយ​តាម​ប្រតិកម្ម​បញ្ច្រាស​នឹង​សាច់​រឿង​នោះ​ទេ។ ដូច្នេះ​ការ​ដឹកនាំ​ស្រុក​មួយ​តាម​បែប​នីតិរដ្ឋ គឺ​មាន​ប្រព័ន្ធ​ច្បាប់​សម្រាប់​ទទួល​គ្រប់គ្រង​នៅ​ក្នុង​ការ​ដោះស្រាយ​នេះ​ឯង»
តែ​ទោះ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា នៅ​ក្នុង​សង្គម​មនុស្ស​គ្មាន​ប្រទេស​ណា​មាន​នីតិរដ្ឋ​ពេញ​លេញ​ទេ រាប់​ទាំង​កម្ពុជា ផង ពីព្រោះ​សេចក្តី​ត្រូវ​ការ​របស់​សង្គម​នោះ​ទេ ដែល​បង្ហាញ​ថា​គេ​កំពុង​ត្រូវ​ការ​អ្វី​ខ្លះ។
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ យល់​ឃើញ​ថា ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់​ជា​រឿង​មួយ ប៉ុន្តែ​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ ដើម្បី​ឲ្យ​ប្រទេស​មួយ​មាន​នីតិរដ្ឋ។ លោក​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​សព្វថ្ងៃ​កំពុង​មាន​ភាព​ច្របូកច្របល់​គ្នា​រវាង​គណបក្ស និង​រដ្ឋាភិបាល រហូត​ដល់​តួនាទី​របស់​មន្ត្រី​រាជការ។ មន្ត្រី​រាជការ​តាំង​ពី​ថ្នាក់​លើ​ដល់​ក្រោម ភាគ​ច្រើន​បាន​ចូល​ជា​បក្ខជន​របស់​គណបក្ស​នយោបាយ ហើយ​បាន​បម្រើ​បក្ស​នយោបាយ​ជាង​បម្រើ​ប្រជាពលរដ្ឋ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «សព្វថ្ងៃ​នេះ​ដូច​ជា​បម្រើ​ផល​ប្រយោជន៍​បក្ស​ប្រព័ន្ធ​រដ្ឋបាល​ហ្នឹង​ជា​ប្រព័ន្ធ​ត្រួតត្រា​ប្រជាពលរដ្ឋ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ថ្នាក់​ភូមិ​អី​អ៊ីចឹង រួច​តុលាការ​ដូច​គេ​និយាយ​ច្រើន​ហើយ គឺ​ប្រើ​ជា​ឧបករណ៍​គាប​សង្កត់​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ណា​ដែល​ប្រឆាំង ឬ​ទិតៀន​អី​អ៊ីចឹង​ទៅ»
ទាក់​ទង​នឹង​បញ្ហា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ក៏​បាន​សរសេរ​លំអិត​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០១២ ថា កម្ពុជា កំពុង​ធ្លាក់​ចុះ​នូវ​ការ​គោរព​ច្បាប់ និង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ។
អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ដែរ​ថា កម្ពុជា នៅ​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ទាញ​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ពេញ​លេញ ពីព្រោះ​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន ដូច​ជា​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តុលាការ​ជាដើម ដែល​ជា​សសរ​ទ្រូង​ច្រូង​ឲ្យ​នីតិរដ្ឋ​ងើប​ឡើង​បាន​នោះ ពុំ​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ជំនាញ​ឲ្យ​ខ្លាំង និង​ឈរ​ឯករាជ្យ​ដោយ​ខ្លួន​ឯង​បាន​នៅ​ឡើយ។
ម្យ៉ាង​ទៀត សិទ្ធិ​សេរីភាព និង​សមត្ថភាព ចំណេះ​ដឹង ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ការ​តវ៉ា​តាំង​តស៊ូ​មតិ​ប្រឆាំង​ទៅ​នឹង​សកម្មភាព​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​នេះ៕

No comments:

Post a Comment

yes