លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ FM 105 Mhz ពេលនាំឡើងសាលាឧទ្ធរណ៍
ថ្ងៃនេះជាទិវាវិទ្យុពិភពលោក។ អង្គការសហប្រជាជាតិ បាន សម្រេចនៅក្នុងឆ្នាំ២០១១ ស្តីពីការជំរុញលើកកម្ពស់វិទ្យុជាវិធីសាស្រ្តសម្រាប់ ផ្សព្វផ្សាយព័ត៌មាននិងបញ្ចេញមតិយោបល់ដើម្បីធ្វើឲ្យប្រសើរ ឡើងនូវកិច្ចសហប្រតិបត្តិការ ក្នុងចំណោមអ្នកផ្សព្វផ្សាយព័ត៌មាន និងដើម្បីជំរុញឲ្យមានបណ្តាញធំៗ និងស្ថានីយវិទ្យុតាមសហគមន៍ ក៏ដូចជា ដើម្បីជំរុញឲ្យមានលទ្ធភាពទទួលបានព័ត៌មាននិងសេរីភាពនៃការ បញ្ចេញមតិតាមរយៈ រលកធាតុអាកាស។
វិទ្យុ គឺជាឧបករណ៍ប្រាស្រ័យទាក់ទងដ៏សំខាន់មួយនៅកម្ពុជា ពីព្រោះថា ស្ទើរតែ៤០ភាគរយនៃបុរសនិងស្រ្តី ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៤៩ឆ្នាំ បានស្តាប់វិទ្យុជារៀងរាល់សប្តាហ៍។
នៅតំបន់ជនបទ វិទ្យុគឺជាឧបករណ៍តែមួយគត់ដែលអាចផ្សព្វផ្សាយព័ត៌មាន សំខាន់ៗ បានយ៉ាងលឿនអំពីបញ្ហាសង្គម ឬការត្រៀមខ្លួនសម្រាប់គ្រោះធម្មជាតិ ជាដើម។
ប្រជាជនកម្ពុជាមួយចំនួនធំរស់នៅក្នុងតំបន់ជនបទ ហើយពួកគេមិនមានលទ្ធភាពមើលទូរទស្សន៍ និងអានកាសែត។
បើទោះ ជាលទ្ធភាពនៃការប្រើអ៊ីនធឺណិត និងការប្រើទូរស័ព្ទទទួលបានជោគជ័យដោយមានភាពទូលំទូលាយក៏ដោយ ក៏វិទ្យុនៅជាឧបករណ៍ដែលអាចកើតមាននៅគ្រប់ទីកន្លែង ប្រជាជនអាចរកទិញបាន និងជាឧបករណ៍ដែលមានលក្ខណៈបត់បែន។ នេះហើយជាហេតុផលដែលបង្ហាញពីតួនាទីវិទ្យុនៅក្នុងសង្គម បច្ចុប្បន្ននេះ ហើយដែលកំពុងស្ថិតក្រោមសម្ពាធត្រួតពិនិត្យយ៉ាងដិតដល់។
នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៣របស់ ខ្លួន អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានថ្លែងថា ស្ថានភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានាពេល ឥឡូវនេះមានលក្ខណៈធ្ងន់ធ្ងរ។
ដែលការថ្លែងនេះ គឺដោយសារតែគោលនយោបាយនៃការត្រួតពិនិត្យរៀបចំឡើងដោយរាជ រដ្ឋាភិបាល និងការវាយប្រហារដែលបានបណ្តាលឲ្យស្លាប់ និងការគំរាមកំហែង សម្លាប់ ធ្វើឡើងទៅលើអ្នកកាសែតណា ដែលហ៊ានបង្ហាញព័ត៌មានអំពីសកម្មភាពខុសច្បាប់ និងអំពើពុករលួយរបស់រាជរដ្ឋាភិបាល។
ការដាក់ពន្ធនាគារ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យ និងការសម្លាប់លោក ហង្ស សេរីឧត្តម ដែលជាអ្នកកាសែតធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ របស់មន្រ្តីមូលដ្ឋាន គឺជាការផ្តល់នូវឧទាហរណ៍ដ៏គួរឲ្យភ័យខ្លាចមួយចំនួនតូច។
ក្នុងចំណោមស្ថានីយវិទ្យុចំនួន១២០ក្នុងប្រទេសកម្ពុជា មានតែវិទ្យុចំនួនបួនតែប៉ុណ្ណោះ ដែលបដិសេធមិនព្រមស្ថិតនៅក្រោមការបញ្ជារបស់អាជ្ញាធរ ហើយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) គឺជាស្ថានីយវិទ្យុក្នុងស្រុកតែមួយ ដែលបាននិងកំពង់ផ្សព្វផ្សាយព័ត៌មានមិនលម្អៀង។
ប៉ុន្តែ VOD ទទួលរងបញ្ហាប្រឈមជាប់ជានិច្ច។ វិទ្យុនេះត្រូវបានស្នើជាដដែលៗ ដោយមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដកអត្ថបទមួយចេញ ពីគេហទំព័ររបស់ខ្លួន ពាក់ព័ន្ធនឹងការដួលសន្លប់របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។
ចំពោះលទ្ធិប្រជាធិបតេយ្យ វាគ្មានអ្វីសំខាន់ជាងការធានាឲ្យមាននូវប្រព័ន្ធផ្សព្វផ្សាយដែល សេរី និងឯករាជ្យនោះទេ។
នៅក្នុងលទ្ធិប្រជាធិបតេយ្យដែលកំពុងតែដំណើរការ សេរីភាពសារព័ត៌មានមិនមែនជាបុព្វសិទ្ធិ តែវាជាភាពចាំបាច់ ប៉ុន្តែការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានលក្ខណៈតែមួយ វាជាបញ្ហា។ នេះនឹងនាំឲ្យសាធារណជន ទទួលបានព័ត៌មានតិចតួច។
ការបង្កើតឲ្យមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយច្រើន វាធ្វើឲ្យមានសំឡេងច្រើន ប៉ុន្តែ ការព្យាយាមប្រមូលភាពជាកម្មសិទ្ធិទៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយរាជរដ្ឋាភិបាល ឬសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងសហគមន៍ពាណិជ្ជកម្ម គឺជាស្ថានភាពមិនល្អទេ សម្រាប់សេរីភាពនៃការបញ្ចេញមតិ ឬទស្សនវិស័យល្អមួយសម្រាប់អនាគត។
នេះហើយជាហេតុផលដែល តួនាទីរបស់វិទ្យុ VOD និងវិទ្យុនានាក្នុងប្រទេសកម្ពុជាមានលក្ខណៈសំខាន់។ វិទ្យុ VOD គឺមានលក្ខណពិសេសត្រង់ថា វាឯករាជ្យ ហើយនិងមានការទទួលស្គាល់នូវគុណភាពចំពោះកម្មវិធីសាធារណៈរបស់ ខ្លួន។
វាបម្រើជាឧបករណ៍មួយដែរសម្រាប់ការសួរជា សំណួរនៅក្នុងសង្គម និងជាមធ្យោបាយសម្រាប់បង្ហាញពីវប្បធម៌ និងកម្មវិធីកម្សាន្តផ្សេងៗ ការប្រមូល ការអភិរក្ស ការលើកកម្ពស់កេរដំណែលតន្រ្តី និងការប្រមូលព័ត៌មានស្តីអំពីបញ្ហាសង្គម ក៏ដូចជាមធ្យោបាយសម្រាប់ការបណ្តុះបណ្តាលហើយនិងផ្ទេរចំណេះ ដឹងនិងបច្ចេកវិទ្យា។
VOD វាក៏ជាភ្នាក់ងារមួយដើម្បីជួយឲ្យមានការផ្លាស់ប្តូរនៅក្នុង សង្គមផងដែរ និងជាច្រកសម្រាប់បង្ហាញព័ត៌មាន និងមតិយោបល់ ហើយវាក៏ជាឧបករណ៍សម្រាប់គ្រប់គ្រងរាល់បញ្ហាជម្លោះ និងដំណោះស្រាយ។
VOD និងនៅជាដៃគូប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់ខ្លួន ផ្តល់នូវលទ្ធភាព ក្នុងការពុះពារជម្នះភាពខ្វះខាត ជាមួយនឹងស្ថានភាពលម្អៀងផ្នែកនយោបាយ និងស្ថានភាពដទៃៗទៀត។
លក្ខណៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយបែបលទ្ធិប្រជាធិបតេយ្យគឺថា វាជួយបង្កើតឲ្យមានលទ្ធភាពបង្ហាញព័ត៌មានបានយ៉ាងល្អដល់ សាធារណជន។
យោងតាម គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា វិទ្យុ VOD គឺជាវិទ្យុព័ត៌មានជាតិមួយ ដែលផ្តល់ការផ្សព្វផ្សាយព័ត៌មានឯករាជ្យពិតៗ ចំពោះការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ ដោយធ្វើឲ្យប្រជាជនអាចស្តាប់បាននូវរាល់ទស្សនៈផ្សេងៗ តាំងពីតំណាងរាស្ត្រ មន្ត្រីរាជរដ្ឋាភិបាល តំណាងគណបក្សប្រឆាំង ព្រមទាំងទស្សនៈពីស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។
យើងមានបំណងបន្តការផ្តល់សេវាដ៏សំខាន់នេះតទៅទៀត នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដានាពេលខាងមុខ។
វិទ្យុ ជាឧបករណ៍ចំណាយតិចតួច និងល្អសម្រាប់សហគមន៍ដាច់ស្រយាលនិងប្រជាជនដែលងាយរងគ្រោះ ដូចជា អ្នកមិនចេះអក្សរ ជនពិការ ក្រុមប្រជាជនក្រីក្រ និងជនជាតិដើមភាគតិច នៅតាមទីតំបន់ជនបទ ដើម្បីឲ្យទទួលបានព័ត៌មាន។
ម្យ៉ាង វាក៏ផ្តល់ឲ្យប្រជាជនទាំងនេះនូវវេទិកាដើម្បីអន្តរាគមន៍នៅ ក្នុងការពិភាក្សាវែកញែកជាសាធារណៈ ដោយមិនគិតពីវណ្ណៈក្នុងសង្គម ពីទ្រព្យសម្បត្តិ ហើយនិងពីកម្រិតចំណេះដឹងឡើយ។
តាមរយៈកម្មវិធីទូរស័ព្ទចូល កម្មវិធីផ្សាយផ្ទាល់ ការពិភាក្សាបញ្ហាសហគមន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីវេទិកាសហគមន៍ វិទ្យុ VOD លើកកម្ពស់ការផ្លាស់ប្តូររាល់គំនិតយោបល់និងទស្សនៈផ្សេងៗ និងនាំឲ្យប្រជាជនពីកន្លែងផ្សេងៗមកជុំគ្នា ឬកាន់តែមកខិតជិតគ្នា និងជំរុញឲ្យមានការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់តម្លៃនៃចំណេះដឹងរបស់ប្រជាជនមូលដ្ឋាន។
ដូចនេះ «មានតែវិទ្យុទេ ដែលមានអំណាចធ្វើបែបនេះបាន នៅក្នុងប្រទេសកម្ពុជា»។
ដើម្បី រំឭកទិវាវិទ្យុពិភពលោក ការិយាល័យនៅរាជធានីភ្នំពេញរបស់អង្គការយូណេស្កូ (UNESCO) កំពុងសហការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកម្មវិធីវិទ្យុសហគមន៍ UNESCO នៅក្នុងខេត្តរតនគិរី ដើម្បីផលិតកម្មវិធីកម្មវិធីបង្ហាញទស្សនៈនិងគំនិតយោបល់ តាមរយៈការទូរស័ព្ទចូលរួមបញ្ចេញមតិ។
កម្មវិធីនេះនឹងចាក់ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ពីម៉ោង១៦:០០ ដល់១៧:០០ តាមរលកធាតុអាកាសវិទ្យុសារិកា FM 106.5Mhz ក្នុងរាជធានីភ្នំពេញ និងវិទ្យុសារិកា FM 95.5 Mhz ក្នុងខេត្តសៀមរាប៕
No comments:
Post a Comment
yes