សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 12, 2013

កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅ​តាខ្មៅបិទផ្លូវ​លេខ​២១អាជ្ញាធរ​មិន​ខ្វល់ខ្វាយ​

ភ្នំពេញ: ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា ទី​១ និង​យ៉ុង​វ៉ា ទី​២ នៅ​តាខ្មៅ ខេត្ត​កណ្តាល  រហូតមកដល់​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១២​កុម្ភៈ ឆ្នាំ​២០១៣ នៅតែ​បន្ត​ធ្វើ​កូដកម្ម ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ ទៅកាន់​ផ្ទះ​សម្តេច ហ៊ុន សែន នៅ​តាំងក្រសាំង​។ កូដកម្ម បិទផ្លូវ​នោះ ត្រូវបាន​ធ្វើឡើង ចាប់​តាំងពី​ព្រឹក​ម៉ោង ៦ និង ៣០ នាទី ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ ឬ​ក៏​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ ចូលខ្លួន​មក​សម្របសម្រួល​ឡើយ​។​

​អ្នកស្រី ចាន់ ដា​នី តំណាង​កម្មករ​តវ៉ា នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា ២ បានឲ្យដឹងថា មក​ដល់​ម៉ោង ២ និង ៣០ នាទី កម្មករ​នៅ​តែ​បន្ត​បិទផ្លូវ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ ចេញ​មុខ សម្របសម្រួល ដោះស្រាយ​ជាមួយនឹង​ថៅកែ​រោងចក្រ​កាត់ដេរ ដែល​បាន​រត់ចោល​រោងចក្រ ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១២​។​


​ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា C.CAWDU ដែល​បាន​តាម​ឃ្លាំមើល​កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា បានឲ្យដឹងថា ក្រុម​កម្មករ​ជាង ៧០០០ នាក់ នៅ​រោងចក្រ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ បាន​ផ្ទុះ​ការតវ៉ា ដោយ​ឈរ​បិទផ្លូវ ដើម្បី​ទទូច​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ បើក​ប្រាក់ខែ នៅ​ខែ​មករា ព្រោះ​មកដល់​ថ្ងៃទី​១២​កុម្ភៈ​នេះ កម្មករ​មិន​ទទួលបាន​ប្រាក់ខែ ស្របពេល​នឹង​ឮ​ដំណឹង​ថា រោងចក្រ​យ៉ុង​វ៉ា បិទទ្វារ លែង​ដំណើរការ​។ ម្យ៉ាងទៀត ក្នុង​ខែ​មករា​កន្លងមក កម្មករ​មិន​មាន​ការងារ​អ្វី​ធ្វើ​ទេ​។ ដូច្នេះ​កម្មករ ទទូច​សុំឲ្យ​រដ្ឋាភិបាល មេត្តា​គិតគូ​ដល់​កម្មករ ដោយ​ដក​ប្រាក់​តម្កល់ ដែល​ថៅកែ​រោងចក្រ​យ៉ុង​វ៉ា បានដាក់​មុនពេល​បើក​អាជីវកម្ម​នោះ មក​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​។ 

​លោក អាត់ ធន់ ក៏​បាន​បន្ថែមថា ក្រុមកម្មករ ក៏​បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការខេត្ត​កណ្តាល ឲ្យចេញ​ដី​ការក្សា​ការពារ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន ដឹក​សំភារៈ​រោងចក្រ​ចេញ មុន​ពេល​ដោះស្រាយ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​។​

​ជា​ការកត់សម្គាល់ ក្នុង​ដើមឆ្នាំ​២០១៣​នេះ កូដកម្ម​របស់​កម្មក​រ​កាត់ដេរ ហាក់ដូចជា​ផ្ទុះឡើង​ច្រើន​កន្លែង នៅ​ទូទាំង​។ កម្មករ ទាមទារ​លក្ខខណ្ឌ​ការងារ និង​ជា​ពិសេស​ទាមទារ​តម្លើង​ប្រាក់ខែ ដែល​សព្វ​ថ្ងៃ​ទទួល​បាន​ត្រឹមតែ ប្រាក់ខែ​គោល ៦១ ដុល្លារ​។​

​កិច្ចប្រជុំ​ចរចា​រឿង​តម្លើង​ប្រាក់ខែ​កម្មករ នឹង​ធ្វើឡើង​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ ឆ្នាំ​២០១៣ រវាង​សមាគម​ថៅកែ​រោងចក្រ សហជីព​កម្មករ និង​តំណាង​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ​៕​

No comments:

Post a Comment

yes