សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​កម្ពុជា​បញ្ឈប់​ការ​ហាម​ប្រាម​មេធាវី​បញ្ចេញ​មតិ

Photo courtesy of Human Rights Watch
លោក ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​យូមិនរ៉ៃវ៉ាច់ (
Human Rights Watch) ខាង​អាស៊ី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមិនរ៉ៃវាច់ (Human Rights Watch) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ រិះគន់​សេចក្តី​ណែនាំ​របស់​គណៈ​មេធាវី ឲ្យ​មេធាវី​ត្រូវ​សុំ​អនុញ្ញាត​ជា​មុន នៅ​ពេល​ទៅ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យូមិនរ៉ៃវាច់ បាន​ហៅ​ការ​ហាម​ប្រាម​នោះ​ថា ជា​សកម្មភាព​ប្រឆាំង​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមិនរ៉ៃវាច់ បាន​អំពាវនាវ​មួយ​នៅ​ថ្ងៃ​ទី១១ កុម្ភៈ ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណៈ​មេធាវី ឲ្យ​បញ្ឈប់​ការ​ខិតខំ​ហាម​ប្រាម​មេធាវី​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។
អង្គការ​យូមិនរ៉ៃវាច់ បាន​ហៅ​សេចក្តី​ណែនាំ​របស់​គណៈ​មេធាវី ចំពោះ​មេធាវី​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​មុន ថា​ជា​ការ​ប្រឆាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​មាន​បំណង​រារាំង​ការ​រិះគន់​នានា​ចំពោះ​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ ការ​ប្រឹងប្រែង​នោះ ជា​ការ​ខិតខំ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​គោល​ដៅ​ត្រួតត្រា​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​មាន​វិជ្ជាជីវៈ​ច្បាប់។

លោក ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​យូមិនរ៉ៃវ៉ាច់ ខាង​អាស៊ី បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ធ្វើ​ការ​គាប​សង្កត់​ឲ្យ​បាន​លឿន និង​ជា​សាធារណៈ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ហាម​ប្រាម​នេះ ដើម្បី​បញ្ឈប់​សកម្មភាព​ប្រឆាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ។
លោក ប្រែដ អាដាម៖ «រដ្ឋាភិបាល​ចាត់​ទុក​អ្នក​រិះគន់ ដូច​ជា​សត្រូវ​របស់​រដ្ឋ។ ប៉ុន្តែ ដើម្បី​បង្ហាញ​រឿង​ទាំង​ឡាយ​ឲ្យ​បាន​ច្បាស់​លាស់ អ្នក​ច្បាប់​តែង​តែ​ត្រូវ​ការ​និយាយ​ប្រឆាំង​ជាមួយ​គោលការណ៍​របស់​រដ្ឋាភិបាល និង​ការ​អនុវត្ត​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ របៀបរបប​ត្រួត​ពិនិត្យ​ថ្មី​របស់​រដ្ឋាភិបាល និង​គណៈ​មេធាវី គឺ​ជា​ការ​ប៉ុនប៉ង​ចុក​មាត់​អ្នក​មាន​វិជ្ជាជីវៈ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល»
សេចក្ដី​ថ្លែងការណ៍​នោះ បាន​សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល ចំណាយ​ប្រាក់​យ៉ាង​ច្រើន ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា កន្លង​មក ឆ្ពោះ​ទៅ​កាន់​ប្រទេស​មួយ​ឯករាជ្យ និង​នីតិរដ្ឋ ត្រូវ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ច្បាស់ៗ តប​ត​រដ្ឋាភិបាល​ដែល​គំនាប​លើ​មេធាវី​ដូច្នេះ ដែល​របាយការណ៍​នោះ​បញ្ជាក់​ថា ទង្វើ​របស់​រដ្ឋាភិបាល​នេះ មិន​អាច​ទទួល​យក​បាន។
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា លោក ប៊ុន ហុន ជា​ប្រធាន​គណៈ​មេធាវី​កន្លង​មក បាន​ទទួល​ការ​តែង​តាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។
ប្រតិកម្ម​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមិនរ៉ៃវាច់ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា សេចក្តី​ថ្លែងការណ៍​នោះ​មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល និង​គ្មាន​វិជ្ជាជីវៈ​ទេ។
លោក ផៃ ស៊ីផាន៖ «ការ​លើក​ឡើង​របស់​អង្គការ​នេះ គឺ​ការ​យល់​ដឹង​អំពី​អ្វី​ហៅ​ថា គណៈ​មេធាវី​កម្ពុជា គេ​មាន​ក្រម​សីលធម៌ គឺ​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គេ ហើយ​គ្មាន​អ្វី​ទាក់​ទង​ជាមួយ​រាជ​រដ្ឋាភិបាល​ទាល់​តែ​សោះ ព្រោះ​ជា​អង្គការ​មួយ​ឯករាជ្យ និង​វិជ្ជាជីវៈ។ សេចក្តី​ថ្លែងការណ៍​នោះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ មើល​មិន​គ្រប់​ជ្រុង​ជ្រោយ»
ចំណែក​លោក​មេធាវី យឹម សារី អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ថា គោល​ដៅ​របស់​គណៈ​មេធាវី​ក្នុង​ការ​ណែនាំ​ឲ្យ​មេធាវី​សុំ​ការ​អនុញ្ញាត​មុន​ពេល​ជួប ឬ​ទទួល​ធ្វើ​ជា​វាគ្មិន​បកស្រាយ​ខ្លឹមសារ​ច្បាប់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ចង់​ឲ្យ​ការ​បកស្រាយ​ច្បាប់​ទាំង​ឡាយ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ខ្លឹមសារ​ច្បាស់​លាស់។
លោក​មេធាវី យឹម សារី៖ «គណៈ​មេធាវី​យល់​ឃើញ​ថា បើ​វិទ្យុ ទូរទស្សន៍ ចង់​អញ្ជើញ​មេធាវី​ឲ្យ​ទៅ​ផ្តល់​យោបល់​ផ្នែក​ណា​មួយ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី។ ហើយ​គណៈ​មេធាវី​មិន​បដិសេធ ហើយ​មិន​ចាត់​តាំង​ទេ គឺ​ឲ្យ​តែ​មាន​ជូន​ដំណឹង​មក ហើយ​ស្នើសុំ​ចាត់​តាំង​មេធាវី​មក​គណៈ​មេធាវី និង​ផ្តល់​មេធាវី​តាម​សំណូម​ពរ»
កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ កន្លង​ទៅ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ណែនាំ​ទៅ​បណ្ដា​អ្នក​ដឹកនាំ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ កាសែត ក្នុង​ស្រុក​ថា រាល់​ការ​អញ្ជើញ​មេធាវី​មក​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​របស់​ស្ថានីយ​ខ្លួន ត្រូវ​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី ដើម្បី​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​មាត្រា​១៥ នៃ​ក្រម​សីលធម៌​របស់​គណៈ​មេធាវី​កម្ពុជា។
មាត្រា​១៥​នៃ​ក្រម​សីលធម៌​គណៈ​មេធាវី ចែង​អំពី​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​នៃ​មេធាវី។ គ្រប់​អន្តរាគមន៍​សាធារណៈ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​របស់​មេធាវី ក្នុង​ឋានៈ​ខ្លួន​ជា​មេធាវី និង​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​តែ​ក្នុង​ក្របខណ្ឌ​នៃ​ការ​គោរព​ដោយ​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​នៃ​វិជ្ជាជីវៈ។ អន្តរាគមន៍​បែប​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត។ ប្រធាន​គណៈ​មេធាវី ត្រូវ​តែ​បាន​ទទួល​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន​ក្នុង​រឿង​នេះ លើក​លែង​តែ​ពុំ​មាន​លទ្ធភាព។
កាល​ពី​ថ្ងៃ​ទី៣១ មករា កន្លង​ទៅ គណៈ​មេធាវី​បាន​ចេញ​ផ្សាយ​លិខិត​ព្រមាន​មួយ​ច្បាប់​ទៅ​លើ​លោក​មេធាវី គួយ ធុនណា ចំពោះ​សកម្មភាព​ផ្តល់​បទ​សម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​នៅ​តាម​ទំព័រ​សារព័ត៌មាន ដែល​បាន​រំលោភ​លើ​មាត្រា​១៥ នៃ​ក្រម​សីលធម៌​មេធាវី។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី បាន​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ទៅ លោក​មេធាវី​មិន​ត្រូវ​ផ្តល់​បទ​សម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មេធាវី នៅ​តាម​បណ្ដាញ​សារព័ត៌មាន​នានា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​ឡើយ៕

No comments:

Post a Comment

yes