រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ដែនព្រៃលិចទឹកនៅជុំវិញទឹកបឹងទន្លេសាប ជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ ក្នុងនោះ ដីនៅតំបន់៣ រដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានយកដីបង្កបង្កើនផលនោះឡើយ ប៉ុន្តែនៅខេត្តបាត់ដំបង មានសេចក្ដីរាយការណ៍ថា ដីព្រៃស្ថិតនៅតំបន់បីនោះកំពុងរងការកាប់បំផ្លាញ។
សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី បានអះអាងថា ដីព្រៃលិចទឹកក្នុងតំបន់បីជាច្រើនហិកតារ រងការកាប់បំផ្លាញដើម្បីយកដីបង្កបង្កើនផល។ ទីតាំងដីនោះ ស្ថិតនៅភូមិព្រែកទ្រព្យ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មន្ត្រីគណបក្សប្រឆាំងបានចោទថា អ្នកនៅពីក្រោយខ្នងនៃការកាប់រានដីព្រៃដែលរដ្ឋហាមឃាត់នេះ មានជាប់ទាក់ទងទៅនឹងអាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រែកទ្រព្យ។
ជំទប់ទី២ ឃុំព្រែកនរិន្ទ លោក យៀប រ៉ុត បានថ្លែងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ការកាប់រានដីព្រៃលិចទឹកនោះមានប្រហែលជា ២គីឡូម៉ែត្រ។ ករណីនេះ គេបារម្ភថានឹងមានផលប៉ះពាល់ដល់ដែនជម្រករបស់មច្ឆាជាតិកាន់តែខ្លាំងឡើង៖ «ដីនោះគេចែកជាតំបន់មួយ តំបន់ពីរ តំបន់បី ដីនោះវានៅក្នុងតំបន់បី វាច្រើន។ គេថាប្រជាជនអ្នកកាប់ ប៉ុន្តែអាហ្នឹងគេគ្រាន់តែយកធ្វើជារបាំងទេ មានប្រជាជនចុះទៅកាប់អីដល់ប៉ុណ្ណឹងទេ ព្រោះកាប់ប៉ុណ្ណឹងដឹងប៉ុណ្ណឹង គេចាប់យកមកធ្វើកិច្ចសន្យា ប៉ុន្តែអានេះអត់ទេ ព្រោះមានការ ព្រោះមេឃុំគេចង់ធ្វើបានដីហ្នឹង»។
លោកបន្តថា បច្ចុប្បន្នដីនៅតំបន់បីនោះ កន្លែងខ្លះមានការដាំដុះដំណាំ និងកន្លែងខ្លះកំពុងរៀបចំធ្វើជាបន្តទៀត។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំព្រែកនរិន្ទ លោក សេង យី បានថ្លែងថា ដីនៅតំបន់នោះពុំមានការកាប់រានថ្មីនោះទេ។ លោកថា ដីនៅក្នុងតំបន់បីមានប្រជាពលរដ្ឋជាង ១០០គ្រួសារជាអ្នកធ្លាប់បានកាប់រាននៅលើដីនៅតំបន់បីនោះតាំងពីឆ្នាំមុន៖«គណបក្សប្រឆាំងគេអត់មានរឿងអីធ្វើ ហើយគេយកអ្នកកាសែត អ្នកសារព័ត៌មានទៅថត សូម្បីតែប្រជាពលរដ្ឋកំពុងបាញ់ថ្នាំស្តែក ក៏គាត់ទៅថតថាអាហ្នឹងកាប់រានដីថ្មី អាមួយវាស្មៅ អាមួយវាព្រៃ ដីហ្នឹងគេធ្វើបាន ៧ខែទេ ដល់ខែ៦ ខែ៧ ទឹកលិចហើយ គេទុកចោលដល់ទឹកស្រកទៅវិញបានគេត្រាយស្មៅទុកចោលដុះស្មៅហើយ»។
ទោះជាមានការបកស្រាយដូច្នេះក៏ដោយ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋ បានអះអាងថា សហគមន៍ព្រែកទ្រព្យ និងអាជ្ញាធរភូមិ ឃុំ មានជាប់ពាក់ព័ន្ធនៅក្នុងការកាប់បំផ្លាញដីព្រៃលិចទឹកនៅតំបន់បីនោះ។
ពួកគេបានអះអាងថា មានប្រជាពលរដ្ឋដែលពុំជាបក្ខពួករបស់សហគមន៍ព្រែកទ្រព្យ និងជាអ្នកមិនត្រូវជាមួយអាជ្ញាធរមូលដ្ឋាននោះ បាននាំគ្នាចូលទៅកាប់ដែរ តែត្រូវគេចាប់ខ្លួន៖ «ខ្ញុំបានចុះទៅមើលផ្ទាល់ ថតមានឯកសារអីត្រឹមត្រូវ ឃើញកាប់រំលោភទៅមែន ២០ ទៅ ៣០ហិកតារ ចូលព្រៃលិចទឹក តំបន់ហាមឃាត់ដែលរដ្ឋាភិបាលបានហាម ហើយពួកហ្នឹងនៅពេលដឹងថាខ្ញុំចុះទៅអ៊ីចឹង គាត់មានផែនការហៅប្រជាជនព្រែកទ្រព្យហ្នឹង ទៅឲ្យផ្ដិតមេដៃ។ ចំនួនអ្នកកាប់នោះមាន ១៥នាក់ ភាគច្រើនជាសហគមន៍ ជាអ្នកដឹងសាច់រឿង។ អ៊ីចឹងហើយគាត់ហៅប្រជាជនទាំងអស់ហ្នឹងចំនួនជិត ១០០គ្រួសារ សព្វថ្ងៃទៅផ្ដិតមេដៃដើម្បីសុំកាត់ដីហ្នឹង។ អានេះជាវិធីមួយដើម្បីឲ្យខ្ញុំចាលច្រកថា ខ្ញុំធ្វើយ៉ាងម៉េច បើប្រជាជនភាគច្រើនដល់ទៅ ១០០គ្រួសារទៅហើយ គេសុំកាប់ដីហ្នឹង ផ្ដិតមេដៃសុំដីហ្នឹងធ្វើកសិកម្ម»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទង លោក រ៉ាយ ណម ប្រធានសហគមន៍ព្រែកទ្រព្យ ដើម្បីសួរបញ្ជាក់បន្ថែមជុំវិញបញ្ហានេះទេ។ ចំណែកឯមន្ត្រីនៃរដ្ឋបាលជលផលបាត់ដំបង ក៏មិនអាចទាក់ទងបានដូចគ្នា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ដែនព្រៃលិចទឹកនៅជុំវិញទឹកបឹងទន្លេសាប ជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ ដីនៅក្នុងតំបន់១ រដ្ឋអាចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋធ្វើជាម្ចាស់។ ដីនៅតំបន់២ រដ្ឋអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កបង្កើនផលបាន ប៉ុន្តែមិនអាចចេញប័ណ្ណកម្មសិទ្ធិឲ្យនោះទេ។ ចំណែកដីនៅតំបន់៣ រដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានទៀតនោះឡើយ៕
No comments:
Post a Comment
yes