សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 2, 2013

អ្នក​ទោស​ថា​ការ​លើក​លែង​ទោស​​​មិន​ប្រក្រតី

130131_02
អ្នក​ទោស​នៅ​ពន្ធ​នា​គារ ​និង​កូន​ៗ​របស់​ពួក​គេ នៅ​ក្នុង​ពិធី​មួយ​ កាល​ពី​ពេល​កន្លង​មក​

ភ្នំពេញៈ ស្រ្តី​ជា​ទណ្ឌិត ដែល​ផ្ទុក​មេរោគ​អេដស៍ និង​មាន​ជំងឺ​រ៉ាំរ៉ៃ នៅ​ពន្ធនាគារ​ព្រៃស​ប្រមាណ​៤៥ នាក់ បាន​ទទូច​ទាមទារ​រក​យុត្តិធម៌ ដោយ​ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ព្រៃស​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស ដល់​ទណ្ឌិត​ខ្លះ​ខណៈ​រដ្ឋាភិបាល គ្រោង​នឹង​ធ្វើ​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​ ដល់​ទណ្ឌិត​នៅ​ទូទាំង​ប្រទេស​ចំនួន​៤៩៦ នាក់ នៅ​ក្នុង​ព្រះ​រាជ​ពិធី ថ្វាយ​ព្រះ​ភ្លើង​ សម្តេច​ឪ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។
ស្ត្រី ចំនួន​១២ នាក់ ដែល​បាន​ទូរស័ព្ទ​ទាំង​យប់​ទាំង​ថ្ងៃ មក​កាន់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ប្រាប់​ថា ពួក​គេ​គឺជា​ទណ្ឌិត ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស បាន​អះអាង​ដូចៗ​គ្នា ដោយ​ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​ការ​ស្រង់​ឈ្មោះ​ទណ្ឌិត ដែល​ត្រូវ​ដោះ​លែង និង​បន្ធូរ​បន្ថយ​ទោស​ដោយ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​សេចក្តី​ប្រកាស​ របស់​រដ្ឋាភិបាល​។​
អ្នក​ទូរស័ព្ទ​មក​ ដែល​សុទ្ធ​តែ​បដិសេធ សុំ​មិន​បញ្ចេញ​ឈ្មោះ​ទាំង​នោះ​បាន​អះអាង​ថា អ្នក​ទោស​ដែល​មាន​ឈ្មោះ​ត្រូវ​ដោះ​លែង​ឬ​បន្ធូរ​បន្ថយ​ទោស​គឺ​ត្រូវ​បង់​ ប្រាក់​ចាប់ពី​១៥០០ ទៅ​ ២០០០​ដុល្លារ​ឲ្យ​ទៅ​មន្ត្រី​ពន្ធនាគារ។ ចំណែក​ពួក​គាត់​ចំនួន​៤៥ នាក់ ដែល​សុទ្ធ​តែ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ត្រូវ​ដោះ​លែង មិន​មាន​ឈ្មោះ​ ក្នុង​បញ្ជី​ត្រូវ​ដោះ​លែង ឬ​បន្ធូរ​បន្ថយ​ទោស​នោះ​ទេ ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់។
ថ្លែង​តាម​ទូរស័ព្ទ ចេញ​ពី​ពន្ធនាគារ​ព្រៃ ស មណ្ឌល​អប់រំ និងកែ​ប្រែ​ទី​២​ស្ត្រី​ទណ្ឌិត​ផ្ទុក​មេរោគ​អេដស៍ ដែល​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៩ ឆ្នាំ​មក​ហើយ ក្នុង​ចំនួន​ទោស​​សរុប​៩ឆ្នាំ​៦ខែ​បាន​និយាយ​ថា កាល​ពីថ្ងៃ​ទី​២៩ ខែ​មករា មន្ត្រី​ពន្ធនាគារ​ បាន​ហៅ​ឈ្មោះ​ទណ្ឌិត​ប្រមាណ​៤០ នាក់​ ដោយ​ប្រាប់​ថា​ ពួក​គេ​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ទោស​ នៅ​ពេល​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេច​តា។
ស្ត្រី ទណ្ឌិត ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ និយាយ​ថា​៖ «​អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​ដោះ​លែង​ និង​បន្ធូរ​បន្ថយ​ទោស​ទាំង​នោះ​ ពុំ​មែន​ជា​អ្នក​មាន​ជំងឺ​​ ឬ​ក៏​ជា​ចាស់​ជរា ដែល​ត្រូវ​លើក​លែង​ទោស​នោះ​ទេ ពួក​គេ​គឺ​សុទ្ធ​តែ​ជា​អ្នក​មាន​លុយ ដោយ​ពួក​គេ​បង់​លុយ​ពី​ ១៥០០ ​ទៅ​ ២០០០ ដុល្លារ ។ ទោស​ខ្ញុំ​សល់​តែ​ ៦ ខែ​ទៀត​ប៉ុណ្ណោះ ​តែ​គេ​មិន​បាន​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​ទេ​»។​ អ្នក​ស្រី​បន្ត​ថា ពួក​អ្នក​ស្រី​ កំពុង​តែ​មាន​ការ​ជ្រួល​ច្របល់ ដោយ​សារ​តែ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ ក្នុង​រឿង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ទណ្ឌិត​។ ស្ត្រី​រូប​នេះ ​គូស​បញ្ជាក់​ទៀត​ថា​៖ «​ពួក​ខ្ញុំ​បាន​កែ​ប្រែ​ខ្លួន​ហើយ​ ហើយ​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​លើក​លែង​ទោស​ នៅ​ពេល​ដែល​បូជា​ព្រះ​សព​សម្តេច​តា​ តែ​បែរ​ជា​ពុំ​មាន​ឈ្មោះ​ទៅ​វិញ ដោយ​មាន​ឈ្មោះ​តែ​អ្នក​ដែល​មាន​លុយ​»។​
ទណ្ឌិត​ម្នាក់​ទៀត​ ក៏​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ តាម​ទូរស័ព្ទ កាល​ពី​ម៉ោង​១១​ថ្ងៃ​ត្រង់​ម្សិលមិញ​ដែរ​ថា អ្នក​ស្រី​បាន​ស្តាប់​ឮ​តាម​វិទ្យុ​គេ​ផ្សាយ​ថា​ រដ្ឋាភិបាល​នឹង​លើក​លែង​ទោស ដល់​ទណ្ឌិត ​ដែល​មាន​ជំងឺ ចាស់​ជរា​ និង​មាន​កូន​តូច​នៅ​ជាមួយ តែ​នៅ​ពេល​មន្ត្រី​ពន្ធនាគារ​ប្រកាស​ឈ្មោះ​ បែរ​ជា​គ្មាន​ឈ្មោះ​របស់​ពួក​អ្នក​ស្រី ដែល​មាន​លក្ខណ​សម្បត្តិ​ត្រូវ​លើក​លែង​ទោស​ទៅ​វិញ​។ ស្ត្រី​រូប​នេះ​បន្ត​ថា​ ៖ «អ្វី​ដែល​ខ្ញុំ​បាន​ស្តាប់​វិទ្យុ និង​អ្វី​ដែល​មន្ត្រី​ពន្ធនាគារ​ធ្វើ​គឺ​ខុស​គ្នា​ទាំង​ស្រុង​។ ពួក​អ្នក​មាន​លុយ​សូក​ គេ​មាន​ឈ្មោះ​ដោះ​លែង​ ពួក​អ្នក​គ្មាន​លុយ​ ទោះ​បី​ជា​មាន​ជំងឺ​ ក៏​ពុំ​មាន​ឈ្មោះ​ត្រូវ​​គេ​​ដោះ​លែង​ដែរ​។ វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ។​ ខ្ញុំ​សូម​ទទូច​អង្វរករ ដល់​ថ្នាក់​លើ​ ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ផង​»​។
ស្រ្តី ជា​ទណ្ឌិត​ម្នាក់​ទៀត ដែល​ទូរស័ព្ទ​មក​ភ្នំពេញ​ប៉ុស្តិ៍ ​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ យប់​ថ្ងៃ​អង្គារ​ថ្លែង​ថា ក្នុង​ចំណោម​ទណ្ឌិត​ ដែល​មាន​ជំងឺ​ជា​ច្រើន​នាក់​ គឺ​មាន​តែ​ម្នាក់​គត់ ​ដែល​មាន​ឈ្មោះ​ត្រូវ​លើក​លែង​ទោស​ ក្រៅ​ពី​នោះ​ គឺជា​ទណ្ឌិត​ដែល​មាន​កម្លាំង​មាំមួន។ អ្នក​ស្រី​បញ្ជាក់​ថា​៖«ខ្ញុំ​មិន​ទាមទារ​ឲ្យ​អាជ្ញាធរ​ ធ្វើ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ជា​ថ្មី​នោះ​ទេ តែ​សូម​ឲ្យ​ផ្តល់​ភាព​យុត្តិធម៌ ដល់​ពួក​ខ្ញុំ​ផង។ ពេល​ខ្ញុំ​សួរ​គេ​(មន្ត្រី​ពន្ធនាគារ) ពី​បញ្ហា​នេះ គេ​ប្រាប់​ថា​ អ្នក​ដែល​ពុំ​មាន​ឈ្មោះ​ ដោយ​សារ​ជាប់​បណ្តឹង​នៅ​តុលាការ​។ តែ​ខ្ញុំ​ពុំ​បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ទេ»។
លោក ខ្លូត តារា ប្រធាន​ពន្ធនាគារ​ព្រៃស​ មណ្ឌល​អប់រំ​កែប្រែ​ទី​ពីរ​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពន្ធនាគារ​របស់​លោក បាន​ស្នើ​សុំ​លើក​លែង​ទោស​អ្នក​ទោស​ចំនួន​៣២​នាក់​ និង​បន្ធូរ​បន្ថយ​ទោស​ចំនួន​១ នាក់។ ប៉ុន្តែ​លោក​បាន​បដិសេធ​ពុំ​ឆ្លើយ​តប​ ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ទណ្ឌិត​ ដែល​ថា មាន​អំពើ​ពុករលួយ ក្នុង​ការ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​នេះ​ទេ។ លោក​​ថ្លែង​ថា​៖​ «ខ្ញុំ​កំពុង​តែ​រវល់​ប្រ​ជុំ​ រឿង​រៀបចំ​ពិធី​បុណ្យ​នេះ​ដែរ​។ ខ្ញុំ​អាច​ឆ្លើយ​បាន​តែ​​ប៉ុណ្ណឹង​ទេ»។
លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា រាជរដ្ឋាភិបាល បាន​សម្រេច​លើក​លែង​ទោស​ ទណ្ឌិត​នៅ​ទូទាំង​ប្រទេស​ចំនួន​៤១២ នាក់ និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ៨៤​នាក់ នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ដល់​ព្រះ​បរមរតន​កោដ្ឋ​ ព្រះ​មហា​វីរក្សត្រ ​នរោត្តម​ សីហនុ។ អ្នក​ទោស​ដែល​ត្រូវ​ដោះ​លែង​ឬ​បន្ធូរ​បន្ថយ​ទោស គឺ​អ្នក​ទោស​ទាំង​ឡាយ​ណា ដែល​បាន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន ជាប់​ពន្ធនាគារ ចំនួន ២ ភាគ​ ៣ រួច​មក​ហើយ ក្រៅ​ពី​នេះ គឺ​អ្នក​ទោស​ស្ត្រី ដែល​មាន​ផ្ទៃ​ពោះ ចាស់​ជរា និង​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌​។ រីឯ​ទណ្ឌិត​​ជា​ចារកម្ម​ជនជាតិ​ថៃ​ពីរ​នាក់​គឺ​អ្នក​ស្រី រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ​នឹង​ត្រូវ​ដោះលែង​ជា​ស្ថាពរ នៅ​ថ្ងៃទី​១ខែ​កុម្ភៈ​គឺ​ចំ​ថ្ងៃ​ពិធី​ដង្ហែ​ព្រះបរមសព​សម្តេច​ឪ​ចេញ​ពី​ព្រះ​បរមរាជ​វាំង​ទៅ​កាន់ វាល​ព្រះ​មេរុ។ ចំណែក​លោក​វីរ៉ា ​ស៊ុម​ខ្វាមឃីត​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ទោស​នៅ​ថ្ងៃទី ៤ ​ខែ​កុម្ភៈ ត្រូវ​នឹង​​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​។ ខេត្ត​ដែល​មាន​ទណ្ឌិត​ត្រូវ​លើក​លែង​ទោស​ច្រើន​ជាង​គេ គឺ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​មាន​ចំនួន​៧១​នាក់។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​ ទៅ​តាម​ផ្លូវ​ច្បាប់​ ពុំ​បាន​ចែង​ឲ្យ​បាន​ល្អិត​ល្អន់ អំពី​ការ​លើក​លែង​ទោស​នោះ​ទេ​ ប៉ុន្តែ​ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជសិទ្ធិ​ លើក​លែង​ទោស ​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ ហើយ​នៅ​ផ្នែក​ពន្ធនាគារ បាន​កំណត់​ថា​ អ្នក​ដែល​អាច​លើក​លែង​ទោស ឬ​បន្ធូរ​បន្ថយ​ទោស​បាន​ លុះ​ត្រា​តែ​បាន​អនុវត្ត​ទោស ២​ភាគ​៣ រួច​ហើយ​។ បន្តែ​ជា​ញឹកញាប់ ​នៅ​ពេល​ដែល​មាន​ការ​លើក​លែង​ទោស ឬ​ក៏​បន្ធូរ​បន្ថយ​ទោស​ តែង​តែ​កើត​មាន​ភាព​មិន​ប្រក្រតី​។ លោក​បាន​ថ្លែង​ថា៖«ដោយ​សារ​តែ​មាន​ភាព​មិន​ប្រក្រតី​នេះ​ សង្គម​ស៊ីវិល តែង​តែ​ទទូច​ដល់​រដ្ឋាភិបាល ​ថា ​គួរ​តែ​បង្កើត​គណៈកម្មាធិការ​វាយ​តម្លៃ​ឯក​រាជ្យ​មួយ​ ពី​ព្រោះ​កន្លង​មក ​គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ស្នើ​សុំ​របស់​ប្រធាន​ពន្ធនាគារ​ ដូច្នេះ​ អ្នក​ដែល​មាន​លុយ​កាក់​ តែង​តែ​មាន​ឈ្មោះ​ ក្នុង​បញ្ជី​លើក​លែង​ទោស​ រីឯ​អ្នក​អត់​ប្រាក់​ តែ​ង​តែ​គ្មាន​ឈ្មោះ​ បើ​ទោះ​បី​ជា​ពួក​គេ​ខិតខំ​កែប្រែ​ខ្លួន​យ៉ាង​ណា​ក៏​ដោយ»៕

No comments:

Post a Comment

yes