សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 3, 2013

ពលរដ្ឋ​នៅ​កោះកុង​ព្រមាន​ធ្វើ​អត្តឃាត​បើ​ចាញ់​ក្ដី​រឿង​ដី​នៅ​តុលាការ

ដីធ្លី​កោះកុង​៣០៥
៣-កុម្ភៈ-១០: ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​បាត់​បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ពីរ​ប្ដឹងផ្ដល់​គ្នា តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​នេះ​សើរើ​ជម្រះ​ក្ដី​សា​ជា​ថ្មី។

ប្រជាពលរដ្ឋ​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ៩​នាក់ គំរាម​សម្លាប់​ខ្លួន​នៅ​មុខ​តុលាការ​កំពូល បើ​សិន​ជា​ពួកគាត់​ត្រូវ​បាន​ចាញ់​ក្តី​ក្រុមហ៊ុន ហេង ហ៊ុយ។
ពលរដ្ឋ​អះ​អាងថា ការ​គំរាម​ធ្វើ​អត្តឃាត​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍អក្សរ​មួយ​ដែល​ចុះ​ផ្ដិត​មេដៃ​ផ្ញើ​ជូន​អភិបាល​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣ ដោយសារ​តែ​តុលាការ​ថ្នាក់​ក្រោម​សុទ្ធតែ​កាត់​ក្ដី​ឲ្យ​ពលរដ្ឋ​ចាញ់​ដោយ​អយុត្តិធម៌​រួច​មក។
តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ព្រមាន​ថា នឹង​ធ្វើ​​អត្តឃាត​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​ភាព​អស់​សង្ឃឹម បើ​សិន​ជា​តុលាការ​កំពូល កាត់​ក្តី​ឲ្យ​ពួក​គាត់​ចាញ់​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។

តំណាង​អ្នក​ភូមិ អ្នកស្រី ផាវ ញ៉ឺង នៅ​ថ្ងៃ​ទី​២ មីនា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ចាញ់​ក្ដី​ក្រុមហ៊ុន ហេង ហ៊ុយ ផ្ទួនៗ​គ្នា រាប់​ទាំង​សាលា​ដំបូង​រហូត​ដល់​សាលាឧទ្ធរណ៍។
អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ធ្លាប់​បាន​សន្យា​នឹង​គ្នា​កាល​ពី​ឆ្នាំ​២០០៩ ថា នឹង​បញ្ចប់​ទំនាស់​ដោយ​ប្រជាពលរដ្ឋ​សុខ​ចិត្ត​កាត់​ដី​ចម្ការ​ដែល​ធ្លាប់​កាន់កាប់​ឲ្យ​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការ​រត់​ការ​ផ្ដល់​ប្លង់​ដី​ប្រគល់​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ។
អ្នកស្រី ផាវ ញ៉ឺង បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ ត្រូវ​បាន​តុលាការ​កាត់​ក្តី​ឲ្យ​ចាញ់​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពួក​គាត់​នឹង​ត្រូវ​ឡើង​ទៅ​កាន់​តុលាការ​កំពូល​ជា​បន្ត​ទៀត ហើយ​បើ​ចាញ់​ក្ដី​ទៀត គឺ​មាន​តែ​ស្លាប់​ប៉ុណ្ណោះ៖ «យើង​ផ្ដិត​មេដៃ យើង​ប្រកាស​អាសន្ន​ថា យើង​នឹង​ធ្វើ​អត្តឃាត​នៅ​មុខ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ពួក​យើង បើ​សិន​អ្នក​ច្បាប់​មិន​ទទួល​ស្គាល់​ច្បាប់ មិន​អនុវត្ត​ច្បាប់ យើង​រស់​នៅ​ក៏​គ្មាន​ន័យ​ដែរ។ យើង​សង្ឃឹម​ទទួល​បាន​ដី​ប៉ុណ្ណឹង បើ​អ្នក​មាន​ទទួល​បាន​ដី​រាប់​ម៉ឺន​ហិកតារ ឯ​អ្នក​ក្រ​មិន​ទទួល​បាន​ដី​មួយ​ម៉ែត្រ​ទៅ​វិញ»។
ទន្ទឹម​នឹង​នេះ លោកស្រី កើត ពៅ ជា​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ឡើង​បំភ្លឺ​នៅ​មុខ​តុលាការ​នា​ពេល​ខាង​មុខ អះអាង​ថា លោកស្រី​ប្ដេជ្ញា​ចិត្ត​ថា នឹង​ត្រូវ​បញ្ចប់​ជីវិត​ចោល​កូន​ទាំង ៣​នាក់ បើ​សិន​ជា​តុលាការ​កំពូល​នៅ​តែ​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នក​ភូមិ​ក្រីក្រ។ លោកស្រី​បន្ត​ថា ដោយសារ​តែ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ គ្រួសារ​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​ទៀត​ផង។
លោកស្រី កើត ពៅ បញ្ជាក់​ថា អ្នក​ភូមិ​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​ទៅ​កាន់​តុលាការ​សាលា​ដំបូង និង​សាលាឧទ្ធរណ៍​ដែរ តែ​មិន​ឃើញ​ចំណាត់​ការ​របស់​តុលាការ​សោះ៖ «បើ​កន្លែង​ហ្នឹង​តុលាការ​គេ​កាត់​ឲ្យ​ថៅកែ​បួន​រូប​ហ្នឹង ខ្ញុំ​មាន​ដី​ឯ​ណា​នៅ? ខ្ញុំ​អត់​មាន​សមត្ថភាព​ទៅ​នៅ​កន្លែង​ណា​ទៀត​ទេ ដី​ហ្នឹង​បាត់បង់​ទាំង​អស់ ខ្ញុំ​នឹង​បញ្ចប់​ជីវិត​នៅ​មុខ​តុលាការ​កំពូល​ភ្លាម»។
យ៉ាង​ណា​ក៏ដោយ តុលាការ​កំពូល​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​បើក​សវនាការ​សំណុំ​រឿង​ទំនាស់​ដីធ្លី​នៅ​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នេះ​ទេ។ ចំណែក​ឯ​ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ ក៏​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដី​ទំនាស់​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​គាត់ ហើយ​លោក​បាន​សម្រួល​នឹង​ប្រជាពលរដ្ឋ​រួច​ហើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​កាល​ពី​ខែ​កុម្ភៈ ក៏​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​កោះកុង ដើម្បី​ស្នើ​សុំ​មោឃភាព​កិច្ចសន្យា​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ហេង ហ៊ុយ ហើយ​ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា ការ​អះអាង​ចង់​សម្លាប់​ខ្លួន​នេះ មិន​មែន​ជា​រឿងរ៉ាវ​ត្រូវ​មើល​រំលង​នោះ​ទេ។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​អ្នក​រង​គ្រោះ​តែង​ចាញ់​ក្ដី​អ្នក​មាន​លុយ​មាន​អំណាច​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី ទើប​គាត់​សម្រេច​ចិត្ត​បែប​នេះ៖ «យើង​អភិវឌ្ឍន៍​ទៅ​លើ​ដី​កសិកម្ម តែ​បែរ​ជា​ដក​ដី​កសិកម្ម​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​អ្នក​ដទៃ​វិញ ហ្នឹង​ជា​ចំណុច​ចុង​ក្រោយ អ៊ីចឹង​មាន​តែ​គាត់​សុខ​ចិត្ត​ស្លាប់។ បើ​គាត់​មិន​ស្លាប់​ទេ ត្រូវ​ពឹង​អ្នក​ណា​ទៀត? រាជរដ្ឋាភិបាល​ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ»។
អ្នក​ភូមិ​ជីខក្រោម ដែល​មាន​បំណង​ចង់​សម្លាប់​ខ្លួន​មាន ៩​នាក់ មាន​ឈ្មោះ៖ ឈុន រីម ប៊ូឌី កើត ពៅ ឈឹម ឆាវ ឈឹម ផាន់ ផាវ ញ៉ឺង សួង រីន ឈុន រ៉ាន់ និង កុក ណន។ ទំនាស់​ដីធ្លី​នេះ​កើត​ឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ចំនួន ៧៩៩.៧៩​ហិកតារ​ឲ្យ​ក្រុមហ៊ុន ហេង ហ៊ុយ កាល​ពី​ឆ្នាំ​២០០៨។ ដី​នេះ​ស្ថិត​នៅ​ភូមិ​ឈូក ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នេះ​បើ​តាម​សាលដីកា​របស់​តុលាការ​កំពូល តែ​ក្រុមហ៊ុន​បែរ​ជា​ទៅ​ទាមទារ​ដី​របស់​អ្នក​ភូមិ​នៅ​ឃុំ​ជីខក្រោម ទៅ​វិញ៕

No comments:

Post a Comment

yes