ពលរដ្ឋប្រជុំគ្នារឿងដីធ្លី
ប្រជាពលរដ្ឋប្រមាណជា១៥០គ្រួសារ ឃុំប្រមេរ
ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ព្រួយបារម្ភបាត់បង់ដីស្រែចម្ការ
ដោយសារក្រុមហ៊ុនចិនពីរ ឈ្មោះថា រួយហ្វេង និងឡានហ្វេង
បានកំពុងប្រតិបត្តិការឈូសឆាយដីរបស់ពួកគាត់។
ប្រជាពលរដ្ឋជនជាតិគួយ
ជាជំនួយកាសហគមន៍នៅភូមិស្រែព្រាង អ្នកស្រី នួន ម៉ុន មានប្រសាសន៍ថា
ក្រុមហ៊ុនរួយហ្វេង បានឈូសឆាយដីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១០
ខែមិនា ឆ្នាំ២០១៣ ដើម្បីធ្វើជាខ្សែក្រវាត់ព្រំប្រទល់ចម្ការ
ដាំដើមអាកាស្យា ដើមកៅស៊ូ និងដើមអំពៅ។ អ្នកស្រីថា ការឈូសឆាយនេះ
អាចធ្វើឲ្យគាត់បាត់បង់ដីធ្លី ដើមច្បោះ កន្លែងឃ្វាលគោ រកឃ្មុំ
និងបោចវល្លិ៍ ៖ "ពួកគេមិនមែនឈូសចិត្តឯងទេ គេថាមានថ្នាក់លើបញ្ជា
គឺច្បាប់របស់រាជរដ្ឋាភិបាល រហូតមកដល់ថ្នាក់ឃុំ គេបានអនុញ្ញាតហើយ
មានផែនទីផែនអីហើយ បានគេឈូសឆាយ ពួកខ្ញុំបានបញ្ជាក់ថា ឥឡូវឯណាផែនទី
ពួកខ្ញុំឲ្យសុំមើលផែនទី ក៏ពួកគាត់ថាអត់បានដោយមកទេផែនទី។
ពួកខ្ញុំបញ្ជាថាឲ្យទៅយកផែនទីមក ឲ្យប្រជាពលរដ្ឋសហគមន៍ហ្នឹងបានឃើញ
បើកឡានទៅយកអស់រយៈកាលប្រហែលជាមួយម៉ោង បានឃើញយកផែនទីមក។ ផែនទីនេះ
ក៏មិនមែនជាផែនទីអីច្បាស់លាស់ទេ ពួកខ្ញុំមិនសូវចេះ
មិនសូវមើលផែនទីអីច្បាស់លាស់ មុនដំបូងគេឲ្យផែនទីសុទ្ធតែភាសាចិន"។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី នៅ ចេន
អាយុ៦៥ឆ្នាំ ជាតំណាងសហគមន៍ជ័រទឹក រស់នៅភូមិបុស្សធំ ប្រាប់ថា ការឈូសឆាយដីនេះ ធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋ
ប្រមាណជា១៥០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំប្រមេរ។
អ្នកស្រីសំណូមឲ្យរាជរដ្ឋាភិបាល រកដំណោះស្រាយ
កុំឲ្យក្រុមហ៊ុនចូលមកឈូសឆាយដីក្នុងតំបន់ ដែលគាត់កំពុងរស់នៅ ។
ប្រជាពលរដ្ឋផ្សេងទៀត អះអាងស្រដៀងគ្នាថា
ក្រុមហ៊ុននៅតែបន្តការឈូសឆាយដី បើទោះជាប្រជាសហគមន៍
ចុះហាមឃាត់ក៏ដោយ។ ប្រជាពលរដ្ឋបន្តថា ក្រុមហ៊ុនចិន លើកឡើងថា
រាជរដ្ឋាភិបាល បានផ្តល់ដីនេះ ទៅឲ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍ។
កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
ប្រជាពលរដ្ឋភូមិប្រមេរ ភូមិស្រែព្រាង ភូមិបុស្សធំ ក្នុងឃុំប្រមេរ បានទៅទប់ស្កាត់ក្រុមហ៊ុន
កុំឲ្យឈូសឆាយដីនៅតំបន់អូព្រាល តំបន់អូពពាំ អូបេស
និងតំបន់ព្រៃក្ចះ។ តែក្រុមហ៊ុននៅតែបន្តការឈូសឆាយ
រហូតមកដល់ពេលនេះ។
ទាក់ទងនឹងបញ្ហានេះ មេឃុំប្រមេរ លោក ណែម ថាំង
មានប្រសាសន៍ថា ប្រជាពលរដ្ឋពិបាក ធ្វើដំណើរទៅស្រែចម្ការ
ព្រោះភ័យខ្លាចនឹងទាហានការពារឲ្យក្រុមហ៊ុន។
លោកអំពាវនាវឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះ
ជាបន្ទាន់ព្រោះជិតដល់រដូវប្រជាពលរដ្ឋ ធ្វើស្រែចម្ការ។
មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនចិន
បាននៅឡើយទេ។ ចំណែកអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា
បានបង្វែរសំណួរនេះ ទៅមន្ទីរកសិកម្មខេត្ត។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពីង
ទ្រីដា មានប្រសាសន៍ថា
គាត់នឹងជួបប្រជុំជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងតំណាងក្រុមហ៊ុន ដើម្បីរកដំណោះស្រាយ នៅថ្ងៃសៅរ៍ស្អែកនេះ៕
No comments:
Post a Comment
yes