ទិដ្ឋភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង
ប្រជាពលរដ្ឋ ៤៥គ្រួសាររស់នៅភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងព្រួយបារម្ភពីការបណ្ដេញចេញពីទីតាំងដែលគាត់កំពុងរស់នៅដើម្បីរក្សាទុកទីនេះជាតំបន់អភិរក្សជលផល។
បុរសអ្នកភូមិឈ្មោះ ចែម ឆាំ អាយុ ៦៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិជើងគ្រោះ ឃុំស្វាយរំពារ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមីនា ថា ថ្មីៗនេះអាជ្ញាធរមានសមត្ថកិច្ចចម្រុះបានចុះមកប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិឲ្យចាកចេញពីតំបន់នេះទៅរកទីតាំងផ្សេងរស់នៅ ព្រោះអាជ្ញាធរបានសម្រេចយកតំបន់នេះធ្វើជាតំបន់អភិរក្សជលផលហើយ៖ «គេមិនឲ្យយើងនៅតំបន់ហ្នឹងទៀតទេ គេថាជាតំបន់អភិរក្សរបស់គេ ទុកឲ្យត្រីពងកូន។ តែតំបន់នេះពីបរមបុរាណមកប្រជាពលរដ្ឋរស់នៅរហូត។ ឥឡូវប្រជាពលរដ្ឋច្រួលច្របល់ព្រោះអត់មានកន្លែងរក និងគ្មានកន្លែងរស់នៅ ព្រោះបើគេឲ្យឡើងទៅលើមិនដឹងទៅនៅឯណា ព្រោះពួកខ្ញុំគ្មានដីធ្លីអីទេ»។
ស្ត្រីអ្នកភូមិវ័យ ៤០ឆ្នាំ ឈ្មោះ សុខ អេង បន្ថែមថា ការបណ្ដេញនេះនឹងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការរស់នៅដោយប្រជាពលរដ្ឋនៅតំបន់នេះធ្លាប់រស់នៅ និងប្រកបរបរនេសាទត្រីតាំងពីដើមរៀងមក ពុំដែលមានស្រែចម្ការ ឬដីលំនៅឋាននៅលើគោកទេ៖ «ភ័យណាស់ពូ! ព្រោះអត់មានកន្លែងរក ខ្ញុំធ្លាប់នៅទីហ្នឹង បើអត់ឲ្យរកតើឲ្យខ្ញុំទៅនៅឯណា? កន្លែងចតផ្ទះទឹកត្រឹមចង្កេះហ្នឹងហើយ បើដេញឲ្យឡើងគោកមានដីធ្លីឯណា នៅបើធ្លាប់តែនៅក្នុងទឹកតាំងពីណាណីមក។ ជួយដោះស្រាយបញ្ហានេះឲ្យពួកខ្ញុំផង...»។
ប្រភពពីអាជ្ញាធរភូមិបានឲ្យដឹងថា ភូមិជើងគ្រោះ ចែកចេញជាពីរផ្នែក គឺលើគោក និងផ្នែកលើទឹក។
ផ្នែកលើទឹកមានប្រជាពលរដ្ឋរស់នៅចំនួន ៤៥គ្រួសារ។ យ៉ាងណាក៏ដោយ មេភូមិជើងគ្រោះ គឺលោក ជួន ខុន ពន្យល់ចំពោះបញ្ហានេះថា នេះជាគម្រោងការពារធនធានផលរបស់ខណ្ឌរដ្ឋបាលជលផល តែពុំប្រាកដថា មានការបណ្ដេញប្រជាពលរដ្ឋនោះទេ។
ដូចគ្នានេះដែរ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មានប្រសាសន៍ថា កន្លងទៅផ្នែកជំនាញបានចុះទៅបោះបង្គោលសម្គាល់ដែនអភិរក្សជលផលប៉ុណ្ណោះ ពុំមានគម្រោងបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នេះទេ៖ «គាត់ចង់ស្នើសុំកុំឲ្យយកតំបន់នេះធ្វើជាតំបន់អភិរក្ស។ តាមពិតមុននឹងយកទីណាមួយជាតំបន់អភិរក្សនោះ យើងពិនិត្យ និងធ្វើការសិក្សាច្បាស់លាស់ណាស់។ កន្លែងនេះមានជីវចម្រុះច្រើនដែលយើងត្រូវតែយកធ្វើជាតំបន់អភិរក្ស។ យើងគ្មានគោលការណ៍ដេញពួកគាត់ទេ គ្រាន់តែសុំឲ្យគាត់ធ្វើការនេសាទដោយគោរពច្បាប់...»។
ប្រភពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានឲ្យដឹងថា តាំងពីច្រើនជំនាន់មកហើយ ជាពិសេសក្នុងសម័យសង្គមរាស្ត្រនិយម ភូមិជើងគ្រោះ ផ្នែកលើទឹក មានប្រជាពលរដ្ឋរស់នៅជាង ១០០គ្រួសារ។ តែបច្ចុប្បន្នភូមិនេះមានប្រជាពលរដ្ឋរស់នៅតែជាង ៤០គ្រួសារប៉ុណ្ណោះ។ ជីវភាពរស់នៅរបស់អ្នកភូមិជើងគ្រោះ ផ្នែកលើទឹកគ្រប់ជំនាន់ពឹងផ្អែកទាំងស្រុងលើការនេសាទត្រី៕
No comments:
Post a Comment
yes