រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល
ថ្លែងក្នុងសន្និសីទកាសែតស្ដីពីការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី នាទីស្ដីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យ នៅថ្ងៃទី២៨ ខែមីនា បានប្រកាសគំរាមប្ដឹងវិទ្យុអាស៊ីសេរី ទៅតុលាការយោធា ក្រោមបទបង្កអសន្តិសុខជាតិ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
ការគំរាមប្ដឹងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីកិច្ចការងារព្រំដែន និងមន្ត្រីនគរបាលព្រំដែនជាដើម។
មន្ត្រីរដ្ឋាភិបាលបានចាត់ទុកការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ស្ដីពីការរិះគន់របស់ពលរដ្ឋថា ប្រទេសជិតខាងរំលោភលើព្រំដែនខ្មែរនោះថា ជារឿងបំពុលបរិយាកាសនៅតាមព្រំដែន និងផ្ទុយពីការពិត។
ប្រតិកម្មខ្លាំងៗ និងការគំរាមប្ដឹងនោះ គឺឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះថា ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង សម្ដែងការព្រួយបារម្ភដូចគ្នានឹងប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែរ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តក្បែរខ្សែបន្ទាត់ព្រំដែននោះ បានអះអាងពីការបាត់បង់ដីនៅតាមព្រំដែន ទៅភាគីថៃ ក្រោយពីអតីតកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី ពីបញ្ហាព្រំដែន គឺជាការបំពុលបរិយាកាស ដែលក្រសួងការពារជាតិកម្ពុជា និងថៃ បានចុះហត្ថលេខាកន្លងមក៖ «យើងនឹងអាចប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីរក្សានូវអ្វីជាសន្តិសុខជាតិ។ យើងធ្វើនេះ មិនមែនចម្លែកជាងសហរដ្ឋអាមេរិក ឬមិនមែនចម្លែកជាងប្រទេសនានាជាប្រទេសលោកសេរីទេ គឺសន្តិសុខជាតិជាកត្តាអាទិភាពមួយ ដែលត្រូវតែប្រយ័ត្ន គឺយើងសុំអំពាវនាវបញ្ឈប់ការប្រើប្រាស់រូបភាពអតីតខ្មែរក្រហម ដើម្បីយកមកនៅក្នុងព័ត៌មានរបស់ខ្លួន។ តើខ្លួនមានគំនិតយ៉ាងដូចម្តេច ក្នុងការប្រើប្រាស់អតីតភាពរបស់ខ្មែរក្រហម»។
២៣-មីនា-២០១៣៖ ពលរដ្ឋរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ជាអតីតកងទ័ពខ្មែរក្រហម ចង្អុលបង្ហាញទីតាំងដីខ្មែរដែលថៃ រំកិលព្រំដែនយកជាង ១០គីឡូម៉ែត្រពីព្រំដែនបច្ចុប្បន្ន។ RFA/Den Ayuthea
ជាមួយគ្នានេះ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិកិច្ចការងារព្រំដែន អ្នកស្រី កុយ ពិសី បានមានប្រសាសន៍ពន្យល់ថា កិច្ចការងារព្រំដែននេះ គឺធ្វើតាមឯកសារអនុសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាឆ្នាំ២០០០ កន្លងទៅ និងមានឯកសារបែបបទបច្ចេកទេសឆ្នាំ២០០៣ ដើម្បីអនុវត្តន៍លើដីជាក់ស្តែង៖ «ប៉ុន្តែ ការពិតទៅ បង្គោលព្រំដែនលេខ៦៩ និងលេខ៧០ នេះ ត្រូវបានគណៈកម្មការចម្រុះ ក្រុមចម្រុះនៃភាគីទាំងពីរ ឯកភាពលើទីតាំងនេះរួចទៅហើយ គឺទីតាំងនេះត្រូវនឹងទីតាំងដែលឯកសារបានបង្ហាញជូននៅក្នុងអនុសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ អីចឹងទេ ទីតាំងបង្គោលលេខ៦៩ និង ៧០ គឺអត់មានអ្វីប្រែប្រួលពីឯកសារប្រវត្តិសាស្ត្រដែលអាណានិគមបារាំង បានបន្សល់ទុកឲ្យនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានមានប្រសាសន៍ថា កងទ័ពកម្ពុជា កំពុងតែឈរជើងការពារព្រំដែនយ៉ាងរឹងមាំ មិនឲ្យបាត់បង់ទឹកដីមួយមិល្លីម៉ែត្រណាមួយទេ៖ «ឃើញថាជាពាក្យមួយមិនអាចទទួលយកបាន ក្រសួងការពារប្រទេស សូមធ្វើការបដិសេធទាំងស្រុងនូវអ្វីដែលសារព័ត៌មានទាំងអស់នេះលើកឡើង ឬក៏អ្នកមានបំណងអាក្រក់លើកឡើងពីបញ្ហាព្រំដែននេះ ដើម្បីកេងផលប្រយោជន៍អ្វីមួយ»។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវការទទួលព័ត៌មានឯករាជ្យ ដូច្នេះការគំរាមប្ដឹងវិទ្យុអាស៊ីសេរី មិនមែនជាជម្រើសល្អទេ៖ «ជារឿងមួយដែលមានការឆ្លងឆ្លើយគ្នាជាទ្វេភាគីអីចឹងណា ដើម្បីបញ្ជាក់ឲ្យសាធារណជនដឹងថា តើបញ្ហាហ្នឹងពិតប្រាកដត្រឹមណា? យើងអាចថ្លឹងព័ត៌មានបាន នៅពេលដែលមានប្រតិកម្មពីរដ្ឋាភិបាលអីចឹង។ ហើយការយកព័ត៌មានមកផ្សព្វផ្សាយ សួរប្រជាជននៅតាមព្រំដែនហ្នឹង ជាបណ្ណាល័យមួយ បានន័យថា ជាមេរៀនមួយដ៏វិសេសវិសាលសម្រាប់និស្សិត បញ្ញវ័ន្តខ្មែរឲ្យដឹងអំពីភូមិសាស្ត្ររបស់ខ្លួន»។
មេប៉ុស្តិ៍បរថ្មី ច្រកអូរអែម សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន ដែលត្រូវបញ្ឈប់ពីតួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយក្បែរបង្គោលឡាក់លេខ ៦៤ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៣។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់បានកោះហៅតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទៅព្រមានរួចម្តងហើយ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដោយលោករិះគន់ថា បានផ្សាយខ្វះវិជ្ជាជីវៈ និងខ្វះតុល្យភាព។
វិទ្យុអាស៊ីសេរី ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលមិនយល់អំពីគោលការណ៍នៃសេរីភាពសារព័ត៌មាន និងតួនាទីសំខាន់របស់អ្នកសារព័ត៌មានឯករាជ្យ៕
No comments:
Post a Comment
yes