សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 28, 2013

បក្ស​ប្រឆាំង​ប្រតិកម្ម​ចំពោះ​គ.ជ.ប​ដែល​ច្រាន​ចោល​សំណើ​របស់​ខ្លួន

គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​គណបក្ស​មួយ​នេះ​ហៅ​ថា នៅ​មិន​ទាន់​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឡើយ។

រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​សំណើ​នេះ​ចូល​ដល់​ដៃ គ.ជ.ប គណៈកម្មាធិការ​ជំនាញ​នៃ គ.ជ.ប បាន​សម្រេច​មិន​ទទួល​យល់​ព្រម​ទេ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​បក្ស​ប្រឆាំង​មួយ​នេះ​ស្នើសុំ គឺ​ដូច​គ្នា​ទៅ​នឹង​គោល​នយោបាយ​ដែល គ.ជ.ប កំពុង​តែ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន។
ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់ គ.ជ.ប ជុំវិញ​សំណើ​សុំ​នេះ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ជា​ថ្មី​ម្ដង​ទៀត​ថា​ខ្លួន​នឹង​ទាមទារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ឆាប់ៗ​នេះ ទៅ គ.ជ.ប ប្រឆាំង​នឹង​ការ​សម្រេច​ដែល​អង្គភាព​ជំនាញ​មួយ​នេះ​ច្រាន​ចោល​សំណើ​របស់​ខ្លួន ចំពោះ​អ្វី​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ហៅ​ថា ការ​បោះឆ្នោត​កំពុង​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ថា មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឡើយ​នោះ។
ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​មិន​ទទួល​យក​សំណើ​របស់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ។
លោក គួយ ប៊ុនរឿន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ នៃ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៧ មេសា ថា​ការ​ឆ្លើយ​តប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ​បញ្ជាក់​ថា​ជំហរ​របស់​អង្គភាព​ជំនាញ​មួយ​នេះ មាន​ភាព​លំអៀង​ក្នុង​ការ​កាត់​ក្ដី​ដ៏​ពិត​ប្រាកដ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។
លោក​បន្ត​ថា ព្រោះ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ពី​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា របាយការណ៍​ខុមហ្វ្រែល (Comfrel) និង​របាយការណ៍​របស់​អង្គការ​និកហ្វិច (NICFEC)។ ក្នុង​របាយការណ៍​ទាំង​នោះ រក​ឃើញ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ គ.ជ.ប នៅ​មិន​ទាន់​មាន​ឯករាជ្យ​នៅ​ឡើយ​ទេ៖ «បង្ហាញ​ឲ្យ​ឃើញ​ថា ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ហ្នឹង គឺ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រោះ​សំណើ​ទាំងអស់​ហ្នឹង គឺ​បើ​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រាល់​បញ្ហា​នៃ​ការ​បោះឆ្នោត​ទាំងអស់»
បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ទេព នីថា អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា អ្វី​ដែល គ.ជ.ប មិន​អាច​ទទួល​សំណើ​របស់​បក្ស​ប្រឆាំង ដើម្បី​ពិចារណា​ក្នុង​ការ​កែទម្រង់​បាន​នោះ ព្រោះ​ថា​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង គឺ​ពុំ​មាន​លក្ខណៈ​ខុស​ទៅ​នឹង​អ្វី​ដែល គ.ជ.ប កំពុង​តែ​ធ្វើ​ទេ។ លោក​បន្ត​ថា ដំណាក់​កាល​បន្ទាប់​ទៀត​នេះ គឺ​ជា​យុទ្ធនាការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ ដើម្បី​ត្រៀម​បោះឆ្នោត​ថ្ងៃ​ទី២៨ កក្កដា។
លោក​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​ខកខាន​ក្នុង​ការ​ចុះ​ឈ្មោះ​នោះ មាន​ន័យ​ថា គណបក្ស​នយោបាយ​នឹង​ពុំ​មាន​សិទ្ធិ​បោះឆ្នោត​ឡើយ៖ «គ.ជ.ប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​អាច​ថា​ជា​ជំហរ​ច្បាស់​លាស់​ហើយ ព្រោះ​ថា​យើង​អនុវត្ត​តាម​ច្បាប់ ហើយ​បើ​ប្រៀបធៀប​អ្វី​ដែល​ជា​អនុសាសន៍​របស់​គណបក្ស​នយោបាយ​លើក​ឡើង​តាម​រយៈ​បាតុកម្ម​ហ្នឹង ដូច​ជា​អត់​មាន​កំហុស​អី​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​ការ​សើរើ ឬ​ការ​អនុវត្ត​ការ​ចុះ​ឈ្មោះ​ឡើង​វិញ ឬ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នក​ណា​ទេ ព្រោះ​យើង​អនុវត្ត​ច្បាប់​តាំង​ពី​ដើម​មក​ហើយ»
លោក ហង្ស ពុទ្ធា នាយក​អង្គការ​និកហ្វិច គិត​ថា ប្រសិន​ភាគី​ទាំង​ពីរ​មិន​អាច​រក​ចំណុច​រួម​នៅ​មុន​ការ​បោះឆ្នោត​ទេ បញ្ហា​កាន់​តែ​ស្មុគស្មាញ​នឹង​បន្ត​ចាក់ស្រេះ​ក្រោយ​ការ​បោះឆ្នោត៖ «ឥឡូវ​ដើម​ទី​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​បោះឆ្នោត​ហ្នឹង យើង​ឃើញ​ថា​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ទៅ​ហើយ ហើយ​សម្រាប់​ខ្ញុំៗ​មាន​ការ​សោកស្ដាយ»
កាល​ពី​ថ្ងៃ​ទី២៤ មេសា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ គ.ជ.ប ក្នុង​ការ​កែទម្រង់ រួម​មាន ទី១ គ.ជ.ប ត្រូវ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ ១​លាន ៥​សែន​នាក់។ ទី២ គ.ជ.ប ត្រូវ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ។ ទី៣ គ.ជ.ប ត្រូវ​រៀបចំ​នីតិវិធី​បោះឆ្នោត ដើម្បី​ធានា​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ទី៤ គ.ជ.ប ត្រូវ​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ការ​បោះឆ្នោត​ឡើង​វិញ និង​ទី៥ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​អនុវត្ត​អនុ​សាសន៍​របស់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល៕

No comments:

Post a Comment

yes