សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 19, 2013

កម្ពុជា​ទាត់​ចោល​ទឡ្ហីករណ៍​ថៃ​រឿង​ដី​នៅ​ជាប់​ប្រាសាទ​ព្រះ​វិហារ

130419_03a
លោក​ហោ ណាំ​ហុង​ពេល​ថ្លែង​នៅ​​ ICJ កាល​ពី​ម្សិល​មិ​ញ​
នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​កម្ពុជា​ឡើង​ធ្វើ​សេចក្តី​ថ្លែង​នៅ​ចំពោះ​មុខ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​កាល​ពី​ម្សិល​មិញ​ក្រុម​មេធាវី​របស់​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ទឡ្ហីករណ៍​របស់​ថៃ​ដែល​ថា​សាល​ក្រម​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ឆ្នាំ ១៩៦២ បាន​សម្រេច​ប្រគល់​តែ​ប្រាសាទ​ព្រះវិហារ​សតវត្សរ៍​ទី១១ មក​ឲ្យ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ គឺ​មិន​មែន​តំបន់​ជុំវិញ​ប្រាសាទ​ទេ។
លោក Rodman Bundy មេធាវី​របស់​កម្ពុជា​បាន​ប្រាប់​តុលាការ​ថា​ផែនទី​កម្ពុជា​ពី​ទសវត្សរ៍​ទី៦០​ដែល​ក្រុម​ភាគី​ថៃ​បាន​អះអាង​ថា បាន​បង្ហាញ​នូវ​ការ​ទទួល​យក​របស់​កម្ពុជា​នូវ​ព្រំដែន​ថៃ​នោះ​តាម​ពិត​កម្ពុជា​មាន​បំណង​ដើម្បី​តែ​គូស​ទី​ជម្រាល​ធម្មជាតិ​ជុំវិញ​តំបន់​ហើយ​មិន​មែន​បង្ហាញ​ពី​ការ​ទាមទារ​លើ​ទឹក​ដី​ឡើយ។
ដោយ​កត់​សម្គាល់​ថា តំបន់​វិវាទ​តែង​តែ​ធំ​ជាង​អ្វី​ដែល​ថៃ​ទទួល​ស្គាល់​នោះ លោក Bundy បាន​បន្ថែម​ថា៖ «​នៅ​ពេល​ប្រទេស​មួយ​ធ្វើ​ការ​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សា​ដូច​កម្ពុជា​បាន​ធ្វើ​រួច​មក​ហើយ​នោះ​វា​មិន​មែន​ដី​ប្រហែល​ប៉ុន្មាន​ម៉ែត្រ​នោះ​ទេ​»។

កាល​ពី​ព្រឹក​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ជំរុញ​កង​ប្រដាប់​អាវុធ និង​ប្រជាជន​កម្ពុជា និង​ថៃ​ឲ្យ​រក្សា​ទំនាក់​ទំនង​ល្អ បើ​ទោះ​បី​ជា​សវនាការ​កំពុង​បន្ត​ដំណើការ​ក៏​ដោយ។
ថ្លែង​ទៅ​កាន់​អ្នក​ភូមិ យុវជន និង​មន្រ្តី​រដ្ឋាភិបាល​រាប់​រយ​នាក់​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​អគារ រដ្ឋបាល​ថ្មី​សម្រាប់​សាលា​ខេត្ត​កំពត លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អំពាវនាវ​ឲ្យ​កង​ទ័ព​កម្ពុជា​និង​ថៃ​កុំ​ធ្វើ​ឲ្យ​វិវាទ​ទឹក​ដី​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​ទុក​ឲ្យ​តុលាការ​ដោះ​ស្រាយ​រឿង​ក្តី​នេះ។​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា៖ «យើង​គួរ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​នឹង​ក្រុម​អ្នក​ច្បាប់​នៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ ហើយ​កុំ​ឲ្យ​ជម្លោះ​តូច​តាច​រីក​ធំ​តាម​ព្រំដែន​»។
កង​ទ័ព​កម្ពុជា និង​ថៃ​បាន​ប៉ះ ទង្គិច​គ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក្នុង​ឆ្នាំ ២០០៨ ជា​ឆ្នាំ​ដែល​ប្រាសាទ​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ទៅ​តាម​សំណើ​របស់​កម្ពុជា និង​ផ្ទុះ​ឡើង​ម្តង​ទៀត​ក្នុង​ឆ្នាំ ២០១១ បន្ទាប់​មក កម្ពុជា​បាន​ស្នើ​សុំ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ឲ្យ​បក​ស្រាយ​សាល​ក្រម ឆ្នាំ ១៩៦២​របស់​ខ្លួន។
លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖​«​កុំ​បំផ្លាញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និង​វិស័យ​ដទៃ​ទៀត​»។
ដោយ​កត់​សម្គាល់​នូវ​ប្រពៃណី​ប្រហាក់​ប្រហែល​គ្នា​រវាង​កម្ពុជា​និង​ថៃ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​មេសា​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា៖ «​ខ្ញុំ​អរគុណ និង​កោត​សរសើរ​ប្រជាជន​កម្ពុជា និង​ថៃ ដែល​ប្រមូល​ផ្តុំ​គ្នា​អបអរ​ឆ្នាំ​ថ្មី រាប់​ទាំង​ថៃ​ដែល​ឆ្លង​ចូល​មក​កម្ពុជា និង​កម្ពុជា​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ»។ លោក​បាន​បន្ត​ថា​៖
«មាន សុភមង្គល និង​ទំនាក់​ទំនង​ល្អ​ពី​ខេត្ត​នឹង​ខេត្ត ស្រុក​នឹង​ស្រុក កង​ប្រដាប់​អាវុធ​នឹង​កង​ប្រដាប់​អាវុធ នគរបាល​នឹង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​អាជ្ញាធរ​មូលដ្ឋាន រវាង​ប្រទេស​ទាំង​ពីរ​»។
ខាង​ភាគី​ថៃ​នឹង​ថ្លែង​សន្និដ្ឋាន​នៅ​ចំពោះ​តុលាការ​យុតិ្តធម៌​អន្តរជាតិ នៅ​ថ្ងៃ​នេះ៕ 

No comments:

Post a Comment

yes