អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ ដែលទើបទទួលបានពានរង្វាន់
នៅស.រ.អា.ដ៏ល្បីល្បាញ
វ៉ាស៊ីនតោន៖ សកម្មជនដីធ្លីនិងសិទ្ធិលំនៅដ្ឋានល្បីៗនៅកម្ពុជា និងអន្តរជាតិទទូចឲ្យធនាគារ ពិភពលោកសើរើគោលនយោបាយដីធ្លីរបស់ខ្លួនឡើងវិញ។ លោកសុខ ខេមរា រាយការណ៍ថា ក្រុមវាគ្មិនមួយចំនួនដែលបានពិភាក្សាអំពីបញ្ហាដីធ្លី បានអះអាង ថា គោលនយោបាយរបស់ធនាគារពិភពលោកពុំបានធ្វើឲ្យប្រសើរឡើងចំពោះ ការធានាដល់កម្មសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លីទេ។
នៅពេលធនានាគារពិភពលោកកំពុងត្រួតពិនិត្យប្រចាំឆ្នាំនៅរដ្ឋធានីវ៉ាស៊ីនតោន អំពីកម្មវិធីនានារបស់ខ្លួនសម្រាប់ពិភពលោក ក្រុមអ្នកតស៊ូមតិមកពីប្រទេស កម្ពុជានិងប្រទេសផ្សេងទៀតបានទទូចឲ្យធនាគារនេះសើររើកម្មវិធីផ្តល់ជំនួយរបស់ខ្លួន ជាពិសេសលើបញ្ហារំលោភបំពានដីធ្លី និងការបណ្តេញចេញ ដោយបង្ខំ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដ៏ធ្ងន់ធ្ងរ។
នៅឯកិច្ចពិភាក្សាមួយថ្ងៃ ធ្វើនៅសាកលវិទ្យាល័យ ចចវ៉ាស៊ីនតោន ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ស.រ.អា.ដែរ កាលពីថ្ងៃច័ន្ទនោះ ក្រុមវាគ្មិនបួនរូបបានផ្តោតទៅលើការប្រឈមមុខនឹងកម្មសិទ្ធិដីធ្លី និងសន្តិសុខស្បៀងអាហារដែលមានការចូលរួមពីក្រុមមន្ត្រី និងបណ្តាអង្គការតាក់តែងគោលនយោបាយធំៗរបស់ស.រ.អា.។ ធនាគារពិភពលោកបានផ្តល់ថវិការាប់លានដុល្លារដល់បណ្តាដៃគូរអភិវឌ្ឍ និងដល់រដ្ឋាភិបាលជាច្រើនសម្រាប់គម្រោងផ្តល់កម្មសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លីនៅប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ក៏ប៉ុន្តែគម្រោងអស់នោះត្រូវគេគិតថា មិនអាចផ្តល់ការធានាសុវត្ថិភាពនិងកម្មសិទ្ធិដល់ពលរដ្ឋបានទេ។ មន្ត្រីរដ្ឋាភិបាល និងអ្នកមានអំណាចមួយចំនួន បានប្រើល្បិចកលស្របច្បាប់ដណ្តើមកាន់កាប់ដីប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
រឿងនេះគឺរាប់បញ្ចូលទាំងបញ្ហាអ្នកភូមិបឹងកក់ និងក្រុមជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត។
អ្នកស្រីយុន ម៉ាណេ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើម ភាគតិច បានថ្លែងទៅកាន់ក្រុមអ្នកចូលរួមជាង១០០នាក់ថា ជនជាតិដើមភាគតិច ជាច្រើននៃចំនួនជាង១៩ម៉ឺននាក់មកពីជនជាតិចំនួន២៤ផ្សេងៗគ្នា កំពុងជួបប្រទះនឹងបញ្ហាជីវភាព ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការអភិវឌ្ឍដែលភាគច្រើនបំផ្លាញវប្បធម៌ជាប្រពៃណីយ៍ ដំណើរជីវិត ការមិនអាចចូលទៅក្នុងដីព្រៃដើម្បី រកម្ហូបអាហារ មិនអាចធ្វើស្រែចំការបាន ហើយនឹងមិនអាចគោរពជំនឿតាមទំនៀមទម្លាប់បាន។
«ដូច្នេះក្តីសង្ឃឹមរបស់ខ្ញុំគឺថា ធនាគាពិភពលោកនឹងអនុវត្តគោលការណ៍ធានា របស់ខ្លួនហៅថា Safeguard Policy ប្រកបដោយជោគជ័យក្នុងវិធីជាក់ច្បាស់មួយ នៃដំណើរការអភិវឌ្ឍជាពិសេសក្រុមជនជាតិដើមភាគតិច»។
អ្នកស្រីបានអំពាវនាវសុំឲ្យមានជំនួយជាថវិកា និងបច្ចេកទេសដើម្បីជួយដល់ជន ជាតិដើមភាគតិចទាក់ទងនឹងការផ្តល់ប្លង់កម្មសិទ្ធិដីសមូហភាព និងប្លង់កម្មសិទ្ធិ ដល់ពលរដ្ឋកម្ពុជាជាទូទៅផងដែរ។
ធនាគារពិភពលោក កាលពីឆ្នាំ២០០៦ បានផ្តល់ជំនួយ២៨លានដុល្លារដល់ ប្រទេសកម្ពុជាដើម្បីធ្វើការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទៅ។ តែគម្រោងនេះបានបរាជ័យ ជាពិសេសគឺផ្តល់កម្មសិទ្ធិឲ្យដីធ្លីដល់អ្នកភូមិបឹងកក់ និងក្រុមជនជាតិដើមភាគតិច ហើយនឹងពលរដ្ឋផ្សេងៗទៀត។
ក៏ប៉ុន្តែអ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ ដែលទើបទទួលបានពានរង្វាន់ នៅស.រ.អា.ដ៏ល្បីល្បាញ បានចាត់ទុកថា ការប្រកាសបង្កកជំនួយរបស់ធានាគារ ពិភពលោកឆ្នាំ២០១១ជារឿងមានប្រសិទ្ធិភាព ក្រោយពេលធនាគារនេះមិន សប្បាយចិត្តចំពោះការបណ្តេញពលរដ្ឋនៅបឹងកក់ និងកន្លែងផ្សេងទៀត។
រដ្ឋាភិបាលពេលនោះបានប្រគល់ដីដល់អ្នកភូមិបឹងកក់ចំនួន១២,៤៤ហិកតាហើយបានផ្តល់ឲ្យពលរដ្ឋបឹងកក់ជាច្រើនរយគ្រួសារទទួលបានប្លង់កម្មសិទ្ធិទៀតផង។
«នៅពេលនេះដែរ នៅសល់តែ៦១គ្រួសារទៀតទេដើម្បីឲ្យ World Bank រកយុត្តិ សាស្ត្រដាក់សម្ពាធបន្ថែមទៀតដើម្បីឲ្យពួកខ្ញុំបញ្ចប់ជម្លោះនៅតំបន់បឹងកក់ ព្រោះអីនៅពេលនេះ ពួកយើងទាំងអស់គ្នាកំពុងតែប៉ះពាល់ជីវភាពរស់នៅយ៉ាង ខ្លាំង និងអសុវត្ថិភាពក្នុងការរស់នៅ។ ជាក់ស្តែងពួកយើងនឹងក្លាយជាអ្នកទោស ជាបន្តបន្ទាប់»។
គេមិនដឹងថា តើធនាគារពិភពលោកនឹងផ្លាស់ប្តូរគោលនយោបាយថ្មីយ៉ាងណាទេ តែមន្ត្រីរដ្ឋាភិបាលមកពីជុំវិញពិភពលោកនិងអង្គការដៃគូជាច្រើនផង កំពុងជួបប្រជុំគ្នាដើម្បីពិភាក្សាគ្នាអំពីគោលនយោបាយថ្មីៗសម្រាប់ដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លី និងបញ្ហាមួយចំនួនទៀត។
ថ្លែងក្នុងពេលពិភាក្សា គឺដំណាលគ្នាដែលធនាគាពិភពលោកត្រូវបើកកម្មវិធីប្រជុំ ពិភាក្សាអំពីគម្រោងការរបស់ខ្លួនជាម្ចាស់ជំនួយជាមួយនឹងអង្គការ និងមន្ត្រី រដ្ឋាភិបាលជុំវិញពិភពលោកនោះ អ្នកស្រីណាថាលី ប៊ូហ្គាល់ស្គី (Natalie Bugalski) មន្ត្រីច្បាប់នៃអង្គការច្បាប់មួយឈ្មោះ Inclusive Development International បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់គ្រួសារត្រូវបានបណ្តេញចេញ ហើយរាប់ពាន់គ្រួសារទៀតកំពុងប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំដែរ ជាពិសេសសហគមន៍ផ្លូវរថភ្លើង។ អ្នកស្រីបានអះអាងថា ពួកគេគ្មានការការពារដោយគម្រោងរបស់ធនាគារពិភពលោកហៅថា Safeguard Policy នោះទេ។
«ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចប្រើឱកាសនេះ ពេលដែលមានការត្រួតពិនិត្យ គោលនយោបាយ ឬ Safeguard Policy របស់ធនាគារពិភពលោកដើម្បីជំរុញ ពិតប្រាកដក្នុងការធ្វើតាមគម្រូអភិវឌ្ឍខ្លះដើម្បីឆ្លើយតបនឹងការប្រឈមមុខ ជាមូលដ្ឋាននេះ»។
លោកបណ្ឌិត បារ៉ន ម៉ីលាន (Bayron Milian) សាស្ត្រាចារ្យសាកលវិទ្យាល័យសាន់កាឡូសនៃប្រទេសហ្គ័រទីមាឡា បានអះអាងថា នៅប្រទេសរបស់លោកនៅមានបញ្ហាកម្មសិទ្ធិដីធ្លីនៅឡើយដែរគឺប្រជាពលរដ្ឋប្រមាណ៣២ភាគរយ ដែលរស់នៅក្នុងតំបន់ការពារ ឬអភិរក្ស មិនទាន់ទទួលបានកម្មសិទ្ធិដីទេ ហើយគម្រោងរបស់ធនាគារពិភពលោកពុំបានធានាដល់ពលរដ្ឋទាំងនោះទេ។
ក្រុមវាគ្មិននានាបានអះអាងថា ពួកគេនឹងផ្តល់អនុសាសន៍ជាច្រើនដល់ធនាគារ ពិភពលោក និងដៃគូអភិវឌ្ឍក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំពីបញ្ហាផ្តល់កម្មសិទ្ធិដីធ្លី។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅសប្តាហ៍នេះបានបញ្ជាក់ថា ធនាគារពិភពលោកទទួលស្គាល់ថា បញ្ហាកសាងសមត្ថភាព បញ្ហាធានាសិទ្ធិដីធ្លីហើយនឹងបញ្ហាផ្តល់អំណាចដល់សង្គមស៊ីវិលដើម្បីចាប់ឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវនោះគឺជាកិច្ចប្រឹងប្រែងបន្ថែម។ ធនាគារពិភពលោកបានប្តេជ្ញាថា នឹងបង្កើនកិច្ចប្រឹងប្រែងតទៅទៀតដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព ការពារម្ចាស់កម្មសិទ្ធិដីធ្លី ធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយដែលអាចទទួលស្គាល់គ្រប់ទម្រង់នៃកម្មសិទ្ធិដីធ្លី ជួយស្តី្រឲ្យ ទទួលបានការយកចិត្តទុកដាក់ស្មើភាពក្នុងការទទួលបានសិទ្ធិកាន់កាប់ដីធ្លីជាដើម៕
No comments:
Post a Comment
yes