លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ
គណបក្សសង្គ្រោះជាតិដែលទើបបង្កើតឡើងដោយគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្សត្រូវបានគេធ្វើការទស្សន៍ទាយថានឹងទទួលបានអសនៈបន្ថែមទៀតសម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើនៅក្នុងខែកក្កដាខាងមុននេះក៏ប៉ុន្តែនៅតែមិនទាន់អាចយកឈ្នះគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទេ។
ការទស្សន៍ទាយអំពីការកើនឡើងសន្លឹកឆ្នោតនេះបានកើតមានឡើងតាមរយៈពីការមើលឃើញនៃការចូលរួមរបស់ប្រជាពលរដ្ឋជាង១ម៉ឺននាក់នៅថ្ងៃសមាជរបស់គណបក្សសង្គ្រោះជាតិជាលើកដំបូងដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្រុមអ្នកចូលរួមដែលបានពាក់អាវនិងមួកដែលមានស្លាកសញ្ញារបស់គណបក្សបានឈរពេញប្រៀបនៅក្រោមតង់សំពត់កៅស៊ូហើយខ្លះបានអង្គុយក្រោមដើមឈើនិងឈរនៅកណ្តាលវាលក្រោមកំដៅថ្ងៃក្តៅហួតហែងដើម្បីស្តាប់លទ្ធផលសមាជថ្នាក់ជាតិរបស់គណបក្ស។
យោងតាមលទ្ធផលសមាជកាលពីសប្តាហ៍មុនបានសម្រេចតែងតាំងលោកសម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅឯប្រទេសបារាំងត្រូវបានតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិនិងជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ចំណែកលោកកឹម សុខាត្រូវបានគណបក្សនេះតែងតាំងជាអនុប្រធានគណបក្សនិងជាបេក្ខភាពប្រធានរដ្ឋសភាប្រសិនបើគណបក្សនេះឈ្នះឆ្នោត។
លោកយឹម សុវណ្ណនាយកប្រតិបត្តិគណបក្សសង្គ្រោះជាតិនិងជាអ្នកនាំពាក្យគណបក្សបាននិយាយថាគណបក្សរបស់លោកនឹងទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់នៅថ្ងៃបោះឆ្នោត។
លោកបាននិយាយថាឆន្ទៈប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នចង់ឱ្យមានការផ្លាស់ប្តូរដើម្បីឱ្យប្រទេសងើបចេញពីភាពក្រីក្រដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ។
«ប្រជាពលរដ្ឋភាគច្រើនអស់ជំនឿមកលើគណបក្សប្រជាជនពីព្រោះមិនអាចលើកកម្ពស់ជីវភាពរបស់គាត់បាន។ យើងឃើញហើយថាមនុស្សរាប់ម៉ឺនរាប់លាននាក់ដែលរស់ក្រោមបន្ទាត់នៃភាពក្រីក្រ កម្មករកម្មការីនីរស់នៅភាពត្រដាបត្រដួសជាមួយនឹងប្រាក់ខែតិចតួច មន្ត្រីរាជការ ប៉ូលិស ទាហាន ក៏មិនអាចដំឡើងប្រាក់ខែជូនគាត់ហូបរស់នៅសេចក្តីថ្លៃថ្នូរបាន»។
គណបក្សសម រង្ស៊ី កាលពីការបោះឆ្នោតក្នុងអណត្តិទីបួនទទួលបាន២៦អសនៈ គណបក្ស សិទ្ធិមនុស្សទទួលបាន៣អសនៈ ចំណែកឯគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំបានទទួលបាន៩០អសនៈ។
លោកផៃ ស៊ីផានអ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថាសំឡេងរបស់គណបក្សសង្គ្រោះជាតិអាចនឹងមានការប្រែប្រួលក៏ប៉ុន្តែនៅមិនអាចផ្តួលគណបក្សប្រជាជនកម្ពុជាបានទេ។
លោកបាននិយាយថាគណបក្សសង្គ្រោះជាតិមិនទាន់មានការពិសោធន៍នៅក្នុងការងារនយោបាយទាំងថ្នាក់ជាតិនិងអន្តរជាតិហើយនយោបាយក្នុងស្រុកគណបក្សនេះគ្រាន់តែសន្យាជាមួយប្រជាពលរដ្ឋតែប៉ុណ្ណោះដែលមិនអាចទាក់ទាញប្រជាប្រីយ៍ភាពពីអ្នកគាំទ្របានទេ។
«មិនមែនជាគណបក្សដែលជាសមិទ្ធិផលឱ្យឃើញនឹងភ្នែក។ នេះជាសមត្ថភាពរបស់ពួកយើង ការបង្ហាញគ្រាន់តែជាយុទ្ធនាការពិពណ៌នោះទេមិនមែនជាយុទ្ធនាការមួយបង្ហាញពីសមិទ្ធិផលដូចគណបក្សប្រជាជនបានបង្ហាញនឹងបានបង្ហាញជូនមហាជនឃើញជាក់ស្តែង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាគណបក្សសង្គ្រោះជាតិលោកមើលឃើញពីកត្តាពីរដែលធ្វើឱ្យគណបក្សនេះមានប្រជាប្រីយ៍ភាពគឺការរៀបចំគោលនយោបាយបានត្រឹមត្រូវដែលធ្វើឱ្យគណបក្សកាន់អំណាចការពារខ្លួនជាពិសេសអំពីរឿងប្រាក់បៀវត្សរ៍និងប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់។
លោកបាននិយាយថាការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលុបនេះគឺជាសេចក្តីសង្ឃឹមមួយឱ្យគណបក្សសង្គ្រោះជាតិនឹងបានកើនឡើងអសនៈរបស់ខ្លួននៅថ្ងៃបោះឆ្នោត។
«ការរៀបចំហាក់បីដូចជាមានបរិយាកាសបើកទូលាយជាងមុនម្ល៉ោះហើយមានលទ្ធភាពទូទាំងប្រទេសហើយទន្ទឹមហ្នឹងដែរក៏មានការគាបសង្កត់ពីខាងក្រៅមកទៅលើរដ្ឋាភិបាលឱ្យរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរីនិងយុត្តិធម៌»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាសាកលដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥ហើយយ៉ាងតិចមានប្រជាពលរដ្ឋប្រមាណជាង៩លាននាក់បានចុះឈ្មោះបោះឆ្នោតរួចជាស្រេច៕
No comments:
Post a Comment
yes