សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 9, 2013

លោក សម រង្ស៊ី នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​កណ្តាល

130509_04
លោក សម​ រង្ស៊ី ​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុ​ជា​​ ដែល​កំពុង​និរទេ​ស​ខ្លួន​
គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ពី​ម្សិល​មិញ​ថា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ក្នុង​ខេត្ត​កណ្តាល បើ​ទោះ​ជា​លោក​ត្រូវ គ.ជ.ប​សម្រេច​ថា គ្មាន​លក្ខណ​សម្បតិ្ត​ដើម្បី​ឈរ​ឈ្មោះ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ។
ក្នុង​ករណី​ដែល​អាច​ចរចា​នឹង​មាន​ការ​ព្រម​ព្រៀង ហើយ​លោក សម រង្ស៊ី ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោត នោះ​លោក សម រង្ស៊ី​នឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​មណ្ឌល​ខេត្ត​កណ្តាល​តទល់​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​មិន​ទាន់​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ប៉ុន្តែ​គណបក្ស​នឹង​ចុះ​ឈ្មោះ​នៅ​ចុង​សប្តាហ៍​នេះ។ នៅ​ពេល​នោះ​ឈ្មោះ លោក សម រង្ស៊ី នឹង​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​បន្ត​ថា៖« មូលហេតុ​ដែល​យើង​យឺត​យ៉ាវ ព្រោះ​នៅ​តែ​សិក្សា​ពី​នីតិវិធី​ច្បាប់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ដល់​លោក​សម រង្ស៊ី ដើម្បី​គាត់​អាច​ប្រជែង​ជាមួយ​នឹង​លោក ហ៊ុន សែន នៅ​ខេត្ត​កណ្តាល»។

ក្នុង​ពេល​បោះ​ឆ្នោត​លើក​មុន លោក សម រង្ស៊ី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខេត្ត​កំពង់ចាម។
វា​មិន​ច្បាស់​ទេ​ថា​តើ​មធ្យោបាយ​ច្បាប់​នោះ​ជា​អ្វី ហើយ​លោក ប៉ុញ្ញឫទ្ធិ បដិសេធ​មិន​ពន្យល់​បន្ថែម​ឡើយ។ កាល​ពី​មុន គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ម្តង​ហើយ​ម្តង​ទៀត​តាម​លក្ខខណ្ឌ​ច្បាប់​ថា​លោក សម រង្ស៊ី ពុំ​មាន​សិទិ្ធ​បោះ​ឆ្នោត​និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឡើយ។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​លើក​ឡើង​ពី​ចំណុច​នេះ​ម្តង​ទៀត កាល​ពី​ម្សិល​មិញ ដោយ​ថ្លែង​ថា លោក សម រង្ស៊ី គ្មាន​សិទិ្ធ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ទេ ដោយ​សារ​តែ​ប្រវត្តិ​ជាប់​ទោស។
លោក ទេព នីថា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​យើង​នឹង​ពិនិត្យ​លើ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​គេ​ដាក់​មក​ហើយ​ប្រសិន​បើ​លោក សម រង្ស៊ី ស្ថិត​ក្នុង​បញ្ជី យើង​នឹង​ស្នើ​សុំ​ឲ្យ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​៥ថ្ងៃ​»។
យោង​តាម​ច្បាប់​បោះឆ្នោត ជន​ជាប់​ទោស​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​។
លោក សម រង្ស៊ី​ដែល​បាន​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង​បាន​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ១២ឆ្នាំ ប្រសិន​បើ​លោក​វិល​មក​កម្ពុជា​វិញ​ក្រោម​ការ​កាត់​ទោស​ពី​បទ​ញុះញង់ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​។
ក្រុម​អ្នក​គាំទ្រ​លោក សម រង្ស៊ី បាន​ទទូច​ថា ការ​កាត់​ទោស​នេះ​គឺ​ដោយ​មូល​ហេតុ​នយោបាយ ហើយ​មន្រ្តី​ជាន់​ខ្ពស់ ដូច​ជា​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​រដ្ឋាភិបាល​លើក​ចោល​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​។ ប៉ុន្តែ បើ​ទោះ​បទ​ចោទ​ត្រូវ​បាន​លើក​ចោល​ក៏​ដោយ ក៏​ប៉ុន្តែ ឈ្មោះ លោក សម រង្ស៊ី បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​ជាង​មួយ​ឆ្នាំ​មក​ហើយ​ហើយ​តាម​ច្បាប់​មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ នៅ​ក្នុង​រយៈ​ពេល​នេះ។
លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ថ្លែង​ថា បេក្ខភាព​នេះ​ហាក់​ដូច​ជា​គ្រាន់​តែ​ជា​ឆាក​នយោបាយ។
លោក សុធា បន្ថែម​ថា៖​«ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្ងីល្ងើ ដែល​គេ​ផ្គូរ​ផ្គង​លោក សម រង្ស៊ី និង​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខជន​ប្រជែង​ក្នុង​ខេត្ត​កណ្តាល ព្រោះ​គាត់​ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​ច្បាប់ ហើយ​គាត់​គ្មាន​សិទិ្ធ​ទេ​»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា តាម​ទស្សនៈ​យុទ្ធសាស្រ្ត គណបក្ស​អាច​មាន​ជម្រើស​តិច។
លោក​បន្ថែម​ថា៖ «​គេ​ដឹង​ថា គេ​មិន​អាច​ទទួល​បាន​បែប​នេះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​គេ​បង្ហាញ​សាធារណជន​អ្នក​បោះ​ឆ្នោត​ថា ពួកគេ​កំពុង​ព្យាយាម​ថា គេ​ខិត​ខំ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​និង​ឈរ​ឈ្មោះ​ជា​បេក្ខជន»។ លោក​បញ្ជាក់​ថា បើ​សេចក្តី​សម្រេច​នេះ​ផ្អែក​តែ​លើ​ច្បាប់​វា​ច្បាស់​ថា​លោក សម រង្ស៊ី គ្មាន​ផ្លូវ​ឈរ​ឈ្មោះ​បាន​ឡើយ។ ប៉ុន្តែ​ថា គណបក្ស​អាច​កំពុង​មាន​សង្ឃឹម​ថា នឹង​មាន​ការ​សម្រុះ​សម្រួល​នយោបាយ​។ ទោះ​ផ្លូវ​ច្បាប់​ឬ​មិន​មែន​ក្តី​«​នៅ​កម្ពុជា ពេល​ខ្លះ​ការ​សម្រុះ​សម្រួល​នយោបាយ​អាច​កើត​ឡើង​បាន។
លោក​ទទួល​ស្គាល់​ថា មាន​ឱកាស​តិច​តួច​ពី​ការ​សម្រុះ​សម្រួល​នេះ តែ​បើ​«​ផ្អែក​លើ​ពាក្យ​សម្តី​គ.ជ.ប​ពី​មុន ឬ​ពាក្យ​សម្តី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យើង​ពុំ​ទទួល​បាន​សញ្ញា​នៃ​ការ​សម្រុះ​សម្រួល​ផ្លូវ​នយោបាយ​ឡើយ​»។

No comments:

Post a Comment

yes