ទិដ្ឋភាពអ្នកទៅបោះឆ្នោតនាការិយាល័យបោះឆ្នោតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងរៀបចំត្រៀមសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។ នៅមុនពេលជូនដំណឹងដល់អ្នកបោះឆ្នោត គណៈកម្មការនេះបានផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួន រួមទាំងការត្រួតពិនិត្យទីតាំងបោះឆ្នោតជាដើម។
មកដល់ពេលនេះ គ.ជ.ប ជូនដំណឹងថានឹងមានការផ្លាស់ប្ដូរទីតាំងការិយាល័យបោះឆ្នោតចំនួន៧ នៅក្នុងខេត្តក្រុងចំនួន៤។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា អោយដឹងថា ការប្ដូរទីតាំងការិយាល័យបោះឆ្នោតទាំងនោះ គឺដើម្បីសម្រួលដល់អ្នកទៅបោះឆ្នោត និងទីតាំងមួយចំនួនស្ថិតនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា មន្ត្រី គ.ជ.ប នៅតាមមូលដ្ឋាននឹងជូនដំណឹងដោយផ្ទាល់ទៅដល់អ្នកបោះឆ្នោតនៅតាមទីតាំងការិយាល័យដែលត្រូវផ្លាស់ប្ដូរ។
ទីតាំងដែលត្រូវផ្លាស់ប្ដូរទាំងនោះ រួមមាននៅរាជធានីភ្នំពេញ ការិយាល័យលេខ១៤៤៧ ក្នុងវិទ្យាល័យព្រែកឯង នឹងត្រូវប្ដូរទៅសាលាបឋមសិក្សាព្រែកឯង វិញ។ នៅខេត្តបាត់ដំបង ការិយាល័យលេខ១៣៩៧ នៅសាលារៀនភូមិសំរោងជ័យ នឹងត្រូវប្ដូរទៅអនុវិទ្យាល័យសាមគ្គី ផ្ទុយមកវិញ ការិយាល័យចាស់នៅអនុវិទ្យាល័យសាមគ្គី និងប្ដូរត្រឡប់ទៅសាលារៀនភូមិសំរោងជ័យ វិញ។
ក្នុងខេត្តព្រះវិហារ ការិយាល័យលេខ០២២៥ នៅក្នុងភូមិរបុញ នឹងត្រូវប្ដូរទៅសាលារៀនសែនរុងរឿង៤។ ចំណែកនៅខេត្តសៀមរាប ទីតាំងចំនួន៣ នឹងត្រូវផ្លាស់ប្ដូរ។ ការិយាល័យលេខ០៧៧៦ នៅសាលាសំណាក់ក្រៀលពង ត្រូវប្ដូរទៅសាលាបឋមសិក្សាក្រៀលពង។ ការិយាល័យលេខ១១៤០ នៅភូមិអូររំចេក និងការិយាល័យលេខ១១៤១ នៅសាលារៀនព្រៃខ្នុរ នឹងប្ដូរទៅសាលារៀនអូររំចេក។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការផ្ដល់ភាពងាយស្រួលទៅអ្នកបោះឆ្នោត ជាតួនាទីរបស់ គ.ជ.ប ហើយស្ថាប័ននេះត្រូវទទួលខុសត្រូវនូវរាល់បញ្ហាដែលបានកើតឡើង។ លោក ហង្ស ពុទ្ធា បន្តថា ដើម្បីផ្ដល់ព័ត៌មានអោយបានត្រឹមត្រូវដល់អ្នកបោះឆ្នោត គ.ជ.ប ត្រូវធានាថា បានបង្កើតអោយមានទំនាក់ទំនងល្អជាមួយអ្នកបោះឆ្នោត។
អង្គការ និកហ្វិច បានរកឃើញថា មានអ្នកបោះឆ្នោតមួយចំនួនជួបបញ្ហាក្នុងការបោះឆ្នោត ឬមិនអាចបោះឆ្នោតបាននៅពេលដែលមានការផ្លាស់ប្ដូរការិយាល័យបោះឆ្នោត ដោយសារពួកគាត់ពុំបានដំណឹងត្រឹមត្រូវ។ ប៉ុន្តែយ៉ាងណា និកហ្វិច ពុំមានរបាយការណ៍ជាក់លាក់ពីចំនួនអ្នកដែលជួបបញ្ហា ឬពិបាកក្នុងការបោះឆ្នោតនោះនៅឡើយ៕
No comments:
Post a Comment
yes