នាង ខ្ញុង
ទន្ទឹមនឹងព្យុះភ្លៀងរឿងស្នេហាក្រៅឆាកមិនចេះចប់មិនចេះហើយ ជាមួយដៃគូកំប្លែងដ៏ស័ក្កិសម នាយ ពែកមី តារាកំប្លែងលេចធ្លោក្នុងក្រុមនោះ អ្នកកំប្លែងមាត់ឆៅសម្ដីឆើតមេម៉ាយកូនមួយនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានអះអាងយ៉ាងដាច់ណាត់ថា បេះដូងនាងមិនជំពាក់ស្នេហាជាមួយតារាកំប្លែងក្នុងក្រុមទេ ដាច់ខាត់មិនជំពាក់ស្នេហ៍បែបនេះឡើយ។ ជាមួយពាក្យសម្ដីម៉ាត់ៗនាង ខ្ញុង បានបញ្ជាក់ថា៖«បេះដូងខ្ញុំកំពុងពិចារណាសំណើស្នេហ៍ពីតា អាណិកជនម្នាក់រស់នៅឯប្រទេសអូស្រ្តាលីឯណោះទេ»។ ពាក្យចចាមអារ៉ាម ស្នេហាក្រៅឆាករវាង នាង ខ្ញុង និងនាយ ពែកមី មិនមែនទើបតែផុសឡើងក្នុងពេលថ្មីៗនេះទេ ពោលគឺស្ទើរតែតាំងពីអ្នកទាំងពីរក្លាយខ្លួនជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ដំបូងម៉្លេះ ហើយបើទោះជាកន្លងមកពួកគេម្នាក់ៗចេញមុខបកស្រាយនិងបដិសេធយ៉ាងដាច់អហង្ការថា រវាងពួកគេទាំងពីរស្នេហាមានតែលើឆាកកំប្លែង ដោយឡែកក្រៅឆាកកំប្លែងពួកគេមានត្រឹមតែមិត្តភក្ដិប៉ុណ្ណឹងក៏មិនមានអ្នកណាម្នាក់ជឿដែរ»។
ប៉ុន្តែយ៉ាងណាពាក្យសម្ដីរបស់ពួកគេម្នាក់ៗនោះលាងមិនជ្រះនូវមន្ទិលស្នេហាចចាមអារ៉ាមនេះបានឡើយ ខណៈភាពស្និទ្ធស្នាលពួកគេពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានមហាជនសង្កេតឃើញថាភាពស្និទ្ធស្នាលមិនមែនជាមិត្តភក្ដិធម្មតា ហើយកាន់តែស្អិតល្មួតជាងមុន ប្រៀបដូចស្រមោចនិងស្ករទៅហើយនោះ។
ផ្ទុយពីការសន្និដ្ឋាន និងការតាមដានរបស់មហាជន ដែលមានភ្នែករយពាន់លាននោះ អ្នកកំប្លែងមាត់ដាចសម្ដីឆើត មេម៉ាយកូនមួយកំពុងចាយសម្រស់ក្នុងពិភពសិល្បៈនាង ខ្ញុង ឲ្យដឹងថា៖«ពាក្យសម្ដីខ្ញុំប្រាប់ភ្នំពេញ ប៉ុស្តិ៍ថ្ងៃហ្នឹងក៏មិនខុសពីពេលមុនៗដែរ ហើយពាក្យសម្ដីខ្ញុំនេះក៏មិនខុសពីបង ពែកមីដែរ»។ អ្នកកំប្លែងដែលទើបឡើងជាតារាចម្រៀងថតសំឡេងចូល CD នាង ខ្ញុង បានប្រាប់ដដែលថា៖«ដូចដែលខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំ និងបងពែកមី មិនមានស្នេហាជាមួយគ្នាទេ មិនអាចតែម្តងស្នេហានោះមានតែលើឆាកទេ ដោយឡែកក្រៅឆាក គឺអត់មានតែពាក្យសម្ដីលេងសើចមានមែន តែការពិតគ្មានទេ»។
តារាកំប្លែងមានកំណើតពីដីចម្ការស្រុកកៀនស្វាយ ជំពប់ស្នេហ៍បុរសក្រុងអង្គរបានកូនមួយក៏ព្រាត់គ្នានាង ខ្ញុង បានបញ្ជាក់ថា៖«ដ្បិតថាខ្ញុំជាស្រ្តីមេម៉ាយនិយាយមិនសូវខ្មាសអៀនជាមួយបង ពែកមី នោះ ក៏ខ្ញុំមិនអាចមានស្នេហាជាមួយគាត់ទេ ដាច់ខាតមិនអាចព្រោះខ្ញុំក៏ដឹងហើយ គាត់មានប្រពន្ធកូនហើយខ្ញុំក៏ដឹងចិត្តស្រ្តីដូចគ្នាបើគេឆក់ស្នេហ៍ទៅតើឈឺចាប់ប៉ុនណា ខ្ញុំយល់ពីភាពឈឺចាប់នេះណាស់ នេះខ្ញុំជួបជីវិតនេះហើយ ហើយពេលនោះខ្ញុំស៊ូដេកឱបកូនតែម្នាក់ឯង»។ នាងបានបញ្ជាក់បន្ថែមទៀតថា៖«ខ្ញុំមិនចង់ឲ្យស្រ្តីដូចគ្នាឈឺចាប់រឿងប្តីដោយសារតែខ្ញុំដែរ»។
ជាមួយការបរិយាយនេះ អ្នកកំប្លែងស្ពាយកូនប្រុសពីដីក្រុងអង្គរ មកសាងកេរ្តិ៍ឈ្មោះក្នុងអាជីពកំប្លែងនៅដីក្រុងភ្នំពេញរូបនេះក៏បានសារភាពថា ពេលនេះបេះដូងនាងក៏មិនមែននៅរងាឯកាមិនមានអ្នកជួយទំនុកបម្រុងនោះដែរ ដោយនាងបានបញ្ជាក់ថា៖«តាមពិតមានលោកតា ម្នាក់រស់នៅអូស្ត្រាលី តាមសុំស្នេហ៍ខ្ញុំពិតមែនតាំងពីជាង១ឆ្នាំមុននេះម៉្លេះ ហើយគាត់តែងតែផ្ញើលុយមកឲ្យខ្ញុំរៀងរាល់ខែ និងធានាជួយទំនុកបម្រុងខ្ញុំបានច្រើនផងដែរ»។ ប៉ុន្តែនាងប្រាប់ប៉ុន្តែនាងប្រាប់ថា៖«ដ្បិតតែ តា វ័យជាង៦០ឆ្នាំនៅអូស្រ្តាលីនោះ គាត់បានផ្ញើលុយមកឲ្យខ្ញុំរាល់ខែ និងខ្ញុំទទួលយ៉ាងសប្បាយចិត្តពីជំនូនទឹកប្រាក់ពីគាត់បានច្រើនគួរសមយ៉ាងនេះក្តី តែរហូតមកដល់ពេលនេះគាត់មិនទាន់បានចម្លើយពីខ្ញុំថាយ៉ាងណាមួយម៉ាត់នោះឡើយ គឺបានត្រឹមតែពាក្យអរគុណនិងនិយាយលេងធម្មតាៗ ដូចមនុស្សរាប់អានគ្នាទេ»។
អ្នកកំប្លែងមេម៉ាយកូនមួយអន្ទងចិត្តកន្លង់ចំណាស់នៅអូស្រ្តាលីឲ្យទម្លាក់ប្រាក់មកឲ្យទាំងដុំៗ នាង ស្រេង សុកាន់ដា ហៅខ្ញុង បានបញ្ជាក់ថា៖ «មូលហេតុដែលខ្ញុំមិនផ្តល់ចម្លើយថា យ៉ាងណាទៅគាត់ក៏ព្រោះតែខ្ញុំនិងគាត់នៅមិនទាន់បានឃើញមុខគ្នានិងមិនទាន់បានសិក្សាប្រវត្តិគាត់ថាយ៉ាងណាដែរ តែបើគាត់ពិតជាមនុស្សប្រុសស្អាតស្អំ មិនពាក់ព័ន្ធយ៉ាងណានោះ រឿងនេះខ្ញុំក៏ពិចារណាដែរ ខ្ញុំមិនគិតថាគាត់ចាស់អាយុច្រើនអីទេ»។
នាងបានបន្ថែមថា៖«បើខ្ញុំមើលទៅថាល្អ គាត់ចូលស្តីដណ្តឹងខ្ញុំតាមប្រពៃណីមែននោះ ខ្ញុំនឹងទទួលយកគាត់រៀបការតាមប្រពៃណីភ្លាមមិនប្រកែកទេ»។
បន្ថែមលើការរៀបរាប់ បែបជាសារបង្ហាញភ្លើងខៀវឲ្យកន្លង់ចំណាស់ឆ្លងទ្វីប មានទឹកមាត់លេបនោះ នាងខ្ញុង ក៏បានឲ្យដឹងពីជំនូនដែលកន្លងមកកន្លង់ចំណាស់នោះផ្ញើជូននាងផងដែរ ដោយនាងបានប្រាប់ថា៖«ខ្ញុំមិនដឹងថា គាត់គិតយ៉ាងណាចំពោះខ្ញុំថា ជាមនុស្សយ៉ាងណានោះដែរ ប៉ុន្តែគាត់កាលពីជាងមួយឆ្នាំមុនក្រោយពីគាត់បានស្គាល់លេខទូរស័ព្ទ និងបានខលមកលេងខ្ញុំ ដឹងពីជីវិតខ្ញុំបានតែពីរថ្ងៃនោះ គាត់បានផ្ញើប្រាក់មកឲ្យខ្ញុំភ្លាមដែលពេលនោះគាត់ផ្ញើឲ្យដំបូងចំនួន៧០០ដុល្លារអាមេរិក និងខ្សែកពេជ្រ២ខ្សែ ហើយបន្តបន្ទាប់គឺគាត់ផ្ញើឲ្យរាល់ខែ មិនដែលរំលងខែណាមួយឡើយ»។
នាងបានបញ្ជាក់ថា៖«ប៉ុន្តែខែក្រោយៗមកនោះគាត់មិនបានផ្ញើរបស់មានតម្លៃមកឲ្យដូចមុនដំបូងទេ មានតែប្រាក់ដុល្លារសុទ្ធតែប៉ុណ្ណឹងទេ»។
បើទោះជាកន្លង់ចំណាស់នោះ បានបញ្ជូនទឹកប្រាក់និងរបស់មានតម្លៃយ៉ាងសន្ធឹកសន្ធាប់មកឲ្យនាងខ្ញុង យ៉ាងនេះក្តីប៉ុន្តែបុរសចំណាស់នោះនៅមិនទាន់ប្រាកដក្នុងដំណើរហោះហើរមកគយគន់អ្នកមេម៉ាយនាងខ្ញុង ដែលខ្លួនផ្ញើប្រាក់ឲ្យពេលណានោះទេ ខណៈនាងខ្ញុង និយាយថា គាត់ដូចជាមិនទាន់ប្រាកដថាចង់មកជួបមុខនាងផង ហើយដូចជាមិនដែលឮគាត់ថាចង់មកលេងស្រុកខ្មែរដែរ អត់សោះហើយគាត់ក៏មិនដែលស្នើរូបនាងឲ្យទៅអូស្រ្តាលីដែរ»៕
No comments:
Post a Comment
yes