សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 5, 2013

ពលរដ្ឋ​នៅ​កោះកុង​ប្រតិកម្ម​នឹង​មេការ​ចិន​រារាំង​មិន​ឲ្យ​តវ៉ា​រឿង​ដី

កោះកុង ៣០៥

ប្រជាពលរដ្ឋ​ជិត ៥០​គ្រួសារ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​រដ្ឋាភិបាល​បាន​សម្រេច​ជួល​ដី​ទៅ​ក្រុមហ៊ុន​ចិន ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ នៅ​ខេត្ត​កោះកុង បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​នេះ ដែល​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ចំ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។

អ្នក​ភូមិ​នៅ​ចំណុច​តាទេន ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មេការ​ជនជាតិ​ចិន របស់​ក្រុមហ៊ុន យូញៀន ឌីវឺឡុបមេន (Union Development Group) ថា​បាន​ចេញ​មុខ​រារាំង​ការ​តវ៉ា​របស់​អ្នក​ភូមិ​ដែល​ទប់ស្កាត់​មិន​ឲ្យ​ឈូស​ឆាយ​ស្រែ​របស់​អ្នក​ភូមិ។
ពលរដ្ឋ​នៅ​ភូមិ​ទួលពោធិ៍ ឃុំ​តានូន លោក ប៊ុន នីម ថ្លែង​នៅ​ថ្ងៃ​ទី​៥ ឧសភា ថា រយៈពេល ២​ថ្ងៃ តាំង​ពី​ថ្ងៃ​សៅរ៍ ទី​៤ និង​ថ្ងៃ​អាទិត្យ ទី​៥ ឧសភា មេការ​ជនជាតិ​ចិន ដែល​ការពារ​ឲ្យ​ក្រុមហ៊ុន​បាន​ចេញ​មក​តវ៉ា​ជាមួយ​អ្នក​ភូមិ​ដែល​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ប្រើ​គ្រឿងចក្រ​ឈូស​ដី​ស្រែ​ដែល​អ្នក​ភូមិ​បង្កបង្កើន​ផល​ជា​រៀង​រាល់​ឆ្នាំ។ លោក​ថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​ដើម្បី​គំរាម​កំហែង​មក​លើ​អ្នក​ភូមិ។ គាត់​ថា ពួកគាត់​គ្រាន់​ចង់​បាន​តែ​ដី​ស្រែ​ដី​ចម្ការ​ដែល​អ្នក​ភូមិ​តែង​បង្កបង្កើន​ផល​ជា​រៀង​រាល់​ឆ្នាំ​ទុក​ដើម្បី​ជីវភាព​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​បុទុមសាគរ លោក អន ភារៈ មាន​ប្រសាសន៍​ថា អ្នក​តវ៉ា​មួយ​ចំនួន​បាន​ទទួល​យក​ការ​ដោះស្រាយ​របស់​ក្រុមហ៊ុន​ហើយ ប៉ុន្តែ​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ទទួល​ការ​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។ លោក​ថា ក្រុម​ការងារ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តានូន​អស់​ហើយ ដែល​មាន​ទាំង​ការ​ដោះស្រាយ​ដី​កសិកម្ម ផ្ទះ និង​ថវិកា ផង។
ប៉ុន្តែ​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ មាន​មតិ​ថា ការ​ដោះស្រាយ​ទូទាត់​សំណង​ជូន​ពលរដ្ឋ​កន្លង​មក គឺ​មិន​សម​ហេតុ​សម​ផល ហើយ​ចំពោះ​ក្រុមហ៊ុន​មិន​គួរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាមកំហែង​អ្នក​ភូមិ​នោះ គួរ​តែ​មាន​ការ​ចរចា​ណាមួយ​ប្រកប​ដោយ​សន្តិវិធី។
ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ សរុប​ជាង ១​ពាន់​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវឺឡុបមេន តាំង​ពី​ឆ្នាំ​២០០៧។ ដោយ​ឡែក​ពលរដ្ឋ​នៅ​ចំណុច​តាទេន ឃុំ​តានូន ជិត ៥០​គ្រួសារ ដែល​មាន​ដី​ប្រមាណ ៣០០​ហិកតារ នៅ​មិន​ទាន់​ទទួល​យក​ការ​ដោះស្រាយ​របស់​ក្រុមហ៊ុន​នៅ​ឡើយ។
ចំណែក​អ្នក​ភូមិ​មួយ​ចំនួន ដែល​បាន​ទទួល​យក​ដី​និង​ផ្ទះ​ដែល​ក្រុមហ៊ុន​ដោះដូរ​ឲ្យ​ពួកគាត់​នោះ បាន​វិល​ត្រឡប់​ទៅ​ភូមិ​ឋាន​ចាស់​របស់​ពួកគាត់​វិញ ដើម្បី​ប្រកប​មុខរបរ​នេសាទ​ដែល​ពួកគាត់​ធ្លាប់​ធ្វើ។
ទាក់ទង​បញ្ហា​ទំនាស់​ដីធ្លី​នេះ អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ទំនាស់​ជាមួយ​ឈ្មួញ ក្នុង​កោះកុង គ្រោង​ធ្វើ​ដំណើរ​រួម​គ្នា​មក​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ឧសភា ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ដីធ្លី​របស់​ពួកគេ៕

No comments:

Post a Comment

yes