លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយការបោះឆ្នោត
នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់គេសម្គាល់ឃើញថា
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
កាន់តែដុតកំដៅថែមទៀតប្រឆាំងទៅនឹងគណបក្សជំទាស់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា
ដោយព្រមានលើលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
ជំនួសឲ្យក្រុមបាតុករថា បាតុកម្មអហិង្សារបស់មហាជនមួយប្រឆាំងលោកកឹម
សុខានឹងធ្វើឡើងនៅពេលខាងមុខបើសិនជាលោកកឹម សុខាមិនសុំទោសជាសាធារណៈនោះទេ។
ការទាមទារឲ្យសុំទោសដែលធ្វើឡើងដោយលោកជុំ
ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហម
ក្សេមក្សាន្តដោយសារមានការចោទប្រកាន់ថាលោកកឹម សុខា
ចាត់ទុកគុកទួលស្លែងឬមន្ទីរស
២១របស់ពួកខ្មែរក្រហមជាគុកសិប្បនិមិត្តនិងរៀបចំឡើងដោយប្រទេសវៀតណាម។
ប៉ុន្តែលោកកឹម
សុខា
បដិសេធធ្វើការសុំទោសដោយសំអាងថាលោកមិនបាននិយាយដូច្នោះទេហើយថានេះជាការប្រឌិតមួលបង្កាច់លើអ្វីដែលលោកបាននិយាយ។
លោកហ៊ុន សែន
បានលូកមាត់ម្តងជាពីរដងក្នុងរឿងនេះ។
«បាតុកម្មទ្រង់ទ្រាយធំវាអាចនឹងកើតមាន។
មិនមែនតែនៅក្នុងទីក្រុងភ្នំពេញនោះទេ។
តែគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសតែម្តង។
ខ្ញុំមិនអាចហាមឃាត់មិនឱ្យប្រជាជនមិនឱ្យធ្វើបាតុកម្មនោះទេតែអ្វីដែលខ្ញុំស្នើសុំនោះគឺបាតុកម្មនោះត្រូវធ្វើឡើងដោយធើ្វដោយថ្លៃថ្នូរ
មានរបៀបរៀបរយ សណ្តាប់ធ្នាប់និងដាច់ខាតមិនឱ្យមានអំពើហិង្សាណាមួយកើតឡើង»។
លោក អ៊ូ
វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិយាយថាគម្រោងបាតុកម្មប្រឆាំងនឹងលោកកឹម
សុខាគឺជានយោបាយទាំងស្រុងក្នុងអំឡុងពេលនៃការឃោសនានយោបាយខាងមុខនេះពោលគឺជាយុទ្ធសាស្រ្តនយោបាយរបស់លោក
ហ៊ុន សែន។
«ជាសិទ្ធិរបស់លោកហ៊ុនសែនក្នុងការនិយាយហ្នឹង។
គាត់និយាយបែបសន្តិវិធី។ ជាក់ស្តែង
តើវាគ្រប់គ្រងស្ថានភាពបានឬមិនបានហ្នឹងជារឿងមួយទៀត។
ដូចខ្ញុំនិយាយអីចឹងនេះ ជាការធ្វើនយោបាយនៅប្រទេសកម្ពុជា។
គេធ្វើបែបហ្នឹង។ បើសិនជា មានការប្រឈមមុខ រវាង ប្រជាពលរដ្ឋ
និងប្រជាពលរដ្ឋ»។
លោក យ៉ែម
បុញ្ញឫទ្ធិមន្ត្រីមកពីគណបក្សសង្គ្រោះជាតិថ្លែងថាការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន
សែនគឺជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលម្នាក់។
លោកបុញ្ញឫទ្ធិបន្ថែមថាគណបក្សលោកនឹងរង់ចាំគម្រោងនៃបាតុកម្មនោះពីព្រោះរៀងរាល់ដងដែលគណបក្សប្រឆាំងស្នើសុំធ្វើបាតុកម្មអហិង្សាតែងត្រូវបានរារាំងនិងទប់ស្កាត់ពីក្រុមអាជ្ញាធរ។
គម្រោងធ្វើបាតុកម្មត្រូវបានលោក
បុញ្ញឫទ្ធិលើកឡើងថានឹងធ្វើឱ្យមានឥទ្ធិពលដល់ការបោះឆ្នោតខាងមុខ។
«បើតាមច្បាប់គេកំណត់គេចង់ឱ្យ
១០នាក់ ១០០នាក់។យើងចាំមើលមើលតើគេ ធ្វើប៉ុន្មាននាក់។
បក្សកាន់អំណាចនិងបក្សប្រឆាំងមានសិទ្ធិក្នុងការធ្វើនយោបាយ
និងការធ្វើបាតុកម្ម ហើយឬនៅ»។
លោក កែម ឡី
អ្នកស្រាវជ្រាវឯករាជ្យនិយាយថាអ្នកនយោបាយត្រូវហ៊ានចេញមុខសុំទោសប្រសិនបើគាត់បានធ្វើខុសដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួនដល់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន លោក កែម ឡីបញ្ជាក់ថា
រដា្ឋភិបាលមានតួនាទីក្នុងការគាំទ្ររាល់សកម្មភាពផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងន័យធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោកកែម ឡី
បញ្ជាក់ដោយប្រយោលថា
រដ្ឋាភិបាលមិនគួរជំរុញឱ្យមានបាតុកម្មប្រឆាំងនឹងអ្វីមួយនោះទេ។
«ក៏ប៉ុន្តែរដ្ឋាភិបាលគ្មានតួនាទីក្នុងការជំរុញឱ្យមានការធ្វើបាតុកម្មនោះទេ។
បើបាតុកម្មមែនមានន័យធ្វើបាតុកម្មដើម្បីខ្លួនឯងពីព្រោះថាខ្លួនឯងជាអ្នកដឹកនាំ»។
លោក
នាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាក់ផងដែរថាបាតុកម្មអាចមិនមែនកើតឡើងតែក្នុងទីក្រុងភ្នំពេញនោះទេ។
លោកកែម ឡី
យល់ថាក្នុងអំឡុងពេលនៃការខិតជិតចូលមកដល់នៃយុទ្ធនាការនៃការឃោសនាបោះឆ្នោត
ប្រសិនបើមានបាតុកម្មប្រឆាំងទៅនឹងលោក កឹម
សុខាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិហើយបាតុកម្មនោះមិនមានការគ្រប់គ្រងត្រឹមត្រូវវានឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការរកសំឡេងឆ្នោតរបស់បក្សប្រឆាំង។
ហើយវាជាកំហុសរបស់រដ្ឋដែលមិនអាចធានាឱ្យបាននូវសន្តិសុខ
និងស្មើភាពគ្នាឱ្យគណបក្សនយោបាយនីមួយៗ។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផានទទួលស្គាល់ថាជារឿងនយោបាយ
ប៉ុន្តែវាជានយោបាយដែលស្របតាមអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាននិងស្របតាមច្បាប់។
អ្នកនាំពាក្យដដែលបន្ថែមថាវាជារឿងធម្មតាដែលរដ្ឋាភិបាលតែងមានឆន្ទៈក្នុងការគាំទ្រការស្នើសុំធ្វើបាតុកម្មដោយអហិង្សា
ដែលមានគោលការណ៍ត្រឹមត្រូវនិងមិនបង្កឱ្យមានការប៉ះពាល់ដលសន្តិសុខ
សណ្តាប់ធ្នាប់។
«យើងដឹងហើយលោកគាំទ្របាតុកម្មអហិង្សាដែលមានទិសដៅគោលការណ៍ច្បាស់លាស់។
មិនមែនការឆ្លងថ្នល់ក្នុងការរំខាននូវសន្តិសុខជាតិ និងសណ្តាប់ធ្នាប់។
អាហ្នឹងជាគោលការណ៍ច្បាស់លាស់»។
វីអូអេមិនអាចសុំសេចក្តីអត្ថាធិប្បាយពីលោក
ជុំ ម៉ីទេ។ ខណៈដែលលោក លោក បូ ម៉េងប្រាប់ថា
លោកមិនបានដឹងពីគម្រោងបាតុកម្មអ្វីនោះទេហើយលោកក៏មិនបានស្នើសុំឱ្យមានបាតុកម្មអ្វីដែរ។
លោក ប៊ូ
ម៉េងបន្ថែមថារឿងលោក កឹម សុខាធ្វើការសុំទោសមិនសុំទោសជាសិទ្ធិរបស់លោក កឹម
សុខា៕
No comments:
Post a Comment
yes