សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

សៀវភៅ​ថ្មី​បង្ហាញ​ពី​ការទទួល​យក​លោក​ហ៊ុនសែន​ដោយ​មេដឹកនាំ​អន្តរជាតិ

អ្នក​និពន្ធ​សៀវភៅ​ Strongman អំពី​លោកហ៊ុន សែនបកស្រាយ​អំពី​សៀវភៅ​នេះ​។
អ្នក​និពន្ធ​សៀវភៅ​ Strongman អំពី​លោកហ៊ុន សែនបកស្រាយ​អំពី​សៀវភៅ​នេះ​

 អ្នក​និពន្ធ​សៀវភៅ​អំពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​នូវ​ជំហរ​របស់​ក្រុម​បស្ចឹម​ប្រទេសដែល​បាន​ទទួល​ស្គាល់​តួរ​នាទី​ដ៏​សំខាន់​របស់​លោក​ហ៊ុន សែន​ក្នុង​ការរារាំង​ការវិល​ត្រឡប់​មក​កាន់​អំណាច​ជាថ្មី​ឡើង​វិញ​នៃក្រុម​ខ្មែរក្រហម។ ​សៀវភៅ​«បុរសខ្លាំង​ហ៊ុនសែន៖ ឆាក​ជីវិត​ដ៏​អស្ចារ្យ​ពី​ជីវិត​ក្មេងវត្ត​មក​ជា​នាយករដ្ឋមន្ត្រី កម្ពុជា» ដែល​បាន​បោះពុម្ភ​ផ្សាយក្នុង​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​បស្ចឹម​ប្រទេស​មិន​បាន​ស្អប់​មេដឹកនាំ​រូប​នេះទាំងស្រុងហើយ​ក៏ មិន​ស្រឡាញ់ទាំង​ស្រុង​ដែរ។


លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាស​ជាមួយ​នឹង​អ្នក​និពន្ធ​ហារីស មេត្តា និង​ជូលី មេត្តា​អំពីការរកឃើញ​ថ្មី​នេះនិង​ការ​ដែល​លោក​ហ៊ុន សែន​ខំ​កសាង​គ្រួសារ​ត្រកូល​ហ៊ុន មួយ។

ខាង​ក្រោម​នេះ​ជា​បទសម្ភាស​ទាំងស្រុង​។ 
វីអូអេ៖ សូម​ជម្រាប​សួរ​លោក​បណ្ឌិត​ហារីស​ មេត្តា!

ហារីស​ មេត្តា៖ សូម​ជម្រាបសួរ!

វីអូអេ៖ សូម​អបអរ​សាទរ​ចំពោះ​សៀវភៅ​ថ្មី​របស់​លោក​អំពី​ជីវប្រវត្តិ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន! នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​បណ្តា​បស្ចឹម​ប្រទេស​មើល​ឃើញ ថា​លោក​ហ៊ុន សែន​ជាមនុស្ស​បែបណាបន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​និង​រហូត​មក​ដល់​ពេល​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ តើ​លោក​អាច​បញ្ជាក់​ត្រង់​ចំណុច​នេះ​បាន​ទេ?

ហារីស មេត្តា៖ បាទ សូម​អរគុណ​លោក​គឹមសេង។ អ្វី​ដែល​សំខាន់​គឺ​យើង​ទទួល​បាន​ឯកសារ​ថ្មី​ជាច្រើន​ដែល​មាន​នៅ​ក្នុង​បណ្ណាសារ​របស់​សហរដ្ឋ​អាមេរិក គឺ​ឯកសារ​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់​ ក្រសួងការ​បរទេស​និង​បណ្ណាល័យ​របស់​លោក​ George H W Bush។ ដោយ​មាន​ឯកសារ​ទាំង​អស់​នេះ​នៅ​ក្នុង​ដៃ​គឺ​យើង​អាច​ពិនិត្យ​មើល​ឡើង​វិញ​ថា​លោក​ហ៊ុន សែន​ជាមនុស្ស​បែប​ណា។
កាលពី​អតីតកាល​បណ្តា​បស្ចឹម​ប្រទេស​តែ​ងតែ​បង្កើត​នូវ​រូបភាព​ស្រពិច​ស្រពិច​ថា​ហ៊ុន​ សែន​គឺ​ជាអ្នក​ដឹកនាំ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ហើយ​ថា​គេ​មិន​ចូលចិត្ត​គាត់​និង​រដ្ឋាភិបាល​គាត់​ទេ។ ឯកសារ​ថ្មី​ដែល​យើង​មាន​បង្ហាញ​ថា​ចំណុច​ទាំង​អស់​នេះ​មិន​ត្រឹម​ត្រូវ​ទេ។
ឯកសារ​ថ្មី​បង្ហាញ​យើង​ថា​ក្នុង​ឆ្នាំ​១៩៨៩ លោក​ប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ​ មីតេរ៉ង់​បាន​ជួប​ជជែកគ្នា​ជាមួយ​នឹង​លោ​ក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក George HW Bush អំពី​ប្រទេស​កម្ពុជាហើយ​បញ្ជាក់​ថា​លោក​ហ៊ុន សែន​គឺ​ជាចំណុច​ខ្លាំង​មួយ​នៃ​រដ្ឋាភិបាល​របស់​គាត់ហើយ​បើ​ទោះបី​ជា​យើង​មិន​ជួយ​ឱ្យ​គាត់​បាន​កាន់​អំណាច​ប៉ុន្តែ​ហ៊ុន សែន​ដឹកនាំ​បាន​ល្អ។ លោក​បាន​បន្ថែម​ថា​ពួក​បស្ចឹម​ប្រទេស​យើង​គួរ​តែ​គិត​គូរ​ដល់លោក​ហ៊ុន សែន​ដែរ។
ឯកសារ​នេះ​បង្ហាញ​ថា​គំនិត​ដែល​ថា​ហ៊ុន សែន​មិន​មាន​អ្នក​ចូលចិត្ត​នៅ​បស្ចឹម​ប្រទេស​គឺ​មិន​ត្រឹមត្រូវ​ទេ។ ការពិត​នោះ​គឺ​ថា​គេ​ក៏ មិន​ស្អប់​គាត់​ទាំង​ស្រុង​ហើយ​ក៏​មិន​ស្រឡាញ់​គាត់​ទាំងស្រុង​ទេ។ ពី​ដំបូង​គឺ​បស្ចឹម​ប្រទេស​មិន​ចូលចិត្ត​គាត់​ហើយ​ចាប់​ពី​ឆ្នាំ​១៩៨៩​មក​គឺ​គេ​ចាប់​ផ្តើម​ទទួល​ស្គាល់​គាត់​ហើយ​អាមេរិកាំង​ក៏​ចាប់​ផ្តើ​ម​ទទួល​យក​គាត់និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អញ្ចឹង​ហើយ​បាន​មក​ដល់​ឆ្នាំ​១៩៩១​ពេល​ដែល​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​គឺ​គេ​មិន​បាន​ស្នើ​សុំ​រំលាយ​រដ្ឋាភិបាល​របស់​គាត់​ទេ​ហើយ​រហូត​ដល់​មាន​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ឆ្នាំ​១៩៩៣។

​វីអូអេ៖ បាទ​ ខ្ញុំ​នៅ​ចាំ​បាន​ថា​បារាំង​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ក្រុម​បស្ចឹម​ប្រទេស​ដែល​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មុន​គេ។ តើ​លោក​អាច​បញ្ជាក់​បាន​ទេ​ថា​ហេតុអ្វី​បាន​ជាគេ​ចាប់​អារម្មណ៍​ជាមួយ​នឹង​លោក​ហ៊ុន សែន?

ហារីស​ មេត្តា៖ បស្ចឹម​ប្រទេស​មិន​យល់​ស្រប​នឹង​លោក​ហ៊ុន សែន​លើ​ចំណុច​ជាច្រើន​ប៉ុន្តែ​មាន​ចំណុច​រួម​មួយ​ដែល​ពួកគេ​មាន​ដូច​លោក​ហ៊ុន សែន​ដែរ​នោះ​គឺ​ការ​ទប់​ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ខ្មែរ​ក្រហម​ហើយ​ចំណុច​នេះ​ហើយ​ដែល​រក្សា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ឱ្យ​ស្ថិតនៅ​ក្នុង​អំណាច​បាន​។ ក្រុម​បស្ចឹម​ប្រទេស​គិត​ថា​ក្រុម​មិនមែន​កុំម្មុយនីស្ត​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុនិង​លោក​សឺនសាន​អាច​មក​កាន់​អំណាច​បាន​ប៉ុន្តែ​ក្រោយមក​មើល​ឃើញ​ថា​មាន​តែ​ក្រុម​លោក​ហ៊ុន សែន​ទេ​ដែល​អាច​ទប់​ស្កាត់​ក្រុម​ខ្មែរ​ក្រហម​មិន​ឱ្យ​មក​កាន់​អំណាច​វិញ​បាន​ដូច្នេះ​ហើយ​គេ​ចាប់​ផ្តើម​គិតគូរ​ដល់​រដ្ឋាភិបាល​ហ៊ុន សែន​ថា​ជា​តួអង្គ​មួយ​ដែរ។​ កត្តា​ដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​មាន​មនុស្ស​ដ៏​ជាទី​គោរព​ដូច​ជា​លោក​រីឆាដ សូឡូម៉ុង​ចាប់​ផ្តើម​សរសេរ​នូវ​របាយការណ៍​ដែល​ផ្តល់​ជម្រើ​ស​ឱ្យ​ប្រើ​ប្រាស់​យន្ត​ការ​អង្គការ​សហប្រជាជាតិដោយ​ក្នុង​តម្លៃ​ណា​ក៏ដោយ​អាច​រៀបចំ​ការ​បោះឆ្នោត​មួយ​បាន​នៅ​ប្រទេស​កម្ពុជា។
ដោយ​ឡែក​សមាជិក​អាស៊ាន​ខ្លះ​ចាប់​ផ្តើម​រាប់​អាន​ដោយ​កក់ក្តៅ​ជាមួយ​នឹង​លោក​ហ៊ុន សែន​ហើយ​លែង​ឯកភាព​ជាធ្លុង​មួយ​ប្រឆាំង​ហ៊ុន សែន​ទៀតហើយ។ មក​ដល់​ឆ្នាំ​១៩៨៩​និង​១៩៩០​ប្រទេស​ថៃ​និង​ឥណ្ឌូនេស៊ី​បាន​ស្និទស្នាល​នឹង​លោក​ហ៊ុន​សែន​ជាស្រេច។ ហើយ​បើ​ទោះ​បី​ជាមាន​សមាជិក​អាស៊ាន​ខ្លះ​នៅ​ជំទាស់​ក៏​សហរដ្ឋ​អាមេរិក​បញ្ចុះ​បញ្ចូល​គេ​ថា​សភាព​ការណ៍​ជុំ​ជោរ​ហើយ​ហើយ​គេ​ត្រូវ​បេះយក​ផ្លែផ្កា​ដោយ​ទុក​ឱ្យ​ហ៊ុន សែន​ស្ថិត​នៅ​ក្នុង​អំណាច​សិន​និង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ធំ​មួយ។ ប៉ុន្តែ​មាន​កត្តា​មួយ​ដែល​គេ​តែង​តែ​ភ្លេចនោះ​គឺ​ថា​លោក​ហ៊ុន សែន​គឺ​ជា​អ្នក​ការទូត​ដ៏​ឆ្នើម​មួយ​ដែល​បាន​ដើរ​តួរ​យ៉ាង​ល្អ​ក្នុងការចរចា​សន្តិភាព​ក្រុងប៉ារីស​ និង​ការចរចា​ក្រុង​ហ្សាការតា​និង​តូក្យូ​ជាដើម។​ គាត់​មាន​សមត្ថភាព​បង្ហាញ​បស្ចឹម​ប្រទេសនិង​ពិភព​ខាងក្រៅ​ថា​គាត់​អាច​រក្សា​ជំហរ​បាន​និង​ដម្កល់​ប្រយោជន៍សន្តិសុខជាតិខ្ពស់។  

វីអូអេ៖ ដោយ​វិវត្តន៍​ពី​ក្មេងវត្ត​ទៅ​ជា​រដ្ឋ​បុរស​និង​ជាអ្នក​ជ្រើស​តាំង​ព្រះមហាក្សត្រ​ គឺ​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​ក៏​មាន​ជំពូក​មួយ​ដែល​រៀបរាប់​ពី​តួរនាទី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ក្នុង​ការ​ជ្រើសតាំង​ព្រះ​មហាក្សត្រ​អង្គថ្មី​សម្រាប់​ប្រទេស​ជាតិ​ ហើយ​លោក​បាន​បញ្ជាក់​ថា​លោក​នាយករដ្ឋ​មន្ត្រី​បាន​រៀបចំ​ផែនការ​ឱ្យ​មាន​អ្នក​ស្នង​រាជ្យ​តាំងពី​ឆ្នាំ​២០០១ ហើយ​លោក​បាន​ឱ្យ​ដឹង​ពី​ការ​ចង់​ឱ្យ​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី​ឡើង​សោយរាជ្យ​ក្នុង​គ្រាដែល​មិន​មាន​ខ្សែរាជវង្ស​ណាមួយ​ព្រម​ឡើង​សោយរាជ្យ​ទេ។ តើ​កត្តា​អ្វី​ដែល​ជំរុញ​លោក​នាយករដ្ឋមន្ត្រី​ឱ្យ​គិត​ដូច្នេះ​?

ហារីស មេត្តា៖ បាទ ឥឡូវ​យើង​ត្រឡប់​ទៅ​និយាយ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០០១។ នេះ​មាន​ន័យ​ថា​យើង​វិល​ត្រឡប់ទៅ​ឆ្នាំ​២០០១​ឬ​២០០២។ ពេលនោះ​គឺ​ជា​ពេល​ដែល​ព្រះបាទ​នរោត្តម​ សីហនុ​នៅ​មាន​ព្រះរាជ​សុខភាព​ល្អ​ហើយ​គឺ​មាន​បញ្ហា​ពី​ភាព​មិន​ច្បាស់​លាស់​ពីព្រោះ​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ មិនមាន​ច្បាប់​ដែលពន្យល់​ថា​តើ​ការស្នង​រាជ្យ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​វិធីណា។ ពេល​នោះ​គឺ​សូម្បី​សេចក្តី​ព្រាង​ច្បា​ប់​ក៏​អត់​មាន​ទេ។ 
ដោយសារ​តែ​កម្ពុជាមិន​មាន​ច្បាប់ ​អញ្ចឹង​ហើយ​គឺ​គ្មាន​អ្នក​ណា​ដឹងច្បាស់​ថា​នឹង​មាន​រឿង​អ្វី​អាច​កើត​មាន​ឡើង​បាន​ ហើយ​លោក​ហ៊ុន សែន​បាន​ប្រាប់​យើង​នៅក្នុង​បទ​សម្ភាស​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​លោក​បាន​រក្សា​ឯកសារ​សម្ងាត់​មួយ​ក្នុង​ថត​តុ​របស់​គាត់​គឺ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​ដំណាក់​កាលជាបន្តបន្ទាប់​ថា​តើ​ក្សត្រ​អង្គថ្មី​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​វិធីណា។ ដូច​លោក​ដឹងហើយ​ថា​មាន​ឧត្តមក្រុម​ប្រឹក្សា​រាជបល្ល័ង្គ​ហើយ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ទាំង​អស់​នេះ។ ​ដោយសារ​តែ​ភាព​មិនច្បាស់​លាស់​ទូទៅ​នាពេល​នោះ​គឺ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ចំពោះ​លោក​ហ៊ុន សែន​ថា​តើ​ព្រះ​អង្គម្ចាស់​សីហមុនី​នឹង​ដាក់​បេក្ខភាព​ឬទេ។ ពេល​នោះ​មិន​ច្បាស់​ទាល់​តែ​សោះ​ដោយសារ​តែ​ពេលនោះ​ជា​ឆ្នាំ​២០០១​និង​២០០២​នៅ​ឡើយ។ 
ព្រះអង្គម្ចាស់​សីហមុនី​ក៏​មិន​បាន​បង្ហាញ​ព្រះទ័យ​ឱ្យ​បាន​ច្បាស់​លាស់​ទេ ហើយ​ព្រះ​បិតា​របស់​ទ្រង់​គឺ​ព្រះបាទ​នរោត្តម សីហនុ​ដ៏​ជាទី​សក្ការៈ​ក៏​មិន​បង្ហាញ​ពី​ព្រះ​ទ័យ​សម្រេច​ច្បាស់​លាស់​ដែរថា​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ចង់​ឱ្យ​ព្រះ​រាជបុត្រ​នរោត្តម សីហមុនី​ឡើង​សោយរាជ្យ​ជា​ព្រះ​មហាក្សត្រ​បន្តឡើយ។ ជាការ​ពិត​គឺ​ព្រះ​មហាក្សត្រ​សីហនុ ជានិច្ចកាល​បាន​ចេញ​នូវ​សារ​ដែល​បញ្ច្រាស​គ្នា​ផងដែរដូច​ជា​ពេលមួយ​ព្រះ​អង្គ​បាន​ចេញ​នូវ​សារ​មួយ​ដែល​បញ្ជាក់ថា ​ក្នុង​ចំណោម​ព្រះ​រាជបុត្រ​ទាំងអស់​របស់​ព្រះ​អង្គដែល​អាច​ឡើង​សោយរាជ្យ​បាន​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ព្រះ​អង្គម្ចាស់​នរោត្តម រណឫទ្ធិ​ទេ។
ជាការពិត​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​គឺ​ជា​ព្រះរាជបុត្រ​ដែល​មាន​បញ្ញា​និង​ការចេះ​ដឹង​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​រាជ​វង្សានុវង្ស​ទាំង​អស់​ដែល​ខ្ញុំ​ស្គាល់​។ ព្រះ​មហាក្សត្រ​បាន​មាន​ព្រះរាជ​សារ​ដូច​នេះ​ប៉ុន្តែ​នៅ​ពេល​ដែល​ដំណឹង​នោះ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​គឺ​នៅ​ថ្ងៃ​បន្ទាប់​ព្រះ​មហាក្សត្រ​សីហនុ​ឆ្លើយ​ថា​ព្រះ​អង្គមិន​ដែល​មាន​ព្រះ​ឱង្កា​ដូច្នេះ​ទេ។ លោក​ដឹង​ទេ​ក្នុង​ការ​ដែល​មាន​បញ្ហា​អញ្ចឹង​វា​កាន់​តែ​ធ្វើ​ឱ្យ​សភាព​ការណ៍​កាន់​តែ​ច្រឡំបល់។
ក្នុង​ស្ថានការណ៍​ច្រឡំបល់​ដូច្នេះ​លោក​ហ៊ុន សែន​បាន​រៀបចំ​ដោយ​សម្ងាត់​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការស្នងរាជ្យ ពីព្រោះ​លោក​ហ៊ុន សែន​ក៏​មិន​ដឹង​ថា​តើ​នឹង​មាន​រឿង​អ្វី​អាច​នឹង​កើត​មាន​ឡើង​បាន​ អញ្ចឹង​ហើយ​បាន​ជា​គាត់​ប្រាប់​យើង​ខ្ញុំ​នៅ​ក្នុង​ពេល​សម្ភាស​ថា ​«ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​នឹង​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​ហើយ​ទូល​ថា​ព្រះ​អង្គ​ម្ចាស់​គឺ​ជា​បេក្ខជន​ដ៏​សមស្រប​ជាងគេ​បំផុត​ក្នុង​ការ​ឡើង​ស្នង​រាជ្យ»។ នេះ​គឺ​ជា​អ្វី​ដែល​លោក​ហ៊ុន សែន​បាន​ប្រាប់​ពួកយើង​ខ្ញុំ​នៅ ក្នុង​ឆ្នាំ​២០០១ ហើយ​ខ្ញុំ​បាន​ប្រាប់​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​ថា​ព្រះ​អង្គ​គួរ​តែ​ត្រៀម​ព្រះ​កាយ​ដើម្បី​ឡើង​សោយរាជ្យ​ ប៉ុន្តែ​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​ត្រូវ​តែ​យល់​ថា​ព្រះ​អង្គ​មិន​អាច​សោយ​រាជ្យ​ផង​ហើយ​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​ទេ គឺ​ព្រះ​អង្គ​ត្រូ​វជ្រើស​រើស​យក​មួយ​។ ដូច្នេះ​ហើយ​ក្នុ​ងគំនិត​របស់​លោក​ហ៊ុន សែន​គឺ​សភាព​ការណ៍​មិន​ច្បាស់​លាស់​ទេ។ មក​ដល់​ពេល​នោះ​គឺ​ព្រះ​បាទ​នរោត្តម​សីហនុ​បាន​មាន​ព្រះ​រាជតម្រិះ​ចាត់​ទុក​ថា​លោក​ហ៊ុន សែន​គឺ​ជា​«បុរសខ្លាំង»មួយ ហើយ​ក៏​បាន​ហៅ​លោក​ហ៊ុន សែន​ថា​ជា​«បុរសខ្លាំង»​ដោយ​ចំហ​ ហើយ​ម្តងម្កាល​ព្រះ​បាទ​សីហនុ​បាន​ប្រាប់​លោក​ហ៊ុន សែន​ជា​សាធារណៈ​ថា​ការជ្រើស​តាំង​ព្រះមហាក្សត្រ​ថ្មី​គឺ​អាស្រ័យ​លើ​លោក​នាយករដ្ឋ​មន្ត្រី​។ ដូច្នេះ​រឿងនេះ​បាន​បន្ត​កើត​មាន​ឡើង ​ហើយ​ក្នុង​ន័យ​ទាំងអស់​នេះ​ ហើយ​ដោយសារ​តែ​វា​មិន​ច្បាស់​ចំពោះ​លោក​ហ៊ុន សែន​ថា​តើ​ព្រះ​អង្គម្ចាស់​មួយ​ណា​នឹង​ស្ម័គ្រចិត្ត​ឡើង​សោយរាជ្យ​ លោក​ក៏​និយាយ​ថា​ប្រសិន​បើ​គ្មាន​ព្រះរាជ​បុត្រ​អង្គណាយល់​ព្រម​ទេ​អញ្ចឹង​ខ្ញុំ​ស្នើ​ឱ្យ​សម្តេច​ព្រះរាជអគ្គមហេសី​ នរោត្តម​ មុនីនាថ​សីហនុ​ ឱ្យ​ក្លាយ​ជា​ព្រះ​មហា​ក្សត្រីយានីដោយ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ។
ហេតុផល​ក្នុ​ងការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដោយសារ​តែ​វាបាន​ចែង​ថា​គឺ​មាន​តែ​អ្នក​ស្នង​រាជ្យ​ជា​បុរស​ដែល​មក​ពី​សែ​ស៊ីសុវត្ថិ​ឬសែ​នរោត្តម​ឬ​សែ​រាជវង្ស​ដទៃ​ទៀត។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​បាន​លេចចេញ​ព្រះនាម​របស់​សម្តេច​ព្រះរាជ​អគ្គមហេសី ហើយ​លោក​ហ៊ុន សែន​ក៏​ចូលចិត្ត​សម្តេច​ព្រះរាជ​អគ្គ​មហេសី​ដោយ​ផ្ទាល់​ផងដែរ ហើយ​ថែម​ទាំង​និយាយ​ថា​ព្រះ​អង្គ​មាន​លក្ខណៈ​ជាស្ត្រី​ខ្មែរ​ជាង​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ផងដែរ។
លោក​ដឹង​ហើយ​ថា​ព្រះ​អង្គ​អាច​មាន​ឈាម​ជ័រ​បរទេស​ដោយ​សារ​មាន​ជាប់​ឈាម​បារាំងនិង​អ៊ីតាលី​ហើយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​មានជាប់​ឈាម​វៀតណាម​ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ច្បាស់ ហើយ​ប្រហែល​លោក​ដឹង​រឿង​នេះ​ច្បាស់​ជាងខ្ញុំ​។
ថ្វីបើ​មាន​ការ​ជាប់​ឈាម​ជ័រ​បរទេស​តែ​លោក​ហ៊ុន សែន​យល់​ថា​សម្តេច​ព្រះរាជ​អគ្គ​មហេសី​គឺ​ជា​មហេសី​របស់​សម្តេច​ឪ ដ៏​ឧត្តុង្គឧត្តម អញ្ចឹង​ហើយ​គឺ​ជា​ព្រះ​មហាក្សត្រី​ដ៏​ល្អ ហើយ​អាច​សោយរាជ្យ​ជា​ព្រះ​មហាក្សត្រីយានី​ដ៏​ល្អ​ហើយ​គេ​អាច​ស្វាគមន៍​ព្រះ​អង្គ​ចូលក្នុង​សង្គម​ដ៏​ល្អ​របស់​យើង​។

​វីអូអេ៖ នៅក្នុង​ការបោះពុម្ភផ្សាយ​លើក​នេះ​លោក​បាន​បង្ហាញ​ថា​លោក​ហ៊ុន សែន​បាន​ផ្លាស់​ប្តូរ​ចិត្ត​ដោយ​ឱ្យ​កូនៗ​ចូលប្រឡូក​ក្នុង​នយោបាយ ជា​ឧទាហរណ៍​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​គឺ​កូន​ពៅ​មួយ​របស់​គាត់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​អ្នក​តំណាង​រាស្ត្រ។ តើ​ហេតុអ្វី​បាន​ជា​គាត់​មានការ​ផ្លាស់​ប្តូរ​គំនិត?

ហារីស មេត្តា៖ ពេល​ដែល​លោក​ហ៊ុនសែន​និង​ភរិយា​របស់​គាត់​និយាយ​ដូច​នេះ​នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​ខ្ញុំ​គឺ​ខ្ទង់​ឆ្នាំ​២០០០ឬ២០០១ គឺ​តាំងពី​ពេល​ដែល​កូនៗ​របស់​គាត់​នៅ​មាន​អាយុទើប​២០​ឬ​ជិត​២០​ឆ្នាំតែ​ប៉ុណ្ណោះដូច្នេះ​នៅ​មិន​ទាន់​គិត​ដល់​អ្នក​ស្នង​តំណែង​អ្វី​ទេ ហើយ​ឥឡូវ​ពួកគាត់​កាន់តែ​ចាស់ៗហើយ​ដូច្នេះ​មើល​ឃើញ​ពី​តម្រូវ​ការក្នុង​ការ​រក្សា​គណបក្ស​ប្រជាជន​ឱ្យ​ស្ថិត​នៅ​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រទេស​ដើម្បី​ទាក់​ទាញ​អ្នក​បោះឆ្នោត​ក្មេងៗ។
តាម​ពិត​ទៅ​បញ្ហា​ដែល​ទាក់​ទង​នឹង​ការសម្រេច​ប្តូរ​ចិត្ត​របស់​គាត់​នោះ​គឺ​គាត់​មិន​ដែល​ប្រកាស​ជាសាធារណៈ​អំពី​រឿង​នោះ​ទេ​ដោយ​សារ​គាត់​មិន​ដែល​ប្រាប់​អ្នក​ណា​ម្នាក់ឡើយ​ថា​មិន​ចង់​ឱ្យ​កូនៗ​ចូល​ក្នុង​ឆាក​នយោបាយទេ​គឺ​គាត់​បាន​លើក​ឡើង​តែ​ក្នុង​បទសម្ភាស​ជាមួយ​នឹង​ពួកខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​វា​ជាការ​ធម្មតា​សម្រាប់​ប្រទេស​នៅ​អាស៊ី​ដូ​ចជា​សិង្ហបុរី ហ្វីលីពីន និង​ឥណ្ឌា​ជាដើម​ដែល​កូនចៅ​អ្នក​នយោបាយ​តែង​តែដើ​រតាម​គំរូ​ចូល​ប្រឡូក​ក្នុងឆាក​នយោបាយ ហើយ​កម្ពុជា​ខ្លួន​ឯង​ក៏​មាន​ប្រវត្តិ​សែ​រាជវង្ស​ធ្វើ​នយោបាយ​ដែរ។

វីអូអេ៖ លោក​ក៏​បាន​រៀបរាប់​ពី​ការដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ដាក់​កូនចៅ​សែ​ស្រឡាយ​ចូលក្នុង​តំណែង​សំខាន់ៗ​នៅ ក្នុង​ក្រសួង​រដ្ឋ​ដែល​ហាក់​បី​ដូច​ជា​ការ​បង្កើត​នូវ​គ្រួសារ​ត្រកូល​ហ៊ុន មួយ។ តើ​លោក​គិត​ថា​អំណាច​ត្រកូល​ហ៊ុន​នឹង​នៅ​ស្ថិត​ស្ថិរ​ទេ​ក្រោយ​ពី​លោក​ហ៊ុន សែន​ចូលនិវត្តន៍​ចេញ​ពី​ឆាក​នយោបាយ?​

ហារីស មេត្តា៖ នេះ​គឺ​ជា​សំណួរ​ដ៏​លំបាក​មួយ​ក៏ប៉ុន្តែ​ប្រសិន​បើ​ឱ្យ​ខ្ញុំ​ក្រឡេក​មើល​បេក្ខជន​ក្មេងៗ​ដែល​ដើរ​ចូល​ក្នុង​ឆាក​នយោបាយ​ខ្ញុំ​នឹង​ដាក់​លុយ​ភ្នាល់​នឹង​គណបក្ស​ប្រជាជន​ពីព្រោះ​ពួកគេ​មាន​ក្រុម​យុវជន​ដែល​វៃឆ្លាត​ជាច្រើន​នៅ​ក្នុង​បក្ស​។​ ហើយ​ប្រសិន​បើ​ហ៊ុន​ម៉ាណែត​ចូលក្នុង​នយោបាយ​គាត់​នឹង​ក្លាយ​ជាអ្នក​ដឹកនាំ​ដ៏ល្អ​បើ​ទោះ​បី​ជា​ឱពុក​គាត់​តែង​តែ​និយាយ​ថា​គាត់​សម ចូល​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ច្រើន​ជាង​ ឬគាត់​សម​នឹង​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយ​ចិត្ត​គំនិត​គាត់​មិន​ចង់​ចូល​នយោបាយ​ទេ។ ប៉ុន្តែ​កូនៗ​ដទៃ​ទៀត​បាន​ចូលប្រឡូក​ក្នុង​ការងារ​បម្រើ​ប្រជាពលរដ្ឋ​។
ការណ៍​ដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា​គណបក្ស​នយោបាយ​ផ្សេង​ទៀត​គ្មាន​អ្នក​ស្នង​ក្មេងៗ​ទេ​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យដែល​មាន​គណបក្ស​ជាច្រើន​និង​បណ្តាញ​សារព័ត៌មាន​សេរី​ដូច​ដែល​បាន​រៀបចំ​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។
បើ​យើង​ក្រឡេក​មើល​ពេល​ដែល​លោក​ហ៊ុន សែន​ចូលនិវត្តន៍​ពី​ឆាក​នយោបាយ គឺ​ខ្ញុំ​គិត​ថា​គណបក្ស​ប្រជាជន​គឺ​ជា​គណបក្ស​ខ្លាំង​និង​មាន​វិន័យ​គឺ​ពួកគេ​នឹង​មិន​ទុក​ឱ្យ​បក្ស​នៅ​ខ្សោយ​ទេ​បើ​សិន​ជា​លោក​ហ៊ុន សែន​ ជាស៊ីម សខេង​សម្រេច​លាចេញ​ពី​ឆាក​នយោបាយ​នោះ។​

​វីអូអេ៖ សូម​ងាក​មក​រឿង​លោក​ហ៊ុន ម៉ាណែត​វិញ​ម្តង​ដែល​ក្នុង​សៀវភៅ​ចេញ​ថ្មី​របស់​លោក​បាន​និយាយ​ដល់​ដែរ។ មាន​មនុស្ស​ជាច្រើនយល់​ថា​លោក​ហ៊ុន ម៉ាណែត​ មាន​ការ​សិក្សា​អប់​រំ​ខ្ពស់​ និង​ជា​មនុស្ស​ឆ្លាត​ប៉ុន្តែ​មាន​អ្នក​ខ្លះ​មើល​ឃើញ​ថា​ការកាន់​អំណាច​យូរ​របស់​ឪពុកគាត់​អាច​ធ្វើ​ឱ្យ​ស្រអាប់​ដល់​គាត់​ហើយ​ការសិក្សា​របស់​គាត់​នៅ​បរទេស​អាច​នឹង​ធ្វើ​ឱ្យ​គាត់​នៅ​ឆ្ងាយ​ពី​ពលរដ្ឋ​កម្ពុជា​ឬ​ធ្វើ​ឱ្យ​គាត់​ស្ថិត​ក្នុង​ចំណោម​ក្រុម​វរជន​ក្រុង​ភ្នំពេញ​ដែល​ឪពុក​របស់​គាត់​បាន​រុញ​ចេញ​ពី​តំណែង។
តើ​លោក​មើល​ឃើញ​ថា​នេះ​អាច​ជា​ឧបសគ្គ​ក្នុង​ការ​រារាំង​គាត់​មិន​ឱ្យ​ឈាន​ដល់​តំណែង​កំពូល​បាន​ទេ?​

ហារីស មេត្តា៖ បាទ​ លោក​ហ៊ុន ម៉ាណែត​នឹង​ដាក់​ខ្លួន​គាត់​ឱ្យ​ឆ្ងាយ​ពី​ប្រភេទ​នយោបាយ​ដែល​លោក​បាន​លើក​ឡើងអម្បាញ់​ម៉ិញ​នេះ​។
ជាការពិត​លោក​អាច​នឹង​ប្រថុយ​ត្រូវ​គេ​ហៅ​ថា​ជា​ក្រុម​វរជន​នៅ​ភ្នំពេញ​ អញ្ចឹង​ហើយ​បាន​ជា​គាត់​ខិត​ខ្លួន​គាត់​ឱ្យ​កាន់​តែ​ជិត​នឹង​ប្រជាពលរដ្ឋ​ដែល​នៅ​ជន​បទ។ លោក​ហ៊ុន សែន​ពូកែ​ខាងកិច្ច​ការហ្នឹង​ខ្លាំង​ណាស់​។ គាត់​ចេញ​ពី​ត្រកូល​អ្នក​ជន​បទ​ ហើយ​ជូលី និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជាមួយ​នឹង​គាត់​ទៅ​ខេត្ត​ព្រៃ​វែង​ដែល​នៅ​ទីនោះ​គាត់​ច្រូតស្រូវ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​។ គាត់​អង្គុយ​នៅ​លើ​ភ្លឺ​ស្រែ​ជាមួយ​នឹង​ពួកគេ​។ គាត់​អុច​បារី​ជក់​ហើយ​ហុច​បារី​ខ្លះ​ទៅ​ឱ្យ​ពួកគេ​ហើយ​ពួកគេ​អុច​បារី​ជក់​ហើយ​ជជែក​គ្នា​លេង​។ គាត់​អាច​មូរជើង​ខោ​ហើយ​ចុះ​ក្នុង​ទឹក​ដើម្បី​រក​ចាប់​ក្តាម​ខ្យង​ជាមួយនឹង​ពួកគេ​។
ប៉ុន្តែ​ខ្ញុំ​មិន​សង្ស័យ​លើ​លោក​ហ៊ុន ម៉ាណែត​ថា​ខ្វះ​ខាត​ចំណុច​អស់​ទាំងនេះ​ទេ។ ខ្ញុំ​ជឿថា​លោក​ហ៊ុន ម៉ាណែត​មាន​គុណសម្បត្តិ​អស់​ទាំងនេះ​ដោយ​សារ​គាត់​មាន​អារម្មណ៍ចំពោះ​ពលរដ្ឋ​។ គាត់​បាន​ប្រាប់​ពួកយើង​ខ្ញុំ​ថា​ដូចនេះ​នៅ​ក្នុង​បទសម្ភាស​ជាច្រើន​ហើយ​គាត់​មាន​អារម្មណ៍​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​គួរ​តែ​ធ្វើ​ឱ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ហើយ​ជារឿយៗ​លោក​បាន​ផ្តល់​យោបល់​ដល់​ឪពុក​របស់​គាត់​ថា​កុំ​ស្តាប់​តែ​របាយការណ៍​ដែល​មន្ត្រី​របស់​ប៉ា​ផ្ញើ​មក​ពី​មូលដ្ឋាន​ខ្លាំង​ពេក​។
យើង​ត្រូវ​តែ​ទៅមើល​ដោយ​ខ្លួន​ឯង​ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រជាពលរដ្ឋ​ពិត​ជា​សប្បាយ។ យើង​ត្រូវ​តែ​យក​ឈ្នះ​ទឹកចិត្ត​របស់​ពួកគេ។ ​

វីអូអេ៖ សូម​អរគុណ​លោក​ហារីស​ មេត្តា​។ ខ្ញុំ​សូម​បង្វែរ​សំណួរ​ទៅ លោកស្រី​ជូលី​ មេត្តា​ម្តង។ តើ​លោកស្រី​អាច​បញ្ជាក់​បាន​ទេ​ថា​ហេតុអ្វី​បាន​ជា​ភរិយា​លោកហ៊ុន សែន​សម្រេច​ធ្វើ​ការ​ផ្នែក​មនុស្ស​ធម៌​ហើយ​មិន​ព្រម​ចូល​ក្នុង​ឆាក​នយោបាយ​ដូច​ជា​អ្នក​ខ្លះ?
តើ​តួនាទី​របស់​គាត់​បាន​ចូលរួម​ចំណែក​យ៉ាង​ណា​ខ្លះ​ចំពោះ​ប្រជាប្រិយ៍ភាព​របស់​លោកហ៊ុន សែន?

ជូលី មេត្តា៖ សូម​អរគុណ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​សំណួរ​ដ៏​ល្អ​មួយ។ ខ្ញុំ​ក៏ ធ្លាប់មាន​ការ​ងឿង​ឆ្ងល់ដែរ​ថា​លោក​ស្រី​ប៊ុន រ៉ានី​ជា​មនុស្ស​ដូចម្តេច​គឺ​ពេល​ដែល​ខ្ញុំចាប់​ផ្តើម​ទាក់​ទង​ដំបូង​លោកស្រី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្រ្តី​ដ៏​រឹងប៉ឹង​ម្នាក់​ដោយ​សារ​លោកស្រី​គឺ​ជា​ផ្នែក​មួយ​របស់​អង្គការ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ខ្មែរ​ក្រហមហើយ​ខ្ញុំ​ចង់​ដឹង​ថា​តើ​លោកស្រី ធ្វើ​ខ្លួន​ដូច​ម្តេច​នៅ​ពេល​ក្លាយ​ជា​ប្រពន្ធ​នាយក​រដ្ឋ​មន្ត្រី?​ លោកស្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ពេល​ដែល​ខ្ញុំ​សួរ​គាត់​នូវ​សំណួរ​ដែល​លោក​ទើប​បាន​សួរ​ខ្ញុំ​ លោក​ស្រី​និង​លោក​ហ៊ុន សែន​បាន​ព្រម​ព្រៀង​គ្នា​ថា​គាត់​មិន​លូកដៃ​ចូល​ក្នុង​កិច្ច​ការ​រដ្ឋ​បាល​របស់​លោក​ហ៊ុន សែន​ទេ។ បើ​លោក​នៅ​ចាំ​បាន​ទោះបី​ជា​ពេល​លោកស្រី​ធ្វើ​ជា​ពេទ្យ​នៅ​សម័យ​ខ្មែរ​ក្រហម ​ក៏​លោក​ស្រី​មិន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ការចង់បាន​អំណាច​អ្វី​ទេ។ ហើយ​ការពិត​ដែល​គាត់​បាន​ឃើញ​និង​ជាជន​រងគ្រោះ ថា​អំណាច​អាច​ធ្វើ ​អ្វី​បាន​និង​ការ​ដែល​លោកស្រី​បាត់​បង់​កូនប្រុស​ម្នាក់​ដោយ​សារ​អ្នក​កាន់​អំណាច​ធ្វើ​ឱ្យ​គាត់​គិត​ឡើង​វិញ​ថា​តើ​គាត់​អាច​ធ្វើ​ដូចម្តេច​បាន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជាជាង​ចូលក្នុង​នយោបាយ។
ពីដំបូង​ខ្ញុំ​គិត​ថាគាត់​ធ្វើ​អញ្ចឹងប្រហែល​ជាដើម្បីកិច្ចការ​ទំនាក់​ទំនង​សាធារណៈ​ដ៏ល្អ​ ប៉ុន្តែ​តាម​ពិត​ទៅ​គាត់​មិន​ដែល​ធ្វើ​ខុស​ពីការ​តាំង​ចិត្ត​របស់​គាត់​ទេ។

វីអូអេ៖ ចុះ​ចំណែក​កូនប្រុស​របស់​គាត់​គឺ​ហ៊ុន ម៉ាណែត​ តើ​លោក​ស្រី​គិត​ថា​គេ​មាន​មហិ្ឆតា​ក្នុង​ការ​ដឹកនាំ​ទេ?

ជូលី ​មេត្តា៖ ច៎ាស​ខ្ញុំ​គិត​ថា​គាត់​មាន​មហិ្ឆតា​ក្នុង​ការ​ដឹកនាំ​ហើយ​អ្វីដែល​យើង​តែង​តែ​ភ្លេច​ឬ​មិន​យក​ចិត្ត​ទុកដាក់នោះគឺ​គាត់​មាន​ការ​សិក្សា​យ៉ាង​ល្អ​ពី​បស្ចឹម​ប្រទេស​ហើយ​គាត់​មាន​បេះដូង​ជាខ្មែរ​ដែល​ចង់​បម្រើ​ប្រទេស​ដែរ។ ដូច្នេះ​ការរួម​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ខាង​លិច​និង​ខាងកើ​ត​របស់​គាត់​ធ្វើ​ឱ្យ​ក្លាយ​ជា​បេក្ខជន​ដ៏ល្អ​ម្នាក់​ ក្នុងសម័យ​ក្រោយពី​អាណានិគម​និង​សាកលភាវូបនីយកម្ម​ក្នុង​ការ​ដឹកនាំ​កម្ពុជា​ចូល​ក្នុង​យុគសម័យ​ថ្មី។
ដូច្នេះ​ខ្ញុំ​មាន​សេចក្តី​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា​គាត់​មាន​ចំណង់​មិន​គ្រាន់​តែ​ធ្វើ​ជា​អ្នក​ដឹកនាំ​ទេ​ប៉ុន្តែ​ធ្វើ​ជា​អ្នកបម្រើ​ពលរដ្ឋ​ខ្មែរ។
លោក​យល់​ពី​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​ប្រឈម​ហើយ​គាត់​មាន​មធ្យោបាយ​ដោះស្រាយ​ដោយសារ​តែ​គាត់​បាន​ទទួល​ការ​អប់​រំ​ពី​បស្ចឹម​ប្រទេស​ដើម្បី​ដឹង​ថា​ត្រូវ​ធ្វើ​មេដឹកនាំ​ល្អ​យ៉ាង​ដូចម្តេច​និង​ចូលរួម​ចំណែក​យ៉ាង​ណាដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ កម្ពុជា។​

វីអូអេ៖ សូម​អរគុណ​លោកស្រី ជូលី​និងលោក ​ហារីស​ មេត្តាច្រើនដែល​បាន​ផ្តល់​បទសម្ភាស​ជាមួយ​នឹង​វីអូអេ។

No comments:

Post a Comment

yes