ក្រុមអ្នកភូមិដែលមកតវ៉ាដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់
ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១
បណ្ដាញសហគមន៍ព្រៃឡង់ជាង ១០០នាក់ នៅខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមិថុនា ចុះល្បាតព្រៃដើម្បីទាមទារឲ្យក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) គោរពកិច្ចសន្យាដែលធ្លាប់ប្រាប់ថា នឹងបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ដំណើរល្បាតព្រៃរបស់ប្រជាសហគមន៍ រកឃើញថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ នៅតែបំផ្លាញព្រៃឈើសហគមន៍ និងរំលោភបំពានលើដីចម្ការរបស់ប្រជាពលរដ្ឋដោយមិនមានសំណងសមរម្យនៅឡើយ។
ក្រុមប្រជាសហគមន៍នៅខេត្តកំពង់ធំ បញ្ចប់កិច្ចការល្បាតព្រៃឡង់ហើយនៅល្ងាចម៉ោង៥ និង ៣០នាទី បន្ទាប់ពីពួកគេចេញល្បាតព្រៃតាំងពីព្រលឹមរួចមក។ ក្រុមសហគមន៍បញ្ជាក់ថា ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ មិនបានគោរពកិច្ចសន្យារបស់ខ្លួនទេ។
សមាជិកប្រជាសហគមន៍ លោក ហឿន សុភាព ដែលបានចុះល្បាតព្រៃពេញមួយថ្ងៃនោះ ឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ នៅតែមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងរំលោភសិទ្ធិមនុស្ស ដូចជា កាប់ព្រៃឈើនៅតំបន់ព្រៃស្រោង កាប់ព្រៃសហគមន៍សណ្ដាន់ និងរំលោភយកចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ប្រជាសហគមន៍មានបំណងចង់ឲ្យអាជ្ញាធរ និងក្រុមហ៊ុន ផ្តល់សំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ និងបញ្ឈប់រាល់ការកាប់បំផ្លាញព្រៃឈើ។
ប្រជាសហគមន៍ដែលចុះល្បាតព្រៃឡង់ បញ្ជាក់ថា ក្រុមល្បាតមិនបានជួបគ្រឿងចក្រ និងរណារយន្តដែលបានកាប់បំផ្លាញព្រៃឈើអស់ជាច្រើនរយហិកតារនោះទេ។ ប៉ុន្តែ ឃើញមានស្នាមឈូសឆាយ និងកាប់បំផ្លាញព្រៃឈើថ្មីៗជាច្រើនកន្លែង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុកសណ្ដាន់ និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ បានទេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី នៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងការតវ៉ារបស់បណ្ដាញសហគមន៍ ត្រូវបានលោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្ដាន់ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយក្នុងខ្លឹមសារលិខិតបញ្ជាក់ថា អាជ្ញាធរសន្យាថានឹងដោះស្រាយបញ្ហាការរំលោភដីស្រែចម្ការជូនពលរដ្ឋ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ដែលឃ្លាំមើលការល្បាតព្រៃឡង់របស់ពលរដ្ឋ បញ្ជាក់ថា ក្រុមប្រជាសហគមន៍មិនបានចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ តែមានបំណងចង់ជួបតំណាងក្រុមហ៊ុនតទល់គ្នា ដើម្បីសាកសួរពីការបំផ្លាញព្រៃឈើប៉ុណ្ណោះ។ លោកបន្តថា ក្រុមអាជ្ញាធរបានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់នៅមុខផ្លូវចូលក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដើម្បីរារាំងពលរដ្ឋ ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយទេ ដោយសារប្រជាសហគមន៍ធ្វើដំណើរវាងផ្លូវនោះ។
សេចក្តីជូនដំណឹងរបស់ប្រជាសហគមន៍ ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការឈូសឆាយដីព្រៃស្រោង ក្នុងតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ ប៉ះពាល់ដូចជា ដើមច្បោះជ័រ អស់រាប់ម៉ឺនដើម ដីព្រៃសហគមន៍ក្បាលតាគង់ ដីព្រៃសហគមន៍ក្បាលអូរត្នោត និងដីស្រែចម្ការរបស់បណ្ដាញសហគមន៍ដោយគ្មានសំណង៕
No comments:
Post a Comment
yes