សន្និសីទសារព័ត៌មានស្ដីពីសមាជប្រជាជន នារាជធានីភ្នំពេញ
កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មាត្រា ១៤៧ថ្មី ចែងថា សមាជជាតិបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។
រយៈពេលជិត ២០ឆ្នាំទៅហើយ រដ្ឋសភាមិនទាន់បានអនុម័តច្បាប់ស្ដីពីសមាជជាតិនៅឡើយ។ ប្រការនេះនាំឲ្យមានសំណួរមួយចំនួន ថាតើអ្នកនយោបាយដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោយរបៀបណា? ដើម្បីឆ្លើយនឹងសំណួរនេះ បណ្ដាញពហុវិស័យកម្ពុជា គ្រោងអញ្ជើញតំណាងគណបក្សនយោបាយចំនួន ៣ មកស្ដាប់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។
ខេត្តគោលដៅចំនួន ៣ មានខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវបានបណ្ដាញពហុវិស័យកម្ពុជា ដែលមានសមាគម និងសហគមន៍ប្រជាពលរដ្ឋចំនួន ២៧ ជ្រើសរើសប្រារព្ធសមាជប្រជាជននៅខែមិថុនានេះ។ ក្រុមសង្គមស៊ីវិលបញ្ជាក់ថា សមាជប្រជាជននេះ នឹងក្លាយជាទីណាត់ជួបរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន និងតំណាងគណបក្សនីមួយៗ ជជែកតទល់គ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
សមាជជាតិជាអង្គប្រជុំមួយដងក្នុងមួយឆ្នាំ ដែលកាលពីសម័យសង្គមរាស្ត្រនិយម គេប្រារព្ធឡើងនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី ហើយសមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ នៅក្នុងសមាជជាតិ ពលរដ្ឋអាចលើកជាសំណួរ កង្វល់ និងសំណូមពរទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលដោយចំៗ និងទល់មុខ ហើយរដ្ឋាភិបាល ក៏អាចបង្ហើបប្រាប់ពលរដ្ឋពីកង្វល់ និងគម្រោងការអភិវឌ្ឍណាមួយដែរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ទាំងរដ្ឋាភិបាល និងតំណាងរាស្ត្រគណបក្សកាន់អំណាច មិនមានចេតនាបង្កើតឲ្យមានសមាជជាតិនោះឡើយ។ លោកបន្តថា កន្លងទៅ ពលរដ្ឋជួបប្រទះនឹងបញ្ហាមួយចំនួនបណ្តាលមកពីការអភិវឌ្ឍ ដូចជាការបាត់បង់ផ្ទះសំបែង ដីធ្លី អត់ការងារធ្វើ លក្ខខណ្ឌការងារមិនសមរម្យ ការគាបសង្កត់សេរីភាពបញ្ចេញមតិជាដើម ប៉ុន្តែរដ្ឋាភិបាលហាក់មិនបានដឹងពីបញ្ហាទាំងនេះឡើយ។
លោកបញ្ជាក់ថា កាលពីខែឧសភា នេះ តំណាងរាស្ត្រគណបក្សកាន់អំណាច លោក ឈាង វុន ថែមទាំងបង្ហាញពីចេតនាចង់លុបសមាជជាតិចោលទៀត ហើយប្រការនេះនាំឲ្យពលរដ្ឋមិនអាចទទួលយកបាននោះទេ៖ «បណ្ដាញពហុវិស័យ មិនអត់ឲ្យបានទេ ព្រោះយើងនឹងប្រើសិទ្ធិអំណាចរបស់យើង ជំរុញរដ្ឋសភា ត្រូវតែយកសមាជជាតិហ្នឹងអនុវត្តឡើងវិញ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានសួរទៅតំណាងរដ្ឋាភិបាល និងតំណាងរាស្ត្រ របស់ខ្លួន អ៊ីចឹងមិនត្រូវលុបមាត្រាច្បាប់ស្ដីពីសមាជជាតិហ្នឹងជាដាច់ខាត នេះជាជំហររួមរបស់បណ្ដាញពហុវិស័យ»។
បណ្ដាញពហុវិស័យគ្រោងអញ្ជើញតំណាងគណបក្សនយោបាយធំៗចំនួន ៣ ដែលមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមស្វែងរកដំណោះស្រាយពិតប្រាកដជាមួយប្រជាពលរដ្ឋ។ ប៉ុន្តែប្រសិនបើគណបក្សណាមួយមិនចាត់តំណាងឲ្យចូលរួមទេនោះ ក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋ នឹងដើរដង្ហែក្បួនយកសំណើរបស់ពលរដ្ឋដាក់ជូនគណបក្សទាំងនោះដល់ទីស្នាក់ការតែម្ដង។
ទាក់ទងនឹងបំណងសុំលុបសមាជជាតិនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន កាលពីថ្ងៃទី២៤ ខែឧសភា បានផ្ដល់បទសម្ភាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា បើលោកមានឱកាសនៅពេលសភាចូលកងវិញ លោកនឹងស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មក្នុងការពិចារណាលុបចោលសមាជជាតិនេះចេញពីរដ្ឋធម្មនុញ្ញ។ លោកគិតថា នៅក្នុងបរិបទនយោបាយបច្ចុប្បន្ន ដែលកម្ពុជា កំពុងអនុវត្តគោលនយោបាយសេរីពហុបក្ស គឺសមាជជាតិមិនចាំបាច់អនុវត្តទេ។
លោកបន្តថា មកដល់សតវត្សទី២១ នេះទៅហើយ តួនាទីសមាជជាតិហាក់ពុំមានសារសំខាន់ក្នុងកំណែទម្រង់គោលនយោបាយទេ ព្រោះកម្ពុជា កំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានសភាជាគោល។ លោកបញ្ជាក់ថា វេទិកាសមាជជាតិក្នុងអតីតកាល មានលក្ខណៈប្រជាធិបតេយ្យមិនពេញលេញ ដោយកាលណោះមានបក្សនយោបាយតែមួយនៅក្នុងសភា។
លោក ឈាង វុន៖ «ការដែលធ្វើសមាជជាតិហ្នឹង គ្រាន់តែធ្វើយ៉ាងណាដើម្បីឲ្យថ្នាក់ក្រោមបានអំណាចខ្លះប៉ុណ្ណោះ យើងយកមកអនុវត្តក្នុងរបបថ្មីហ្នឹង វាអត់បាន។ ដោយផ្អែកលើគោលការណ៍ហ្នឹងយើងមានការសោកស្ដាយ ដោយសាររដ្ឋធម្មនុញ្ញចែងពីគោលការណ៍អស់ហ្នឹង។ ខ្ញុំជាគំនិតទេ បើសិនជាអាណត្តិក្រោយជាប់ជាតំណាងរាស្ត្រខ្ញុំនឹងសុំសភាលុបចេញតែម្ដង ព្រោះយើងធ្វើវាមិនបាន»។
ទោះយ៉ាងណាក្តី ការស្នើសុំលុបសមាជជាតិនេះក៏ត្រូវបានរងការរិះគន់ពីអ្នកនយោបាយ និងសង្គមស៊ីវិលដែរថា ចេតនាផ្ទុយពីលទ្ធិប្រជាធិបតេយ្យ នឹងនាំប្រទេសត្រឡប់ទៅរកការដឹកនាំបែបផ្ដាច់ការ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅប្រទេសលទ្ធិប្រជាធិបតេយ្យជឿនលឿនឲ្យដឹងថា ថ្នាក់ដឹកនាំនៅប្រទេសទាំងនោះតែងចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយសូម្បីតែប្រធានាធិបតីក៏ចូលរួមជាវាគ្មិនកិត្តិយសឆ្លើយនឹងសំណួររបស់អ្នកស្ដាប់ តាមរយៈរលកវិទ្យុ ឬទូរទស្សន៍ដែរ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាវិញ បែរជាត្រូវរងការរិះគន់ថា ហាក់មានចេតនាលាក់បាំងព័ត៌មាន និងតម្កើងឫកពាខ្ពស់ទៀតផង។ ក្នុងរយៈពេលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៣ មក លោកនាយករដ្ឋមន្ត្រីឡើងឆ្លើយសំណួរអ្នកតំណាងរាស្ត្រតែម្ដងគត់ កាលពីឆ្នាំ២០១២។ រីឯច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានក៏ត្រូវគាំងដំណើរមិនអាចចេញទៅរួចទៀត។
បណ្ដាញពហុវិស័យកម្ពុជា ឲ្យដឹងថា កាលពីសមាជប្រជាជនអាស៊ាន ដែលប្រារព្ធឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១២ អង្គសមាជបានដាក់សេចក្ដីថ្លែងការណ៍រួមរបស់ប្រជាពលរដ្ឋជូនរដ្ឋសភា និងរដ្ឋាភិបាលម្ដងរួចហើយ តែសភានិងរដ្ឋាភិបាលមិនបានធ្វើការឆ្លើយតបឡើយ ជាហេតុបង្កឲ្យប្រជាជនដែលកំពុងប្រឈមកាន់តែមានសភាពយ៉ាប់យ៉ឺនជាងមុនទៅទៀត។
សកម្មជនសកម្មភាពដើម្បីការផ្លាស់ប្ដូរ អ្នកស្រី លី ពិសី បញ្ជាក់ថា សមាជប្រជាជនដែលនឹងធ្វើឡើងក្នុងខេត្តទាំងបីនោះ មិនបម្រើឲ្យគោលនយោបាយរបស់គណបក្សណាមួយទេ។ អ្នកស្រីបន្តថា តាមរយៈវេទិកានោះ ប្រជាពលរដ្ឋនឹងមានឱកាសនិយាយជាមួយតំណាងរបស់ពួកគេ និងអាចរិះគន់ពីចំណុចអវិជ្ជមានមួយចំនួន ដើម្បីកែលំអប្រទេសឲ្យកាន់តែមានភាពប្រសើរឡើង។ អ្នកស្រីបញ្ជាក់ថា តាមរយៈអង្គសមាជនឹងបង្កឲ្យពលរដ្ឋអាចចូលរួមធ្វើឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបន្ទាន់របស់បណ្ដាញពហុវិស័យ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា អំពាវនាវដល់អ្នកនយោបាយទាំងអស់ឲ្យមានការប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយពិតប្រាកដលើបញ្ហាសំខាន់ ប្រកបដោយសមធម៌ និងសុភវិនិច្ឆ័យ ជូនប្រជាពលរដ្ឋ។ សមាជប្រជាជននឹងធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ និង ១៤ ខែមិថុនា។ ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ និង ២០ ខែមិថុនា និងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា។
ពលរដ្ឋអាចលើកឡើងនូវបញ្ហាមួយចំនួនដូចជាបញ្ហាដីធ្លីផលនេសាទ ការថែទាំសុខភាព រ៉ែ កសិកម្ម ឥទ្ធិពលនៃការអភិវឌ្ឍវិស័យទេសចរណ៍ ចំណាកស្រុក ភាពគ្មានការងារធ្វើ អំពើហិង្សាប្រឆាំងអ្នករកស៊ីផ្លូវភេទ និងបញ្ហាផ្សេងៗទៀត៕
No comments:
Post a Comment
yes