សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 27, 2013

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច

រ៉ុង ឈុន ៣០៥
ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ
 លោក រ៉ុង ឈុន នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​សមាគម​រាជធានី​ភ្នំពេញ 
នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៣


នៅ​គ្រា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នឹង​ចូល​មក​ដល់​នា​ខែ​កក្កដា ខាង​មុខ សហភាព​សហជីព​កម្ពុជា បាន​ចេញ​លិខិត​អំពាវនាវ​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កម្មករ និង​ប្រជាពលរដ្ឋ ឲ្យ​ទៅ​បោះ​ឆ្នោត​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។

លិខិត​អំពាវនាវ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មិថុនា បាន​ចាត់​ទុក​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​មួយ​សន្លឹក ថា​មាន​សារសំខាន់​​ស្មើ​អាយុ​ជីវិត ហើយ​សន្លឹក​ឆ្នោត​នេះ ត្រូវ​ពូត​ផ្ដុំ​គ្នា​ទៅ​លើ​គណបក្ស​ដែល​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​មាន​ការ​ធានា​ចំពោះ​បូរណភាព​ទឹក​ដី និង​កោះ ពិសេស​ធានា​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​បាន​សមរម្យ។
សហភាព​សហជីព​កម្ពុជា​ និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត បាន​ផ្ដល់​ក្តី​សង្ឃឹម​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ធ្វើ​ឲ្យ​សង្គម​មាន​​យុត្តិធម៌​សង្គម និង​កូន​ចៅ​ទទួល​បាន​ការ​អប់រំ​ល្អ​ជា​ដើម​នោះ។ បន្ថែម​លើ​លិខិត​អំពាវនាវ លោក រ៉ុង ឈុន ក្នុង​នាម​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ បាន​ចាប់​អារម្មណ៍​ទៅ​លើ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ដំឡើង​ប្រាក់​បៀវត្ស​ជូន​​កម្មករ​ក្នុង​មួយ​ខែ​ឲ្យ​បាន ៦០​ម៉ឺន​រៀល​​សំរាប់​កម្មករ​ម្នាក់។ ១​លាន​រៀល​សម្រាប់​មន្ត្រី​រាជការ​គ្រូ​បង្រៀន និង​កង​​កម្លាំង​ប្រដាប់​អាវុធ។ ៤០​ម៉ឺន​រៀល​​សំរាប់​​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង ៤​ម៉ឺន​រៀល​សំរាប់​មនុស្ស​ចាស់​មាន​អាយុ​ពី ៦៥​ឆ្នាំ​ឡើង​ទៅ។

លោក រ៉ុង ឈុន៖ «ចំណុច​ចម្បង​មួយ​ទៀត គឺ​យើង​ពិនិត្យ​មើល​លើ​មេដឹកនាំ​ដែល​យើង​មើល​ឃើញ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បូក​គ្នា​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង យើង​ឃើញ​ថា ឆន្ទៈ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា»
លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា លិខិត​អំពាវនាវ​នេះ គម្រោង​ជំហាន​ដំបូង សហភាព​បាន​បោះ​ពុម្ព​ចំនួន ៣​ម៉ឺន​សន្លឹក ដោយ​ភ្ជាប់​របៀប​បង្ហាញ​គូ​សន្លឹក​ឆ្នោត មាន​រូប​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​លេខ​រៀង​ទី​៧ ហើយ​ត្រូវ​ចែក​​​ជូន​​នៅ​ទូទាំង ២៤​រាជធានី ខេត្ត ​ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​នយោបាយ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត។
ចំណែក​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​​យុវជន សិស្ស និស្សិត និង​បញ្ញវន្ត​ ឲ្យ​ទៅ​ចូល​រួម​បោះ​ឆ្នោត​​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន។ សហព័ន្ធ​និស្សិត​បាន​ចាត់​ទុក​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ថា ពិត​ជា​មាន​សារសំខាន់​ដើម្បី​ផ្លាស់ប្ដូរ​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ បើការ​សម្រេច​ចិត្ត​នោះ​ត្រូវ ហើយ​ថា ការ​បោះ​ឆ្នោត​នេះ ត្រូវ​បោះឆ្នោត​ឲ្យ​ស្រប​តាម​សម្បជញ្ញៈ​ពិតប្រាកដ ដោយ​សេរី និង​កុំ​បោះ​ឆ្នោត​​ទៅ​តាម​ការ​ញុះញង់ ឬ​ការ​ទិញ​សន្លឹក​ឆ្នោត​ ការ​ទិញ​ទឹក​ចិត្ត​ឲ្យ​សោះ ជាពិសេស​កុំ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាបសង្កត់​ ការ​គំរាម​កំហែង​​ពី​ជន​ ឬ​គណបក្ស​ណា​មួយ​ឲ្យ​សោះ​ ព្រោះ​ការ​បោះ​ឆ្នោត​​ធ្វើ​ឡើង​ជា​សម្ងាត់។
ទាក់ទិន​បញ្ហា​នេះ លោក អៀ ចាន់ណា អតីត​អគ្គលេខាធិការ​រង​ចលនា​និស្សិត​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏​បាន​​​​​​​​គាំទ្រ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ពិសេស​ធានា​​ចំពោះ​បូរណ​ភាព​ទឹកដី និង​កោះ​ពី​ការ​ឈ្លានពាន​ណា​មួយ៖ «សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យុវជន ផ្តល់​នូវ​ការ​អប់រំ ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត ជួយ​ជ្រោមជ្រែង​ដល់​យុវជន​នេះ សូម​អំពាវនាវ​ដល់​យុវជន​មេត្តា​គិតគូរ និង​គាំទ្រ​ឲ្យ​បាន​យ៉ាង​ផុលផុស»
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សាទរ និង​ចាត់​ទុក​សកម្មភាព​របស់​សហជីព​កម្មករ និង​​​យុវជន ថា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ព្រោះ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត បាន​ដឹក​នាំ​ប្រទេស ​ប្រាក់​បៀវត្ស​​​​មន្ត្រី​រាជការ គ្រូ​បង្រៀន កងកម្លាំង​ប្រដាប់​អាវុធ និង​កម្មករ​នឹង​ត្រូវ​ដំឡើង៖ «គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ មន្ត្រី​រាជការ ជា​ពិសេស​យើង​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​ដល់ ១៥០​ដុល្លារ​ក្នុង​១​ខែ​ដែល​គណបក្ស​កាន់​អំណាច​មិន​ហ៊ាន មិន​អាច​ផ្ដល់​ជូន​បង​ប្អូន​ឲ្យ​បាន​រស់​នៅ​សមរម្យ។ ទី​២ យើង​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​បាន​យ៉ាង​តិច ១​លាន​រៀល ហើយ​ដែល​គណបក្ស​កាន់​អំណាច​ជាង ២០ ទៅ ៣០​ឆ្នាំ​ហើយ មិន​បាន​ជួយ​គិតគូរ​ពី​ជីវភាព​របស់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​បាន​រស់​នៅ​សមរម្យ។ ដូច្នេះ​ការ​អំពាវនាវ​របស់​លោក រ៉ុង ឈុន គឺ​ដើម្បី​ផលប្រយោជន៍​របស់​កម្មករ មន្ត្រី​រាជការ និង​គ្រូ​បង្រៀន គឺ​ជា​ការ​សមស្រប»
យ៉ាង​ណា​ក៏ដោយ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​អំពាវនាវ​របស់​លោក រ៉ុង ឈុន ជុំវិញ​ការ​បោះ​ឆ្នោត​នេះ​ទេ។
លោក​យល់​ថា ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ដឹង​ច្បាស់​ថា គួរ​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​ជួយ​ជំរុញ​ឲ្យ​ប្រទេស​មាន​ការ​រីកចម្រើន​រួច​ហើយ៖«ប្រជាពលរដ្ឋ​ខ្មែរ មន្ត្រី​រាជការ​ទាំង​អស់ និង​កម្មករ គេ​មិន​ជឿ​តាម​ការ​អំពាវនាវ​របស់​លោក រ៉ុង ឈុន នោះ​ទេ ហើយ​លោក រ៉ុង ឈុន មិន​មែន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ទៅ​កៀរគរ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។ ខ្ញុំ​យល់​ថា ការ​អំពាវនាវ​នេះ មិន​អាច​ទាក់ទាញ​សន្ដានចិត្ត​របស់​ប្រជាពលរដ្ឋ​បាន​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​គាត់​បាន​ទទួល​ស្គាល់​នូវ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ដែល​សម្រេច​បាន​នេះ គឺ​ច្រើន​ណាស់»
ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ មាន​​គណបក្ស​នយោបាយ​ចំនួន ៨​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង ហើយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មាន​រយៈពេល ៣០​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes