លោក ជុំ ម៉ី ថ្ងៃធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ថ្ងៃទី ៩ មិថុនា ២០១៣
បន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុនសែន កាលពីព្រឹកមិញ សុំឲ្យលោក ជុំ ម៉ី និងក្រុមបាតុករប្រឆាំងលោក កឹម សុខា ផ្អាកធ្វើបាតុកម្ម ដើម្បីភាពប្រសើរឡើងនៃបរិយាកាសនយោបាយមុនការបោះឆ្នោត។ បណ្ដាអង្គការសង្គមស៊ីវិល ព្រមទាំងគណបក្សប្រឆាំង មានប្រតិកម្មផ្សេងៗគ្នាលើការអំពាវនាវនេះ។
បណ្ដាអង្គការសង្គមស៊ីវិល ជាពិសេសគណបក្សប្រឆាំង មានប្រតិកម្មផ្សេងៗគ្នា ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលសូមឲ្យលោក ជុំ ម៉ី និងក្រុមបាតុករប្រឆាំងលោក កឹម សុខា ផ្អាកការធ្វើបាតុកម្មតវ៉ា ដើម្បីឲ្យបរិយាកាសមុនការបោះឆ្នោតមានបរិយាកាសប្រសើរឡើង។
លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ យល់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុនសែន ជាទង្វើដែលគួរឲ្យគាំទ្រ ព្រោះថា វាជាការចាំបាច់ណាស់ ដែលរដ្ឋាភិបាលត្រូវធានាឲ្យបាននូវបរិយាកាសប្រកួតប្រជែងសមស្របនិងយុត្តិធម៌ នៅមុនពេលបោះឆ្នោត។ ផ្ទុយទៅវិញ ប្រសិនបើការអំពាវនាវឲ្យបាតុករផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នេះ គ្រាន់តែជាការផ្អាកល្បែងនយោបាយមួយ ដើម្បីប្ដូរទៅលេងល្បែងនយោបាយមួយផ្សេងទៀតនោះ វាជាទង្វើដែលមិនអាចទទួលយកបានទេ។
ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានប្រាប់វិទ្យុបារាំង RFI ថា លោកគ្មានយោបល់អ្វីចំពោះការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះទេ ព្រោះថា ការធ្វើបាតុកម្មជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហេតុនេះ ចង់នរណាធ្វើបាតុកម្មក៏ធ្វើចុះ តែត្រូវធានាថា បាតុកម្មនោះមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។
ចំពោះលោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL យល់ថា ការអំពាវនាវនេះ ជារឿងល្អមួយដែលអាចរួមចំណែករក្សាសន្តិសុខដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង មុនពេលការបោះឆ្នោតចូលមកដល់។ ប៉ុន្តែ ការអំពាវនាវនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបន្តទៀតថា ដើម្បីឲ្យមានការបោះឆ្នោតមួយប្រកបដោយយុត្តិធម៌ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវតែមានអព្យាក្រឹត្យ និងជំហរបើកទូលាយ ក្នុងគាំពារសុវត្ថិភាពដល់គ្រប់គណបក្សនយោបាយទាំងអស់ឲ្យធ្វើសកម្មភាពដោយសេរី និងគ្មានការគំរាមកំហែងពីក្រុមអ្នកប្រឆាំងតវ៉ាណាមួយឡើយ៕
No comments:
Post a Comment
yes