គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ហៅសេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាច្បាប់មិនមានសុពលភាពឲ្យអនុវត្ត។
កាលពីព្រឹក ថ្ងៃទី០៧ ខែមិថុនានេះ សមាជិកសភាចំនួន៨៦រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដោយអនុម័តលើសេចក្តីស្នើច្បាប់នេះ ក្នុងរយៈពេលពីរម៉ោង ក្នុងសំឡេង៨៦លើ៨៦ ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង ចេញផ្សាយនៅថ្ងៃទី០៧ខែមិថុនានេះ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ សម្តែងការខកចិត្តជាខ្លាំងចំពោះអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងរដ្ឋសភា ដែលមិនដែលយកយោបល់របស់ក្រុមសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ក្នុងការពន្យារពេលអនុម័តច្បាប់នេះ ដើម្បីទុកពេលវេលាស្រាវជ្រាវបន្ថែម ក្នុងការធានាឲ្យច្បាប់មានគុណភាព។
សេចក្តីថ្លែងការណ៍បន្តថា សេចក្តីស្នើច្បាប់នោះ ត្រូវបន្ថែមមាត្រាមួយចំនួនទៀត រួមមាន៖
១.ហាមឃាត់មិនឲ្យគណបក្សនយោបាយរបស់ក្រុមខ្មែរក្រហមប្រល័យពូជសាសន៍នេះ ត្រូវបានបន្តការងារនយោបាយរបស់ខ្លួនក្នុងសង្គមខ្មែរបានតទៅទៀត ទោះក្នុងរូបភាពណាក៏ដោយ។
២.កំណត់កុំឲ្យអតីតមេដឹកនាំខ្មែរក្រហម អាចទទួលបានតំណែងធំៗក្នុងកិច្ចការរដ្ឋ ដូចជាតំណែងប្រធានព្រឹទ្ធសភា រដ្ឋសភាឬតំណែងនាយករដ្ឋមន្ត្រីជាដើម។
៣.ទប់ស្កា់តនូវការប្រើប្រាស់ទ្រឹស្តី វិធានការគ្រប់គ្រង ចរិក និងវប្បធម៌នៃរបបកុម្មុយនីស្តខ្មែរក្រហម មកលើសង្គមបច្ចុប្បន្ន។
៤.ដាក់ទោសអ្នកដឹកនាំ ដែលមិនសហការ ឬរំខានដល់ដំណើរការកាត់ទោសខ្មែរក្រហម។
សេចក្តីស្នើច្បាប់នេះមាន ៥មាត្រា កំណត់ដាក់ទោសលើជនណា ដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ផ្តន្ទាទោសដាក់ពន្ធនាគារ ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។ ការមិនទទួលស្គាល់នោះ ត្រូវបានក្នុងសេចក្តីស្នើច្បាប់ តាមរយៈ៖
១-តាមសម្តី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២-តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។
៣-តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន។
បន្ទាប់ពីអនុម័តសេចក្តីស្នើច្បាប់នេះ ហត្ថលេខីមួយរូបក្នុងចំណោម៧រូបនៃជាអ្នកធ្វើសេចក្តីស្នើច្បាប់ គឺ លោក ជៀម យៀប បានព្រមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា ប្រសិនបើលោកនៅតែនិយាយថា មិនមានឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅកម្ពុជាទៀតនោះ នឹងត្រូវទទួលទោសតាមរយៈសេចក្តីស្នើច្បាប់នេះ បន្ទាប់ពីមានការលាយព្រះហស្ថពីព្រះមហាក្សត្រ ៖ "ក្រោយពេលដែលព្រះកុរណាឡាយព្រះហស្ថលេខាប្រើប្រាស់ហើយ បុគ្គលណា កឹម សុខា ក៏ដោយ ហ៊ានថាម្តងទៀត នៅក្នុងហ្នឹងគឺថាត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ហើយ"។
កាលពីថ្ងៃទី០៥ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចមិនអញ្ជើញតំណាងរាស្ត្រគណបក្សសមរង្ស៊ី ២៥រូប និងគណបក្សសិទ្ធិមនុស្ស ៣រូប ដើម្បីចូលរួមប្រជុំសភាវិសាមញ្ញនេះ ហើយព្រមទាំងបង្កកប្រាក់បំណាច់ទៀតផង។
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា ច្បាប់នេះ នឹងគាបសង្កត់តុលាការខ្មែរក្រហម ខណៈជនចាប់ចោទ តែងតែបដិសេធលើការសម្លាប់រង្គាលនេះ។ លោកបន្តថា ច្បាប់នេះ នឹងជាការរឹតត្បិតដល់សេរីភាពនៃការបញ្ចេញមតិ ៖ "ខ្ញុំគិតថា វាជាច្បាប់ គេហៅថា ច្បាប់បិទមាត់មនុស្ស បិទមាត់ បានន័យថាបិទសិទ្ធិសេរីភាពបន្ថែមទៀត ទៅលើការបញ្ចេញមតិ ជាពិសេស ខ្ញុំមានការព្រួយបារម្ភខ្លាចតែមានច្បាប់បន្ថែមទៀត បន្តៗទៀត បើសិនជាច្បាប់ធ្វើឡើងដោយសារការនឹកឃើញរបៀបនេះ"។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា សមាជិកសភាធ្វើការងារ ដើម្បីតែបុគ្គលមុនការបោះឆ្នោត ហើយមិនគោរពតាមការចង់បានរបស់ប្រជាពលរដ្ឋ ៖ "ខ្ញុំគិតថា បើយល់ថាច្បាប់ហ្នឹងវាចាំបាច់ ហើយវាសារៈសំខាន់បែបហ្នឹង យើងទុកពេលចាំដូចថា សភាថ្មីចូលមក ចាំយើងអនុម័តទៅ វាមិនទាន់យឺតពេលឯណា ទុកឲ្យអ្នកដែលឈ្នះឆ្នោត គាត់ឡើងក្រោយជាអ្នកសម្រេចទៅមុខទៀត មិនមែនយើងធ្វើឡើងដោយបង្ខំ ដោយយើងជិតចប់អាណត្តិហើយយើងធ្វើដោយបង្ខំអញ្ចឹងអាហ្នឹងជារឿងមួយ ដែលអត់ទទួលខុសត្រូវ"។
សម្រាប់នាយកប្រតិបត្តិក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន និងនាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក គល់ បញ្ញា ចាត់ទុកការអនុម័តសេចក្តីស្នើច្បាប់នេះ ជារឿងនយោបាយ៕
No comments:
Post a Comment
yes