សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

ក្រុម​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​តម្កល់​សាលក្រម​យ៉ោម បុប្ជា

130617_07
អ្នក​ស្រី​យ៉ោម បុប្ជា នៅ​សា​លា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ​​
ក្រុម​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​កាល​ពី​ថ្ងៃ​សុក្រ បាន​តម្កល់​សាលក្រម​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដោយ​លើក​ឡើង​ថា ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​និង​សក្ខីកម្ម​«​មិន​ស៊ី​គ្នា​» ដែល​មិន​បាន​ភ្ជាប់​ស្រ្តី​រូប​នេះ ទៅ​នឹង​ករណី​ចោទ​ប្រកាន់​វាយ​ប្រហារ​ដោយ​ពូថៅ និង​ទួរណឺវីស​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់។
អ្នក​ស្រី យ៉ោម បុប្ផា ដែល​មាន​វ័យ​២៩​ឆ្នាំ​នឹង​នៅ​តែ​ជាប់​ពន្ធនាគារ​ប្រហែល​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ចៅក្រម​សាលា​ឧទ្ធរណ៍ សម្រេច​រក្សា​សាលក្រម ករណី​របស់​អ្នក​ស្រី ប៉ុន្តែ​បាន​ព្យួរ ១ឆ្នាំ​នៃ​ទោស​៣​ឆ្នាំ​នោះ។
លោក Rupert Abbott អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ស្តី​ពី​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​តុលាការ​ដើម្បី​តាម​ដាន​ករណី​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា​ជា​បន្ទាន់។ លោក Abbott បន្ត​ថា​៖ «​វា​មាន​ភាព​មិន​ស៊ី​គ្នា​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម ហើយ​ភ័ស្តុតាង​ពិត​ជា​មាន​ភាព​ខ្សោយ​។ ការ​លើក​ឡើង​ថា គាត់​ពាក់​ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​នោះ​ទំនង​ជា​មិន​ត្រឹម​ត្រូវ»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ខ្លួន​មាន​ការ​ខក​ចិត្ត​និង​រន្ធត់​នៅ​ពេល​ដឹង​ថា សាលា​ឧទ្ធរណ៍​តម្កល់​​សាលក្រម​របស់​អ្នក​ស្រី យ៉ោម បុប្ផា​។ សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹង​ថា​៖«សាច់​រឿង​រៀប​រាប់​របស់​ជន​រងគ្រោះ​គឺ​មាន​លក្ខណៈ​ស្មុគ​ស្មាញ និង​ពិបាក​យល់​ហើយ​មិន​មាន​ការ​ទទួល​យក​បន្ថែម​ចំពោះ​ភ័ស្តុតាង​គាំទ្រ​ចុង​ចោទ»។
នៅ​ចុង​បញ្ចប់​សវនាការ​រយៈ​ពេល​បួន​ម៉ោង​ចៅក្រម​បាន​ប្តូរ​បទ​ចោទ​របស់​អ្នក​ស្រី យ៉ោម បុប្ផា ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅ​បទ​ផ្តួច​ផ្តើម​គំនិត​ឲ្យ​មាន​ការ​វាយ​ប្រហារ។
ចៅក្រម​ប្រធាន​អង្គ​ជំនុំ​ជម្រះ លោក តាំង ស៊ុនឡាយ បាន​ថ្លែង​ថា អ្នក​ស្រី យ៉ោម បុប្ផា បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​​ឈ្មោះ ង៉ែត ចិត្ត អាយុ​២៨ឆ្នាំ និង វ៉ាត ថៃសៀង អាយុ​២៤​ឆ្នាំ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​បង​ប្អូន​ប្រុស​របស់​អ្នក​ស្រី យ៉ោម បុប្ផា ឈ្មោះ យ៉ោម កន្លង់ និង​យ៉ោម សិដ្ឋ កាល​ពី​ខែ​សីហា។
នៅ​ក្រៅ​តុលាការ​ប្តី​របស់​អ្នក​ស្រី គឺ​លោក លួស សាខន បាន​ថ្លែង​ថា លោក​នឹង​ប្តឹង​សារ​ទុក្ខ​ចំពោះ​សាល​ដីកា​នេះ។ លោក សាខន វ័យ ៥៦ឆ្នាំ ដែល​ត្រូវ​បាន​ព្យួរ​ទោស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​ករណី​ដូច​គ្នា​នេះ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា តុលាការ​កំពូល​ប្រហែល​នឹង​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​តែ​ប្តឹង​សារ​ទុក្ខ​ពី​ព្រោះ​ខ្ញុំ​ចង់​បង្ហាញ​ពិភពលោក​ទាំង​មូល​ថា​អ្វី​ជា​យុត្តិធម៌ ក្នុង​នៅ​កម្ពុជា»។
ក្នុង​អំឡុង​សវនាការ​លោក វ៉ាត សារ៉េត ជា​ឪពុក និង​ពូ​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​ពីរ​នាក់​នោះ​បាន​ថ្លែង​ថា លោក​បាន​ដឹង«​ច្បាស់​»​ថា ឈ្មោះ កន្លង់ និង​សិដ្ឋ ប៉ុន្តែ​នៅ​ពេល​ត្រូវ​បាន​ពេល​សួរ​បញ្ជាក់​គាត់​បាន​ថ្លែង​ថា​គាត់​ឮ​តាម​គេ​និយាយ​ប៉ុណ្ណោះ​ថា បង​ប្អូន​ប្រុស​ទាំង​ពីរ​នាក់​នោះ​គឺ​ជា​អ្នក​វាយ​ប្រហារ។ លោក​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​មិន​ស្គាល់​ពួកគេ​ទេ»​។ «ខ្ញុំ​មិន​ដឹង​ថា​តើ​អ្នក​ណា​[ចាក់​កូន​ប្រុស​របស់​ខ្ញុំ​ទេ​]​ពីព្រោះ មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​នោះ​ហើយ​វា​ច្រឡំ​គ្នា​»។
នៅ​ក្នុង​ការ​ថ្លែង​បញ្ចប់ ព្រះ​រាជ​អាជ្ញា​លោក តាន់ សេណារ៉ុង បាន​ថ្លែង​ថា អ្នក​ស្រី យ៉ោម បុប្ផា និង​ប្តី «​ពិត​ជា​មេ​គំនិត​នៃ​អំពើ​ហិង្សា​នោះ​» ប៉ុន្តែ​បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ដាក់​ពន្ធនាគារ«តែ​ស្រ្តី​នោះ​ក្នុង​ករណី​នេះ​មិន​មែន​ប្តី [លោក សាខន​]»។
មេធាវី​របស់​អ្នក​ស្រី យ៉ោម បុប្ផា​លោក ហំ សុនរិទ្ធិ ថ្លែង​ថា សាក្សី​ផ្ទាល់​ភ្នែក និង​ភ័ស្តុតាង​ដែល​បង្ហាញ​នៅ​ក្នុង​សវនាការ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ស្រី យ៉ោម បុប្ផា មាន​ទោស​កំហុស​ទេ​។ លោក​បន្ត​ថា​៖ «​បើ​តាម​ភ័ស្តុតាង​ដែល​ផ្តល់​វា​មិន​ច្បាស់​ដែល​ថា​កូន​ក្តី​ខ្ញុំ​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នោះ»។
នៅ​ពេល​មេធាវី​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​ពីរ​នាក់​នោះ​គឺ លោក នាង ហាយ បដិសេធ​មិន​យល់​ស្រប​អ្នក​ស្រី យ៉ោម បុប្ផា ដែល​ជា​ធម្មតា​នៅ​ស្ងៀម បាន​ចាប់​ផ្តើម​ស្រែក​ឡើង​ទាមទារ​ឲ្យ​មេធាវី​នោះ​ស្បថ​ថា ភ័ស្តុតាង​ដែល​គាត់​លើក​ឡើង​ពិត​ជា​ពិត​ដូច​មាត់​គាត់​និយាយ។ ស្រ្តី​បួន​នាក់ រួម​មាន ម្តាយ​របស់​អ្នក​ស្រី យ៉ោម បុប្ផា បាន​ដួល​សន្លប់​ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរបាល​នៅ​ខាង​ក្រៅ​តុលាការ​កាល​ពី​យប់​ថ្ងៃ​សុក្រ។
សកម្មជន​បឹងកក់ អ្នក​ស្រី ទេព វន្នី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា សហគមន៍​របស់​អ្នក​ស្រី​នឹង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា ហើយ​នឹង​អូស​រូប​មន្រ្តី​«ពុក​រលួយ​»​ទៅ​ផ្ទះ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ពី​លោក៕ 

No comments:

Post a Comment

yes